បធានកថា

សារវន្តកថា
ព្រះទេពមុនី យូរ-ប៉ុណ្ណ ក្រុមជំនុំព្រះត្រៃបិដក
រៀបរៀង

នមោ តស្ស ភគវាតោ អរហតោ សម្មាសម្ពុទ្ធស្ស

សូមនមស្ការចំពោះព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគព្រះអង្គនោះ (ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ ដោយសេចក្ដីគោរព)។

វេលានេះ នឹងសម្ដែងអំពីបធានកថា តបស្នងឆ្លងសទ្ធានៃសាធុជនអ្នកជ្រះថ្លាក្នុងព្រះបវរពុទ្ធសាសនា ដូចតទៅនេះ ៖

បធានៈ ប្រែថា “សេចក្ដីព្យាយាម” គឺព្យាយាមញ៉ាំងសាធារណប្រយោជន៍ទាំងបច្ចុប្បន្នទាំងបរលោក ឬញ៉ាំងប្រយោជន៍ផ្ទាល់ខ្លួនឱ្យកើតឱ្យមានឡើង ហៅថា បធានៈ។

បធានៈ នោះមាន ៤ យ៉ាងគឺ ៖

១- សំវរប្បធានៈ ព្យាយាមប្រយត្នមិនឱ្យបាបកើតឡើង

២- បហានប្បធានៈ ព្យាយាមលះបាបដែលកើតឡើងហើយ

៣- ភាវនាបធានៈ ព្យាយាមធ្វើកុសលឱ្យកើតមានឡើង

៤- អនុរក្ខនាបធានៈ ព្យាយាមរក្សាកុសលដែលកើតឡើងហើយ។

បធានៈ ទាំង ៤ យ៉ាងនេះ បើសម្ដែងរួបរួមដោយកិច្ចមាន ២ យ៉ាងគឺ ៖

១- បហានកិច្ច  កិច្ចដែលត្រូវលះបង់

២- ភាវនាកិច្ច  កិច្ចដែលត្រូវចម្រើន។

អធិប្បាយ៖ បហានកច្ច  កិច្ចដែលត្រូវលះបង់” នោះគឺលះបង់នូវអំពើបាប ពាក្យថាបាប សំដៅយកអំពើអាក្រក់ ៣ យ៉ាងគឺ កាយទុច្ចរិត ៣ វចីទុច្ចរិត ៤ មនោទុច្ចរិត ៣។ កម្មដ៏លាមកទាំង៣នេះសុទ្ធតែជាបាបទាំងអស់។ ក្នុងបាលីមានសម្ដែងអំពីបាប៣ពួកនេះច្រើនជាងចំណែកដទៃៗ ព្រោះបាបអម្បាលនេះ ជាប្រធានរបស់បាបទាំងពួង សូម្បីបាបដទៃៗ ក៏រួមក្នុងបាប ៣ ពួកនេះដែរ។

បណ្ដាបាបទាំងប៉ុន្មានដែលបានពោលមកនេះ ឥតមានចំណែកណាមួយដែលជារបស់គួរធ្វើ គួរប្រព្រឹត្តសោះឡើយ។ សមដូចព្រះពុទ្ធដីកានៃព្រះភគវន្តមុនីដែលត្រាស់នឹងព្រះអានន្ទថា “ម្នាលអានន្ទ ! តថាគតហៅ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ថាជាកិច្ចដែលបុគ្គលមិនគួរតធ្វើដោយដាច់ខាត”។ កាលបើបុគ្គលណាមួយជ្រុលធ្វើអករណីយកិច្ចនោះដោយ កាយ វាចា ចិត្តហើយ ត្រូវដឹងខ្លួនចុះថាមុខជានឹងមានទោសពុំខាន។

ឯទោសប្រព្រឹត្តទុច្ចរិតនោះ មាន ៥ យ៉ាងគឺ ៖

១- សូម្បីខ្លួនឯងក៏តិះដៀលខ្លួនឯងដែរ

២- លោកអ្នកចេះដឹងរិះគន់មើល រមែងតិះដៀលបាន

៣- កេរ្តិ៍ឈ្មោះអាក្រក់ រមែងល្បីឮខ្ចរខ្ចាយទៅសព្វទិស

៤- វង្វេងភ្លេចស្មារតីក្នុងពេលដែលទៀបស្លាប់

៥- ខាងមុខអំពីទម្លាយខន្ធទៅ រមែងទៅកើតក្នុងទុគ្គតិ។

បុគ្គលណាធ្វើបាបដូចបានពោលមកនេះ រមែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺក្នុងលោកនេះ កើតទុក្ខក្ដៅក្រហាយដោយគិតថា អាត្មាអញបានធ្វើបាបដូច្នោះៗ។ លុះច្យុតចាកលោកនេះទៅហើយ រឹងរឹតតែក្ដៅក្រហាយជាងនេះទៅទៀត។

ព្រោះហេតុនោះ បានជាព្រះអរហំសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា បាបនេះជាអំពើមិនគួរធ្វើ មិនគួរប្រព្រឹត្តឡើយ។

ភាវនាកិច្ច  “កិច្ចដែលគួរចម្រើន” នោះ គឺកម្មដែលកម្ចាត់បង់នូវសេចក្ដីអាក្រក់ ហៅថាកុសល ការដែលព្យាយាមធ្វើកុសលឱ្យកើតឱ្យមានឡើងហៅថា បំពេញកុសលឱ្យបរិបូណ៌។ កុសលនោះបើសម្ដែងដោយឫសគល់ បានដល់ អលោភោ ការមិនចំពាក់ចិត្តនឹងទ្រព្យសម្បត្តិ គឺមិនចង់បាននូវទ្រព្យសម្បត្តិរបស់អ្នកដទៃ មិនលួចលាក់ឆក់ដណ្ដើមបំបាត់ប្រវញ្ចន៍ សង្កត់សង្កិនរឹបជាន់យកទ្រព្យសម្បត្តិរបស់គេដោយឥតមេត្តា អទោសោ  មិនប្រទុស្ត គឺមិនខឹងមិនរករឿងរកហេតុអ្នកដទៃឱ្យគេដល់នូវសេចក្ដីវិនាស អមោហោ  មិនវង្វែងភ្លេចស្មារតីដោយអ្នកដទៃគេគម្រាម កំហែង បំភាន់គំនិតជាដើមឡើយ។

មួយទៀត កុសលនេះបើសម្ដែងដោយទីកើតមាន ១០ ប្រការគឺ ៖

១- ការឱ្យនូវវត្ថុដ៏គួរដល់បុគ្គលដែលគួរឱ្យដោយសេចក្ដីសង្គ្រោះឬបូជាគុណមានឱ្យដល់មនុស្សកម្សត់ទុគ៌ត ឬបូជាដល់អ្នកមានសីលធម៌និងមាតាបិតាជាដើម ហៅថា ទានៈ។

២- ការវៀរចាកអំពើអាក្រក់ដែលកើតអំពី កាយ វាចា មានវៀរបញ្ចវេរាជាដើម ហៅថា សីលៈ។

៣- ការធ្វើចិត្តឱ្យស្ងប់រម្ងាប់ចាកអកុសលធម៌ មាននីវរណធម៌ជាដើម ដោយសមថវិធីនិងវបស្សនាវិធី ហៅថា ភាវនា។

៤- ការទម្រុឌទម្រោមអស្មិមានះដែលកើតមានក្នុងចិត្ត ដោយសេចក្ដីកោតក្រែង ចំពោះបុគ្គលដែលគួរកោតក្រែង គឺជនដែលចម្រើនដោយជាតិ ដោយវ័យ ដោយគុណ ហៅថា អបចាយនៈ។

៥- ការជួយខ្វល់ខ្វាយក្នុងកិច្ចការកុសល ហៅថា វេយ្យាវច្ចៈ។

៦- ការឱ្យនូវចំណែកបុណ្យដែលខ្លួនបានធ្វើហើយដល់អ្នកដទៃដោយមេត្រីចិត្ត ដើម្បីឱ្យគេត្រេកអរតាម ហៅថា បត្តិទានៈ។

៧- ការអនុមោទនាត្រេកអរតាមនូវសេចក្ដីល្អរបស់អ្នកដទៃដែលគេបានធ្វើហើយ ដោយចិត្តដែលប្រាសចាកសេចក្ដីច្រណែនឈ្នានីស ហៅថា បត្តានុមោទនា។

៨- ការណែនាំបង្ហាត់បង្រៀនប្រៀនប្រដៅអ្នកដទៃ ឱ្យចេះចំណេះវិជ្ជាដែលឥតទោស ឬពន្យល់ប្រាប់ក្នុងផ្លូវធម៌ ឱ្យស្គាល់កិច្ចគួរធ្វើ និងមិនគួរធ្វើ ដែលប្រព្រឹត្តទៅដើម្បីសេចក្ដីសុខ-ចម្រើនក្នុងបច្ចុប្បន្ននេះ រហូតដល់សម្បត្តិសួគ៌ សម្បត្តិព្រះនិព្វានជាទីបំផុត ហៅថា ធម្មទេសនា។

៩- ការតាំងចិត្តស្ដាប់ធម៌ ស្ដាប់ពាក្យឱវាទ ពាក្យប្រៀនប្រដៅដោយប្រុងឱ្យចេះចាំស្ទាត់ធ្វើកើត ហៅថា ធម្មស្សវនៈ។

១០- ការធ្វើទិដ្ឋិ គឺសេចក្ដីយល់ឃើញរបស់ខ្លួនឱ្យត្រូវតាមគន្លងធម៌ដែលពិតមែន ហៅថា ទិដ្ឋិជុកម្មៈ។

អំពើទាំង ១០ ប្រការនេះ ហៅថាបុញ្ញកិរិយាវត្ថុ គឺជាទីកន្លែងសម្រាប់កើតបុណ្យ។ បុគ្គលណាបានធ្វើកុសលដូចបានពោលមកនេះ បុគ្គលនោះរមែងបាននូវអានិសង្ស ៥ យ៉ាងគឺ ៖

១- សូម្បីខ្លួនឯងក៏សរសើរខ្លួនឯង

២- អ្នកប្រាជ្ញទាំងឡាយលោកពិចារណាឃើញតាមការណ៍​ពិតហើយ លោករមែងសរសើរ

៣- មានកិត្តិសព្ទពីរោះល្បីខ្ចរខ្ចាយទៅសព្វទិស

៤- មិនវង្វែងភ្លេចស្មារតីក្នុងពេលធ្វើមរណកាល

៥- រមែងទៅកើតក្នុងសុគតិ

បហានកិច្ចនិងភាវនាកិច្ចដែលបានសម្ដែងមកនេះ ជាដំណើរខាងផ្លូវធម៌ បើជាខាងផ្លូវលោកវិញ សំដៅយកការលះបង់នូវឫកពា មារយាទអាក្រក់ ក្រអឺតក្រអោង កោងកាច ខ្ជិលច្រអូស ដើរលេងស៊ីផឹក ចាយវាយទ្រព្យសម្បត្តិឥតប្រយោជន៍ ឥតសណ្ដាប់ធ្នាប់ ធ្វើចោរកម្មលួចប្លន់ឆក់ដណ្ដើម រឹបជាន់សង្កត់សង្កិនយកធនធានអ្នកដទៃជាដើម។ អំពើអស់នេះ សុទ្ធតែជាអំពើនាំឱ្យថោកទាបឱ្យទន់ខ្សោយឱ្យអាប់រស្មីដល់ខ្លួនឯងនិងប្រទេសជាតិមាតុភូមិ ជាអំពើនាំឱ្យលោកតិះដៀល បុគ្គលអ្នកស្រឡាញ់សេចក្ដីល្អគួរលះបង់ចោល។

ព្រោះហេតុនោះ យើងកើតមកជាមនុស្សម្នាក់ៗ ក្នុងលោកសន្និវាសនេះ មានអវយវៈគ្រប់គ្រាន់ មិនវិកលវិការៈ ដោយអាយតនៈណាមួយ គួរតែព្យាយាមបំពេញកិច្ចរបស់ខ្លួនឱ្យគ្រប់គ្រាន់ កុំពឹងផ្អែកទៅលើរូបបុគ្គលណាមួយឱ្យគេចិញ្ចឹមខ្លួននោះ មិនបានសម្រេចប្រយោជន៍ទេ ព្រោះរូបនីមួយៗ សុទ្ធតែមានសេចក្ដីសុខទុក្ខជាប់ទាក់ទងដោយរាងកាយ ឬក៏មានរាងកាយជាទីអាស្រ័យនៅនៃមនុស្ស ជីវិតសោតទៀតដែលនឹងតាំងនៅបាន ក៏ព្រោះអាស្រ័យរាងកាយ ការគ្រប់គ្រងចិញ្ចឹមរាងកាយឱ្យបានធាត់ធំមាំមួនខ្លាំងពូកែទៅបាន ក៏ព្រោះអាស្រ័យសេចក្ដីព្យាយាមស្វែងរកអាហារ កាលបើប្រាសចាកអាហារហើយ សន្តតិរូបគឺរូបដែលចម្រើនជាប់តទៅក៏ឈប់ចម្រើន ទាំងជីវិតសោតទៀត ក៏តាំងនៅបានដោយកម្រ។ អាហារនេះជារបស់សំខាន់បំផុត សម្រាប់បម្រុងជីវិតឱ្យប្រព្រឹត្តទៅ, សមដូចបាលីថា សព្វេសត្តា អាហារដ្ឋិតិកា  “ពួកសត្វរាល់រូបដែលមានជីវិតរស់នៅបាន ក៏ព្រោះអាហារ”។ វត្ថុឯទៀតៗ ក្រៅអាហារនោះមានច្រើន ដូចយ៉ាងលំនៅជាទីជ្រកកោនសំពត់សម្រាប់ស្លៀកដណ្ដប់ ថ្នាំសម្រាប់កែរោគក្នុងពេលដែលត្រូវការប៉ុណ្ណេះជាដើម វត្ថុទាំងអម្បាលនេះ សុទ្ធតែរបស់ជួយឧបត្ថម្ភទប់ទល់ជីវិតទាំងអស់ បើប្រាសចាករបស់ណាមួយហើយ ជីវិតរមែងតាំងនៅបានដោយលំបាក។

សូមទាញរឿងមហាជនកមកសម្ដែងក្នុងទីនេះ ដើម្បីឱ្យឃើញអានិសង្សនៃសេចក្ដីព្យាយាម។

ព្រះពោធិសត្វព្រះនាម មហាជនក កាលលាមាតាចុះសំពៅទៅជួញជាមួយនឹងពួកឈ្មួញ លុះដល់កណ្ដាលមហាសមុទ្ទ សំពៅក៏ធ្លុះធ្លាយទៅដោយត្រូវខ្យល់ព្យុះខ្លាំង ពួកឈ្មួញទាំងអស់ក៏ស្លាប់អស់ទៅ។ ចំណែកខាងព្រះពោធិសត្វ មិនភ័យភិតតក់ស្លុតនឹងសេចក្ដីស្លាប់ឡើយ លោកនឹកដល់គុណមាតាបិតា និងគុណសីលដែលធ្លាប់បានប្រព្រឹត្តមកហើយក៏លោតចេញអំពីសំពៅប្រឹងហែលសំដៅទៅរកត្រើយម្ខាង អស់ចំនួន៧ថ្ងៃ លុះដល់ថ្ងៃឧបោសថ លោករក្សានូវឧបោសថសីលទាំងកំពុងព្យាយាមហែលក្នុងមហាសមុទ្ទ។

ពេលនោះ មានទេពធីតា១អង្គឈ្មោះ មណីមេខលា នៅរក្សាមហាសមុទ្ទ បានឃើញព្រះពោធិសត្វប្រឹងព្យាយាមហែលមិនមានឈប់យ៉ាងនេះ ក៏ស្រែកសួរថា ៖

អ្នកណានេះ កាលបើមិនឃើញនៅកោះត្រើយសោះ ម្ដេចក៏ខំប្រឹងហែលក្នុងកណ្ដាលមហាសមុទ្ទ តើអ្នកដឹងនូវប្រយោជន៍ដូចម្ដេច បានជាខំប្រឹងព្យាយាមហែលម្ល៉េះ ?”។

ព្រះជនកពោធិសត្វតបថា ៖

“ម្នាលទេវតា ! ខ្ញុំពិចារណានូវវត្តនៃសត្វលោក និងអានិសង្សនៃសេចក្ដីព្យាយាម ព្រោះហេតុដូច្នោះ ខ្ញុំបើទុកជាមិនឃើញនូវកោះត្រើយជាដើមចុះ ក៏នៅតែប្រឹងព្យាយាមហែលក្នុងកណ្ដាលមហាសមុទ្ទ (ទុកជាតម្រាប់ដល់លោក ស្លាប់ពេលណាឈប់ពេលនោះ មិនលះបង់នូវសេចក្ដីព្យាយាមទេ)”។

នាងទេពធីតាពោលថា៖

“ត្រើយមហាសមុទ្ទជ្រៅរកប្រមាណមិនបាន មិនប្រាកដដល់អ្នកណា ការព្យាយាមតាមកម្លាំងបុរស ក៏ជាការឥតអំពើដល់អ្នកនោះ អ្នកមិនដល់ត្រើយទេមុខជានឹងស្លាប់ ក្នុងកណ្ដាលមហាសមុទ្ទនេះពុំខានឡើយ”។

ព្រះជនកតបថា ៖

“បុគ្គល (កំពុងព្យាយាម សូម្បីនឹងស្លាប់) ក៏បានឈ្មោះថាជាអ្នកមានបំណុល គឺពួកញាតិពួកទេវតានិងមាតាបិតាមិនបានតិះដៀលឡើយ បុគ្គលនោះ កាលបើបានធ្វើកិច្ចរបស់បុរសហើយ រមែងមិនក្ដៅក្រហាយក្នុងពេលខាងក្រោយឡើយ”។

នាងទេពធីតាពោលទៀតថា ៖

“ការងារណាមិនសម្រេចដោយសេចក្ដីព្យាយាមទេ ការងារនោះទៅជារបស់ឥតផល មានតែសេចក្ដីលំបាកជាកម្រៃ សេចក្ដីស្លាប់រមែងសម្រេចដល់បុគ្គលណា បុគ្គលនោះនឹងមានប្រយោជន៍ដូចម្ដេច ដោយការព្យាយាមនោះ”។

ព្រះជនកតបថា ៖

ម្នាលទេវតា ! បុគ្គលណាដឹងច្បាស់ថា ការងារមានទីបំផុតក្រៃ ពេលមិនសម្រេចទេ ហើយលះបង់ចោល បែរជារក្សាជីវិតរបស់ខ្លួនទៅវិញ ក៏បន្ថយនូវសេចក្ដីព្យាយាមចោលចេញ បុគ្គលនោះគង់នឹងដឹងនូវផលនៃសេចក្ដីខ្ជិលច្រអូសនោះពុំខានឡើយ។ ម្នាលទេវតា ! បុគ្គលពួកខ្លះក្នុងលោកនេះ កាលបើឃើញនូវផលនៃសេចក្ដីប្រាថ្នាហើយ រមែងប្រកបនូវការងារទាំងឡាយ ការងារទាំងនោះ ទោះបីសម្រេចក្ដី មិនសម្រេចក្ដី គួរតែខំប្រឹងព្យាយាមកុំខាន។ ម្នាលទេវតា ! ក្រែងអ្នកបានឃើញនូវផល នៃសេចក្ដីព្យាយាមជាក់ច្បាស់ដោយខ្លួនឯងដែរឬ ? ជនទាំងឡាយឯទៀតៗ លិចចុះក្នុងមហាសមុទ្ទអស់ហើយ មកពីមិនមានសេចក្ដីព្យាយាមឯខ្ញុំតែម្នាក់ឯងទេដែលកំពុងហែលឆ្លងក្នុងមហាសមុទ្ទ ទាំងបានឃើញអ្នកដែលស្ថិតនៅក្នុងទីជិតខ្ញុំ ខ្ញុំនេះនឹងព្យាយាមតាមសមគួរដល់សេចក្ដីអង់អាច និងសមគួរដល់កម្លាំងកាលបើខ្ញុំបានដល់ត្រើយនៃមហាសមុទ្ទហើយ ខ្ញុំនឹងធ្វើនូវសេចក្ដីព្យាយាមដែលបុរសគប្បីធ្វើនោះ ឱ្យបានសម្រេចភិយ្យោភាព។

លុះព្រះជនកពោធិសត្វពោលតែប៉ុណ្ណេះហើយ ទេពធីតាក៏ស្ទុះទៅចាប់ដៃព្រះពោធិសត្វ ភើចទាញនាំយកទៅដាក់ដល់មិថិលានគរ មិនយូរប៉ុន្មាន ព្រះពោធិសត្វក៏បានសោយរាជ្យក្នុងនគរនោះឯង។

នាំរឿងរ៉ាវមកប៉ុណ្ណេះដើម្បីឱ្យឃើញថា គុណសម្ប័ទនៃសេចក្ដីព្យាយាមនេះ អាចឱ្យសម្រេចផលដល់បុគ្គលអ្នកមានសមត្ថភាព។ បុគ្គលណា កាលបើមានសេចក្ដីពេញចិត្តក្នុងការបំពេញកិច្ចរបស់ខ្លួនហើយព្យាយាមបំពេញកិច្ចនោះ ក៏បានឈ្មោះថាប្រសើរជាទីបំផុត។ ខ្លួនស្លាប់បាត់ទៅមែន តែកេរ្តិ៍ឈ្មោះនៅល្អ ខ្លួនស្លាប់ទៅចុះ កុំឱ្យតែស្លាប់សេចក្ដីព្យាយាម។ សមដូចពុទ្ធភាសិតថា រូបំ មិយ្យតិ មច្ចានិ នាមគោត្តំ ន មិយ្យតិ  រូបនៃសត្វទាំងឡាយរមែងស្លាប់ទៅ តែនាមនិងគោត្រមិនស្លាប់ឡើយ។ វីរិយន ទុក្ខមច្ចេតិ  គេឆ្លងនូវសេចក្ដីទុក្ខបានដោយសេចក្ដីព្យាយាម។

សម្ដែងអំពីបធានកថាចប់តែប៉ុណ្ណេះ។ សូមថ្វាយព្រះរាជកុសលចំពោះព្រះករុណាជាម្ចាស់ជីវិត សូមព្រះអង្គស្ថិតនៅក្នុងសិរីរាជសម្បត្តិអស់កាលដ៏យូរអង្វែងទៅ ! និងសូមឱ្យអស់លោកជាពលរដ្ឋធំ-តូច ព្រមទាំងពុទ្ធបរិស័ទ្ធទាំងឡាយក្នុងកម្ពុជរដ្ឋទាំងមូល បានសេចក្ដីសុខចម្រើនជាភិយ្យោភាព !។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments