នគរភ្នំ | |||||
|
|||||
ធានី | |||||
ភាសា | ខ្មែរបុរាណ | ||||
សាសនា | ពុទ្ធសាសនា ព្រហ្មញ្ញសាសនា | ||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||
កុរុងវ្នំ | កៅណ្ឌិន្យទី១ | ||||
កៅណ្ឌិន្យទី២ | |||||
ស្រេន្ទ្រវម៌្មទី១ | |||||
រុទ្រវម៌្មទី១ | |||||
ប្រវត្តិសាស្ត្រ | |||||
– | បង្កើតឡើងនៅដីសណ្ដមេគង្គវៀតណាមខាងត្បូង | គ.ស ៥២ | |||
– | បានសញ្ជ័យដោយចេនឡា | ៦២៧ | |||
– | ទីបញ្ចប់វ្នំនៅភាគខាងត្បូង | ៦២៨ | |||
ប្រជាជន | |||||
– | ប៉ាន. | ១០០,០០០ | |||
រូបិយវត្ថុ | មាស ប្រាក់ គុជខ្យង | ||||
សព្វថ្ងៃ ប៉ែកនៃ | កម្ពុជា មីយ៉ាន់ម៉ា ថៃ វៀតណាម |
Fúnán 扶南 គឺជាឈ្មោះចិនរបស់នគរបុរាណមួយដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញ នៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិនជាច្រើនដែលពិពណ៌នាពីរដ្ឋនេះ បើតាមចិនបុរាណអានថា ប៊ីយូណាម ដែលជាពាក្យគ្មានន័យអ្វីឱ្យប្រាកដក្នុងភាសាចិនទេ។ ឈ្មោះនេះផ្អែកលើរបាយការណ៍អ្នកការទូតចិនពីរនាក់ដែលតំណាងឱ្យ នគរអ៊ូ នៅណានជិនដែលបានស្នាក់នៅបណ្ដោះអាសន្ននៅហ៊្វូណន នៅពាក់កណ្ដាលសតវត្សទី៣នៃគ.ស. យ៉ាងណាក៏ដោយ ឈ្មោះ ហ៊្វូណន មិនត្រូវបានគេរកឃើញក្នុងអត្ថបទដើមក្នុងស្រុកមួយណាទេ ហើយមិនដឹងថាតើប្រជាជនហ៊្វូណនហៅប្រទេសខ្លួនឯងថាយ៉ាងម៉េចដែរ។[១] លក្ខណៈធម្មជាតិនៃមនុស្សជាតិពន្ធុភាសា គឺជាប្រធានបទនៃការពិភាក្សាជាច្រើនក្នុងចំណោមពួកអ្នកឯកទេស។ សម្មតិកម្មនាំមុខគេលើកឡើងថា អ្នកនគរវ្នំភាគច្រើនជាមនុស្សមន-ខ្មែរឬទក្សិណាស៊ី(Austronesian)។ មានមតិខ្លះចាត់ទុកថា ហ៊្វូណន ត្រូវនឹងពាក្យថា ភ្នងដោយសំអាងថាកុលសម្ពន្ធភ្នងដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃ ស្ថិតនៅក្នុងអម្បូរខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀតដោយសំអាងថារូបចម្លាក់ នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសម្លៀកបំពាក់និងទម្លាប់ខ្លះដូចពួកភ្នងដែរ។ ចំពោះរឿងនេះគួរកត់សម្គាល់ថាលោកសាស្ត្រាចារ្យ អ៊ែល-ប្រាំផ្ត៍ (L. Brumpt) បានបញ្ជាក់ថា ខ្មែរនិងភ្នងពិតជាមានពូជអម្បូរជាមួយគ្នាមែន ដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោកទៅលើឈាមក្រហម(អេម៉ូក្លូប៊ីន)។[២] ឈ្មោះដើមមិនត្រូវបានគេស្គាល់ទេ។ ការបកប្រែខ្លះដូចជា នគរភ្នំ ដែលច្រើនស្មានថា ពាក្យហ៊្វូណននេះ គឺត្រូវបានយកចេញជាញឹកញាប់ពីពាក្យខ្មែរ ព្នំ ឬ វ្នំ (ទំនើប៖ ភ្នំ) ដោយលោកសឺដេស លោកបានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្តរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្ក្រឹតថា បវ៌តភូបាល ឬ សៃលរាជ។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះប្រើសម្រាប់ ហៅប្រទេសដែលស្ដេចទាំងនោះគ្រប់គ្រងផងដែរ។ ចំពោះទម្លាប់ខាងលើនេះ លោក E.Aymomier បានកត់សម្គាល់ឃើញថា ក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្សឱ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែមួយសម្រាប់សម្គាល់មនុស្សផង រាជធានីផង ប្រទេសទាំងមូលផង ឬក៏ឈ្មោះឋានន្តរនាមរបស់អ្នកដឹកនាំផង។ ចំពោះទស្សនៈរបស់លោកសឺដេសនេះ គួរឱ្យកត់សម្គាល់ថា ឯកសារចិនបាននិយាយច្បាស់ថាអធិរាជអាណាចក្រវ្នំមានឋានន្តរនាម គូឡុង គឺ ក្រុង ដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ បើដូច្នេះ ពាក្យ ហ៊្វូណន ចិនហៅតាមឋានន្តរនាមរបស់អធិរាជអាណាចក្រវ្នំគឺ កុរុងវ្នំ នេះឯង។ ឯការដែលមានឋានន្តរនាមយ៉ាងនេះគឺប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅចួបនឹងព្រះឥសូរ ឯកសារចិនបាននិយាយថា ព្រះអាទិទេពយាងចុះលើភ្នំម៉ូតាន់ (Mo-tan) ជាញឹកញាប់ ព្រះអង្គបានមកទីនោះដើម្បីបញ្ចេញមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ត្រក៏បានសុខចម្រើនដោយសារនោះផង។[៣]ក៏ប៉ុន្តែ ណាន 南 ប្រហែលជាមានន័យទូទៅថា ត្បូង ដែលគឺជាករណីយរដ្ឋដទៃទៀតមានឈ្មោះថា អណ្ណាម។ នគរវ្នំ (ខ្មែរបុរាណ ៖ នគរវ្នំ ; ចិន៖ 扶南; ភិងអ៊ិង ៖ Fúnán; យួន ៖ Phù Nam) ជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជា ហ៊្វូណន។ នគរវ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្ទ។ រាជធានីវ្យាធបុរៈរបស់នគរវ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។
គេមានជំនឿថារដ្ឋនេះត្រូវបានបង្កើតឡើងនៅសតវត្សទី១នៃគ.ស. នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម [៤] ក៏ប៉ុន្តែលំនៅដ្ឋានរបស់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់នោះប្រហែលជាត្រូវត្រឡប់កាលទៅសតវត្សទី៤ម.គ.វិញ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយមែន វ្នំ ប្រហែលជាធ្លាប់ជាការប្រមូលផ្ដុំនៃរដ្ឋបុរីមួយចំនួន ចួនកាលបានធ្វើសឹកនឹងរដ្ឋផ្សេងមួយទៀត និងនៅពេលមួយក៏បានបង្រួបបង្រួមនយោបាយគ្នាឡើងវិញ។[៥]
តិចណាស់ដែលគេដឹងអំពីវ្នំ វាលែងតែវាជារដ្ឋពាណិជ្ជកម្មដែលប្រកបដោយសក្ដានុពល បើតាមភស្តុតាងតាមរយៈការរកឃើញនៃទំនិញរ៉ូម ចិន និងឥណ្ឌា អំឡុងពេលកំណាយបុរាណវត្ថុនៅកំពង់ផែបុរាណ អូរកែវ (O’Keo ឬ O’Ceo ) ដែលជាញឹកញយត្រូវបានសរសេរដោយភាន់ច្រឡំថាជា Oc Eo (អូរកែវ) នៅវៀតណាមខាងត្បូង។[៦] រាជធានីនៃនគរវ្នំប្រហែលជាដើមឡើយតាំង នៅបរិវេណបាភ្នំក្បែរទីប្រជុំជនបាណាមកម្ពុជាបច្ចុប្បន្ននៅក្នុងខេត្តព្រៃវែង ទំនងជាត្រូវបានគេផ្លាស់ទៅអូរកែវ នៅសម័យក្រោយមកទៀត។ វិខខឺរី (Vickery) [៧] បានច្រានចោលដោយកែតម្រូវលើការប្រកាសរកឃើញទីប្រជុំជនមួយដែលហៅថា វ្យាធបុរៈ (ទីក្រុងនៃអ្នកប្រមាញ់) ដោយលោកសឺដេស[៨] ពីព្រោះតែលោកបានទាញយកឈ្មោះពី តេមូ (Tèmù 特牧) ដែលគេលើកយកមកនិយាយជារាជធានីនៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិន ដូច្នេះហើយវាត្រូវនឹងពាក្យខ្មែរថា ទ្មាក់ ឬ ទល្មាក់ ដែលមានន័យថា អ្នកទាក់ មិនមែន អ្នកប្រមាញ់ ទេ។ ភាគច្រើនរឿងរ៉ាវដែលគេដឹងពីវ្នំ គឺបានមកពីកំណត់ត្រាពីប្រភពចិននិងចាម ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ដល់ទី៦ និងបានមកពីកំណាយបុរាណវត្ថុ។ គ្មានការស្រាវជ្រាវខាងបុរាណវត្ថុណាមួយត្រូវបានធ្វើឡើងនៅ ក្នុងរដ្ឋនេះក្នុងតំបន់ដីសណ្ដទន្លេមេគង្គ របស់កម្ពុជាជាច្រើនទសវត្សមកហើយ ហើយតំបន់នេះប្រាកដជា ជាទីតាំងដោយបានស្មានទុកថាជា ទីតាំងរាជធានីជាច្រើននៃវ្នំ។ [៩] វ្នំត្រូវបានគេចាត់ទុកថាជានគរខ្មែរដំបូង និងជានគរមុនអាណាចក្រខ្មែរ។
ប្រភព
អ្នកប្រាជ្ញសម័យទំនើបទីមួយដែលកសាងប្រវត្តិសាស្ត្រនៃអង្គនយោបាយវ្នំបុរាណឡើងវិញគឺលោក ប៉ូល-ពេល្យោ ដែលក្នុងអត្ថបទប្លែកជាងគេ ឡឺហ៊្វូណន នៅឆ្នាំ១៩០៣ បានទាញកំណត់ត្រាប្រវត្តិសាស្ត្រចិនដោយឡែកៗដើម្បីពិពណ៌នាពីលំដាប់ព្រឹត្តិការណ៍តាមឯកសារដែលភ្ជាប់ទៅនឹងការបង្កើតវ្នំនៅប្រហែលសតវត្សទី១នៃគ.ស.ជាមួយការរលំរលាយទៅវិញដោយការសញ្ជ័យនៅសតវត្សទី៦ដល់ទី៧។ កត្តាសំខាន់នៃប្រភពចិនរបស់លោកពេល្យោបានបង្ហាញការសង្ស័យចំពោះការយល់ឃើញក្នុងសេចក្ដីសន្និដ្ឋានរបស់លោក។[១០]
កំណត់ត្រាចិនដែលចុះកាលបរិច្ឆេទចាប់ពីសតវត្សទី៣នៃគ.ស. ដែលចាប់ផ្ដើមជាមួយ សានគ័រជឺក 三國志 (កំណត់ត្រានគរបី) បានបញ្ចប់នៅឆ្នាំ២៨៩ នៃគ.ស.ដោយ ឆឹន-ឝុ 陳壽 (២៣៣-២៩៧) កត់ត្រាការមកដល់នៃគណៈទូតវ្នំពីរនៅឯសវនការនៃ ល៊្អឺក-តាយ 呂待 ចៅហ្វាយខេត្តនៅនគរអ៊ូ 吳 ចិនខាងត្បូង គណៈទូតទីមួយបានមកដល់នៅរវាងឆ្នាំ២២៥ និង ២៣០ គ.ស. លើកទីពីរនៅឆ្នាំ២៤៣។[១១] ប្រភពក្រោយៗដូចជា លាំងឝ៊ូក 梁書 (ក្រាំងលាំង) របស់យ៉ោវ-ឆា 姚察 (៥៣៣-៦០៦) និង យ៉ោវ-ស៊ឺកលៀន 姚思廉 (ស.៦៣៧) បានបញ្ចប់នៅឆ្នាំ៦៣៦ ពិភាក្សាលើបេសកកម្មនៃបេសកជនចិនសតវត្សទី៣ ខាំង-ថែយ 康泰 និង ជូក-យិន 朱應 ពីនគរអ៊ូទៅវ្នំ។ សំណេរនៃបេសកជនទាំងនេះ ទោះបីវាមិនស្ថិតនៅក្នុងស្ថានភាពដើមក៏ដោយ ក៏ត្រូវបានគេដកស្រង់និងវាគួរតែបានរក្សាទុកក្នុងប្រវត្តិសាស្ត្ររាជវង្សក្រោយៗមកទៀត ហើយនិងបង្កើតជាមូលដ្ឋានសំខាន់ដើម្បីឱ្យយើងយល់ដឹងច្រើនអំពីវ្នំ។
ចាប់តាំងពីការបោះពុម្ពផ្សាយអត្ថបទរបស់លោកពេល្យោ កំណាយបុរាណវត្ថុនៅវៀតណាមនិងកម្ពុជា ជាពិសេសកំណាយនៃស្ថានីយមួយចំនួនដែលជាប់ទាក់ទងនឹងវប្បធម៌អូរកែវ បានគាំទ្រនិងបង្គ្រប់ការសន្និដ្ឋានរបស់លោក។ សិលាចារឹកក្នុងតំបន់មួយចំនួនបានរកឃើញនៅវៀតណាមនិងកម្ពុជា ជាពិសេសសិលាចារឹកនៃប្រាសាទប្រាំល្វែងនៅ “វាលប្របុស” និងនៅមីសឺនក្បែរដាណាង ក៏បានជួយដល់ការកសាងប្រវត្តិសាស្ត្រវ្នំឡើងវិញដែរ។
ដើមកំណើត
នគរវ្នំត្រូវបានគេជឿថាបង្កើតឡើងនៅក្នុងសតវត្សទី១នៃគ.ស. នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម[៤] ភស្តុតាងបុរាណវត្ថុបង្ហាញថាលំនៅដ្ឋាននៃមនុស្សដ៏ច្រើន នៅតំបន់នេះប្រហែលជាត្រឡប់ទៅសម័យសតវត្សទី៤ម.គ.វិញ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយក៏ដោយ ក៏នគរវ្នំ ប្រហែលជាបណ្ដុំនៃរដ្ឋបុរីដែលចួនកាលបានធ្វើចម្បាំងជាមួយនឹងរដ្ឋដទៃផ្សេងមួយទៀត ហើយនៅពេលក្រោយមកទៀតក៏បានបង្រួបបង្រួមនយោបាយឡើងវិញ។[៥] ដើមកំណើតពិតនៃពួកអ្នកនគរវ្នំគឺជាប្រជាជនដើម ដែលតាំងលំនៅនៅវៀតណាមខាងត្បូងសព្វថ្ងៃនេះ ចាត់ទុកខ្លួនឯងថាជា ខ្មែរ ឬ ខ្មែរក្រោម។ ពាក្យខ្មែរ ក្រោម មានន័យថា ខាងក្រោម ឬ ប៉ែកខាងក្រោម សំដៅលើភាគក្រោមនៃទឹកដីខ្មែរដែលត្រូវបានធ្វើអាណានិគមដោយវៀតណាមហើយក្រោយមកទៀតបានប្រែក្លាយ ជាផ្នែកមួយនៃវៀតណាមរហូតដល់សព្វថ្ងៃនេះ។ នៅមុនពេលសង្គ្រាមសកលលោកលើកទី១ គេនៅមានកង្វែងគំនិតគ្នាអំពីទីតាំងនគរវ្នំនៅឡើយ។ មានអ្នកប្រាជ្ញមួយចំនួនដូចជាលោក វីលផ្វដ (Wilford) លោកថាវ្នំស្ថិតនៅត្រង់ប្រទេសម៉ាឡេស៊ី។ លោក អា.រ៉ែមមុសាត (A.Remusat) លោកថាវ្នំជាអាណាខេត្តរបស់ចិន ស្ថិតនៅត្រង់តុងកឹង។ លោក ខ្លាបផ្រថ (Klaproth) និង ផូសៀ (Pauthier) ថាវ្នំត្រូវនឹងដែនដីប៉េគូ និងប្រទេសភូមា។ លោក ដឺឃ្វីនណេស (Dequines) ថាត្រូវនឹងកោះមួយនៅខាងលិចប្រទេសសៀម។ ឯលោកបាថ (Barth) ថាត្រូវនឹងឆ្នេរសមុទ្ទតេណាស្សេរីម ក្រៅពីនេះអ្នកសិក្សាឯទៀតយល់ថាវ្នំស្ថិតនៅត្រង់ប្រទេសខ្មែរឬប្រទេសសៀម។ ដើម្បីឱ្យអស់ចម្ងល់ចំពោះទីតាំងរបស់វ្នំ យើងនឹងលើកយកឯកសារចិនយកមកពិនិត្យឡើងវិញ។ ឯកសារចិនបានផ្ដល់ព័ត៌មានដូចតទៅ ៖
១- វ្នំមានចម្ងាយ ៣០០០លី ខាងលិចប្រទេសលីនយី (ចាម្ប៉ា)
២- វ្នំមានចម្ងាយ ៧០០០លី ពី ចេណាន (Jenan) (តុងកឹង)
៣- វ្នំមានទំហំ ៣០០០លី ក្រោយពង្រីកធំដល់ ៥០០០ ឬ ៦០០០លី
៤- វ្នំស្ថិតនៅក្នុងឈូងសមុទ្ទធំមួយ
៥- មានទន្លេធំមួយហូរពីខាងលិច (ឯកសារខ្លះពាយព្យ) ហើយចាក់ទៅសមុទ្ទ។ បើសិនគិតថា ១ លី ប្រវែង ៥៧៦ មាត្រ ចម្ងាយពីលីនយីមកវ្នំមាន ១៧២៨ គ.ម. គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃនេះ កម្ពុជាក្រោមនិងប្រទេសថៃកណ្ដាល។ ឈូងសមុទ្ទក្នុងឯកសារចិនគឺជាឈូងសមុទ្ទថៃ ឯទន្លេធំដែលហូរចាក់ទៅក្នុងសមុទ្ទ គឺគ្មានអ្វីក្រៅពីទន្លេមេគង្គ ឬបើនិយាយឱ្យចំទៅគឺទន្លេសាបនឹងឯង។ សរុបសេចក្ដីមកឃើញថាមជ្ឈមណ្ឌលវ្នំ ស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គ។ ត្រង់នេះអ្នកសិក្សាហាក់ដូចជាយល់ស្របគ្នា ហើយតែចំណុចមួយទៀតដែលអ្នកសិក្សានៅមិនហ៊ានអារកាត់នៅឡើយ គឺរឿងរាជធានីដំបូងរបស់វ្នំ។ បើតាមសិលាចារឹកសម័យក្រោយៗមកទៀតបានឱ្យដឹងថាក្រុង វ្យាធបុរៈ (បុរីនៃស្ដេចទាក់ដំរី) ដែលអ្នកប្រវត្តិវិទូចាត់ទុកថាជារាជធានីមួយរបស់នគរវ្នំ។ ចិនហៅរាជធានីនេះថា តូមូ ដែលលោកសឺដេសថាត្រូវនឹងពាក្យខ្មែរបុរាណថាទ្មាក់ ឬ ទល្មាក់ (អ្នកទាក់ដំរី)។ លោកយល់ទៀតថា ក្រុងវ្យាធបុរៈនេះស្ថិតនៅម្ដុំបាភ្នំនិងបាណាមក្នុងខេត្តព្រៃវែងសព្វថ្ងៃ។ ព្រះភិក្ខុ ប៉ាង ខាត់ ក៏មានព្រះយោបល់ដូច្នេះដែរ។ ព្រះអង្គបានសរសេរថា «រាជធានីវ្យាធបុរៈ តាំងនៅតំបន់បាភ្នំទំនងជានៅភ្នំខ្សាច់បច្ចុប្បនេះ ព្រោះគេបានរកឃើញបុរាណដ្ឋាននិងបុរាណទេវរូបជាច្រើននៅទីនោះ។ សិលាចារឹកមួយនៅវត្តចក្រឹតនៅជើងភ្នំ ពីស.វ.ទី១០ បាននិយាយពីការកសាងទេវរូបព្រះឥសូរហៅថា អទ្រិវ្យាធបុរេស្វរៈ តម្កល់នៅទីនោះ។ គួរកត់សម្គាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមានភូមិជាច្រើនដែលមានឈ្មោះទាក់ទងនឹងដំរី គឺភូមិ រោងដំរី ក្បាលដំរី និងព្រៃដំរី។ តើយើងអាចកត់សម្គាល់ថាឈ្មោះទាំងនេះ ជាអនុស្សាវរីយ៍រំឭកដល់ទីតាំងរាជធានីអាណាចក្រវ្នំបានទេ? តាមប្រវត្តិរាជវង្សលាំង ក្រុងនេះស្ថិតនៅប្រហែល ២០០ លី ពីសមុទ្ទ បើគិតទៅគឺត្រូវនឹងចម្ងាយពីបាភ្នំទៅ អូរកែវ ដែលជាកំពង់ផែមួយរបស់វ្នំ។ នៅពេលសង្គ្រាមលោកលើកទីពីរ លោកល្វីស-ម៉លឡឺរ៉េត (Louis Malleret) អ្នកប្រាជ្ញបារាំងបានធ្វើកំណាយផ្សេងៗក្នុងដែនដីសណ្ដទន្លេមេគង្គ ហើយបានរកឃើញរមណីយដ្ឋាន អូរកែវ នេះ ដែលលោកចាត់ទុកថាជាកំពង់ផែធំរបស់វ្នំ ព្រោះនៅទីនោះគឺនៅខាងត្បូងភ្នំបាថេ ខេត្តក្រមួនស គេបានជីករកឃើញខឿនសំណង់ផ្សេងៗព្រមទាំងវត្ថុផ្សេងទៀតជាច្រើន ខ្លះមកពីចក្រភពរ៉ូម ខ្លះទៀតមកពីប្រទេសឥណ្ឌា និងខ្លះទៀតជាវត្ថុធ្វើពីថ្មរំលីង។ ដោយហេតុនេះហើយបានជាមានមតិខ្លះថា អូរកែវ ជារាជធានីដំបូងរបស់វ្នំ។ ប៉ុន្តែអ្នកប្រាជ្ញខ្លះទៀតយល់ឃើញផ្សេង ដូចលោកហ្សង់-បូអ៊ីសេលី (Jean Boisselier) យល់ថារាជធានីវ្នំស្ថិតនៅត្រង់វាលទំនាបខាងក្រោមទន្លេមេណាមវិញ ដោយសំអាងលើការរកឃើញរូបសំណាកខ្លះដែលធ្វើពីដីឥដ្ឋ។ បើតាមលោកគិតថារបស់នេះធ្វើនៅក្នុងស្រុកមិនមែនជារបស់យកពីក្រៅឡើយ។ ប៉ុន្តែអ្នកប្រាជ្ញបារាំងរូបនេះយល់ដែរថា នៅចុងសម័យវ្នំរាជធានីត្រូវបានប្ដូរទៅតាំង នៅម្ដុំនៅជិតពាមទន្លេមេគង្គខាងត្បូងប្រទេសកម្ពុជា។ »[១២] មានកំណត់ត្រាជាច្រើនជាភាសាចិន ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ផ្ដើមជាមួយ សានគ័រជឺក 三國志 (កំណត់ត្រានគរបី) ដែលបានបញ្ចប់បង្ហើយនៅឆ្នាំ២៨៩ នៃ គ.ស. ដោយលោក ឆឹន-ឝុ 陳壽 (២៣៣-២៩៧) ក្នុងនោះអង្គទូតមានតែពីរប៉ុណ្ណោះមកពីនគរវ្នំអំឡុងសតវត្សទី៣ត្រូវបានកត់ត្រាថា ៖ អង្គទូតលើកទីមួយទៅកាន់ លោកល៊្អឺក-តាយ 呂待 ចៅហ្វាយខេត្តនៅភាគខាងត្បូងនៃនគរអ៊ូ 吳 ចិន ឧ.រវាងឆ្នាំ២២៥ និង ២៣០ គ.ស. លើកទី២នៅឆ្នាំ២៤៣។[១៣] ក៏ប៉ុន្តែប្រភពក្រោយៗទៀតដូចជា លាំងឝ៊ូក 梁書 (ក្រាំងលាំង) ដោយលោកយ៉ោវ-ឆា 姚察 (៥៣៣-៦០៦) និង យ៉ោវ-ស៊ឺកលៀន 姚思廉 (ម.៦៣៧) បានបញ្ចប់នៅឆ្នាំ៦៣៦ បញ្ជាក់ថាគណៈទូតនៃពួកបេសកជនចិន លោកខាំង-ថែយ 康泰 និង ជូក-យិន (Zhū Yīng 朱應) នៅសតវត្សទី៣។
ហ៊ុនទៀន (ហ៊ុនហ្ធៀន)
ពង្សាវតារនៃរាជវង្សលាំងកត់ត្រាអំពីរឿងរ៉ាវនៃជនបរទេសម្នាក់ដែលមានឈ្មោះថា ហ៊ុន-ហ្ធៀន 混塡 ៖ «ព្រះអង្គបានមកពីប្រទេសខាងត្បូងជាំវ (ជ្វា) 徼 (ឧបទ្វីបម៉ាឡេ ឬ ប្រជុំកោះឥណ្ឌូនេស៊ី?) បន្ទាប់ពីបានសុបិនថាទេវតារក្សាខ្លួនព្រះអង្គបានប្រគល់ធ្នូទិព្វទៅឱ្យទ្រង់ បានបង្គាប់ឱ្យព្រះអង្គចេញដំណើរតាមសំពៅជំនួញដ៏ធំមួយ។ ព្រះអង្គបានចេញដំណើរនៅពេលព្រឹកទៅកាន់ប្រាសាទមួយ ជាកន្លែងដែលព្រះអង្គរកឃើញធ្នូមួយនៅឯគល់នៃដើមឈើរបស់ទេពារក្សនោះ។ ព្រះអង្គក្រោយមកបានឡើងសំពៅមួយ ហើយទេពារក្សបានបណ្ដាលឱ្យចិត្តព្រះអង្គទៅដល់ទឹកដីវ្នំ។ ម្ចាស់ក្សត្រីនៃប្រទេសនេះ គឺព្រះនាង លៀវយ៉េក ឬ លីវយី 柳葉 ស្លឹកសូល ចង់ឆ្មក់យកសំពៅនិងពន្លិច ដូច្នេះហើយព្រះបាទហ៊ុនទៀនបានបាញ់ព្រួញចេញពីធ្នូទិព្វទម្លុះសំពៅរបស់លីវយី។ ដោយភិតភ័យ ព្រះនាងបានប្រគល់ខ្លួនចុះចាញ់ ហើយហ៊ុនទៀនបានយកព្រះនាងធ្វើជាព្រះមហេសីរបស់ព្រះអង្គ។ ប៉ុន្តែដោយមិនសប្បាយចិត្តដែលឃើញព្រះនាងស្រាតននល ព្រះអង្គក៏បានដណ្ដប់វត្ថុអ្វីមួយដើម្បីធ្វើជាសម្លៀកបំពាក់ ដែលព្រះអង្គបានបំពាក់កន្លងព្រះសិរសាព្រះនាង។ ក្រោយមកទៀតទ្រង់ក៏បានគ្រប់គ្រងប្រទេសនេះនិងបន្តអំណាចទៅបុត្រារបស់ព្រះអង្គ ដែលជាស្ថាបនិកនៃទីក្រុងទាំងប្រាំពីរ។» ស្ទើរតែជារឿងដូចគ្នាហើយបានលេចឡើងក្នុង ជិនឝ៊ូក 晉書 ឬ ពង្សាវតាររាជវង្សជិន បានចងក្រងដោយលោកផ្វាង-ស្ឈាំនលិង 房玄齡 (៥៧៨-៦៤៨) នៅឆ្នាំ៦៤៨គ.ស. មានតែឈ្មោះទេត្រូវបានផ្លាស់ប្ដូរទៅជា ហ៊ុនហួយ 混湏 និង យ៉េកលៀវ 葉柳។
កៅណ្ឌិន្យ
ពួកអ្នកប្រាជ្ញខ្លះបានព្យាយាមបញ្ចូលទេវកថានេះ ជាមួយរឿងព្រាហ្មណ៍ម្នាក់ ដែលមាននាមថា កៅណ្ឌិន្យដែលបានរៀបអភិសេកជាមួយបុត្រីនាគ (ពស់) ដែលមានព្រះនាមថាសោមា ដែលដំបូងយោងទៅតាមសិលាចារឹកចាមមួយ ដែលមានចុះកាលបរិច្ឆេទ ៦៥៨ គ.ស. (សូមមើលខាងក្រោម)។ វិខ្ខឺរី (Vickery) [១៤] បានច្រានចោលដោយកែតម្រូវទៅលើភាពដូចគ្នានេះ ដោយបង្ហាញថា ហ៊ុនទៀន មានត្រឹមតែពីរព្យាង្គប៉ុណ្ណោះ (ការបញ្ចេញសំឡេងបានសង់ឡើងវិញគឺអនុលោមតាម ភូឡេប៊្លែងខ៍[១៥] γwәn dεn): “…វាគួរឱ្យដឹងថា គ្មានឯកសារណាដែលបានផ្ដល់នូវព្យាង្គទីបី [a] ទេ ដោយហេតុថា តាមការសិក្សាខាងចិនវិទ្យាបានសង្កត់ធ្ងន់ថា ភាសាចិនមានសមត្ថភាពដ៏អស្ចារ្យ ក្នុងការកត់ឈ្មោះតាមភាសាមួយទៅភាសាមួយទៀតជាប្រព័ន្ធពីទីដទៃទៀតនៃអាស៊ី ជាពិសេសឈ្មោះនោះជាភាសាឥណ្ឌា។” បន្ថែមលើសពីនេះ គួរឱ្យកត់សម្គាល់ដែរ ព្រោះរឿងនេះក៏មិនបញ្ជាក់ថាហ៊ុនទៀនជាព្រាហ្មណ៍ឬលីវយីជាបុត្រីនាគដែរ។
កៅណ្ឌិន្យក្នុងប្រភពចិន
បន្ថែមទៀតនោះដែរ ការប្រែជាភាសាចិននៃកៅណ្ឌិន្យ ឬ Koṇḍañña, Koṇḍinya។ល។ គឺ ឈ្ហាំវឆ្ហឹនយូ 僑陳如។[១៦] មនុស្សម្នាក់ដែលត្រូវបានយកមកវែកញែកដែរនៅក្នុង លាំងឝ៊ូក តាមរយៈប្រភពនេះ ឈ្ហាំវឆ្ហឹនយូ (កៅណ្ឌិន្យ) គឺជាអ្នកស្នងរាជ្យបន្តនៃព្រះបាទស្រុតវម៌្ម ឬ ធៀនជូចាន់ថាន់ 天竺旃檀 (“ឆានតាណា ឬ Candana មកពីឥណ្ឌា”) ជាព្រះរាជាមួយអង្គនៃនគរវ្នំ ដែលបានបញ្ជូនដំរីផ្សាំងមួយចំនួនក្នុងឆ្នាំ៣៥៧ គ.ស. ជាសួយសារទៅព្រះចៅអធិរាជចិនស៊ឺម៉ា-តាន់ 司馬聃 (រ.៣៤៤-៣៦១ ឈ្មោះជាអនុស្សាវរីយ៍៖ មូទី 穆帝)៖ ព្រះអង្គកៅណ្ឌិន្យ ឬ ឈ្ហាំវឆ្ហឹនយូ [Qiáochénrú] ដើមឡើយជាព្រាហ្មណ៍ម្នាក់មកពីឥណ្ឌា។ មានសំឡេងមួយប្រាប់ទ្រង់ថា៖ʻលោកត្រូវតែទៅសោយរាជ្យនៅវ្នំʼ ហើយព្រះអង្គបានសប្បាយក្នុងព្រះហឫទ័យណាស់។ ទៅទិសខាងត្បូង ព្រះអង្គក៏បានមកដល់ផាន់ផាន់ 盤盤។ ប្រជារាស្ត្រវ្នំបានបង្ហាញទៅកាន់ទ្រង់ថា នគរទាំងមូលបានរះឡើងជាមួយភាពសប្បាយរីករាយ បន្ទាប់ពីទ្រង់បានមកដល់ ហើយក៏បានជ្រើសរើសទ្រង់ធ្វើជាស្ដេច។ ព្រះអង្គបានផ្លាស់ប្ដូរច្បាប់ទាំងអស់ ដើម្បីអនុលោមតាមប្រព័ន្ធនៃច្បាប់ឥណ្ឌា។
ការគាប់ចួននៃឈ្មោះ “កៅណ្ឌិន្យ” ក្នុងប្រវត្តិនគរវ្នំ
នាម កៅណ្ឌិន្យ ល្បីល្បាញដោយសារសិលាចារឹកទមិឡមួយចំនួន នៅភាគខាងត្បូងប្រទេសឥណ្ឌានៅសហវត្សទី១នៃគ.ស. និងទំនងជានគរវ្នំត្រូវបានគ្រប់គ្រងឡើង នៅសតវត្សទី៦ដោយគោត្រនាមដដែលនេះ។ តាមរយៈណាន់ឈ៊្ហីកស្ឈូក 南齊書 ឬ កំណត់ត្រាប្រវត្តិសាស្ត្រនៃរាជវង្សឈ៊្ហីកខាងត្បូង”) ដោយលោកស្ឈាំវ-ហ៊្សឺកស្ហ្រ៊ាំន 簫子顯 (៤៨៥-៥៣៧) ស្ដេចនគរវ្នំ ឈ្ហាំវឆ្ហឹនយូ-ទូយ្ហេកប៉ាម័រ 僑陳如闍耶跋摩 (កៅណ្ឌិន្យ-ជ័យវម៌្ម) បានបញ្ជូនព្រះសង្ឃមួយអង្គនៅឆ្នាំ៤៨៤ ព្រះនាមណាឈ៊្ហែកស្ហៀន 那伽仙 (នាគសេន) ដើម្បីនាំជំនូនទៅកាន់ព្រះចៅអធិរាជចិននិងទូលសុំឱ្យព្រះចៅអធិរាជ នៅខណៈពេលនោះឱ្យជួយនៅក្នុងការធ្វើសញ្ជ័យយក លិនយិ 臨沂 (ភាគខាងជើងចាម្ប៉ា) …ព្រះចៅអធិរាជចិនបានអរព្រះគុណព្រះបាទជ័យវម៌្មចំពោះជំនូនរបស់ទ្រង់ ក៏ប៉ុន្តែទ្រង់មិនបានបញ្ជូនកងទ័ពទៅតទល់នឹងលិនយិទេ”។[១៧]
កៅណ្ឌិន្យនៅក្នុងសិលាចារឹកប្រាសាទប្រាំល្វែង (ថាបមឿយ)
សិលាចារឹកមួយក្នុងចំណោមសិលាចារឹកដំបូងគេបង្អសរបស់កម្ពុជាមកពីប្រាសាទប្រាំល្វែងនៅ “វាលដើមត្រែង” (ថាបមឿយ) នៅកូសាំងស៊ីន (K.5) បញ្ជាក់ពីព្រះអង្គម្ចាស់មួយអង្គព្រះនាមគុណវម៌្ម បុត្រាវ័យក្មេងជាងគេ (nṛpasunu—bālo pi) នៃព្រះបាទជ័យវម៌្ម គឺជាអ្នក“ដែលជាប់សោមវង្សនៃវង្សកៅណ្ឌិន្យ (… kauṇḍi[n]ya[vaṅ]śaśaśinā …) និងជាអធិបតីនៃ “អាណាចក្រមួយដែលបានទាញចេញពីភក់”។[១៨] ញាតិខាងកៅណ្ឌិន្យនេះល្បីល្បាញណាស់ បុព្វបុរសស្ថាបនិករបស់ព្រះអង្គនៅពេលក្រោយមកទៀត (ពីសតវត្សទី៧ក្រោមមកខាងមុខទៀត) ត្រូវបានគេរៀបចំជាឥសីក្នុងវីរកថាឥណ្ឌា មហាភារតៈ ទោះបីជាតួអង្គនេះជាតួអង្គមិនសូវសំខាន់ក៏ដោយ ក៏ឈ្មោះត្រូវបានបិទបាំងដដែល។
កៅណ្ឌិន្យនៅក្នុងសិលាចារឹកភទ្រេស្វរៈ (មីសឺន)
ជាលើកទីមួយរឿងនេះបានលេចឡើងនៅក្នុងសិលាចារឹកមីសឺន C. ៩៦ ដែលបានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ១៨ កុម្ភៈ ឆ្នាំ៦៥៨ គ.ស. (វគ្គទី១៦-១៨)[១៩] ៖ “នៅឯ[ទីក្រុង ភវបុរៈ ] កៅណ្ឌិន្យ ជាអ្នកដំបូងក្នុងចំណោមពួកព្រាហ្មណ៍បានពួយលំពែង ដែលលោកបានទទួលពីបុត្ររបស់ទ្រោញ៖ អស្វត្ថាម័ន ជាព្រាហ្មណ៍ប្រពៃបំផុតក្នុងចំណោមពួកព្រាហ្មណ៍។ មានបុត្រីនៃស្ដេចភុជង្គនាគមួយអង្គ ព្រះនាមសោមា ដែលបានសាងគ្រួសារនៅលើលោកិយ។ ដោយទទួលបានសេចក្ដីស្នេហានឹងជាតិផ្សេងគ្នា ព្រះនាងក៏បានរស់នៅក្នុងសម្នាក់នៃមនុស្ស។ ព្រះនាងបានក្លាយជាព្រះមហេសីរបស់ព្រាហ្មណ៍ដ៏ខ្ពង់ខ្ពស់ កៅណ្ឌិន្យ ដើម្បីជាប្រយោជន៍ (ការបំពេញ)…កិច្ចការខ្លះ ។[២០] ក៏ប៉ុន្តែ រឿងនេះមានក្នុងសម័យក្រោយនគរវ្នំទេ។
កៅណ្ឌិន្យក្នុងរឿងព្រេងខ្មែរ
ទេវកថានិយាយពីដើមកំណើតដដែលនេះមាន នៅក្នុងរឿងព្រេងខ្មែរបានដាក់ព្រះនាមថាព្រះថោងជាព្រះអង្គម្ចាស់ និងនាងនាគជាម្ចាស់ក្សត្រីវិញ។ ក្នុងកំណែប្រែនេះ ព្រះថោងមកដល់តាមសមុទ្ទមកកោះមួយ ដែលទ្រង់បានកត់សម្គាល់ឃើញដើមធ្លកយក្សធំមួយមានដើមកំណើតនៅកម្ពុជា។ នៅលើកោះនោះ ទ្រង់បានដឹងថាជាលំនៅនៃពួកនាគ ហើយព្រះអង្គបានចួបនឹងនាងនាគ បុត្រីនៃស្ដេចភុជង្គនាគ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង ដោយទទួលបានពរជ័យពីព្រះបិតាក្មេកព្រះអង្គ ហើយក៏ត្រឡប់មកពិភពមនុស្សលោកវិញ។ ស្ដេចនាគបានផឹកទឹកសមុទ្ទដែលនៅជុំវិញកោះ និងផ្ដល់នាមដល់កោះនោះថាកម្ពុជាធិបតី មានន័យថាម្ចាស់ ឬអ្នកជាធំនៃកម្ពុជា។ នៅក្នុងកំណែប្រែផ្សេងមួយទៀត ត្រូវគេថ្លាថ្លែងថាព្រះថោងបានប្រយុទ្ធនឹងនាងនាគ។ ជាបន្តបន្ទាប់នៃទេវកថាដើមកំណើតដដែលនេះ បញ្ជាក់ថាខ្មែរសម័យបច្ចុប្បន្ននេះគឺជាកូនចៅ នៃពួកអ្នកនគរវ្នំនេះឯង។[២១][២២][២៣] ហើយទោះបីជារឿងទាំងនេះមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏អាចបង្ហាញការណ៍ពិតដល់យើងខ្លះដែរជាមិនខានថាគឺមានធាតុបរទេសមួយគឺ ឥណ្ឌាបាននាំអរិយធម៌របស់ខ្លួនមកផ្សំផ្ដុំជាមួយនិងអរិយធម៌របស់អ្នកអាយ (មាននាងនាគជាតំណាង) ដើម្បីបង្កើតអរិយធម៌ចម្រុះមួយដែលបានវិវត្តរហូតដល់សព្វថ្ងៃនេះ។ ម្យ៉ាងទៀតព្រឹត្តិការណ៍ទាំងនេះ ត្រូវតែបានកើតឡើងក្នុងគ្រិស្តសតវត្សទី១ ព្រោះថានៅសតវត្សបន្ទាប់មកទៀត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រត្រូវបានកត់ត្រាដោយសិលាចារឹកផង និងដោយអ្នកប្រវត្តិសាស្ត្រចិនផង។[២៤]
រាជវង្សដំបូង
បើតាមពង្សាវតាររាជវង្សលាង ហ៊ុនទៀនមានបុត្រម្នាក់ដែលបានទៅត្រួតត្រាលើទឹកដីមួយផ្នែកដែលមានក្រុងប្រាំពីរ។ ក្នុងចំណោមអ្នកសោយរាជ្យតមកមានស្ដេចឈ្មោះ ហ៊ុនប៉ានហួង។ ស្ដេចអង្គនេះបានប្រើឧបាយកលផ្សេងៗដើម្បីឱ្យក្រុងទាំងនោះបែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ បន្ទាប់មកបានចាត់ឱ្យកូនចៅរបស់ព្រះអង្គគ្រប់គ្រងត្រួតត្រា ក្រុងទាំងនោះម្នាក់មួយៗ។ ស្ដេច ហ៊ុនប៉ានហួង បានសោយទិវង្គតនៅពេលមានជន្មា៩០វស្សា។ បុត្រទី២ឈ្មោះប៉ានប៉ាន ត្រូវលើកឱ្យឡើងសោយរាជ្យ ដោយប្រគល់កិច្ចការរដ្ឋទាំងឡាយឱ្យមេទ័ពម្នាក់ឈ្មោះហ្វាន់ចេម៉ាន់ (ស្រីមារវម៌្ម) មើលខុសត្រូវ។ ស្ដេចប៉ានប៉ានបានសោយរាជ្យបានតែ ៣ ឆ្នាំក៏បានសោយទិវង្គតទៅ។ ប្រជារាស្ត្រក៏បានព្រមព្រៀងគ្នាឱ្យលើកស្រីមារវម៌្មឱ្យឡើងសោយរាជ្យជំនួស។ ស្ដេចអង្គនេះមានសេចក្ដីក្លាហាន ហើយមានឫទ្ធានុភាពណាស់ ព្រះអង្គបានលើកទ័ពទៅវាយយកប្រទេសជិតខាងដាក់ជាចំណុះអស់ជាច្រើន។ ព្រះអង្គទ្រង់ប្រកាសខ្លួនថាជា មហារាជនៃវ្នំ។ បន្ទាប់មកទ្រង់បញ្ជាឱ្យធ្វើសំពៅធំៗជិះកាត់សមុទ្ទទៅវាយនគរជាង១០ ដែលក្នុងចំណោមនោះមាននគរ គីវទួគុន (k’iu-tou-k’ouen) កៀវឆេ (Kieou-tche) ទៀនស៊ុន(Tien-Souen)។ ព្រះអង្គបានពង្រីកទឹកដីធំរហូតដល់ ៥ ឬ ៦ ពាន់ លី។
អ្នកប្រវត្តិសាស្ត្រនិយមចាត់ទុកដោយសមហេតុផលថា ហ្វានចេម៉ាន់នេះត្រូវនឹងស្ដេចស្រីមារៈ ដែលមានឈ្មោះចារនៅក្នុងសិលាចារឹកវ៉ូកាញ់ (ខេត្តញ៉ាត្រាង-ប្រទេសវៀតណាមសព្វថ្ងៃ) ដែលពីដើមគេយល់ច្រឡំថាជារបស់ចាម្ប៉ា តែក្រោយមក គឺចាប់ពីគ.ស. ១៩២៧ លោកល្វីស-ភ្វីណូត (Louis Finot) ចាត់ទុកថាជារបស់សាមន្តរដ្ឋមួយរបស់អាណាចក្រវ្នំទៅវិញ។[២៥]
ឯកសារចិនបានបញ្ជាក់ថាស្ដេច ស្រីមារវម៌្ម ឬ ស្រីមារៈ បានសោយទិវង្គតនៅពេលលើកទ័ពទៅវាយរដ្ឋ គីនលីន(កំពែងមាស) ដែលលោកសឺដេស ថាត្រូវនឹងសុវណ្ណភូមិ (ដីមាសក្នុងអត្ថបទបាលី) ឬ សុវណ៌កុដ្យ (កំពែងមាសក្នុងអត្ថបទសំស្ក្រឹត.នៅប្រទេសភូមាខាងត្បូង ឬ លើជ្រោយម៉ាឡេយូ)។ នៅពេលដែលទ្រង់ប្រឈួន ស្រីមារវម៌្ម ទ្រង់បានបញ្ជូនរាជបុត្រឈ្មោះ គិនចេង ឱ្យទៅសោយរាជ្យជាជំនួសព្រះអង្គ។ ពេលនោះក្មួយព្រះអង្គឈ្មោះ ធរនិន្ទ្រៈ (ផ្វាន់ឆាន ឬ ធរនិន្ទ្រវម៌្ម) (កូននៃបងស្រីរបស់ព្រះអង្គ) ដែលជាមេត្រួតទ័ព ២០០០ នាក់ ក៏បានជ្រែករាជ្យធ្វើគត់រាជទាយាទគិនចេង។ ពេលដែលស្រីមារវម៌្មបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ឆាង (ផ្វាន់ឆាង ឬ ឆាងវម៌្ម) បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្មគ្របក្សពួកទៅធ្វើគត់ធរនិន្ទ្រៈវិញ។ ក៏ប៉ុន្តែមេទ័ពម្នាក់របស់ធរនិន្ទ្រៈបានធ្វើគត់ព្រះអង្គ ហើយបានឡើ់ងសោយរាជ្យវិញ។ ព្រះអង្គទ្រង់បានបញ្ជាឱ្យកសាងកន្លែងកម្សាន្តផ្សេងៗ។ ព្រឹកនិងថ្ងៃត្រង់ ទ្រង់ប្រទានសវនការ ៣ ឬ ៤ ដង។ ជនបរទេសនិងប្រជារាស្ត្របានថ្វាយ ចេក អំពៅ អណ្ដើក និងសត្វបក្សី…។ ព្រឹត្តិការណ៍នេះបានកើតឡើងតាំងពីស្រីមារៈសោយទិវង្គត និងរហូតដល់អស្សាចេយ្យ (ហ្វាន់ស៊ីយុន) ឡើងសោយរាជ្យគឺនៅរវាងឆ្នាំ២២៥ និង ២៥០។ នៅចន្លោះកាលកំណត់ទាំងពីរនេះ ក្នុងរជ្ជកាលរបស់ ធរនិន្ទ្រវម៌្ម ដែលអាណាចក្រវ្នំមានទំនាក់ទំនងជាមួយនឹងរាជវង្សមុរុណ្ឌនៅឥណ្ឌានិងបញ្ជូនរាជទូតទី១ទៅកាន់ចិន។ បើតាមពង្សាវតារនគរបីចិន ធរនិន្ទ្រវម៌្មនេះហើយ បានបញ្ជូនរាជទូតទី១ទៅប្រទេសចិននៅឆ្នាំ២៤៣ នៃ គ.ស. ដើម្បីនាំភ្លេងនិងផលិតផលទៅថ្វាយស្ដេចចិន។ គេអាចចោទសួរថាតើធរនិន្ទ្រវម៌្មនេះហើយ ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលអះអាងថាព្រះអង្គជាញាតិនៃព្រះបាទស្រីមារៈ ?
អស្សាជ័យរាជបានឡើងសោយរាជ្យបន្តពីធរនិន្ទ្រវម៌្ម ក្រោយពីបានធ្វើគត់បុត្ររបស់ព្រះបាទស្រីមារវម៌្មរួច បានទទួលនៅប្រមាណឆ្នាំ២៤៥-២៥០ នូវគណៈទូតរបស់លោកខាំង-ថែយ និងលោកឈូយីង ដែលបានមកចួបគ្នាជាមួយទូតឥណ្ឌានៅក្នុងរាជវាំង។ បន្ទាប់ពីនោះស្ដេចអស្សាជ័យ ឬ អស្សចេយ្យ ក៏បានបញ្ជូនទៅប្រទេសចិនវិញនៅរវាងឆ្នាំ២៦៨ ដល់ ២៨៧ ហើយដែលបានកត់ត្រានៅក្នុងពង្សាវតាររាជវង្សជិងចិន។ តាមការប៉ាន់ស្មានការបញ្ជូនទូតបីលើកចុងក្រោយក្នុងឆ្នាំ២៨៥ ដល់ ២៨៧ ទំនងជាហុចផលដល់សន្ទុះនៃជំនួញផ្លូវសមុទ្ទក្រោយ ពីប្រទេសចិនបានឯកភាពឡើងវិញ ដោយរាជវង្សជិន ព្រោះព្រឹត្តិការណ៍នេះបានបំពេញដល់សេចក្ដីត្រូវការវត្ថុប្រណីតរបស់ពួកស្ដេចចិនជាច្រើន។[២៦]
រុងរឿងនិងធ្លាក់ចុះ
តាមស្ដេច ព្រះបាទស្រីមារវម៌្មបានពង្រីកកងទ័ពជើងទឹករបស់អាណាចក្ររបស់ព្រះអង្គ និងបង្កើនការិយាធិបតេយ្យរបស់នគរវ្នំ ដោយបង្កើតនូវទម្រង់ដូចសក្ដិភូមិដែលបន្សល់ទំនៀមទម្លាប់និងអត្តសញ្ញាណតាមតំបន់ឱ្យនៅដដែលភាគច្រើន ពិសេសជាការលូតទៅមុខបន្ថែមនៃអាណាចក្រនេះ។ ព្រះបាទស្រីមារវម៌្ម និងស្ដេចសោយរាជ្យបន្តពីព្រះអង្គក៏បានបញ្ជូនពួកឯកអគ្គរាជទូតទៅកាន់ចិន និងឥណ្ឌាដើម្បីធ្វើពាណិជ្ជកម្មជាទៀងទាត់តាមផ្លូវសមុទ្ទ។ នគរនេះទំនងប្រហែលជាបានពន្លឿនទៅមុខនូវឥណ្ឌូនីយកម្មជាដំណាក់កាលនៅអាស៊ីអាគ្នេយ៍។ នគរជាច្រើននៅអាស៊ីអាគ្នេយ៍ក្រោយមកបានប្រណាំងប្រជែងគ្នា តាមរាជវាំងនគរវ្នំ។ ពួកអ្នកវ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយម និងពាណិជ្ជកម្មផ្ដាច់មុខដ៏ខ្លាំងក្លា ដែលបានក្លាយជាគំរូមួយសម្រាប់អាណាចក្រជាច្រើននៅក្នុងតំបន់។
ស្ដេចអស្សាចេយ្យបានសោយរាជ្យដល់ឆ្នាំ២៨៩។ ពីនេះតទៅសតវត្សទី៤គ្មានឯកសារណានិយាយពីអាណាចក្រវ្នំទាល់តែសោះ។ ពង្សាវតាររាជវង្សជិននិងលាងបាននិយាយថានៅឆ្នាំ៣៥៧ ស្ដេចនគរវ្នំឈ្មោះ ធៀនឈូ-ឆានតាន (ស្រុតវម៌្ម ឬ កៅណ្ឌិន្យចណ្ឌាល ឬ កៅណ្ឌិន្យវម៌្ម) បានលើកសួយដំរីផ្សាំងទៅថ្វាយស្ដេចចិន។ ធៀនឈូគឺជាឈ្មោះដែលចិនហៅប្រទេសឥណ្ឌា។ ដូច្នេះពាក្យថាធៀនឈូ ឆានតាននេះមានន័យថាឥណ្ឌាឈ្មោះ ឆានតាន។ បើតាមលោកឡឺវី (S.Levi) ឆានតានគឺជាពាក្យកត់សូរសំឡេង chandan (ចណ្ឌាល?) ដែលជាឋានន្តរនាមរបស់ឥណ្ឌូ-ស៊ីថជាពិសេសរបស់រាជវង្សកុសាណៈ។ គួរគប្បីបញ្ជាក់ថាពួកកុសាណៈនេះបានលើកទ័ពទៅវាយប្រទេសឥណ្ឌា ហើយត្រួតត្រាតំបន់ទន្លេគង្គាយ៉ាងហោចរហូតដល់ក្រុងពារាណសី។ នៅ គ.ស. ៣៥៧ ប្រទេសឥណ្ឌាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សគុប្តៈដឹកនាំដោយព្រះចៅសមុទ្ទគុប្តៈ។ ដូច្នេះពួកស៊ីថក៏ត្រូវបានកម្ចាត់។ ដូច្នេះហើយបានជាពួកកុសាណៈបានភៀសខ្លួនមកសុវណ្ណភូមិ ហើយជាពិសេសបានមកដល់នគរវ្នំដូចជាករណីរបស់ព្រះបាទកៅណ្ឌិន្យចណ្ឌាលនេះឯង។ អ្នកសិក្សាយល់ថាប្រហែលជាស្ដេចអង្គនេះហើយ ដែលនាំមកនូវសិល្បៈចម្លាក់ដូចជាអាវផាយរបស់ព្រះសូរ្យនិងមកុដរាងបំពង់របស់ព្រះវិស្ណុ។ ការលើកឡើងបែបនេះគឺដោយសារការរកឃើញរបស់ខ្លះនៅរមណីយដ្ឋានអូរកែវ ហើយដែលបង្ហាញពីទំនាក់ទំនងនគរវ្នំនិងពិភពអ៊ីរ៉ង់ ដូចជាដុំថ្មឆ្លាក់រូបពិធីបួងសួងចំពោះព្រះអគ្គី និងពេជ្រមានរូបស្ដេចនៃរាជវង្សសាស្សានីដ (Sassanide)។
ចំពោះរជ្ជកាលស្ដេចស្រុតវម៌្មទី១នេះព្រឹត្តិការណ៍ដែលគេដឹងច្បាស់មានតែមួយគត់ គឺការលើកសួយទៅថ្វាយស្ដេចចិននៅឆ្នាំ៣៥៧។ ក្រោយពីនោះអ្នកប្រវត្តិសាស្ត្រគឺចួបប្រទះនឹងកង្វះឯកសារម្ដងទៀត ព័ត៌មានដែលទាក់ទងនឹងនគរវ្នំគេអាចដឹងបានចាប់ពីចុងសតវត្សទី៤ប៉ុណ្ណោះ។
នៅពាក់កណ្ដាលទី១នៃសតវត្សទី៥ គេឃើញថាការផ្សព្វផ្សាយអរិយធម៌ឥណ្ឌាមានសន្ទុះយ៉ាងខ្លាំង នៅតំបន់សុវណ្ណភូមិ។ អ្នកប្រវត្តិវិទូខិតខំស្វែងរកតើអ្វីទៅជាមូលហេតុ។ តាមគេប៉ាន់ស្មានមើល មកពីការវាយលុករបស់ព្រះបាទសមុទ្ទគុប្តៈ (៣៣៥-៣៧៥) នៅឥណ្ឌាខាងត្បូង ដែលបណ្ដាលឱ្យមានជនភៀសខ្លួនមកកាន់បូព៌ាប្រទេស។ រួចហើយលោកឡឺវី ថាប្រហែលជាការវាយលុករបស់ស្ដេចនេះនៅតំបន់ទន្លេគង្គា ទើបបណ្ដាលឱ្យមានជនជាតិស៊ីថម្នាក់មកសោយរាជ្យនៅអាណាចក្រវ្នំនៅឆ្នាំ៣៥៧។ នេះគឺជាជំហានដំបូងនៃចលនាទូលំទូលាយ នៃលំហូរនៃអរិយធម៌ឥណ្ឌា មកលើតំបន់ដែលរងឥទ្ធិពលនៃអរិយធម៌ឥណ្ឌាស្រាប់ទៅហើយពីសំណាក់ពួកស្ដេច ព្រាហ្មណ៍ និងពួកបញ្ញវន្តចាប់ពីពាក់កណ្ដាលស.វ.ទី៤ដល់ពាក់កណ្ដាលនៃសតវត្សទី៥។
គឺនៅក្នុងពេលជាមួយគ្នានេះហើយ ដែលអាណាចក្រវ្នំទទួលនូវសន្ទុះថ្មីនៃការផ្សាយអរិយធម៌ឥណ្ឌា។
រាជពង្សាវតារចិនបានកត់ទុកថាក្នុងចំណោមស្ដេចសោយរាជ្យបន្តបន្ទាប់ពីស្រុតវម៌្ម១ គឺមានស្ដេចម្នាក់មានឈ្មោះថាគាវឆេនយូ (កៅណ្ឌិន្យ) ជាព្រាហ្មណ៍មានដើមកំណើតនៅប្រទេសឥណ្ឌា។ គេដំណាលថាមានសំឡេងអាថ៌កំបាំងមួយ បានបញ្ជាឱ្យព្រាហ្មណ៍នេះទៅសោយរាជ្យនៅនគរវ្នំ។ កៅណ្ឌិន្យមានសេចក្ដីត្រេកអរខ្លាំងណាស់ ហើយក៏បានធ្វើដំណើរទៅស្រុកប៉ានប៉ាននៅខាងត្បូង។ អ្នកស្រុកនគរវ្នំមានសេចក្ដីត្រេកអរណាស់បាននាំគ្នាទៅចួប ហើយបានលើកលោកឱ្យឡើងសោយរាជ្យ។ ស្ដេចអង្គនេះបានរៀបចំក្បួនច្បាប់តាមបែបឥណ្ឌា។ ក្នុងចំណោមស្ដេចសោយរាជ្យក្រោយមកទៀត ដូចជាមានឈ្មោះស្ដេចមួយអង្គ ឆេលីតោប៉ាម៉ោ (ស្រីឥន្ទ្រវម៌្ម ឬ ស្រេន្ទ្រវម៌្ម) បាននាំសួយនិងតង្វាយទៅថ្វាយស្ដេចក្រុងចិនជាច្រើនលើកគឺនៅឆ្នាំ៤៣៤-៤៣៥ និង ៤៣៨។ គឺស្ដេចអង្គនេះហើយដែលចង់រក្សាចំណងមិត្តភាពជាមួយចិន ហើយបានប្រកែកមិនចូលរួមជាមួយចាម្ប៉ាដើម្បីដណ្ដើមយកខេត្តតុងកឹងរបស់ចិន។
តាមពង្សាវតារជិនខាងត្បូងនិយាយថាប្រហែល ១០ ឆ្នាំក្រោយកាលកំណត់ ៤៣១-៤៣២ ក៏មានស្ដេចសោយរាជ្យបន្តនៅអាណាចក្រវ្នំដែរ ដែលស្ដេចអង្គនោះព្រះនាមថាចោយ៉ាប៉ាម៉ោ (ជ័យវម៌្ម) ដែលមាននាមត្រកូលគាវឆេនយូ បានសេចក្ដីថាជាស្ដេចក្នុងរាជវង្សកៅណ្ឌិន្យដែរ។ តាមលោកប៉េ.ប៉េលីអុត (P.Pelliot) គឺស្ដេចអង្គនេះបានបញ្ជូនឈ្មួញទៅគ័ងតុងប្រទេសចិនហើយពេលពួកឈ្មួញនេះត្រឡប់មកវិញត្រូវខ្យល់បក់ទៅទើរលើប្រទេសលីនយី ដែលមានព្រះសង្ឃឥណ្ឌាមួយអង្គព្រះនាមថានាគសេន ក៏បានធ្វើដំណើរទៅជាមួយដែរ។ ព្រះភិក្ខុអង្គនេះបាននិមន្តមកអាណាចក្រវ្នំតាមផ្លូវកាត់ នៅឆ្នាំ៤៨៤ ត្រូវព្រះបាទជ័យវម៌្មបានចាត់ឱ្យនាំតង្វាយទៅព្រះចៅក្រុងចិន និងស្នើសុំទ័ពជំនួយមកបង្ក្រាបមន្ត្រីម្នាក់ (ឬ បុត្រ) ដែលបានជ្រែករាជ្យនៅចាម្ប៉ា។ ប៉ុន្តែស្ដេចក្រុងចិនមិនយល់ព្រមតាមសំណូមពរ ហើយដើម្បីថែរក្សាចំណងមិត្តភាពទ្រង់បានថ្វាយត្រឡប់មកវិញនូវសំពត់ព្រែដែលមានពណ៌ប្លែកៗប៉ុណ្ណោះ។ ក្នុងរាជ្យស្ដេចអង្គនេះហើយដែលព្រះសង្ឃពីរអង្គអាណាចក្រវ្នំ បានទៅបកប្រែគម្ពីរនៅប្រទេសចិនគឺ សង្ឃបាល និងមន្ត្រសេន។ នៅគ្រិស្តសករាជ ៥០៣ ព្រះអង្គបានចាត់ឱ្យយករូបព្រះពុទ្ធដែលធ្វើពីផ្កាថ្មនិងវត្ថុផ្សេងៗទៅថ្វាយស្ដេចក្រុងចិន។
ដោយសារសេចក្ដីរាប់អានពីសម្នាក់ស្ដេចចិន គេអាចចាត់ទុកថារជ្ជកាលរបស់ព្រះបាទកៅណ្ឌិន្យជ័យវម៌្មជា រជ្ជកាលរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រវ្នំ។
ព្រះបាទកៅណ្ឌិន្យជ័យវម៌្មសុគតនៅឆ្នាំ៥១៤។ ព្រះអង្គពុំបានបន្សល់ទុកនូវសិលាចារឹកទេ។ តែព្រះអគ្គមហេសីព្រះអង្គព្រះនាមកុលប្រភាវតី និងបុត្រព្រះនាមគុណវម៌្មបានបន្សល់ទុកនូវសិលាចារឹក។
ក្នុងសិលាចារឹកដំបងដែក (ខាងត្បូងខេត្តកែវ) ព្រះនាងកុលប្រភាវតីបាននិយាយពីការកសាងអាស្រមមួយ។ សិលាចារឹកនេះមានលក្ខណៈជាវិស្ណុនិយម។ ក្នុងសិលាចារឹកវិស្ណុនិយមដូចគ្នានេះដែរ ដែលគេបានរកឃើញនៅវាលភក់បាននិយាយ ពីការកសាងទេវាល័យសម្រាប់តម្កល់ព្រះវិស្ណុបាទ។ បើគេប៉ាន់ស្មានមើលទៅព្រះនាងកុលប្រភាវតីគឺជាមាតារបស់គុណវម៌្ម ដែលជាបុត្ររបស់ព្រះបាទកៅណ្ឌិន្យជ័យវម៌្ម ហើយទ្រង់ត្រូវបានព្រះជេដ្ឋាធ្វើគត់ ដែលមាននាមថាព្រះបាទរុទ្រវម៌្មនេះឯង (ជាបុត្ររបស់ស្រីស្នំម្នាក់) នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជ្យសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្ម ជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រវ្នំ។ ព្រះអង្គបានបញ្ជូនទូតទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧ និង ៥៣៥។ រាជទូតនគរវ្នំបាននាំសួយថ្វាយស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសសៃប្រវែង ៣ មាត្រ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងវូទី ទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឱ្យយកព្រះកេសនោះទៅប្រទេសចិនវិញ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះ និយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រវ្នំនៅរវាង គ.ស. ៥៣៥ និង ៥៤៥ ដើម្បីឱ្យអធិរាជនគរវ្នំបញ្ជូនអ្នកប្រាជ្ញនិងខាងគម្ពីរសាសនាមកចិនវិញ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ឬគុណរតនៈបានមកនគរវ្នំ ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញនៅ គ.ស. ៥៤៦។ គួរកត់សម្គាល់ដែរថា ដោយសារតែស្ដេចរុទ្រវម៌្មឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឱ្យអាណាចក្រវ្នំមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រវ្នំជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦។[២៧]
នគរវ្នំបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលជាអ្នកដែលមិនអាចប្រកែកបានថាគឺជាពួកខ្មែរ។ សិលាចារឹកខ្មែរលើកដំបូងបានចុះកាលបរិច្ឆេទ ដោយខ្លីបន្ទាប់ពីការធ្លាក់ចុះនៃនគរវ្នំ ហើយការចុះកាលបរិច្ឆេទទាំងនោះដោយកាលបរិច្ឆេទ ក្រោយមកទៀតត្រូវបានប្រមូលនៅកម្ពុជាភាគខាងត្បូងនិយាយថា ខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម។[២៨] វីខខឺរីបានឱ្យយោបល់ថា“តាមភស្តុតាងបច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយបញ្ជាក់អះអាងថា នគរវ្នំជាតំបន់មួយ និងពួកក្រុមត្រួតត្រាគេដែលមិនមែនជាជនជាតិខ្មែរ”។[២៩] វ្នំត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃអាណាចក្រខ្មែរ។
អង្គការ
ដោយទុកក្នុងចិត្តថាកំណត់ហេតុរបស់នគរវ្នំ មិនបាននៅសេសសល់មកដល់សម័យបច្ចុប្បន្នទេភាគច្រើន អ្វីដែលយើងដឹងគឺបានមកពីកំណាយខាងបុរាណវត្ថុ។ កំណាយជាច្រើនបានហុចជាលទ្ធផលជារបកគំហើញមួយចំនួននៃសំណង់កំពែងឥដ្ឋ ឧបករណ៍ធ្វើពីលោហៈ និងគ្រឿងស្មូន ជាក់ស្ដែងបានមកពីកម្ពុជាខាងត្បូងនិងវៀតណាម។ ផងដែរការស្ថាបនាប្រព័ន្ធប្រឡាយធំៗភ្ជាប់ទីលំនៅដ្ឋាននៅអង្គរបុរី និងច្រកចេញទៅកាន់ឆ្នេរសមុទ្ទ នេះជាផែនការរដ្ឋបាលដែលបានរៀបចំលំដាប់ខ្ពស់។[៣០] នគរវ្នំ ជាសង្គមដែលស្មុគស្មាញនិងពិបាកយល់ ដែលមាននៅសន្ទភាពអត្រាប្រជាជនខ្ពស់ បានអភិវឌ្ឍបច្ចេកទេស និងប្រព័ន្ធសង្គមដ៏ស្មុគស្មាញដើម្បីគ្រប់គ្រងលើតំបន់នៃប្រទេសកម្ពុជានេះ ពីព្រោះដោយសារតែ សមត្ថភាពនៃប្រជារាស្ត្រខ្មែរអាចផលិតស្បៀងអាហារក្នុងវាលទំនាបដ៏សម្បូរ ដោយជីជាតិរបស់កម្ពុជា។ បើតាមឯកសារប្រវត្តិសាស្ត្រខ្មែរ ត្រឹង-ងារ គេនិយាយថានគរវ្នំយករបបគ្រប់គ្រងរដ្ឋតាមបែបឥណ្ឌា។ ព្រះរាជាត្រូវគង់ក្នុងប្រាសាទឈើដែលមានច្រើនជាន់ហើយមានសង់របងពទ្ធជុំវិញ។ ព្រះរាជាយកឋានន្តរនាមជា ក្រុងវ្នំ ព្រោះយកតាមភ្នំដែលព្រះអង្គធ្វើសក្ការបូជាចំពោះព្រះមហេស្វរ(ម៉.ស៊ីសូវឡ) និងមានតម្កល់លិង្គព្រះគិរិសគឺឈ្មោះព្រះឥសូរដែលសណ្ឋិតលើនោះ។ ដោយសារតែស្ដេចជាតំណាងនៃអាទិទេព ដូច្នោះហើយទើបព្រះអង្គមានអំណាចទូលំទូលាយណាស់។ រាជ្យសម្បត្តិត្រូវតពីបិតាទៅបុត្រ ជាមូលហេតុឱ្យមានវិបត្តិរាជវង្សច្រើនគ្រា។ ប៉ុន្តែរាស្ត្រក៏អាចលើកវរជនដែលខ្លួនពេញចិត្តឱ្យឡើងសោយរាជ្យដែរ តួយ៉ាងដូចជាស្ដេចស្រីមារវម៌្ម និងកៅណ្ឌិន្យទី២ជាដើម។
ព្រះរាជានគរវ្នំនិយមធ្វើសង្គ្រាមពង្រីកទឹកដី តួយ៉ាងដូចជាស្ដេចស្រីមារវម៌្មបានលើកទ័ពជើងទឹកទៅវាយរដ្ឋជាច្រើនមកដាក់ជាចំណុះរួមមានរដ្ឋខ្មែរខ្លះ មនខ្លះ ចាម ឬម៉ាឡេយូ។ ក្នុងសង្គ្រាមគេច្រើនចាប់ឈ្លើយសឹកមកធ្វើជាទាសាទាសី។ ដោយហេតុនេះហើយ ទើបយើងហៅ អាណាចក្រវ្នំថាជាអធិរាជាណាចក្រហើយស្ដេចមានឋានៈថាជាមហារាជឬជាសាវ៌កៅ (ស្ដេចចក្រវាឡ)។ រដ្ឋដែលក្រោមអំណាចអាណាចក្រវ្នំទាំងនោះ មានស្ដេចសោយរាជ្យគ្រប់ៗរដ្ឋទាំងអស់ ហើយរដ្ឋទាំងនោះមានតួនាទីលើកសួយមកថ្វាយអធិរាជនគរវ្នំរៀងរាល់ឆ្នាំរដ្ឋនេះគេហៅថាសាមន្តរាជ។ ហើយរដ្ឋបែបទី២គឺត្រូវគ្រប់គ្រងដោយព្រះរាជបុត្រ ឬព្រះញាតិរបស់ស្ដេច អាណាចក្រវ្នំគេហៅថាវិស័យរដ្ឋ ដែលជាសម្បត្តិរបស់អាណាចក្រវ្នំផ្ទាល់ ដែលបង្កើតឡើងដោយព្រះបាទកៅណ្ឌិន្យទី១ ប៉ុន្តែ ត្រូវរម្លាយចោលវិញដោយព្រះបាទហ៊ុន-ប៉ានហួងវិញ។ គួរកត់សម្គាល់ដែលថារចនាសម្ពន្ធនយោបាយបែបនេះគឺមានគ្រោះថ្នាក់ណាស់ គឺដោយសារតែពេលណាអំណាចកណ្ដាលចុះខ្សោយនោះសាមន្តរាជមួយចំនួននឹងងើបឡើងបះបោរដូចករណីសាមន្តរដ្ឋចេនឡានៅស.វ.ទី៦។
ក្នុងវិស័យនយោបាយក្រៅប្រទេស នគរវ្នំនិយមចងស្ពានមេត្រី ជាមួយប្រទេសធំៗដូចជាចិននិងឥណ្ឌា។ វិស័យនយោបាយក្រៅប្រទេសនេះមមាញឹកចាប់តាំងពីរាជ្យស្ដេចហ្វាន-ឆានមកម៉្លេះ។ ទំនាក់ទំនងនេះមានក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងវប្បធម៌ផងដែរ។
មន្ត្រីក្នុងរាជការនៅប្របអធិរាជគឺមន្ត្រីពីរបែបគឺ មន្ត្រីឆ្វេងនិងមន្ត្រីស្ដាំ។ មន្ត្រីឆ្វេងនៅអង្គុយនៅឆ្វេងនិងមន្ត្រីស្ដាំអង្គុយនៅស្ដាំ ដែលមានសក្ដិធំជាងមន្ត្រីឆ្វេង។ ក្រៅពីមន្ត្រីទាំងនេះនៅមានមន្ត្រីផ្សេងទៀតឈរត្រួតត្រាតាមខេត្ត។ ព្រះអង្គតែងប្រទានសវនការជាញឹកញាប់ជាមួយរាស្ត្រ និងជនបរទេសដែលយកតង្វាយមកថ្វាយ។ ក្នុងករណីនេះព្រះអធិរាជទ្រង់ប្រថាប់ទម្លាក់ព្រះបាទឆ្វេងដល់ដី ហើយបញ្ឈរព្រះបាទស្ដាំរួចគេក្រាលកម្រាលមួយផ្ទាំង ចំពោះព្រះភក្ត្រព្រះអង្គដើម្បីយកភាជន៍មាស និងភាជន៍ដុតគ្រឿងក្រអូបមកតម្កល់លើកម្រាលនោះ។ ពេលយាងចេញក្រៅឬយាងចូលមកវិញព្រះអង្គតែងគង់ប្រថាប់លើដំរី។ ឯពួកស្រីស្នំនិងពួកមន្ត្រីជាបរិវារក៏ជិះដំរីដែរ។ ព្រះអធិរាជទ្រង់សព្វព្រះហឫទ័យនឹងការបរបាញ់ ដោយទ្រង់យាងចេញម្ដងៗរាប់ខែ។ នៅអាណាចក្រវ្នំ រាស្ត្រច្រើនបង់ពន្ធដារជា មាស ប្រាក់ ត្បូង គុជ ឬគ្រឿងក្រអូបផ្សេងៗ។ គេមិននិយមធ្វើគុកដាក់ជនទុច្ចរិតទេ។ បើកាលណាទោសស្រាលគេពិន័យ ផ្ទុយទៅវិញបើទោសធ្ងន់គេយកអ្នកមានទោសនោះទៅឱ្យក្រពើឬសត្វសាហាវស៊ី។ បើសិនជាសត្វទាំងនោះមិនស៊ីអស់ពេល៣ថ្ងៃគេនឹងលែងជននោះមកវិញ។[៣១]
ស្ថានភាពប្រជាករ
អ្នកស្រុកនគរវ្នំរស់នៅដោយប្រមូលផ្ដុំជាកុលសម្ពន្ធ។ នៅដើមគ្រិស្តសករាជ ដោយសារកំណើនផលិតផលនិងកំណើនប្រជាជន នគរវ្នំបានក្លាយទៅជារដ្ឋមួយ ដែលមានព្រះនាងលីវយីជាអ្នកគ្រប់គ្រង។ អ្នកស្រុកនគរវ្នំកាត់សក់ជ្រងផ្កាថ្កូវ លែងខ្លួនទទេ ស្លៀកសំពត់ញ៉ុក ហើយចោះត្រចៀក ពាក់ត្រសាល់ទាំងប្រុសទាំងស្រី។ ខ្មែរបុរាណជាអ្នកដំណើរតាមសមុទ្ទដ៏ចំណាន ហើយប្រើ មាស ប្រាក់ សំរឹទ្ធ និងសំណ ធ្វើជាប្រាក់ចាយ។
បើតាមឯកសារចិនបានបញ្ជាក់ថាអ្នកស្រុកនគរវ្នំ សម្បុរខ្មៅ សក់រួញអង្គារដី រូបច្រើនមិនសូវបាន។ ព័ត៌មានអាចបញ្ជាក់ពីលក្ខណៈនរវិទ្យារបស់ជនជាតិខ្មែរ-មនជាទូទៅជាពិសេសជនជាតិខ្មែរនេះឯង។ ដែលចិននិយាយពីសម្បុរខ្មៅក្ដី រូបមិនសូវល្អក្ដី គឺគេនិយាយប្រៀបទៅនឹងលក្ខណៈរបស់ជនជាតិចិន។ ដោយកង្វះឯកសារជាភាសាខ្មែរ ទើបអ្នកសិក្សាបានបញ្ចេញផ្សេងៗអំពីម្ចាស់ដើមនៃនគរវ្នំនេះ៖ អ្នកខ្លះយល់ថារដ្ឋនេះជារដ្ឋឥណ្ឌា ខ្លះទៀតថាជារដ្ឋមនឬខ្មែរ មនផង ឬម៉ាឡេយូទៅវិញ។ តាមការណ៍ពិតជាតិទាំងនោះសុទ្ធតែបានរស់នៅនគរវ្នំ ហើយអ្នកខ្លះជាអ្នកគ្រប់គ្រងគេ (ខ្មែរនិងឥណ្ឌាខ្លះ) ឯអ្នកខ្លះទៀតត្រូវគេគ្រប់គ្រង (មន-ម៉ាឡេយូ) (ចំពោះបញ្ហានេះសូមមើលអត្ថបទ ហ៊្វូណនជារដ្ឋខ្មែរ ឬពុំមែនទេ? ចុះផ្សាយក្នុងព្រឹត្តិបត្រវិទ្យាស្ថានខ្មែរមានលេខ៥ ខែ សីហា គ.ស. ១៩៧៣)។
ឯកសារចិនដដែលនេះបាននិយាយទៀតថា មនុស្សនៅអាណាចក្រវ្នំច្រើនលែងខ្លួន អ្នកក្រស្លៀកសារុងអំបោះដើរជើងទទេ អ្នកមាននិងនាម៉ឺនស្លៀកសារុងចរបាប់ពាក់ស្បែកជើង។ ផ្ទះសង់ខ្ពស់ពីដីមានប្រក់ស្លឹកចាក (?) ដែលមានដុះនៅតាមមាត់សមុទ្ទហើយមានការតុបតែង។ ផ្ទះទាំងនោះសុទ្ធសង់ពីឈើដែលគេកាប់ពីព្រៃ ហើយសង់ផ្ដុំគ្នាជាភូមិពី៥០ទៅ៦០ ហើយមានស្រះទឹកមួយសម្រាប់យកទឹកប្រើប្រាស់រួមគ្នា។
មនុស្សនៅអាណាចក្រវ្នំត្រង់ណាស់ (ឯកសារខ្លះថាលោភលន់) មានការប៉ិនប្រសប់និងខិល ព្រោះចូលចិត្តចាប់អ្នកនៅក្រុងជិតខាង ដែលមិនគោរពរាប់អានខ្លួនធ្វើជាខ្ញុំកំដរ។ ពេលទំនេរចូលចិត្តលេងប្រជល់មាន់និងជ្រូក។
សង្គមនៅអាណាចក្រវ្នំជាសង្គមមេនិយមគឺទុកស្ត្រីជាធំទាំងក្នុងគ្រួសារនិងសង្គមតួយ៉ាងដូចរឿងព្រះនាងលីវយីទៅច្បាំង ជាមួយហ៊ុនទៀនជាភស្តុតាងជាក់ស្ដែង។ ពិធីបុណ្យការនិងបុណ្យសពមានលំនាំដូចនៅលីនយីដែរ ហើយស្រីៗនិយមទៅដណ្ដឹងប្រុសៗ។ នេះគឺធាតុមួយនៃអត្ថិភាពនៃលទ្ធិមេនិយមទៀតដែរ។ ចិនបានកត់សម្គាល់ថានៅក្នុងគ្រួសារពួកស្រីប្រុសអាចទាក់ទងគ្នា បានតាមទំនើងចិត្ត។
ក្នុងករណីកាន់ទុក្ខគេត្រូវកោរសក់និងពុកមាត់ ឯពិធីរម្លាយសពមានបួនយ៉ាង៖
១- បោះសពចោលទៅក្នុងទន្លេ
២- បូជាដោយភ្លើង
៣- យកសពទៅកប់
៤- យកសពទៅដាក់ចោលក្នុងព្រៃស្មសានឱ្យសត្វស៊ី។
ក្នុងករណីបូជាដោយភ្លើងគេនិយមយកធាតុ ដែលនៅសេសសល់ពីដុតដាក់ក្នុងកោដិបិទជិត ហើយយកទៅបោះចោលក្នុងទន្លេ។ ព្រះមហាក្សត្រប្រើកោដិមាស មន្ត្រីនាម៉ឺនប្រើកោដិប្រាក់ រាស្ត្រសាមញ្ញប្រើកោដិដី។ អ្នកស្រុកអាណាចក្រវ្នំចូលចិត្តយកវិធីចម្លែកដើម្បីរកសេចក្ដីពិត។ កាលណាមានបាត់របស់អ្វីមួយគេតែងពូតបាយមួយពំនូត យកទៅដាក់មុខទេព្ដាហើយបួងសួងឱ្យរកមុខជនទុច្ចរិត។ ស្អែកឡើងគេចែកឱ្យបាយទៅខ្ញុំកំដរនៅក្នុងផ្ទះឱ្យបរិភោគ៖ ក្នុងមាត់ចោរវានឹងមានហូរឈាមចេញមកនិងមិនអាចទំពារបាយផង ឯមាត់ជនទៀងត្រង់បាយនោះនឹងរអិលចូលទៅក្នុងមាត់បានយ៉ាងស្រួល។ ម្យ៉ាងទៀតកាលណាជនណាជាប់ចោទគេឱ្យជននោះអត់បាយបីថ្ងៃ រួចគេតម្រូវឱ្យលូកយកវត្ថុផ្សេងៗចេញពីទឹកកំពុងពុះ ឬកាន់ពូថៅ ឬច្រវាក់ដុតក្រហមដើរ៧ជំហាន។ បើមានកំហុសមែនដៃជននោះនឹងរលាករលួយ ផ្ទុយទៅវិញនឹងគ្មានកើតអ្វីទាំងអស់។[៣២]
វប្បធម៌
សិលាចារឹកនេះបានរកឃើញនៅថាបមឿយក្នុងខេត្តផ្សារដែកវៀតណាមនិងបច្ចុប្បន្នបានដាក់តាំងក្នុងសារមន្ទីរប្រវត្តិសាស្ត្រនៅទីក្រុងហូជីមិញគឺជាសំណេរមួយ នៅក្នុងចំណោមសំណេរ ដែលនៅសេសសល់តិចតួច ដែលត្រូវបានគេសន្និដ្ឋាន ដោយជឿទុកចិត្តថាជារបស់នគរវ្នំ។ អត្ថបទជាភាសាសំស្ក្រឹត ដែលត្រូវបានចុះកាលបរិច្ឆេទពាក់កណ្ដាល នៃសតវត្សទី៥នៃគ.ស. និងប្រាប់នូវការឧបត្ថម្ភ របស់ព្រះអង្គម្ចាស់គុណវម៌្ម ជាអ្នកគោរពដល់ព្រះវិស្ណុ។
នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក ព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរវ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។ តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនិងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។
វប្បធម៌វ្នំត្រូវបានលាយចម្រុះគ្នានូវជំនឿតាមបែបអ្នកស្រុកដើមនិងគំនិតទស្សនៈបែបឥណ្ឌា។ នគរនេះត្រូវបានគេនិយាយថារងឥទ្ធិពលយ៉ាងខ្លាំងដោយសារវប្បធម៌ឥណ្ឌា ប្រហែលជាតាមរយៈក្រុមនគរភាគកណ្ដាលដូចជា ទ្វារវតី ឬម៉ាឡេយូ [៣៣] ហើយនិងការជួលពួកឥណ្ឌាក្នុងប្រយោជន៍គ្រប់គ្រងរដ្ឋបាលរដ្ឋខ្លះ។ សំស្ក្រឹតគឺជាភាសានៅក្នុងរាជវាំង និងពួកអ្នកនគរវ្នំបានឧបត្ថម្ភទំនុកបម្រុងដល់ព្រហ្មញ្ញសាសនានិងក្រោយមកសតវត្សទី៥ បានទំនុកបម្រុងដល់លទ្ធិព្រះពុទ្ធសាសនា។ គេពុំបានដឹង ថាតើសាសនាណាមួយបានចូលមកស្រុកខ្មែរមុនទេ បើតាមឯកសារខ្លះគេថាព្រះបាទអសោកទ្រង់ បានបញ្ជូនសមណទូតពីរអង្គមកជ្រោយសុវណ្ណភូមិ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនានៅសតវត្សទី៣មុនគ.ស.។ គេមិនដឹងថាសុវណ្ណភូមិនេះត្រូវត្រង់ណាឱ្យប្រាកដទេ។ អ្នកស្រាវជ្រាវគ្រាន់តែស្របថាសុវណ្ណភូមិនេះត្រូវ នឹងភូមិភាគអាស៊ីអាគ្នេយ៍នេះឯង។ ម្យ៉ាងទៀតបុរាណវត្ថុទាក់ទងនឹងព្រះពុទ្ធសាសនាដែលគេរកឃើញ នៅតំបន់នេះគេឃើញមានអាយុកាលត្រឹមតែពីសតវត្សទី៣-៤នៃគ.ស.ប៉ុណ្ណោះ។ គេឆ្ងល់ថាបើផ្សាយតាំងពីសតវត្សទី៣មុនគ.ស.ហេតុអ្វីបានជាឱ្យផ្លែផ្កានៅសតវត្សទី៣-៤នៃគ.ស.ទៅវិញ គឺអស់រយៈពេល៦ ឬ ៧ស.វ.? បើទោះជាបែបនេះក្ដីក៏គេដឹងថាព្រះពុទ្ធសាសនា ដែលយកមកប្រទេសយើងដំបូងគឺពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹតដែលពួកឥណ្ឌានៅអមរវត្តីរាប់អាននៅស.វ.ទី២-៣នៃគ.ស.។ នេះបើតាមសិលាចារឹកវ៉ូកាញ់និងតាព្រហ្មបាទី។ ព្រះពុទ្ធសាសនារុងរឿងនៅសតវត្សទី៥ និងទី៦ក្នុងរជ្ជកាលស្ដេចកៅណ្ឌិន្យជ័យវម៌្មនិងរុទ្រវម៌្ម ដោយមានការបញ្ជូនព្រះសង្ឃជាតិខ្មែរនិងឥណ្ឌាទៅប្រទេសចិន។[៣៤] កាក់លុយនៅស្ថានីយអូរកែវត្រូវបានគេរកឃើញតាមរយៈសិលាចារឹកជាច្រើនជាភាសាបាលី បង្ហាញនូវវត្តមាននៃព្រះពុទ្ធសាសនា ក្នុងតំបន់នេះក្បែរៗសតវត្សទី៥នៃគ.ស.។[៣៥]កំណត់ត្រាជាច្រើនបង្ហាញថាការប្រមូលពន្ធត្រូវបង់ជា ប្រាក់ មាស គុជខ្យង និងឈើក្រអូប។ លោកខាំង-ថែយ 康泰 និង ជូ-យិន 朱應 បានរាយការណ៍ថាប្រជាជនវ្នំបានអនុវត្តរបបទាសភាពនិងការកាត់ក្ដីត្រូវបានកាត់តាមរយៈការល្បងនិងពិសោធន៍ រួមមានដូចជាវិធីជាច្រើនតាមការរើសយកច្រវាក់ដែកក្រហមក្ដៅ និងលូកយកចិញ្ចៀននិងស៊ុតចេញពីទឹកកំពុងតែពុះ។
ភស្តុតាងខាងបុរាណវត្ថុឆ្លើយតបយ៉ាងទូលំទូលាយដល់កំណត់ត្រារបស់ចិន។ ពួកចិនបានពិពណ៌នាពួកអ្នកនគរវ្នំជាមនុស្សដែលរស់នៅលើផ្ទះសសរខ្ពស់ៗ ដាំស្រូវហើយបញ្ជូនសួយសារអាករជាមាស ប្រាក់ ភ្លុក និងសត្វប្លែកៗ។[៣៦]
របាយការណ៍របស់លោកខាំង-ថែយ និង ជូ-យិនមិនបញ្ចើចបញ្ចើដល់អរិយធម៌វ្នំទេ ថ្វីបើដូច្នោះក៏ដោយកំណត់ត្រារាជវាំងចិន បង្ហាញថាក្រុមតន្ត្រីករវ្នំបានមកទស្សនកិច្ចប្រទេសចិន ក្នុងឆ្នាំ២៦៣។ ព្រះចៅអធិរាជចិនមានចំណាប់អារម្មណ៍ណាស់ ដោយព្រះអង្គចេញព្រះរាជបញ្ជា ឱ្យមានការបង្កើតឡើងនូវវិទ្យាស្ថានមួយសម្រាប់តន្ត្រីអ្នកវ្នំ ក្បែរណានជីង។[៣៧] ពួកអ្នកនគរវ្នំត្រូវបានរាយការណ៍ផងដែរ ថាមានការចងក្រងសៀវភៅដ៏ច្រើននិងដាក់ទុកជាឯកសារទូទាំងប្រទេស ដោយបង្ហាញនូវកម្រិតខ្ពស់នៃស្នាដៃខាងសិក្សាធិការ។ ប៉ុន្តែឯកសារទាំងនោះត្រូវបាត់បង់អស់ហើយ ដែលធ្វើឱ្យយើងមិនដឹងថាតើអក្សរដូនតាយើងក្នុងសៀវភៅយ៉ាងម៉េចទេ។ បើតាមសិលាចារឹក៤ផ្ទាំងភាសាផ្លូវការគឺភាសាសំស្ក្រឹត ដូច្នេះមិនបានន័យថាភាសាខ្មែរមិនត្រូវបានប្រើប្រាស់ទេ។ យើងអាចមើលឃើញមានភាសាខ្មែរដូចជាឈ្មោះស្រុកក្ដី (វ្នំ) ឈ្មោះរាជធានីក្ដី (ទមាក់ ឬ ទល្មាក់) ដែលអាចបញ្ជាក់ថាភាសាខ្មែរគេប្រើជាមួយនឹងភាសាសំស្ក្រឹតដែរ។ ប្រហែលជាថ្ងៃណាមួយគេអាចរកឃើញសិលាចារឹកណាមួយ ក្នុងចំណោមសិលាចារឹកជាភាសាខ្មែរដែលអាចភ្ជាប់ ទៅអាណាចក្រវ្នំបានជាមិនខាន។[៣៨]
ព្រះសង្ឃពីរអង្គមកពីនគរវ្នំគឺមន្ត្រសេននិងសង្ឃបាលបានសម្នាក់នៅនិវេសនដ្ឋាន[នៅចិនអស់រយៈពេល១៦ឆ្នាំ ហើយធ្វើការប្រាំការិយាល័យក្នុងសតវត្សទី៥ដល់ទី៦ និងបកប្រែគម្ពីរព្រះសូត្រពុទ្ធសាសនាពីសំស្ក្រឹត (ឬ ប្រាក្រឹត) ទៅភាសាចិន។ ព្រះអង្គបានការស្ងើចសរសើរពីព្រះចៅក្រុងចិន ហើយបានចាត់ទុកព្រះអង្គជាព្រះគ្រូទៀតផង។[៣៩][៤០]ក្នុងចំណោមអត្ថបទជាច្រើនទាំងនោះគឺជា សប្តសតិកាប្រាជ្ញាបារមីតសូត្រ មហាយាន (តៃស្ឆុត្រៃបិដក ២៣២)។[៤១]អត្ថបទនេះត្រូវបានបកប្រែផ្សេងពីគ្នាដោយព្រះសង្ឃទាំងពីរអង្គ។[៤០] ព្រះពោធិសត្វមញ្ជុស្រីកុមារភូត (Mañjuśrī) គឺជាតួអង្គលេចធ្លោមួយអង្គក្នុងអត្ថបទនេះ។
នៅពេលទ័ពចេនឡាបានចូលវាយអាណាចក្រវ្នំ ពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹតនៅរុងរឿងនៅឡើយ។ នៅសតវត្សទី៧ មានព្រះសង្ឃចិនមួយអង្គនិមន្តពីឥណ្ឌាទៅចិនវិញ ព្រះនាមយី-ស៊ីងមានថេរដិកាថា ពីដើមព្រះធម៌មានភាពរុងរឿងហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះស្ដេចកំណាចមួយអង្គបានបំផ្លិចបំផ្លាញចោលអស់ហើយ ព្រះសង្ឃរកតែមួយអង្គមិនបានផង។ ដូច្នេះពុទ្ធសាសនាហីនយានប្រហែលជារលាយបាត់បង់នៅសតវត្សនោះហើយ ទើបក្រោយមកទៀតទើបឃើញលទ្ធិពុទ្ធសាសនាមហាយាន បានចេញផ្សព្វផ្សាយលទ្ធិរបស់ខ្លួន។
ចំណែកព្រាហ្មណ៍សាសនាគេឃើញមានគោរពព្រះឥសូរ ព្រះវិស្ណុ ព្រះហរិហរៈ (វិស្ណុនិងឥសូររួមគ្នា) និងព្រះព្រហ្ម។ នៅខាងដើមអាណាចក្រវ្នំទំនងគណៈខាងឥសូរនិយមជាសាសនាផ្លូវការផងដឹង បើតាមឯកសារចិនគេថាព្រះរាជាយាងឡើងភ្នំម៉ូតាន ដើម្បីធ្វើសក្ការបូជាដល់ព្រះមហេស្វរៈ។ ប៉ុន្តែព្រះអធិរាជាខ្លះបានផ្លាស់ពីឥសូរនិយមមកពុទ្ធនិយមវិញ ដូចជាព្រះបាទកៅណ្ឌិន្យជ័យវម៌្មជាដើម។ ខាងព្រះវិស្ណុគេឃើញមានប្រាសាទនៅភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គេឃើញសិលាចារឹករបស់ព្រះនាងកុលប្រភាវតីនិងគុណវម៌្ម ក៏មានលក្ខណៈវិស្ណុនិយមដែរ។ ក្នុងវិស័យស្ថាបត្យកម្មគេច្រើនសាងប្រាសាទពីឥដ្ឋ។ ដូច្នេះហើយទើបប្រាសាទទាំងនោះមិនឃើញមានស្ថិតស្ថេរមកដល់សព្វថ្ងៃសោះ លើកលែងតែប្រាសាទដុលដែលលុងដោយភ្នំទើបគេមានឃើញនៅសេសសល់។ ខឿនសំណង់ផ្សេងៗដែលគេរកឃើញនៅកំពង់ផែអូរកែវ និងអង្គបុរីក៏សង់អំពីឥដ្ឋដែរ។ ខាងសិល្បៈបដិមាក៏គេបានរកឃើញនៅភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវដែរ ដូចជាពុទ្ធរូបវត្តរំលក រូបព្រះវិស្ណុព្រះពលរាម ព្រះកល្កិន ព្រះគ្រឹស្ណគោវធន៌។ ស្នាដៃទាំងនេះមានលក្ខណៈជាឥណ្ឌារាងធាត់កាច់ចង្កេះនិងមានធ្នូឬជន្ទល់ទ្រ ឆ្លាក់ជាប់នឹងជញ្ជាំងថ្ម គឺពុំទាន់មានលក្ខណៈចម្លាក់លោតពេញលេញឡើយ។ ដូច្នេះគេអាចឃើញថាអរិយធម៌ខ្មែរ ជាអរិយធម៌ខ្ពង់ខ្ពស់ជាងប្រទេសជិតខាង ដែលខ្មែរចេះពូនផ្សំជាមួយនិងអរិយធម៌បរទេស ហើយបានកែច្នៃមកក្លាយជារបស់ខ្មែរ ទោះបីជាវាមិនទាន់មានលក្ខណៈជាតិពិតប្រាកដក៏ ដោយក៏វាជាកេរមរតករបស់កូនចៅខ្មែរជំនាន់ក្រោយដែរ វាក៏ជាគ្រឹះសម្រាប់អរិយធម៌សម័យអង្គរផងដែរ។[៤២]
សេដ្ឋកិច្ច
នគរវ្នំគឺជាមហាសេដ្ឋកិច្ចទីមួយដំបូងគេរបស់អាស៊ីអាគ្នេយ៍។ នគរនេះគឺសម្បូរសប្បាយព្រោះតែការដោះដូរពាណិជ្ជកម្មនិងកសិកម្ម។ នគរវ្នំបានកើនឡើងនូវទ្រព្យសម្បត្តិដោយសារតែបានត្រួតត្រាលើបួរដីក្រៈជាច្រកតូចចង្អៀតនៃឧបទ្វីបម៉ាឡេ ដែលក្រុមពួកឈ្មួញបានដឹកជញ្ជូនទំនិញធ្វើពាណិជ្ជកម្មរវាងចិននិងឥណ្ឌា។ ពួកគេប្រើប្រាស់ប្រាក់ចំណេញមួយចំនួនដើម្បីសាងនូវប្រព័ន្ធស្តុកទឹកនិងបញ្ចូលទឹកសព្វទិសទី។ ពួកពលរដ្ឋរស់នៅតាមជីវិតបែបរំភើយ។ ប្រជាជននគរវ្នំបានប្រមូលផ្ដុំគ្នាតាមដងទន្លេមេគង្គ ៖ តំបន់នេះគឺជាតំបន់ធម្មជាតិសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ដោយពឹងផ្អែកលើការនេសាទត្រីនិងការដាំដុះស្រូវ។ សេដ្ឋកិច្ចនគរវ្នំត្រូវពឹងផ្អែកទៅលើស្រូវដ៏ច្រើនលើសលប់ ដែលបានផលិតដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹកចូលស្រែដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកស្រុកចេះជីកព្រែកខ្វាត់ខ្វែងដែលគេឃើញមានស្លាកស្នាម នៅកម្ពុជាក្រោមភាគខាងលិច។ តាមយោបល់អ្នកជំនាញគេថាព្រែកជីកទាំងនេះ គឺសម្រាប់បង្ហូរទឹកជំនន់ទន្លេមេគង្គចេញផង និងលាងឱ្យស្អាតទឹកភក់ល្បាប់ និងបន្សាបអំបិលដែលជ្រួតជ្រាបក្នុងដីផងដែរ ជាគមនាគមន៍ទៅទីក្រុងទាំងឡាយនឹងអាចឱ្យសំពៅឆ្លងកាត់ទៅពីសមុទ្ទចិនទៅឈូងសមុទ្ទសៀម ដោយមិនបាច់កុងពទ្ធជ្រោយទឹកខ្មៅឡើយ។ ក្រៅពីរបរស្រែចម្ការដែលចិនថា គេព្រួសមួយឆ្នាំរួចគេច្រូតបានបីរដូវ របរខាងចម្ការក៏មានដូចជាដាំក្រូច ទទឹម អំពៅ ស្លា។ល។ [៤៣]ពាណិជ្ជកម្មតាមសមុទ្ទក៏បានដើរតួសំខាន់ខ្លាំងមែនទែន ក្នុងការអភិវឌ្ឍនគរវ្នំ។ សំណល់បុរាណវត្ថុនូវអ្វីដែលជាកំពង់ផែដ៏សំខាន់របស់ព្រះរាជាណាចក្រនេះគឺ អូរកែវ ត្រូវបានរកឃើញរួមមានវត្ថុបុរាណរ៉ូមដូចគ្នានឹងវត្ថុបុរាណពែរ្ស ឥណ្ឌា និងក្រិកដែរ។ អ្នកជំនួញអាចធ្វើដំណើរបែបនោះបាន ក៏ដោយសារតែមានបច្ចេកទេសខាងនាវាចរណ៍ តាមឯកសារចិនបានឱ្យដឹងថាអ្នកនគរវ្នំអាចធ្វើសំពៅបាន ប្រវែងប្រហែល ៣០ មាត្រ ក្បាលនិងកន្សៃមានរាងជាក្បាលនិងកន្ទុយរបស់សត្វត្រី។[៤៤] អ្នកប្រាជ្ញបុរាណជាតិអាល្លឺម៉ង់ អាល់ប្រិឆថ៍-ឌីលេ មានជំនឿថាកំពង់ផែដ៏សំខាន់របស់នគរវ្នំបានបង្ហាញខ្លួននៅអូរកែវក៏ជាកត្តិករៈដែរ ដែលបានចាត់ទុកដោយភូមិវិទូសតវត្សទី២នៃអេឡិចសង់ឌ្រីប៉្តូលេមី (Ptolemy) ថាជាផ្សារធំដែលពួកឈ្មួញមកពីអាណាចក្រចិន និងរ៉ូមចួបជុំគ្នាដើម្បីដោះដូរពាណិជ្ជកម្ម។ ទំនិញដែលគេច្រើនលក់គឺមានមាស ប្រាក់ សំពត់ព្រែ គ្រឿងកែវ។ល។ ឯកសារចិនបាននិយាយថាអាណាចក្រវ្នំជាទីកើតមាស ប្រាក់ ទង់ដែង សំណប៉ាហាំង គ្រឿងក្រអូប ភ្លុកដំរី និងពេជ្រ។ ឯកសារនេះបញ្ជាក់ថាពេជ្រនេះគឺគេមុជចូលយកនៅក្នុងសមុទ្ទ ហើយយកដែកដំមិនខូចទេតែខូចដែកវិញ។ អ្នកស្រុកប៉ិនប្រសប់ខាងរបរជាងមាសឬប្រាក់ដូចជាធ្វើចិញ្ចៀន ឬកងដៃមាស ធ្វើគ្រឿងចានក្បានប្រាក់ ហើយអ្នកស្រុកក៏ប៉ិនដែរខាងរបរសូនរូប ត្បាញសូត្រ ចរបាប់ ស្លកែវ។ល។[៤៥] ឌីហ៍ឡេក៏មានជំនឿថាអូរកែវផ្គត់ផ្គង់បរិក្ខារល្អបំផុត ព័ត៌មានលម្អិតនេះត្រូវបានផ្ដល់ដោយប៉្តូលេមី តាមរយៈដំណើរសមុទ្ទមួយដែលធ្វើឡើងដោយឈ្មួញក្រិច-រ៉ូមម្នាក់ឈ្មោះអេឡិចសង់ដឺរទៅកាន់កត្តិករៈ ដែលស្ថិតនៅចុងបូព៌ាបង្អស់នៃច្រកពាណិជ្ជកម្មតាមសមុទ្ទពីចក្រភពរ៉ូមខាងកើត។[៤៦]
ទំនាក់ទំនង
ប្រវត្តិវិទូជាតិបារាំងលោកហ្សក-សឺដេស ភ្លាមៗបានឱ្យសម្មតិកម្មនូវទំនាក់ទំនងមួយ រវាងព្រះរាជានៃនគរវ្នំ និងរាជវង្សសៃលេន្ទ្រនៃឥណ្ឌូនេស៊ី។ លោកសឺដេសមានជំនឿថាគោរម្យងារ ម្ចាស់ភ្នំ ត្រូវបានប្រើ ដោយពួកស្ដេចសៃលេន្ទ្រទំនងជាត្រូវបានប្រើ ដោយស្ដេចនគរវ្នំដែរ ដោយហេតុថាឈ្មោះ វ្នំ គឺជាប់ទាក់ទងនឹងភាសាខ្មែរថា ភ្នំ។[៤៧] ពួកអ្នកប្រាជ្ញដទៃទៀតបានច្រានចោលនូវសម្មតិកម្មនេះ ដោយចង្អុលបង្ហាញថាខ្វះភស្តុតាងខាងអក្សរចារឹក នៃកម្ពុជាដើមដំបូងចំពោះការប្រើប្រាស់នៃគោរមងារដូចគ្នានេះ។[៤៨] ពួកអ្នកវ្នំក៏ធ្វើពាណិជ្ជកម្មជាមួយរាជវង្សលាំងចិនភាគខាងត្បូងដែរ។[៣០]
តិចតួចណាស់ដែលគេដឹងអំពីប្រវត្តិនយោបាយរបស់វ្នំ ក្រៅពីទំនាក់ទំនងជាមួយចិន។ លោកសឺដេសយល់ថាទំនាក់ទំនងជាមួយចិនមានលក្ខណៈ ជាពាណិជ្ជកម្មច្រើនជាងនយោបាយ។ កាលណោះប្រទេសចិនស្ថិតនៅក្នុងសម័យនគរបី ពេលនោះនគរអ៊ូចិនមិនអាចធ្វើជំនួញតាមផ្លូវគោកបាន ក៏បានធ្វើជំនួញតាមផ្លូវទឹកជាមួយវ្នំវិញព្រោះតែតម្រូវការវត្ថុប្រណីតៗ។ ដោយហេតុនេះហើយទើបគេជ្រើសរើសយកប្រទេសវ្នំ ដែលស្ថិតនៅចំផ្លូវសមុទ្ទ ដែលមិនអាចជៀសវៀងបានសម្រាប់អ្នកដំណើរសំពៅកាត់តាមច្រកមល្លកា និងអ្នកនិយមដឹកទំនិញតាមបួរដីប្រទេសម៉ាឡេយូ។[៤៩] ការប៉ះទង្គិចគ្នារយៈពេលខ្លីមួយត្រូវបានកត់ត្រាថាកើតឡើង នៅទសវត្សឆ្នាំ២៧០ នៅពេលវ្នំនិងប្រទេសជិតខាង ចាម្ប៉ាបានចូលរួមកម្លាំងគ្នា ដើម្បីវាយប្រហារលើតំបន់មួយនៃតុងកឹង (ដែលនៅក្រោមការគ្រប់គ្រងរបស់ចិននៅពេលនោះ) ស្ថិតនៅអ្វីដែលឥឡូវជាវៀតណាមខាងជើងសព្វថ្ងៃនេះ។ នៅឆ្នាំ៣៥៧ នគរវ្នំបានក្លាយជាសាមន្តរដ្ឋចិន និងបន្តជារៀងរហូតមកដល់ការបែកបាក់ប្រទេសនៅសតវត្សទី៦។ ចំពោះទំនាក់ទំនងជាមួយឥណ្ឌា ឯកសារចិនមួយនៅសតវត្សទី៥ និយាយថាមានមនុស្សឈ្មោះ កៀសៀងលី ជាអ្នកស្រុកតាន់យ៉ាង (នៅខាងលិចឥណ្ឌា) បានធ្វើដំណើរពីឥណ្ឌាមកដល់អាណាចក្រវ្នំ។ ជាអ្នកដែលនិយាយប្រាប់ពីរឿងប្លែកៗពីឥណ្ឌាទៅហ្វានឆាន (ធរនិន្ទ្រវម៌្ម) ប៉ុន្តែដំណើរទៅប្រទេសនោះត្រូវអស់ពេលយូរប្រហែលជា៣ ឬ ៤ ឆ្នាំក៏សឹងតែមាន។ ដោយស្ដេចជាប់ចិត្តនឹងរឿងចម្លែកទាំងនោះហើយ ទើបទ្រង់ឱ្យព្រះញាតិរបស់ព្រះអង្គ ស៊ូវូ ទៅឥណ្ឌា។ រាជទូតខ្មែរបានចុះសំពៅនៅ តូវគីវលី (T’eou-kiu-li) ប្រហែលជាត្រូវនឹងតក្ដោល ត្រង់នេះហើយដែលបង្ហាញថាឥទ្ធិពលវ្នំបានលាតសន្ធឹង ដល់មហាសមុទ្ទឥណ្ឌា។ រាជទូតនគរវ្នំបានទៅដល់ពាមទន្លេគង្គា ហើយធ្វើដំណើរតាមទន្លេទៅចួបស្ដេចមួយអង្គ ដែលលោកឡឺវី (L.Levi) ថាជាស្ដេចក្នុងរាជវង្សមុរុណ្ឌ។ ស្ដេចអង្គនេះបាននាំភ្ញៀវទស្សនាប្រទេសព្រះអង្គ ហើយបានឱ្យឥណ្ឌាម្នាក់ឈ្មោះ ឆេន-សុងនាំត្រឡប់មកវិញនូវសេះ ៤ នៃស្រុកនោះ ដើម្បីទុកជាតង្វាយនៃអធិរាជអាណាចក្រវ្នំ។[៥០]
ចេនឡា (Zhēnlà) គឺជាសាមន្តរដ្ឋមួយរបស់វ្នំនៅទីបំផុតបានលេបយកនគរវ្នំទាំងមូល។ ព្រះរាជាដែលគេបានស្គាល់ចុងក្រោយបង្អស់នៃរាជាណាចក្រវ្នំគឺ រុទ្រវម៌្ម 留陁跋摩 ដែលជាអ្នកគ្រប់គ្រងពីឆ្នាំ៥១៤ រហូតដល់ រង.ឆ្នាំ៥៤៥ នៃគ.ស.។
ប្រជាជនដែលមកពីឆ្នេរនគរវ្នំបានឱ្យដឹងផងដែរថាបានបង្កើតនគរមួយឈ្មោះថា ស្ឈឺកធ្ហូក (នគរដីក្រហម) នៅក្នុងទៀបកោះម៉ាឡេ។ នគរដីក្រហមត្រូវបានគេគិតថាជាប្រទេសជាតិកើតក្លាយពីនគរវ្នំ។
អាណាចក្រវ្នំ៖ សតវត្សទី២-៧
រៀង |
ព្រះនាមដើម |
ព្រះនាមចិន |
រជ្ជកាល |
០១ |
មិនស្គាល់ |
Liǔyè 柳葉 / Yèliǔ葉柳 (លីវយី/យីលីវ) |
សតវត្សទី១/២? |
០២ |
មិនស្គាល់ |
Hùntián 混塡 / Hùnhuì 混湏] (ហ៊ុនទៀន/ហ៊ុនហួយ) |
៦៨-ខាងចុងសតវត្សទី១ |
០៣ |
មិនស្គាល់ |
ខាងចុងសតវត្សទី២ |
|
០៤ |
មិនស្គាល់ |
Hùnpánhuáng 混盤況 (ហ៊ុនផានខ្វាង) |
ខាងចុងសតវត្សទី២-ឆ្នាំ៣ គ.ស. |
០៥ |
មិនស្គាល់ |
Pánpán 盤盤 (ផានផាន) |
ដើមសតវត្សទី៣ |
០៦ |
ស្រីមារៈ ឬ ស្រីមារវម៌្ម |
Fàn Shīmàn 范師蔓 (ផ្វាន់ចេម៉ាន់) |
រ.២០៥-២២៥ |
០៧ |
មិនស្គាល់ |
Fàn Jīnshēng 范金生 (ផ្វាន់ជិនស៊ិង ឬ គិនចេង) |
រ.២២៥ |
០៨ |
ធរនិន្ទ្រវម៌្ម |
Fàn Zhān 范旃 (ផ្វាន់ចាន) |
រ.២២៥-រ.២៤០ ឬ ក្រោយមកទៀត |
០៩ |
បុត្ររបស់ព្រះបាទស្រីមារៈ អនុជគិនចេង |
Fàn Cháng 范長 (ផ្វាន់ឆាង) |
បន្ទាប់ពីឆ្នាំ២៤៣ |
១០ |
អស្សាជ័យ ឬ អស្សាចេយ្យរាជ ឬ អស្សាចេយ្យ (ទេវវង្សអស្ចារ្យ) |
Fàn Xún 范尋 (ផ្វាន់ស៊ីយុន) |
២៤៥/៥០-រ.២៨៧ |
១១ |
មិនស្គាល់ |
មិនស្គាល់ |
ខាងចុងសតវត្សទី៣ |
១២ |
ស្រុតវម៌្មទី១ ឬ កៅណ្ឌិន្យវម៌្មទី១(កេតុមាលា ឬ អរត្តពលពាសោ) |
ឆានតាណា Zhāntán 旃檀 (ចានថាន) |
រ.៣៥៧ |
១៣ |
មិនស្គាល់ |
មិនស្គាល់ |
ខាងចុងសតវត្សទី៤ |
១៤ |
កៅណ្ឌិន្យទី២ |
Qiáochénrú 僑陳如 (ឈាវឆិនយូ) |
មិនដឹង-៤៣៤ |
១៥ |
ស្រីឥន្ទ្រវម៌្ម ឬ ស្រេន្ទ្រវម៌្ម |
Chílítuóbámó 持梨陀跋摩 (ឈីលីធួប៉ាម៉ូ) |
៤៣៤-៤៣៥ |
១៦ |
មិនស្គាល់ |
មិនស្គាល់ |
មិនស្គាល់ |
១៧ |
មិនស្គាល់ |
មិនស្គាល់ |
មិនស្គាល់ |
១៨ |
កៅណ្ឌិន្យជ័យវម៌្ម ឬ ជ័យវម៌្មកៅណ្ឌិន្យ ឬកៅណ្ឌិន្យវម៌្មទី២ |
Qiáochénrú Shéyébámó 僑陳如闍耶跋摩 (ឈាវឆិនយូ សេយ៉េប៉ាម៉ូ) |
៤៨៤-៥១៤ |
១៩ |
រុទ្រវម៌្ម |
Liútuóbámó 留陁跋摩 (លាវថួប៉ាម៉ូ) |
៥១៤-៥៥០ |
២០ |
សវ៌ភៅមៈ |
មិនស្គាល់ |
៥៥០-? |
២១ |
មិនស្គាល់ |
មិនស្គាល់ |
រ.៥៥០-៦២៧ |
ព្រះមហាក្សត្រល្បីៗ
- ព្រះបាទហ៊ុនទៀន ឬ កៅណ្ឌិន្យទី១ (គ.ស. ៦៨) ៖ ជនជាតិឥណ្ឌា កាន់សាសនាព្រាហ្មណ៍។ ព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងលីវយី នៅសតវត្សទី១នៃគ.ស.។
- ព្រះបាទហ៊ុនប៉ាន់ហួន ៖ ព្រះអង្គបានបង្ក្រាបការបះបោរ ហើយតែងតាំងរាជបុត្រ និងចៅព្រះអង្គជាស្ដេចសាមន្តរាជជាច្រើន។
- ព្រះបាទស្រីមារៈ ៖ ព្រះអង្គបានពង្រីកទឹកដីរហូតដល់ជ្រោយមល្លកា។ ក្នុងរាជ្យព្រះអង្គ នគរវ្នំក្លាយជាចក្រភពមួយ។
ចងចាំ
នគរវ្នំ គឺជាឈ្មោះរបស់រដ្ឋខ្មែរដំបូងដែលមានរាជិនីលីវយីនិងព្រះបាទហ៊ុនទៀនគ្រងរាជ្យ។ ជនជាតិចិនហៅនគរវ្នំថា ហ៊្វូណន។ ក្រោយពីព្រះបាទហ៊ុនទៀនបានច្បាំងឈ្នះព្រះនាងលីវយីនិងអភិសេកជាមហាក្សត្រខ្មែរនៅសតវត្សទី១នៃគ.ស.មក ព្រះអង្គបាននាំវប្បធម៌ អរិយធម៌ឥណ្ឌា មានសិល្បៈ ភាសា អក្សរសាស្ត្រ ជំនឿ សាសនា និងរបបគ្រប់គ្រងរដ្ឋមកនគរវ្នំ៕
ឯកសារពិគ្រោះ
- សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៦,៤៧
- ៤,០ ៤,១ http://www.asiatour.com/vietnam/e-01land/ev-lan20.htm
- ៥,០៥,១ ហា-វ៉ាន់តាន់ “អូរកែវ: ធាតុអន្តោជាតិ និង ពហិជាតិ” វិទ្យាសាស្ត្រសង្គមវៀតណាម ១-២ (៧-៨), ១៩៨៦, ទទ.៩១-១០១។
- Lương Ninh, “Funan Kingdom: A Historical Turning Point”, Vietnam Archaeology,147 3/2007: 74-89.
- Michael Vickery, Society, Economics, and Politics in pre-Angkor Cambodia: The 7th-8th centuries, pp. 36 ff.
- Coedès, The Indianized States of Southeast Asia, pp.36 ff.
- Miriam T. Stark, et al., “Results of the 1995–1996 Archaeological Field Investigations at Angkor Borei, Cambodia”, Asian Perspectives,38, no.1, 1999, on University of Hawai’i, pp.7ff.
- See Vickery, “Funan Deconstructed”
- Pelliot, “Le Fou-nan”, p.303
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៧,៤៨
- Pelliot, “Le Fou-nan”, p.303
- Vickery, “Funan reviewed”, p. 197
- Edwin George Pulleyblank, Lexicon of reconstructed pronunciation in early Middle Chinese, and early mandarin, Vancouver: UBC Press 1991, pp. 135 and 306
- Hackmann, Erklärendes Wörterbuch zum chinesischen Buddhismus, p. 80, s. v. Chiao-ch’ên-ju
- Pelliot, “Le Fou-nan, pp. 259-260
- George Cœdès, “Études Cambodgiennes XXV: Deux inscriptions sanskrites du Fou-nan”, pp. 2-8
- Louis Finot,Notes d’Epigraphie XI: Les Inscriptions de Mi-so’n, p.923
- Golzio, “Kauṇḍinya in Südostasien“, pp. 157-165
- Rudiger Gaudes, Kaundinya, Preah Thong, and the Nagi Soma: Some Aspects of a Cambodian Legend, p. 337
- Eveline Poree-Maspero, Nouvelle Etude sur la Nagi Soma, pp. 239 & 246
- C Majumdar, Kambuja-Desa or An Ancient Cambodian Colony in Cambodia, pp. 18-19
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៤៩
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥០
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥០,៥១,៥២
- ត្រឹង ងារ,ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៥២-៥៥
- Michael Vickery,”What to Do about The Khmers”,Journal of Southeast Asian Studies27, 2, 1996. p. 390,
- Jump up↑Michael Vickery, “Funan Reviewed: Deconstructing the Ancients”, see p.125.
- ↑Jump up to:៣០,០ ៣០,១ ឆាឡិស-ហូលខូមប៍ ពុទ្ធសាសនាពាណិជ្ជកម្ម: ពាណិជ្ជកម្មសមុទ្ទ, អន្តោប្រវេសន្ត៍ និង ការហូរចូលពុទ្ធសាសនានៅជប៉ុនពីដំបូង, ទ. ២៨០
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៥៨-៥៩
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥៥-៥៨
- Dougald J. W. O’Reilly, Early civilizations of Southeast Asia, 2006, pp.93-94 partially on Google Books
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៦១
- Historical Sites in Burma, Aung Thaw, 1972
- Paul Pelliot,Le Fou-nan, pp.248-303
- R.Sardesai, Southeast Asia: Past And Present, 3rd ed. 1994, Westview Press, ISBN 978-0813317069, p.23
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៦០
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៦១
- ៤០,០៤០,១ តោង-ប៉ាវ: សារព័ត៌មានសិក្សាចិនអន្តរជាតិ។១៩៥៨។ ទ. ១៨៥
- The Korean Buddhist Canon: A Descriptive Catalog (T 232)
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៦១-៦២
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ៥៩
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦០
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦០
- Albrecht Dihle, “Serer und Chinesen”, in Antike und Orient: Gesammelte Aufsätze,Heidelberg, Carl Winter, 1984, S.209.
- Cœdès, The Indianized States of Southeast Asia, p.36.
- Vickery, “Funan Reviewed,” pp.103, 132-133.
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥១
- ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៥១
អក្សរសាស្ត្រ
- George Cœdès, The Indianized States of Southeast Asia(translated from the French by Susan Brown Cowing). Honolulu: East West Center Press, 1968.
- George Cœdès, “Études Cambodgiennes XXV: Deux inscriptions sanskrites du Fou-nan”,Bulletin de l’École Française d’Extrême OrientXXXI (1931), pp. 1–
- Louis Finot, “Notes d’Épigraphie XI: Les Inscriptions de Mi-so’n”, Bulletin de l’École Française d’Extrême OrientIV (1904), pp. 918–
- Karl-Heinz Golzio, “Kauṇḍinya in Südostasien“, in Martin Straube, Roland Steiner, Jayandra Soni, Michael Hahn and Mitsuyo Demoto (eds.) Pāsādikadānaṁ. Festschrift für Bhikkhu Pāsādika”, Marburg: Indica et Tibetica Verlag 2009, pp. 157–
- Heinrich Hackmann, Erklärendes Wörterbuch zum chinesischen Buddhismus. Chinesisch-Sanskrit-deutsch. Von Heinrich Hackmann. Nach seinem handschriftlichen Nachlass überrbeitet von Johannes Nobel, Leiden: E. J. Brill 1952
- Claude Jacques, “’Funan’, ‘Zhenla’. The reality concealed by these Chinese views of Indochina”, in R. B. Smith and W. Watson (eds.), Early South East Asia: Essays in Archaeology, History, and Historical Geography,New York, Oxford University Press, 1979, pp. 371–
- James C.M. Khoo (editor), Art & archaeology of Fu Nan: pre-Khmer Kingdom of the lower Mekong valley,Bangkok, The Southeast Asian Ceramic Society, Orchid press, 2003.
- Lương Ninh, Vương quó̂c Phù Nam: lịch sử và văn hóa[Fu Nan: history and culture], Hà NộI, Việ̣̂n văn hóa và Nhà xuá̂t bản Văn hóa thông tin, 2005.
- Lương Ninh, «Nước Chi Tôn», một quőc gia cở ở miển tây sông Hậu, (“Chi Tôn”, an ancient state in the western bank of the Hậu river), Khảo cổ học,ső 1, 1981, tr.38.
- Pierre-Yves Manguin, “The archaeology of Fu Nan in the Mekong River Delta: the Oc Eo culture of Viet Nam ”, in Nancy Tingley and Andreas Reinecke, Arts of ancient Viet Nam: from River Plain to Open Sea,Houston, Museum of Fine Arts, 2009, pp. 100–
- Paul Pelliot, “Le Fou-nan.” Bulletin de l’École Française d’Extrême OrientIII (1903), pp. 248–
- Michael Vickery, Society, Economics, and Politics in pre-Angkor Cambodia: The 7th-8th centuries. Tokyo: The Center for East Asian Cultural Studies for Unesco, The Toyo Bunko, 1998.
- Michael Vickery, “Funan reviewed: Deconstructing the Ancients.” Bulletin de l’École Française d’Extrême OrientXC-XCI (2003–2004), pp. 101–
ប្រភព ៖ km.wikipedia.org