បាឋកថា រឿងបុរាណ​ទុតិយិកា

សារវន្តកថា

មាន​សេចក្ដី​ទាក់ទង​រវាង​ពុទ្ធ​ចក្រនិង​រាជ​អាណា​ចក្រ

ឧកញ៉ា ទេព​ពិទូរ ឈឹម ក្រសេម គន្ថ​បណ្ឌិត

ការ​ទាក់ទង​ច្បាប់​សម្រាប់​ស្រុក និង​ពុទ្ធ​សាសនា​ដែល​នឹង​ពោល​ទៅ​នេះ​សំដៅ​ដល់​បញ្ញា​ច្បាប់​ផ្សេងៗ ដែល​កើត​ឡើង​ដោយ​អាស្រ័យ​ការ​ដែល​អ្នក​ស្រុក​ញែក​បុគ្គល​ចេញ​ជា​ព្រះ​សង្ឃមួយ​ពួក ជា​ឃរាវាស​មួយ​ពួក។

ព្រះ​សង្ឃ​មាន​ច្បាប់​ដោយ​ចំពោះ​គឺ​វិន័យ ប្រកប​ដោយ​អដ្ឋ​កថា នឹង​ពាក្យ​អធិប្បាយ​ផ្សេងៗ ដែល​​ព្រះ​មហា​ថេរ​និង​អាចារ្យ​ទាំងឡាយ​បាន​រចនា​ទុក​ជា​តំណៗមក តាំង​អំពី​បុរាណ​កាល​មាន​គម្ពីរ​សមន្តប្បា​សាទិកា​ជាដើម។ ព្រះ​វិន័យ​និង​ច្បាប់ មាន​វិធី​ដំណើរ​ទៅ​មួយ​ផ្លូវ​ម្នាក់​ឬ​មួយ​យ៉ាង​ម្នាក់ ព្រោះ​មាន​សេចក្ដី​ប៉ុនប៉ង​ផ្សេង​គ្នា​​ដោយ​ធម្មតា សេចក្ដី​ផ្សេង​គ្នា​រវាង​ព្រះ​វិន័យ​និង​ច្បាប់​នេះ មិន​ជា​ហេតុ​ឱ្យ​មាន​ខ​ទំនាស់​កើត​ឡើង​បាន​ទេ ព្រោះ​ព្រះ​សង្ឃ​បំពេញ​សមណ​ធម៌​នៅ​ក្រៅ​ខេត្ត​ដែល​ឃរាវាស​ដំណើរ​ជីវិត​នៅ​ជា​ធម្មតា ព្រះ​វិន័យ​និង​ច្បាប់​មិន​ប៉ះ​គ្នា តែ​ក៏​រមែង​មាន​ករណីយ​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​ព្រះ​វិន័យ​និង​ច្បាប់​មាន​ការ​ទាក់ទង​គ្នា​ខ្លះ​ដែរ ហើយ​បើ​សិន​មាន​ខ​បង្គាប់​ដ៏​ខុស​គ្នា​ទៅ​វិញ ក៏​អាច​មាន​បញ្ហា​កើតឡើង​ទៅ​ជា​អង្គ​សេចក្ដី​ឡើង​កាន់​សាលា​វិនិច្ឆ័យ​បាន​ដូច​យ៉ាង​ទ្រព្យ​មរតក​របស់​ភិក្ខុ​សង្ឃ តាម​ព្រះ​វិន័យ ទ្រព្យ​នោះ​ត្រូវ​ធ្លាក់​ជា​ទ្រព្យ​របស់​សង្ឃ ហើយ​បែង​ចែក​ជា​លហុ​ភណ្ឌ គរុ​ភណ្ឌ តែ​ចំណែក​ឃរាវាស ច្បាប់​បែង​ទ្រព្យ​របស់​អ្នក​ដែល​ស្លាប់​ទៅ​ឱ្យ​ធ្លាក់​នៅ​ក្នុង​រវាង​វង្ស​ញាតិ បើ​ភិក្ខុ​អ្នក​អនិច្ច​ធម្ម​គ្មាន​ញាតិ​មក​សុំ​ចំណែក​មរតក គណៈ​សង្ឃ​ត្រូវ​ចាត់​ការ​បែង​តាម​ព្រះ​វិន័យ តែ​បើ​មាន​ញាតិ​មក​សុំ​ចំណែក ក៏​ជា​ហេតុ​ឱ្យ​មាន​សេចក្ដី​ជជែក​វិវែក​គ្នា ដូច​មាន​ប្រាកដ​តាម​ពាក្យ​ពិភាក្សា​របស់​សាលា តុលាការ​ក្នុង​ប្រទេស​ផ្សេងៗ ដែល​រាប់អាន​ព្រះ​ពុទ្ធ​សាសនា​និង​តាម​ពាក្យ​ពិភាក្សា​ក្នុង​ប្រទេស​ថៃ​នេះ​ផង។

បញ្ហា​ដូច្នេះ​រមែង​មាន​ឡើង​គ្រប់ៗប្រទេស​ដែល​រាស្ត្រ​រាប់អាន​ព្រះ​ពុទ្ធ​សាសនិ មិន​ថា​ពុទ្ធ​សាសនា ឬ​សាសនា​ណា ព្រោះ​កាល​សាសនា​ណា​ផ្សាយ​ចូល​ក្នុង​ប្រទេស​ណា អ្នក​ស្រុក​ក្នុង​ប្រទេស​នោះ​រមែង​មាន​ទំនៀម​ទម្លាប់​និង​ច្បាប់​មក​មុន​ហើយ ដែល​អាស្រ័យ​ប្រវេណី​លទ្ធិ​ទំនៀម​ដើម​របស់​ជាតិ​នោះៗ ខ​បញ្ញត្តិ​របស់​សាសនា​ដែល​តាំង​ឡើង​ជា​ក្រោយ ទើប​មិន​ចុះ​រុះ​គ្នា​គ្រប់​មុខ​គ្រប់​យ៉ាង​តែ​ម្ដង​ទៅ​ទេ គង់​មាន​ទំនាស់​គ្នា​ខ្លះ​ជា​ធម្មតា ប្រសិន​បើ​សាសនា​មាន​កំណើត​ទៅ​ក្រៅ​ប្រទេស​ផង​ហើយ ខ​ទំនាស់​គ្នា​រឹត​តែ​មាន​ច្រើន​ឡើង ព្រោះ​ខ​បញ្ញត្តិ​នៃ​សាសនា​មុខ​គួរ​ឱ្យ​ស្ងួន​រក្សា​ច្បាប់​និង​ទំនៀម​ទម្លាប់​ក្នុង​ប្រទេស​ដែល​បាន​កើត​ឡើង​មុន ទាំង​សាសនា​ទាំងឡាយ​នោះ​ដោយ​សភាព​ជា (conservative) រមែង​កាន់​តាម​គោល​ដើម​ដែល​បាន​ស្ថាបនា​មក​ពី​បុរាណ​កាល តែ​ចំណែក​ឯ​ច្បាប់​សម្រាប់​ស្រុក​ទេស រមែង​ប្រែប្រួល​ផ្លាស់​ប្ដូរ​ថែម​ថយ​តាម​កាល​តាម​សម័យ តាម​របៀប​ទំនៀម​ទម្លាប់ និង​តាម​សេចក្ដី​ត្រូវ​ការ​របស់​ជន​ជាតិ​នោះ​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ជា​ប្រក្រតី នេះ​ឯង​ដែល​ជា​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ខ​បញ្ញត្តិ​សម្រាប់​សាសនា តោង​មាន​របៀប​ផ្សេង​គ្នា​អំពី​ខ​បញ្ញត្តិ​របស់​ពួក​ឃរាវាស។

ខ​បញ្ញត្តិ​ដែល​កើត​ឡើង​នោះ​អាស្រ័យ​សេចក្ដី​បែក​ខ្ញែក​ផ្សេង​គ្នា​ដូច្នេះ ចំពោះ​សាសនា​គ្រិស្ដ​មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​យូរ​យារ​ណាស់​មក​ហើយ ទាល់​តែ​មាន​តម្រា​តែង​ឡើង​ជា​ច្រើន​ច្បាប់។ ចំណែក​ឯ​ព្រះ​ពុទ្ធ​សាសនា​តាម​ដែល​ខ្ញុំ​បាន​ដឹង នៅ​មិនសូវ​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ណាស់ សូម្បី​​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​ផ្សេងៗ ដែល​រាប់​អាន​ព្រះ​ពុទ្ធ​សាសនា ក៏​នៅ​មិន​ទាន់​មាន​តម្រា​ពិនិត្យ​វិនិច្ឆ័យបញ្ហា​បែប​នេះ​ដែរ ដូច្នេះ​ប្រហែល​ជា​ព្រោះ​ហេតុ​ថា អ្នក​នីតិ​សាស្ត្រ​ប៉ែក​ឃរាវាស​កាន់​ថា ជា​បញ្ហា​ដែល​ទាក់​ទាម​ដោយ​ធម៌​វិន័យ ចំណែក​ខាង​ព្រះ​សង្ឃ​​ក៏​កាន់​ថា ជា​បញ្ហា​ដែល​ទាក់​ទាញ​ដោយ​ច្បាប់​ស្រុក ទាំង​សង​ខាង​ទើប​ព្រងើយ​កន្តើយ​មិន​រក្សា​សេចក្ដី​ពិត ឃើញ​ថា បញ្ហា​ព្រះ​វិន័យ​និង​ស្រុក​ទេស​នៅ​ទាក់​ទាម​គ្នា​ជា​ធម្មតា ទាល់​តែ​ញែក​ចេញ​ពី​គ្នា​មិន​បាន ហេតុ​នេះ​អ្នក​នីតិ​សាស្ត្រ​ទាំង​ព្រះ​សង្ឃ ទាំង​ឃរាវាស ​គួរ​យក​ចិត្ត​ទុក​ដាក់​និង​ជួយ​គ្នា​ពិចារណា ព្រោះ​ជា​បញ្ហា​ដ៏​សំខាន់​គ្រប់​​ប្រការ ហើយ​ជា​បញ្ហា​ដែល​ចៀសវាង​មិន​បាន​ត្រូវ​តែ​ប៉ះ​ប្រទះ បើ​មិន​ថ្ងៃ​មួយ​ក៏​ថ្ងៃ​មួយ ហេតុ​នោះ​គួរ​ពុទ្ធ​សាសនិក​ជន​ទាំងឡាយ​ទទួល​យក​មក​ពិចារណា​ដោយ​ល្អិត​ល្អ ដើម្បី​ស្វែង​រក​ពាក្យ​វិនិច្ឆ័យ ដ៏​ជាប់​ដោយ​សេចក្ដី​យុត្តិធម៌ គឺ​ការពារ​មិន​ឱ្យ​កើត​សេចក្ដី​អាស្រូវ​ដល់​ព្រះ​ពុទ្ធ​សាសនា​និង​ព្រះ​រាជ​អាណា​ចក្រ។

ក្នុង​ការ​ពិចារណា​និង​រក​ពាក្យ​វិនិច្ឆ័យ​នេះ យើង​អាច​បាន​សេចក្ដី​ដំរួយ​អំពី​ប្រវត្តិសាស្ត្រ និង​ការ​បដិបត្តិ​ក្នុង​ប្រទេស​ជិត​ខាង​ដែល​រាប់អាន​ព្រះ​ពុទ្ធ​សាសនា​ផង​គ្នា គឺ​យើង​អាច​ដឹង​ថា ក្នុង​សម័យ​ពុទ្ធ​កាល ក្នុង​ប្រទេស​ឥណ្ឌា​គេ​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​ដូចម្ដេច ហើយ​ក្នុង​សម័យ​បុរាណ​ក្នុង​ប្រទេស​ថៃ មន ភូមា ខ្មែរ លាវ បាន​បដិបត្តិ​មក​យ៉ាង​ណា​ជា​តួ​យ៉ាង ឱ្យ​យើង​វិនិច្ឆ័យ​ដ៏​សម​គួរ​ដល់​ប្រទេស​និង​សម័យ ដើម្បី​នឹង​ឱ្យ​លោក-អ្នក​យល់​រឿង​នេះ​ដោយ​ល្អិត​ល្អ ខ្ញុំ​សុំ​លើក​បញ្ហា ១ខ មក​ពិគ្រោះ​ផង តាម​វិធី​ដែល​ខ្ញុំ​ពោល​មក គឺ​តាំង​បញ្ហា​ឡើង​ថា៖ កាល​បុរស​មាន​ភរិយា​ហើយ​ទៅ​បួស​ជា​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា តើ​ការ​សម្ពន្ធ​នៃ​ស្វាមី​ភរិយា​នោះ​ជា​នៅ​ជាប់​តទៅ ឬ​ដាច់​ចាក​សម្ពន្ធ​ជា​ស្វាមី​ភរិយា​ហើយ ? ឬ​គួរ​ជា​ដូចម្ដេច​ទៅ​វិញ ?

តាម​បញ្ហា​នេះ​គួរ​សង្កេត​ថា តាម​ព្រះ​វិន័យ​មិន​បញ្ញត្តិ ឬ​ណែនាំ​ដែល​នាំ​ឱ្យ​ឃើញ​ថា គួរ​វិនិច្ឆ័យ​យ៉ាង​ណា​ទេ ! បុគ្គល​ដែល​មាន​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​ឧប​សម្ប័ទ​ដើម្បី​បំពេញ​សមណ​ធម៌​នោះ ត្រូវ​លះ​ទ្រព្យ​សម្បត្តិ​ចេញ​ទាំងអស់​ និង​លះ​ភរិយា​នូវ​បុត្រ​ចេញ តែ​មិន​បាន​បង្គាប់​ថា ត្រូវ​ទម្លាយ​ទ្រព្យ​សម្បត្តិ​នោះៗចោល​ចេញ​ជា​មុន​សិន នឹង​លែង​លះ​ផ្ដាច់​ចំណង​ចាក​ភាវៈ​ជា​ស្វាមី​ភរិយា​ជា​មុន​សិន ទើប​ទទួល​ឱ្យ​ឧប​សម្ប័ទ​បាន​ក៏​ទេ​ដែរ ព្រោះ​ជា​មុខងារ​របស់​ច្បាប់​សម្រាប់​ស្រុក​ដែល​ត្រូវ​មាន​ខ​បង្គាប់ ខ​បង្គាប់​នេះ​ទើប​អាច​ប្រែប្រួល​ទៅ​តាម​ទំនឹម​ទំនៀម​របស់​ប្រទេស​និង​កាល​សម័យ ដូច​យ៉ាង​កាន់​ថា ការ​បួស​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ចំណង​នៃ​ស្វាមី​ភរិយា​ចប់​ចុះ ឬ​ជា​ហេតុ​ឱ្យ​លែង​លះ​គ្នា​បាន តែ​គេ​អាច​កាន់​ថា ការ​បួស​គ្រាន់​តែ​ជា​ការ​លះ​ភរិយា សឹង​ធម្មតា​មិន​ជា​ហេតុ​ឱ្យ​ការ​សម្ពន្ធ​ចប់​ចុះ​ឡើយ គ្រាន់​តែ​បើក​ឱកាស​ឱ្យ​ភរិយា​សុំ​លែង​លះ​បាន ក្នុង​វេលា​ដែល​ស្វាមី​បោះបង់​ចោល​យូរ​ហួស​កំណត់ ច្បាប់​ទម្លាប់​ទោះបី​ដូចម្ដេច​ក៏​ដោយ​ក៏​មិន​ប៉ះ​ពាល់​ដល់​ព្រះ​ពុទ្ធ​បញ្ញត្តិ​ក្នុង​ព្រះ​វិន័យ បុគ្គល​ដែល​បួស​ជា​ភិក្ខុ​អាច​នៅ​ក្នុង​សិក្ខាបទ​បដិបត្តិ​តាម​ព្រះ​វិន័យ​តទៅ សូម្បី​ភរិយា​ដែល​លែង​លះ​ហើយ ចំណែក​ខាង​ស្រុក​ទេស​នៅ​កាន់​ថា​ជា​ភរិយា ទាំង​ហាម​មិន​ឱ្យ​មាន​ប្ដី​ថ្មី​ទៀត​បាន តែ​កាល​មក​ពិគ្រោះ​មើល​ដោយ​ល្អិត​សព្វ​គ្រប់​ហើយ ច្បាប់​មិន​ល្អ​ដល់​ម្ល៉ោះ​ទេ គឺ​មាន​បទ​ដែល​ផ្ទុយ​គ្នា​នឹង​សេចក្ដី ចំណែក​ក្នុង​ព្រះ​វិន័យ​តែ​ម្ដង សូម្បី​មាន​បទ​ដល់​ទៅ​ទំនាស់​គ្នា​ក៏​ពិត​មែន តែ​មិន​បាន​អើ​ពើ​នូវ​ការ​បដិបត្តិ​ផ្លូវ​ព្រះ​​វិន័យ​ក្នុង​ប្រការ​ខ្លះ ដូច​ដែល​បាន​ឃើញ​តាម​ច្បាប់ឬ​តាម​ប្រវេណី​ផ្សេងៗ ដែល​មាន​នៅ​ក្នុង​ប្រទេស​ដែល​រាប់អាន​ព្រះ​ពុទ្ធ​សាសនា តាំង​អំពី​សម័យ​បុរាណ​រហូត​ដល់​សម័យ​បច្ចុប្បន្ន។

ក្នុង​ប្រទេស​ឥណ្ឌា​គ្រា​ពុទ្ធ​កាល បញ្ហា​ដែល​កំពុង​វិនិច្ឆ័យ​នេះ មិន​គួរ​បើ​នឹង​កើត​ឡើង ព្រោះ​ក្នុង​ប្រទេស​ឥណ្ឌា​ការ​អាពាហ៍​ពិពាហ៍​មិន​ចេះ​ចប់​ចុះ បើ​មាន​ការ​លែង​លះ​ឱ្យ​ស្រី​ដែល​រៀបការ​ហើយ​មាន​ស្វាមី​ថ្មី​ទៀត​បាន ហេតុ​នោះ​ស្វាមី​គ្រាន់​តែ​បួស​ជា​បុព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា ក៏​គង់​នៅ​ជា​ស្វាមី​ភរិយា​តទៅ​ដោយ​ពិត ពិត​មែន​តែ​ថា​ច្បាប់​ហិណ្ឌូ​​អនុញ្ញាត​ឱ្យ​ស្រី​ដែល​ស្វាមី​ទៅ​បួស​ជា​ឫសី ក្នុង​លទ្ធិ​សាសនា​ព្រាហ្មណ៍ យក​ប្ដី​ប្រុស​ដទៃ​ទៀត​បាន ដោយ​មាន​ឋានៈដ៏​ប្រហែល​គ្នា ​និង​ការ​ជា​ស្វាមី​ភរិយា​តាម​ច្បាប់ តែ​ជា​ទី​សន្ធិៈ​ថា ច្បាប់​នេះ​ប្រើ​ពិន័យ​បាន​រហូត​ដល់​ការ​បួស​ជា​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ឬ​ទេ ? ព្រោះ​ការ​បួស​ជា​ឫសី​និង​ជា​ភិក្ខុ​នោះ​ខុស​គ្នា​ឆ្ងាយ ហេតុ​បុគ្គល​កាល​បួស​ជា​ឫសី​ហើយ មិន​អាច​ត្រឡប់​ជា​គហបតី​វិញ​បាន គឺ​តោង​ចាំ​សីល​នៅ​ក្នុង​ព្រៃ​ដរាប​អស់​ជីវិត ប្រសិន​បើ​ឫសី​នោះ​លើក​លែង​ចាំ​សីល ហើយ​ត្រឡប់​មក​នៅ​គ្រប់គ្រង​ផ្ទះ​វិញ ច្បាប់​ហិណ្ឌូ​បង្គាប់​ឱ្យ​ធ្វើ​ទោស​យ៉ាង​ទម្ងន់ ហើយ​មិន​ព្រម​ឱ្យ​ត្រឡប់​មក​ជា​គហបតី​ដូច​ដើម​វិញ តែ​ចំណែក​ខាង​ព្រះ​ពុទ្ធ​សាសនា ការ​បួស​ជា​បុព្វជិត​នោះ មិន​រឹត​រួត​ឱ្យ​តោង​ទ្រង់​សំពត់​កាសាវ​ពស្ត្រ​រហូត​ជីវិត​ទេ អ្នក​បួស​មាន​សិទ្ធិ​នឹង​សឹក​បាន​ជា​ដរាប ព្រោះ​តាម​ព្រះ​ពុទ្ធ​សាសនា ការ​បួស​គ្រាន់​តែ​បើក​ឱកាស​ឱ្យ​អ្នក​បួស​បាន​ប្រទះ​ឃើញ​អារ្យ​ធម៌ ហើយ​និង​ទទួល​ផល​នៃ​កុសល​កម្ម​ដែល​បាន​សាង​សន្សំ​មក​អំពី​មុន អ្នក​ដែល​មាន​អភិនីហារ​បារមី​ច្រើន កាល​បួស​ហើយ​ក៏​អាច​នៅ​រហូត​ជីវិត​ទៅ​បាន​ទាំង​អាច​បាន​ទទួល​ផល​រម្លត់​កិលេស រួច​ចាក​សង្សារ​ទុក្ខ​បាន​ក្នុង​ជាតិ​នោះ​តែ​ម្ដង តែ​បើ​អ្នក​មាន​វាសនា​បារមី​តិច​នៅ​អាល័យ​ទ្រព្យ​សម្បត្តិ​ក្នុង​លោក​នេះ ក៏​សឹក​ចេញ​ជា​ឃរាវាស​បាន តែ​បាន​ទទួល​ផល​តិច​តាម​យថា​កម្ម​របស់​ខ្លួន ការ​បួស​ក្នុង​សាសនា​ព្រាហ្មណ៍ ឬ​ក្នុង​សាសនា​គ្រិស្ត អ្នក​បួស​តោង​នៅ​បំពេញ​សមណ​ធម៌​ដរាប​ដល់​អាយុ​ក្ស័យ​។

អ្នក​នីតិសាស្ត្រ​ពួក​ហិណ្ឌូ​រមែង​ដឹង​ថា ការ​បួស​ជា​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ផ្សេង​គ្នា​អំពី​ការ​បួស​ជា​ឫសី​តាម​លទ្ធិ​សាសនា​ព្រាហ្មណ៍ ទើប​គួរ​សន្និដ្ឋាន​ថា មិន​បាន​នាំ​យក​ច្បាប់​ដែល​ទាក់​ទាម​ដោយ​ការ​បួស​ជា​ឫសី​មក​ប្រើ​គ្រប់គ្រង​អ្នក​បួស​ជា​ភិក្ខុ​ដោយ​ផ្លូវ​អនុលោម​ទេ ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​និង​អដ្ឋ​កថា​មាន​រឿង​ផ្សេងៗជា​ច្រើន​រឿង​ដែល​ជា​ឧបករណ៍​ជំនួយ​សេចក្ដី​វិនិច្ឆ័យ​នេះ​បាន​យ៉ាង​ល្អ ដូច​យ៉ាង​ក្នុង​អដ្ឋ​កថា​នៃ​ថេរ​គាថា​ឬ​ធម្មបទ​ពណ៌នា​ដល់​ឧបាយ​ផ្សេងៗ ដែល​ភរិយា​ចាស់​របស់​ភិក្ខុ​បង្ក​ធ្វើ​មក​ជា​ញយៗ ដើម្បី​ឱ្យ​ស្វាមី​សឹក​មក​ចិញ្ចឹម​ខ្លួន​តទៅ ដូច​យ៉ាង​ភរិយា​របស់​ព្រះ​បុណ្ណ​មាស កាល​បុត្រ​ស្លាប់​ទៅ​ហើយ ក៏​មក​អង្វរ​ស្វាមី​ឱ្យ​ទៅ​នៅ​ជា​មួយ​គ្នា​ដូច​ដើម​វិញ​ដោយ​ក្រែង​ថា បើ​គ្មាន​បុត្រ​ហើយ​ទ្រព្យ​សម្បត្តិ​នឹង​ធ្លាក់​ទៅ​ជា​របស់​ព្រះ​មហា​ក្សត្រ។ ភរិយា​ព្រះ​ចុល្ល​កាល មាន​ចិត្ត​ក្លាហាន​ជាង​នេះ​ទៅ​ទៀត បាន​ធ្វើ​ឧបាយ​និមន្ត​ព្រះ​សាស្ដា​មក​ឯ​ផ្ទះ​ខ្លួន ខណៈ​ស្វាមី​មក​ផ្ទះ​ដើម្បី​ត្រួត​មើល​ការ​ក្រាល​អាសនៈ សម្រាប់​ទទួល​ព្រះ​សាស្ដា​ក៏​នាំ​គ្នា​មក​ចាប់​ស្វាមី​សម្រាត​ចីវរ​ចេញ ឱ្យ​សឹក​មួយ​រំពេច តាម​តួ​យ៉ាង​អម្បាល​នេះ​ចង្អុល​ឱ្យ​ឃើញ​ថា ភរិយា​របស់​ភិក្ខុ​បាន​ធ្វើ​ឧបាយ​កល​ផ្សេងៗ ដើម្បី​ឱ្យ​ស្វាមី​សឹក​មក​វិញ តែ​មិន​មាន​តួ​យ៉ាង​ដែល​ភរិយា​យក​ស្វាមី​ថ្មី​ទៀត តាម​គម្ពីរ​វិភង្គ ពោល​ដល់​ភិក្ខុ​ដែល​នៅ​មាន​អាល័យ​ទ្រព្យ​សម្បត្តិ​និង​ភរិយា ដោយ​ប្រើ​សម្ដី​ថា

បដាបត‍ិ  មេ  អត្ថិ  សា  មយា  បោសេតព្វា អាត្មា​នេះ​នៅ​មាន​ភរិយា​ដែល​ត្រូវ​បីបាច់​ចិញ្ចឹម” ខ​នេះ​ស​ឱ្យ​ឃើញ​ច្បាស់​ថា សូម្បី​បាន​ទទួល​ឱប​សម្ប័ទ​ហើយ​ក្ដី​ក៏​នៅ​កាន់​ថា ការ​សម្ពន្ធ​ផ្លូវ​ស្វាមី​ភរិយា​នោះ​ពុំ​ទាន់​ផុត​នៅ​ឡើយ ព្រះ​នន្ទ​នោះ​ក៏​ដូច្នេះ​ដែរ កាល​បួស​ហើយ​នៅ​គិត​ដល់​ភរិយា​ជានិច្ច ទាល់​តែ​ព្រះ​បរម​សាស្ដា​ធ្វើ​​ឧបាយ​បង្ហាញ​ឱ្យ​ឃើញ​ស្រី​សួគ៌ ដែល​មាន​រូប​ឆោម​ល្អ​ជាង​ភរិយា​ខ្លួន ទើប​បន្ទោ​សេចក្ដី​អាល័យ​ក្នុង​ភរិយា​របស់​ខ្លួន​ទៅ​បាន តាម​រឿង​ក្នុង​គម្ពីរ​ឃើញ​បាន​ថា ភរិយា​របស់​ភិក្ខុ​នៅ​រង់​ចាំ​ស្វាមី​ដែល​បួស​ជានិច្ច ដូច​យ៉ាង​ព្រះ​ចិត្ត​ហត្ថ​បួស ៦ ដង សឹក ៦ ដង ក៏​នៅ​តែ​ត្រឡប់​ទៅ​ឃើញ​ភរិយា​គូ​គ្រង​របស់​ខ្លួន​នៅ​រង់​ចាំ​ក្នុង​ផ្ទះ​រាល់ៗដង។ មួយ​ទៀត​តាម​ក្នុង​គម្ពីរ​មិន​បាន​ហៅ​ភរិយា​របស់​ភិក្ខុ​ថា​ភរិយា​ចាស់ តែ​ហៅ​ថា បុរាណ​ទុតិយិកា ប្រែ​ថា ស្រី​ដែល​ធ្លាប់​នៅ​ជា​គូ​គ្នា​អំពី​មុន ដែល​តាំង​ឈ្មោះ​ដោយ​ឡែក​ដូច្នេះ ក៏​ព្រោះ​សេចក្ដី​ពិត នៅ​មាន​ឈ្មោះ​ជា​ភរិយា​តាម​ច្បាប់​នៅ​ឡើយ គ្រាន់​តែ​មិន​បាន​នៅ​រួម​សង្វាស​ប៉ុណ្ណោះ ហេតុ​នេះ​នឹង​ហៅ​ថា “បុរាណ​ភរិយា” មិន​បាន តោង​ប្រើ​ពាក្យ​មួយ​យ៉ាង​ដែល​សំដៅ​ដល់​ការ​នៅ គឺ​ការ​ដែល​មិន​បាន​នៅ​រួម​គ្នា។ ប្រការ​មួយ​ទៀត តាម​ក្នុង​គម្ពីរ​នឹង​ឃើញ​បាន​ថា ព្រះ​ពុទ្ធ​អង្គ​មិន​បាន​ហាម​ភិក្ខុ​មិន​ឱ្យ​ចួប​នឹង​ភរិយា​តែ​ម្ដង គ្រាន់​តែ​ហាម​មិន​ឱ្យ​សេព​មេថុន​ធម្ម​ដូច​គ្នា​នឹង​ស្ត្រី​ដទៃ ស្រី​ដែល​មាន​ចិត្ត​ល្អ តាម​រឿង​ផ្សេងៗក្នុង​គម្ពីរ​មិន​ជា​ឧបសគ្គ​ដល់​សទ្ធា​របស់​ស្វាមី មាន​តួ​យ៉ាង​ដ៏​សំខាន់ គឺ​ភទ្ទា​កបិលានី​ថេរី ភរិយា​របស់​ព្រះ​មហា​កស្សប​ជាដើម បើ​មិន​ដល់​ទៅ​បួស​ជា​ភិក្ខុនី ក៏​គង់​ជា​ឧបាសិកា​កាន់​សីល ធ្វើ​បុណ្យ​កុសល​យ៉ាង​ឃរាវាស​ទាំង​ពួង ជា​អ្នក​ឧបដ្ឋាក​ស្វាមី ចាត់ចែង​រក​អាហារ​បម្រុង​ទុក​ប្រគេន​ស្វាមី ក្នុង​វេលា​ដែល​មក​បិណ្ឌ​បាត តាម​រឿង​ព្រះ​ថេរ​ចាស់មួយ​អង្គ​សឹង​មាន​ពោល​ក្នុង​អដ្ឋ​កថា​ធម្មបទ សឹង​ត្រូវ​ព្រះ​សាស្ដា​ទ្រង់​ដំណៀល​ក៏​ព្រោះ​ភិក្ខុ​ចាស់​នោះ សម្ដែង​អាការ​ទាក់ទង​នឹង​ភរិយា​ហួស​ពេក​ទៅ តែ​ក៏​មិន​បាន​ទ្រង់​តិះ​ដៀល ការ​ដែល​ភរិយា​ជា​អ្នក​ឧបដ្ឋាក​ភិក្ខុ​ជា​ស្វាមី និង​ជា​អ្នក​ជួយ​ឱ្យ​ស្វាមី​បាន​ផល​ពេញ​តាម​វាសនា។ ច្បាប់​ប្រវេណី​ហិណ្ឌូ​មិន​បើក​ឱ្យ​ភរិយា ដែល​ស្វាមី​លែង​លះ​ដើម្បី​ទៅ​បួស​នោះ យក​ស្វាមី​ថ្មី​ទៀត ហេតុ​នោះ​បើ​ភរិយា​ជា​អ្នក​មាន​សទ្ធា រមែង​បដិបត្តិ​ក្នុង​ផ្លូវ​ជា​មិត្រ​របស់​ស្វាមី​ជា​ដរាប តែ​បើ​ភរិយា​ព្រងើយ​កន្តើយ ក៏​គ្មាន​ផ្លូវ​ដទៃ​ក្រៅ​អំពី​នៅ​រង់​ចាំ​ទម្រាំ​ប្ដី​សឹក​មក ចំណែក​ស្វាមី​អ្នក​បួស​ជា​ភិក្ខុ ទើប​មាន​ឱកាស​ពិសោធ​កុសល​សទ្ធា​របស់​ខ្លួន​ថា នឹង​បួស​រហូត​ទៅ​ឬ​សឹក​មក​វិញ ? តាម​កម្លាំង​ចិត្ត​ស្ងប់​របស់​ខ្លួន ដោយ​មិន​បាច់​ក្រែង​ភរិយា​ផិត​ក្បត់​ទៅ​មាន​ស្វាមី​ថ្មី បើ​មាន​សេចក្ដី​អាល័យ​ខ្លាំង​ក៏​សឹក​មក គង់​មាន​ផ្ទះ​ភរិយា-បុត្រ​ពី​ដើម​ស្រាប់។

តែ​កាល​ពុទ្ធ​សាសនា​ចម្រើន​ផ្សាយ​ទៅ​ក្នុង​នានា​ប្រទេស មាន​ប្រទេស​ភូមា​និង​ប្រទេស​ថៃ​ជាដើម ការ​នឹង​បាន​ប្រព្រឹត្ត​ទៅ​ដូច​ទំនៀម​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ក៏​ទេ ព្រោះ​តាម​ទំនៀម​ដើម​ការ​​អាពាហ៍​ពិពាហ៍​ក្នុង​ប្រទេស​នោះ​មិន​ខ្ជាប់ខ្ជួន​ដូច​ប្រទេស​ឥណ្ឌា ស្វាមី​ភរិយា​មាន​សិទ្ធិ​នឹង​លែង​លះ​គ្នា​បាន ហើយ​បើ​ស្វាមី​មិន​ចិញ្ចឹម​ភរិយា មិន​ទៅ​មក​រក​គ្នា​ក្នុង​រវាង​វេលា​ដែល​កំណត់​ទុក​តាម​ទំនៀម​កាន់​ថា មិន​ជា​ស្វាមី​ភរិយា​តទៅ​ទៀត​ឡើយ ភរិយា​មាន​សិទ្ធិ​រក​ស្វាមី​ថ្មី​ទៀត​បាន ហេតុ​នោះ​កាល​ស្វាមី​បួស​ជា​បព្វជិត​ហើយ គង់​មាន​បញ្ហា​ជា​គ្រា​ដំបូង​ថា នៅ​ជា​ស្វាមី​ភរិយា​គ្នា​តទៅ​ឬ​ទេ ? នេះ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ ព្រោះ​ខាង​ព្រះ​ពុទ្ធ​សាសនា នឹង​ខាង​ទំនៀម​ទម្លាប់​ស្រុក​ទេស​អំពី​ដើម ដើរ​របៀប​ខុស​គ្នា គឺ​ខាង​ព្រះ​ពុទ្ធ​សាសនា គួរ​ឱ្យ​ការ​សម្ពន្ធ​នោះ​នៅ​ដូច​ដើម​តទៅ ព្រោះ​នៅ​មិន​ទាន់​ដឹង​ជា​ប្រាកដ​ថា អ្នក​បួស​ជា​បព្វជិត​នោះ​អាច​ប្រព្រឹត្ត​ព្រហ្ម​ចរិយ​ទៅ​បាន​យូរ​ត្រឹម​ណា ហើយ​បើ​ជា​កាន់​ថាការ​បួស​នោះ​ទុក​ដូច​ការ​លែង​លះ ក៏​ជា​ការ​ឧបសគ្គ​សុញ​គំនិត​ដល់​អ្នក​មាន​សទ្ធា​ទាំងឡាយ ព្រោះ​ស្វាមី​រមែង​មាន​សេចក្ដី​អាល័យ​ក្នុង​ភរិយា បើ​ត្រូវ​បង់​ភរិយា​តាំង​អំពី​ដំបូង​ដែល​ចេញ​បួស​នោះ​តែ​ម្ដង គង់​ជា​មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​អល់អែក​មិន​ស្មគ្រ​ចេញ​បួស កាល​បើ​ដូច្នោះ​អ្នក​នោះៗ គង់​មិន​មាន​ឱកាស​ប្រទះ​អរិយ​ធម៌​រហូត​ជីវិត​របស់​ខ្លួន ចំណែក​ឯ​ទំនៀម​ទម្លាប់​ក៏​ទៅ​ក្នុង​ផ្លូវ​ដទៃ មួយ​យ៉ាង​សឹង​ផ្ទុយ​គ្នា​តែ​ម្ដង ឃើញ​ថា កាល​ស្វាមី​បួស​ហើយ​ហាក់​ដូចជា​ស្វាមី​បោះបង់​ចោល​មិន​ចិញ្ចឹម​តទៅ ហើយ​ភរិយា​រមែង​មាន​សិទ្ធិ​នឹង​រក​ស្វាមី​ទៀត​បាន នឹង​បង្គាប់​ឱ្យ​ភរិយា​រង់​ចាំ​ស្វាមី​ក៏​ជា​ការ​ទំនាស់​នឹង​ទំនៀម​ទម្លាប់​ដែល​កាន់​យក​តាំង​ពី​បុរាណ​កាល។

ការ​សាសនា​និង​ទំនៀម​ទម្លាប់​ដើរ​របៀប​ខុស​គ្នា​ដូច្នេះ ក៏​កម្រ​នឹង​រក​ពាក្យ​មក​វិនិច្ឆ័យ​ឱ្យ​ជាទី​យុត្តិធម៌​ត្រូវ​តាម​លំអាន​ទាំង​ពីរ​ផ្លូវ ដូច​ប្រាកដ​ក្នុង​ប្រវត្តិ​សាស្ត្រ​ច្បាប់​ក្នុង​ប្រទេស​ភូមា​និង​ប្រទេស​ថៃ។

ក្នុង​ប្រទេស​ភូមា​មាន​តម្រា​ច្បាប់មួយ​យ៉ាង​ហៅ​ថា ធម្មសត្ថាំ គឺ​ធម្ម​សាស្ត្រ ដែល​អ្នក​នីតិសាស្ត្រ​តែង​ឡើង​តាំង​ពី​បុរាណ​កាល​មក​រហូត​ដល់​បច្ចុប្បន្ន​កាល យើង​ទើប​អាច​ដឹង​នឹង​ពិគ្រោះ​មើល សេចក្ដី​យល់​ឃើញ​របស់​អ្នក​នីតិសាស្ត្រ​ភូមា ក្នុង​បញ្ហា​ខ​នេះ​ដែល​មាន​មក​ជា​យូរយារ​ដរាប​ដល់​វេលា​នេះ​បាន។

ច្បាប់​ចាស់​បំផុត គឺ មនូធម្មសត្ថាំ របស់​ព្រះ​ចៅ​វារេឡុ (ព្រះ​ចៅ​ហ្វារួ) ដែល​បាន​តាំង​ឥស្សរៈ​ឡើង​ក្នុង​ស្រុក​គោតមៈ ? ក្នុង​រវាង​ពុទ្ធសករាជ ១៨៣០ តម្រា​នេះ​ដោយ​ច្រើន​យក​សេចក្ដី​មក​អំពី​ព្រះ​ធម្មសាស្ត្រ​របស់​ព្រាហ្មណ៍​ឥណ្ឌូ តាំង​តែ​នៅ​មិន​ទាន់​បាន​ទទួល​ឥទ្ធិពល​ព្រះ​ពុទ្ធសាសនា ទើប​មិន​មាន​ពោល​ដល់​ហេតុ​ដែល​បុរស​មាន​ភរិយា​ហើយ​បួស​ជា​ព្រះ​សង្ឃ តែ​មាន​មាត្រា ១ បញ្ញត្តិ​ថា  កាល​ស្វាមី​លះ​ភរិយា​ទៅ​ដើម្បី​សិក្សា​រៀន​សូត្រ ភរិយា​ត្រូវ​រង់​ចាំ ៦ឆ្នាំ ទើប​យក​ប្ដី​ថ្មី​ទៀត​បាន បទ​ច្បាប់​នេះ​សំដៅ​ដល់​ទំនៀម​ក្នុង​សាសនា​ព្រាហ្មណ៍ គឺ អ្នក​រៀន​ព្រះ​វេទ តែ​ដោយ​ហេតុ​ប្រទេស​រាម័ញ្ញ​ដែល​ព្រះ​ចៅ​ហ្វារួ​គ្រប់គ្រង​នោះ​មិន​កាន់​សាសនា​ព្រាហ្មណ៍ គឺ​រាប់អាន​កាន់​ព្រះ​ពុទ្ធសាសនា​ហើយ​ទើប​គួរ​សន្និដ្ឋាន​ថា មាត្រា​នេះ​សំដៅ​ដល់​ព្រហ្មចារី​ក្នុង​ព្រះ​ពុទ្ធសាសនា​ផង បើ​ជា​ដូច្នេះ​ពិត ការ​លែង​លះ​ភរិយា​ចេញ​បួស​ជា​សង្ឃ​មិន​ដូច​ការ​លែង​លះ​ភរិយា​តាម​ធម្មតា ព្រោះ​តាម​តម្រា​ជា​មួយ​គ្នា​នេះ​ឯង​ថា បើ​ស្វាមី​បោះបង់​ចោល​ភរិយា​យូរ​បំផុត ៣ឆ្នាំ នឹង​ដាច់​ចាក​សម្ពន្ធភាព​ជា​ស្វាមី​ភរិយា​ហើយ តែ​ថា​បើ​ស្វាមី​បួស​ជា​សង្ឃ ភរិយា​ត្រូវ​រង់​ចាំ​ដល់ ៦ឆ្នាំ សម្ដែង​ឱ្យ​ឃើញ​ថា ច្បាប់​របស់​ព្រះ​ចៅ​វារេឡុ​ព្យាយាម​នឹង​តាំង​នៅ​ខាង​ប៉ែក​ពុទ្ធ​សាសនា​ច្រើន ព្រោះ​បើ​ប្រសិន​ជា​ស្វាមី​មិន​សឹក ក្នុង​កំណត់​វេលា​ដែល​យូរៗ​ដូច្នេះ ក៏​ត្រូវ​យល់​ថា អស់​អាល័យ​ក្នុង​ភរិយា​ហើយ​គង់​មាន​ចំណង​នឹង​ប្រព្រឹត្ត​ព្រហ្ម​ចរិយ​តទៅ ភរិយា​មាន​សិទ្ធិ​នឹង​គ្រប់គ្រង​ខ្លួន​ឯង​បាន។

ក្នុង​សម័យ​ត​មក អ្នក​នីតិសាស្ត្រ​ភូមា​មិន​រ៉ាប់រង​បទ​បញ្ញត្តិ​ក្នុង​មាត្រា​របស់​ព្រះ​ចៅ​វារេឡុ គង់​គិត​ឃើញ​ថា ដែល​ភរិយា​រង់ចាំ​ស្វាមី​យូរៗដូច្នេះ ខុស​នឹង​ទំនៀម​ទម្លាប់ ហើយ​ជា​ការ​ឱ្យ​ស្រី​ចាញ់​ប្រៀប​ច្រើន កម្រ​អ្នក​ស្រុក​នឹង​បដិបត្តិ​តាម​បាន ទើប​អនុញ្ញាត​បើក​ឱ្យ​ស្រី​ដែល​ស្វាមី​ទៅ​បួស​មាន​សិទ្ធិ​យក​ប្ដី​ទៀត​បាន។ តែ​ក្នុង​ខណៈ​ជា​មួយ​គ្នា​នៅ​កាន់​តាម​លទ្ធិ​ដើម​ថា ការ​បួស​មិន​ទម្លាយ​សម្ពន្ធ​ចាស់​ទៅ​ផង គឺ​ឃើញ​ថា បើ​ស្វាមី​មុន​នៅ​អាល័យ ហើយ​សឹក​មក ស្វាមី​ក្រោយ​ត្រូវ​បង្វិល​ភរិយា​ឱ្យ​ទៅ​គេ​វិញ បើ​ស្វាមី​ថ្មី​មិន​ព្រម​បង្វិល​ឱ្យ ហើយ​ស្វាមី​ដើម​ប្ដឹង​ដល់​សាលា ស្វាមី​ថ្មី​ត្រូវ​បង់​ថ្លៃ​ខ្វាត់​ជំនុំ​ជំនួស​ស្វាមី​ដើម​ទាំងអស់ តាម​ន័យ​មតិ​នេះ អាច​នឹង​ឃើញ​បាន​ថា ស្វាមី​ដើម​ដែល​បួស​ជា​សង្ឃ​នៅ​ជា​ស្វាមី​នៅ​ឡើយ ចំណែក​ឯ​ការ​អាពាហ៍​ពិពាហ៍​ក្រោយ​មិន​ខ្ជាប់​ខ្ជួន នឹង​នៅ​ជា​មួយ​គ្នា​បាន ដរាប​ណា​ដែល​ស្វាមី​ដើម​មិន​ទាមទារ។ តម្រា​ច្បាប់​ខ្លះ កំណត់​វេលា​ដែល​ស្វាមី​ដើម នឹង​សឹក​មក​ទាមទារ​យក​ភរិយា​មក​វិញ​យូរ​ដល់​ទៅ ៨ឆ្នាំ រាប់​តាំង​អំពី​ថ្ងៃ​ដែល​ស្វាមី​ដើម​ដឹង​រឿង​អាពាហ៍​ពិពាហ៍​ថ្មី ក្រោយ​នោះ តែ​ដោយ​ច្រើន​អ្នក​តែង​តម្រា​មិន​កំណត់​វេលា​យ៉ាង​នេះ តែ​ព្យាយាម​រក​ផ្លូវ​ឱ្យ​បាន​សេចក្ដី​ច្បាស់លាស់​ថា ស្វាមី​ដើម​ដាច់​អាល័យ​ក្នុង​ភរិយា​ពិត​ហើយ តម្រា​សំខាន់​ដែល​តែង​ឡើង​ក្នុង​ពុទ្ធសករាជ ២៣៣៤ ឈ្មោះ​មនូវណ្ណនាធម្មសត្ថាំ អាង​បទ​បញ្ញត្តិ​មួយ​បទ ដោយ​ពោល​ថា ជា​បទ​បញ្ញត្តិ​ដែល​តម្រា​ចាស់ បទ​នេះ​បញ្ញត្តិ​ថា “កាល​ស្វាមី​លែងលះ​ភរិយា​ដើម្បី​បួស​ជា​សង្ឃ បើ​ប្រុស​ដទៃ​បាន​ស្រី​នោះ​ជា​ភរិយា​ឥត​មាន​ទោស តែ​ថា បើ​ស្វាមី​ដើម​ដឹង​ហើយ​សឹក​មក ស្វាមី​ថ្មី​ត្រូវ​បង្វិល​ភរិយា​នោះ​ឱ្យ​ទៅ​ស្វាមី​ដើម​វិញ បើ​បុរស​ណា​បួស​ហើយ​សឹក សឹក​ហើយ​បួស​ដល់​ទៅ ៧ ដង ភរិយា​របស់​បុរស​នោះ​រមែង​បាន​ឥស្សរៈ​យក​បុរស​ដទៃ​ជា​ស្វាមី​តាម​ទំនើង​ចិត្ត តែ​ត្រូវ​រង់​ចាំ​ស្វាមី​សឹក​មក​គម្រប់ ៧ ដង​រួច​ហើយ”។

មូល​ហេតុ​នៃ​មាត្រា​ក្នុង​មនូវណ្ណនា​នេះ ប្រហែល​ជា​យក​មក​ពី​ក្នុង​អដ្ឋកថា​ធម្មបទ គឺ​រឿង​ចិត្ត​ហត្ថ ដែល​បាន​ពោល​ហើយ​នោះ​ឯង ព្រោះ​ចិត្ត​ហត្ថ​បួសៗ សឹកៗ ដល់​ទៅ ៦-៧ ដង ដូច្នោះ​ជា​ព្រោះ​ហេតុ​នេះ ឬ​ព្រោះ​ហេតុ​ដទៃ​ក៏​ដោយ បទ​បញ្ញត្តិ​ក្នុង​មនូវណ្ណនា ទើប​បាន​ជា​ទី​និយម​របស់​ពួក​អ្នក​នីតិសាស្ត្រ​ក្នុង​ប្រទេស​ភូមា​អស់​កាល​ដ៏​យូរ ព្រោះ​តម្រា​ច្បាប់​ដទៃៗដែល​តែង​ត​មក​បាន​ទទួល​រ៉ាប់រង​មាត្រា​នេះ​ជា​ច្រើន​ច្បាប់ ដែល​និយម​ដូច្នេះ ក៏​ព្រោះ​បទ​មាត្រា​នេះ​ព្យាយាម​នឹង​វិនិច្ឆ័យ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​ឱ្យ​ជា​ទី​ពេញ​ចិត្ត​ទាំង​សងខាង គឺ​ខាង​ស្វាមី​ដើម​ដែល​បួស​ជា​សង្ឃ​នៅ​ស្ងួន​សិទ្ធិ​ដែល​មាន​នៅ​ក្នុង​ភរិយា​របស់​ខ្លួន​យូរ​តោង​សឹក ៧- ដង ហើយ​បួស​ក្នុង​គ្រា​ទី ៨ ហើយ រមែង​សន្និដ្ឋាន​បាន​ថា បាន​តាំង​ចិត្ត​លះ​លែង​ដាច់​ខាត អស់​អាល័យ​ដោយ​ពិត ចំណែក​ឯ​ភរិយា​ទោះបី​ការ​សម្ពន្ធ​មុន​មិន​ទាន់​ផុត​នូវ​ឡើយ តែ​ក៏​បណ្ដោយ​ឱ្យ​មាន​ស្វាមី​ថ្មី​ទៀត​បាន​មិន​បាច់​រង់ចាំ​យូរ​ដូច​អំពី​ដើម បើ​ស្វាមី​ដើម​បួស​មិន​សឹក​ទេ ការ​អាពាហ៍​ពិពាហ៍​របស់​ស្រី​នោះ​ក៏​សម្បូណ៌​ខ្ជាប់ខ្ជួន ដូចជា​ការ​អាពាហ៍​ពិពាហ៍​របស់​ស្រី​មេម៉ាយ។

តែ​សេចក្ដី​ពិត​បទ​មាត្រា​ក្នុង​មនូវណ្ណនា​នេះ នៅ​មាន​ខ​ដែល​គួរ​រិះគន់​ខ្លះ ព្រោះ​ថា​ការ​ដែល​ស្វាមី​ដើម​មាន​សិទ្ធិ​យក​ភរិយា​មក​វិញ​ក៏​ដោយ មិន​បាន​គិត​ដល់​ចិត្ត​ស្រី ក៏​បង្គាប់​ឱ្យ​ស្រី​តោង​ត្រឡប់​មក​នៅ​រួម​នឹង​ស្វាមី​ដើម​វិញ ដោយ​មិន​បាច់​អើពើ​ពី​ស្រី​នោះ​ជា​ព្រម​ព្រៀង​ផង​ឬ​ទេ ទើប​ជា​ការ​កំណាច​ហួស​ពេក​ទៅ ត្រឡប់​ថយ​ក្រោយ​ចូល​ទៅ​ក្នុង​បទ​យល់​ឃើញ​ក្នុង​សម័យ​បុរាណ​ក្នុង​កាល​ដែល​នៅ​កាន់​ថា ភរិយា​ជា​ទ្រព្យ​សម្បត្តិ​ស្វាមី ស្វាមី​ទើប​មាន​អំណាច​យក​វិញ​បាន ដូច​គ្នា​នឹង​ម្ចាស់​ទ្រព្យ​រមែង​មាន​អំណាច​ទាមទារ​កម្ម​សិទ្ធិ​ក្នុង​ទ្រព្យ​សម្បត្តិ​ផ្សេងៗរបស់​ខ្លួន​ដូច្នោះ ឋានៈ​របស់​ភរិយា​ក្នុង​ប្រទេស​ភូមា បាន​ត្រូវ​រៀបចំ​ក្នុង​សម័យ​ត​មក​ជា​ច្រើន បទ​បញ្ញត្តិ​ក្នុង​មនូវណ្ណនា​ដែល​និយម​មក​អំពី​ដើម ទើប​ត្រឡប់​ជា​របស់​កណ្ដឹង​ចិត្ត​និង​ផុត​សម័យ​ទៅ​ហើយ អ្នក​នីតិសាស្ត្រ​ទើប​គិត​រក​ពាក្យ​វិនិច្ឆ័យ​របស់​ខ្លួន។

តាម​តម្រា​ដែល​តែង​ឡើង​ក្នុង​កាល​ត​មក​ប្រាកដ​ថា នៅ​មាន​អ្នក​នីតិសាស្ត្រ​ខ្លះ​ដែល​ព្យាយាម​រក​ផ្លូវ​ដើម្បី​ការពារ​សិទ្ធិ របស់​ស្វាមី​កាល​បួស​ហើយ មាន​តម្រា​ដែល​ធ្លាប់​ប្រើ​ក្នុង​ផែនដី ព្រះ​ចៅ​ប៉ដុង ត្រូវ​នឹង​រជ្ជកាល​ទី១ ក្រុង​រតន​កោសិន្ទ្រ​ជា​តួ​យ៉ាង។ តែ​ប្រហែល​ជា​តែង​ឡើង​មុន បញ្ញត្តិ​ថា “កាល​ស្វាមី​បួស​ជា​សង្ឃ ភរិយា​ត្រូវ​រក្សា​ខ្លួន​នៅ​រង់ចាំ​ស្វាមី បើ​ស្វាមី​សឹក​ហើយ ប្រសិន​ជា​ភរិយា​មាន​ប្ដី​ថ្មី​ទៀត ស្វាមី​ដើម​បាន​ប្ដឹង​ដល់​តុលាការ តុលាការ​នឹង​បង្គាប់​ឱ្យ​ភរិយា​ត្រឡប់​មក​នៅ​រួម​ស្វាមី​ដើម​វិញ​ក្នុង​ខាង​ក្នុង ៣ឆ្នាំ ឬ​ពិភាក្សា​ឱ្យ​លែង​ដាច់​ជ្រះ​ស្រឡះ​អំពី​ភាវៈ​ប្ដី​ប្រពន្ធ​មួយ​រំពេច​បាន ស្រេច​ហើយ​តែ​ស្វាមី​ដើម​ប្ដឹង​សុំ” តាម​បញ្ញត្តិ​នេះ​អាច​ឃើញ​បាន​ថា ការ​ឧបសម្ប័ទ​មិន​ទម្លាយ​ទារ​សម្ពន្ធ​តែ​ម្ដង តែ​ថា បើ​ភរិយា​បាន​ប្ដី​ថ្មី ស្វាមី​ដើម​មាន​សិទ្ធិ​នឹង​លែងលះ​បាន (គឺ​ដោយ​កាន់​ថា មាន​សហាយ​ស្មន់ ស្វាមី​ត្រូវ​បាន​ប្រាក់​ពិន័យ នឹង​ត្រូវ​រឹប​ទ្រព្យ​សម្បត្តិ​របស់​ភរិយា​ទាំងអស់) បើ​ស្វាមី​មិន​ចង់​លែង សាល​ឱ្យ​ឱកាស​ស្វាមី ទៅ​ចរចា​នឹង​ភរិយា​ដល់ ៣ឆ្នាំ កាល​ផុត​កំណត់​ហើយ បើ​ភរិយា​មិន​ព្រម​ត្រឡប់​មក​នៅ​រួម​នឹង​ស្វាមី​ដើម​វិញ សាលា​ទើប​មាន​អំណាច​កាត់​ឱ្យ​លែងលះ​គ្នា ជ្រះ​ស្រឡះ អ្នក​តែង​តម្រា​នេះ​នៅ​កាន់​ថា ស្វាមី​ដែល​បួស​ជា​សង្ឃ​នៅ​មាន​សិទ្ធិ​ក្នុង​ភរិយា​នៅ​ឡើយ ឯ​ភរិយា​ក៏​នៅ​ស្លូត​ត្រង់​នឹង​ស្វាមី​ដូច​ដើម ទើប​ធ្វើ​ទោស​ភរិយា​នោះ​ក្នុង​ស្ថាន​មាន​សហាយ​ស្មន់ តែ​ឃើញ​ថា នឹង​បង្គាប់​ចិត្ត​ភរិយា​មិន​បាន ទើប​លើក​ឡាត់​ឱ្យ​លែង​គ្នា​បាន។ បទ​បញ្ញត្តិ​ក្នុង​តម្រា​នេះ សម្ដែង​ឱ្យ​ឃើញ​ថា ជឿន​ទៅ​មុខ​ហើយ តែ​ដោយ​អ្នក​នីតិសាស្ត្រ​ចាស់​បាន​បណ្ដោយ​ឱ្យ​ភរិយា​មាន​ប្ដី​បាន​ភ្លាម​ដោយ​មិន​មាន​ទោស ទាំង​បាន​បដិបត្តិ​តាម​នេះ​មក​យូរ ទាល់​តែ​ក្លាយ​ទៅ​ជា​ប្រវេណី​ទៅ​ហើយ ទើប​ជា​ការ​លំបាក​នឹង​ត្រឡប់​មក​ធ្វើ​ទោស​ភរិយា​បាន ក្នុង​ទី​បំផុត អ្នក​នីតិសាស្ត្រ​ភូមា​និង​អ្នក​ពិភាក្សា ក៏​តោង​បណ្ដោយ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដូច្នោះ​តទៅ​ទៀត នឹង​ព្រម​ឱ្យ​ភរិយា​លែងលះ​ស្វាមី​ដើម​បាន​ដោយ​ដាច់​ខាត។

ក្នុង​តម្រា​ឈ្មោះ​ថា មនូបេ ដែល​តែង​ឡើង​ក្នុង​ផែនដី​ព្រះ​ចៅ​អឡងពញ៉ា មាន​មាត្រា ១ បញ្ញត្តិ​ថា ​កាល​ស្វាមី​បួស​ជា​សង្ឃ ភរិយា​ត្រូវ​នៅ​រង់ចាំ ៧ថ្ងៃ កាល​ស្វាមី​សឹក​ផុត​កំណត់ ៧ថ្ងៃ​ហើយ នឹង​ទាមទារ​យក​ជា​ភរិយា​ដូច​ដើម​ពុំ​បាន ភរិយា​នោះ​នឹង​យក​ប្រុស​ដទៃ​ជា​ស្វាមី​បាន មាត្រា​នេះ​តុលាការ​ក្នុង​ប្រទេស​ភូមា​នៅ​ប្រើ​ជា​ច្បាប់​ដរាប​មក​ដល់​បច្ចុប្បន្ន​នេះ ទើប​រាប់​ថា​ជា​កាល​ក្រោយ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ច្បាប់​ភូមា​ក្នុង​បញ្ហា​​ខ​នេះ ហេតុ​នោះ​ក្នុង​ប្រទេស​ភូមា​ទើប​កាន់​ថា ការ​បួស​ជា​ហេតុ​ល្មម​ឱ្យ​លែងលះ​គ្នា​បាន តែ​គួរ​សង្កេត​ថា តាម​ច្បាប់ ការ​បួស មិន​ធ្វើ​ឱ្យ​ការ​សម្ពន្ធ​ដាច់​ផុត​តែ​ម្ដង​ទេ ការ​សម្ពន្ធ​ដែល​នឹង​ដាច់ លុះ​តែ​ភរិយា​មាន​ស្វាមី​ថ្មី​ទៀត​ហើយ ហេតុ​នោះ​ប្រសិន​បើ​ភរិយា​នៅ​រង់ចាំ​ស្វាមី ក៏​ឈ្មោះ​ថា​មិន​មាន​ការ​លែងលះ បើ​ស្វាមី​សឹក​ហើយ​មក​នៅ​រួម​សំវាស បីបាច់​ចិញ្ចឹម​ដូច​ដើម តាម​ន័យ​នេះ មាន​ពាក្យ​ពិភាក្សា​របស់​តុលាការ​ជា​ទីតាំង​មក​ហើយ ហេតុ​នោះ ក្នុង​ប្រទេស​ភូមា ត្រង់​មតិ​ដើម​ដែល​កាន់​ថា ការ​ឧបសម្ប័ទ​មិន​បាន​ទម្លាយ​ការ​សម្ពន្ធ​នោះ​ឱ្យ​រលត់​សោះ​សូន្យ​ទៅ​ទេ នៅ​មាន​លំអាន​ប្រាកដ​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​សេចក្ដី​ពិត​ការ​ដែល​ភរិយា​ផុត​អំណាច​ស្វាមីត្រឹម​គម្រប់ ៧ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​នោះ​បាន​ជា​ឥស្សរៈ​ចំពោះ​ខ្លួន ដូច្នេះ ធ្វើ​ឱ្យ​អ្នក​ស្រុក​យល់​ងាយៗថា ការ​បួស​ជា​ហេតុ​ឱ្យ​ដាច់​ទារ​សម្ពន្ធ។

ក្នុង​ប្រទេស​ថៃ​ក៏​កាន់​ដូច​គ្នា​ថា ” កាល​ស្វាមី​ទៅ​បួស​រមែង​មិន​ជា​ស្វាមី​ភរិយា​គ្នា​ហើយ ដោយ​មាន​មាត្រា ៣៨ នៃ​ច្បាប់​លក្ខណៈ​ប្ដី​ប្រពន្ធ (ច្បាប់​ចាស់) បញ្ញត្តិ​ថា “បុរស​ស្ត្រី​ដែល​នៅ​រួម​បរិភោគ​ជា​ប្ដី​ប្រពន្ធ​ផង​គ្នា កាល​ស្វាមី​មាន​សទ្ធា​លះ​ភរិយា​នូវ​ទ្រព្យ​របស់​ចេញ​ទៅ​បួស​ជា​ភិក្ខុ-សាមណេរ​ហើយ ក្រោយ​នោះ​សឹក​មក​វិញ​មក​នៅ​រួម​នឹង​ស្រី​នោះ បើ​ស្រី​មិន​ស្មគ្រ​ជា​ភរិយា​តទៅ ក៏​ស្រេច​ហើយ​តែ​ចិត្ត​ស្រី ហេតុ​ថា​បួស​ហើយ​ដាច់​ចាក​ភាវៈ​ជា​ប្ដី​ប្រពន្ធ បើ​បុរស​នោះ​កំហែង​ចាប់​ចង​ដោយ​អំណាច លោក​ឱ្យ​ពិន័យ​បុរស​នោះ ដូច​កំហែង​ចាប់​ចង​ស្រី​មេម៉ាយ” តែ​សេចក្ដី​ពិត​ច្បាប់​នេះ​មិន​មែន​ជា​ច្បាប់​ចាស់​មក​ពី​ព្រេង​នាយ​មក​ទេ ជា​ច្បាប់​ដែល​ទើប​បញ្ញត្តិ​ឡើង ក្នុង​រជ្ជកាល​ទី៣ ក្រុង​រតន​កោសិន្ទ្រ​នេះ​ឯង តាម​ព្រះ​រាជ​កំណត់​របស់​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉តហ្វ៉ា ចុះថ្ងៃ​សុក្រ ២ រោច ខែ​ផល្គុន ឆ្នាំ​មមី ចុល្ល​សករាជ ១១៦០ ត្រូវ​នឹង​ថ្ងៃ ២៩ មិថុនា​យន ព. ស. ២៣៤១ បាន​សេចក្ដី​ថា ក្នុងសម័យ​មុន គឺ​សម័យ​ក្រុង​កៅ (ក្រុង​ចាស់) ប្រើ​ច្បាប់​ចាស់​ដ៏​មាន​សេចក្ដី​ថា “ប្រុស​ណា​ធ្វើ​មិច្ឆាចារ​ដោយ​ស្រី​ជា​ភរិយា ដែល​ព្រះ​ស្ដែង​មិន​ទាន់​លះ​ដាច់​អាល័យ ក្នុង​រវាងបីវស្សា ​សឹក​មក​ប្ដឹង​តវ៉ា កាល​ពិចារណា​បាន​សេចក្ដី​ជា​ស័ត្យ​ហើយ ឱ្យ​ពិន័យ​ប្រុស​សហាយ​នោះ” ហេតុ​នោះ​ទើប​ឃើញ​ថា ក្នុង​សម័យ​ក្រុង​កៅ មិន​បាន​កាន់​ថា ការ​បួស​ទម្លាយ​ការ​សម្ពន្ធ​តែ​ម្ដង ព្រោះ​ស្វាមី​អាច​នឹង​មិន​មាន​ចេតនា គិត​នឹង​លះ​ដាច់​តាំង​អំពី​ដំបូង តែ​កាល​បួស​បានបី​វស្សា​ហើយ​មិន​សឹក​មក ភរិយា​មាន​សិទ្ធិ​នឹង​យក​ប្ដី​ថ្មី​ទៀត​បាន ដែល​បញ្ញត្តិ​ដូច្នេះ ក៏​ព្រោះ​ច្បាប់​ទូទៅ​ថា “កាល​ស្វាមី​ទៅ​ស្រុក​ឆ្ងាយ លោក​ឱ្យ​ស្រី​រង់ចាំ ៣ ឆ្នាំ បើ​ផុត​កំណត់​ហើយ​ស្វាមី​មិន​ត្រឡប់​មក​ដល់ សូម្បី​ស្វាមី​គ្មាន​ចេតនា​នឹង​លែងលះ លោក​ថា​ដាច់​ចាក​សម្ពន្ធ​ជា​ស្វាមី​ភរិយា​ហើយ បើ​ស្រី​មាន​សហាយ ឬ​មាន​ប្ដី​ទៀត ឥត​មាន​ទោស​ទេ” ចំណែក​ឯ​ប្ដី​ដែល​បួស ៣ វស្សា​មក​ហើយ ក៏​ចូល​ក្នុង​ចំណោម​ច្បាប់​ទូទៅ​នេះ​ទើប​គាប់​តាម​លំអាន គឺ​ថា​ការ​សម្ពន្ធ​រមែង​ផុត​ប៉ុណ្ណោះ​ហើយ បទ​បញ្ញត្តិ​ទើប​គាប់​ដោយ​ទំនៀម​ទម្លាប់​នឹង​សេចក្ដី​បំណង​ក្នុង​ព្រះ​វិន័យ​ផង។

ការ​ដែល​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉តហ្វ៉ា​ឱ្យ​លើក​ច្បាប់​នោះ​មិន​បាន​អាង​ហេតុ​ផល ក្រៅ​អំពី​ទ្រង់​ឃើញ​ថា មិន​ត្រឹមត្រូវ​ដោយ​បទ​អយ្យការ តែ​សេចក្ដី​ពិត​គួរ​ឱ្យ​ជឿ​ថា ដែល​ទ្រង់​ឱ្យ​លើក​ក៏​ដោយ​ហេតុ​ទំនៀម​ទម្លាប់​របស់​រាស្ត្រ  បាន​កែ​ប្រើ​មក​ហើយ​តាំង​ពី​សម័យ​ក្រុង​កៅ    រហូត​មក​ដល់​រជ្ជកាល​ទី១។

ថា​ដោយ​ហេតុ​អ្នក​ស្រុក​បែរ​មក​កាន់​តាម​ច្បាប់ នឹង​ទំនៀម​ទម្លាប់​របស់​ភូមា ឬ​ដោយ​ហេតុ​ដទៃ​ក៏​ដោយ អ្នក​ស្រុក​ដែល​មិន​បាន​ចូល​ធ្វើ​រាជការ​ជា​មន្ត្រី​កាន់​ថា ការ​បួស​ជា​ហេតុ​ឱ្យ​ដាច់​ចាក​ភាវៈ​ជា​ស្វាមី​ភរិយា សម្ដេច​ព្រះ​ពុទ្ធ​យ៉តហ្វ៉ា​ទទួល​រ៉ាប់រង​សេចក្ដី​កែ​ប្រែ​ក្នុង​ប្រវេណី​ដើម ហើយ​ការ​ជម្រះ​ច្បាប់ ​អ្នក​ជម្រះ​បាន​យក​ច្បាប់​ថ្មី គឺ​មាត្រា ៣៨ នោះ​ឯង​មក​បញ្ចូល​ក្នុង​ច្បាប់​លក្ខណៈ​ប្ដី​ប្រពន្ធ​ដើម តែ​ក្នុង​ខណៈ​ជា​មួយ​គ្នា​នេះ បាន​ត្រា​ព្រះ​រាជ​កំណត់​សម្រាប់​ខ្ញុំ​រាជការ​ដោយ​ចំពោះ បញ្ញត្តិ​ថា “កាល​អ្នក​រាជការ​លា​បួស បើ​អ្នក​ណា​ប្រព្រឹត្ត​កន្លង​ប្រវេណី លប​សហាយ​ស្មន់​នឹង​ភរិយា​អ្នក​បួស​នោះ ឱ្យ​ធ្វើ​ទាំង​ប្រុស​ទាំង​ស្រី​យ៉ាង​ធ្ងន់” ទាំង​នេះ​ក៏​ដោយ​មាន​ព្រះ​រាជ​តម្រិះ​ថា អ្នក​ជា​ខ្ញុំ​រាជការ​ទាំង​ប៉ុន្មាន រមែង​មាន​វាសនា​ផ្សេងៗគ្នា អ្នក​ខ្លះ​មាន​សតិ​បញ្ញា​ច្រើន ឃើញ​ទុក្ខ​ទោស​ក្នុង​ការ​មាន​ទ្រព្យ​និង​បុត្រ​ភរិយា​ក៏​លា​លះ​ដាច់​ខាត​តែ​ម្ដង ដើម្បី​ចូល​បព្វជ្ជា​ឧបសម្ប័ទ​បំពេញ​សមណ​ធម៌​ទៅ ក៏​បាន​សម្រេច​មគ្គ​និង​ផល​រួច​ចាក​សង្សារ​ទុក្ខ អ្នក​ខ្លះ​មាន​សទ្ធា​និង​បញ្ញា​យ៉ាង​កណ្ដាល​និង​យ៉ាង​ឱន​ថយ​នៅ​មាន​អាល័យ​ក្នុង​ទ្រព្យ​សម្បត្តិ​និង​បុត្រ​ភរិយា​លះ​មិន​ដាច់​ស្រេច ក៏​ចូល​បួស​ក្នុង​ព្រះ​ពុទ្ធសាសនា ឱ្យ​ជា​ហេតុ​សិន​ទើប​បាន​ជា​ផល​តទៅ​ក្នុង​វេលា​ក្រោយ កំណត់​បួស​តែ មួយខែ ពីរ​ខែ​ខ្លះ មួយ​ឆ្នាំ​ខ្លះ ពីរបីឆ្នាំ​ខ្លះ ជា​ផ្លូវ​ឱ្យ​បាន​បង្វឹក​ចិត្ត​ឱ្យ​កើត​សតិ​បញ្ញា​ឡើង ដោយ​ឧបជ្ឈាយ៍​អាចារ្យ​និង​មិត្ត​អ្នក​រួម​ព្រហ្មចារី​ជា​មួយ​គ្នា​ជួយ​ប្រដៅ ហើយ​បាន​មគ្គ​ផល​ជា​លោកុត្តរ​សម្បត្តិ​ទៅ តែ​កាល​បួស​ហើយ​ស្រី-ប្រុស អ្នក​មិន​ខ្មាស​បាប មិន​ខ្លាច​បាប រមែង​ធ្វើ​មិច្ឆាចារ​សហាយ​ស្មន់​ធ្វើ​ឱ្យ​អ្នក​បួស​ដែល​មិន​ទាន់​បានបង្វឹក​ចិត្ត​ពេញ​ទី ​តោង​រំភើប​ក្ដៅ​ក្រហាយ មិន​អាច​នឹង​បំពេញ​សមណ​ធម៌​ឱ្យ​បាន​មគ្គ​ផល​តទៅ ចួន​កាល​ក្ដៅ​ក្រហាយ​ខ្លាំង តោង​ត្រឡប់​សឹក​មក​ក្នុង​រវាង​ដើម ឬកណ្ដាល​វស្សា​នោះ​ឯង ធ្វើ​ឱ្យ​ខូច​ព្រះ​ករុណា​បារមី​ដែល​ទ្រង់​តាំង​ព្រះ​រាជ​ហឬទ័យ​ឱ្យ​ខ្ញុំ​រាជការ​បាន​លោកិយ​ម្បត្តិ លោកុត្តរ​សម្បត្តិ ទើប​ទ្រង់​ព្រះ​តម្រិះ​ថា អ្នក​រាជការ​ដែល​លា​បួស ទុក​ដូចជា​អ្នក​មាន​កិច្ចការ​ទៅ​ឆ្ងាយ បុត្រ​ភរិយា​ដែល​នៅ​ខាង​ក្រោយ ទ្រង់​ព្រះ​ករុណា​ការពារ​មិន​ឱ្យ​អ្នក​ឯ​ណា​បៀតបៀន​ធ្វើ​មិច្ឆាចារ​ដល់​ស្រី​ជា​ភរិយា​នោះ​បាន ទើប​មាន​ព្រះ​រាជ​​ឱង្ការ​​ឱ្យ​ត្រា​ព្រះ​រាជ​បញ្ញត្តិ​ធ្វើ​ទោស​ភរិយា​និង​ប្រុស​អ្នក​សហាយ​ស្មន់​តាម​ដែល​ពោល​មក​ខាង​ដើម។

អំពី​នោះ​មក ការ​បួស​ទើប​មាន​ផល​ផ្សេង​គ្នា​តាម​ឋានៈ​របស់​អ្នក​បួស គឺ​អ្នក​រាជការ​ដែល​មាន​បណ្ដា​សក្ដិ ១ យ៉ាង រាស្ត្រ​ធម្មតា ១ យ៉ាង សឹង​ជា​ការ​ចម្លែក ព្រោះ​ការ​អាពាហ៍​ពិពាហ៍​របស់​អ្នក​រាជការ​និង​របស់​រាស្ត្រ​ជា​ការ​អាពាហ៍​ពិពាហ៍​ដូច​គ្នា មាន​សិទ្ធិ​ជា​ស្វាមី​ភរិយា​តាម​ច្បាប់​ប្រវេណី​របស់​ស្រុក​ទេស​ដូច​គ្នា។ ចំណែក​ការ​បួស​ក៏​មាន​ផល​តាម​ព្រះ​វិន័យ​ដូច​គ្នា អ្នក​បួស​នោះ ទោះ​ជា​អ្នក​រាជការ ឬ​ជា​រាស្ត្រ ឥត​មាន​ខុស​គ្នា​ត្រង់​ណា ហេតុ​ម្ដេច​ច្បាប់​ក៏​មិន​គ្រប​ដណ្ដប់​ទួទៅ​គ្រប់​គ្នា តែ​យើង​ខ្ញុំ​ឃើញ​ថា មិន​ចាំ​បាច់​វិនិច្ឆ័យ​ខ​ស្មុគស្មាញ​នេះ ព្រោះ​ឥឡូវ​នេះ ប្រមួន​កុដហ្មាយ​ផែង​និង​ពាណិជ្ជ​បព្វៈ ៥ បាន​បោះពុម្ព​ចេញ​ប្រើ​ជា​ច្បាប់​ជំនួស​ច្បាប់​លក្ខណៈ​ប្ដី​ប្រពន្ធ​ហើយ ចំណែក​ឯ​ព្រះ​រាជ​កំណត់​ក្នុង​រជ្ជកាល​ទី១នោះ ជា​បញ្ហា​ថា បាន​ត្រូវ​លើក​លែង​ប្រើ​ទៅ​ផង​ឬ​ទេ ? យើង​ខ្ញុំ​មិន​ចង់​ពោល​ដល់​ច្បាប់​ក្នុង​បច្ចុប្បន្ន ដែល​សាលា​មិន​ទាន់​ពិចារណា​ជា​បទដ្ឋាន ទើប​សូម​ស្លែះ​តែ​ប៉ុណ្ណេះ​ដោយ​សង្ឃឹម​ថា ពាក្យ​បរិយាយ​របស់​ខ្ញុំ គង់​ជា​ប្រយោជន៍​ណែនាំ​ឱ្យ​វិនិច្ឆ័យ​បញ្ហា​ខ​នេះ​ឱ្យ​ទៀង​ត្រង់​តាម​គន្លង​ធម៌ គួរ​ដល់​ការ​បដិបត្តិ​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធសាសនា និង​ប្រវេណី​ស្រុក​ទេស តែ​បញ្ហា​ខ​នេះ​គ្រាន់​តែ​ជា​តួ​យ៉ាង​ក្នុង​បញ្ហា​ផ្សេងៗដែល​កើត​ឡើង​ដោយ​ទាក់ទង​នឹង​ព្រះ​ពុទ្ធចក្រ នឹង​ព្រះ​រាជ​អាណា​ចក្រ មាន​ច្បាប់​ប្រវេណី​ម្យ៉ាង​ម្នាក់ បញ្ហា​បែប​នេះ​នៅ​មាន​ច្រើន​ហើយ​ស្មុគស្មាញ​ជាង​នេះ ក៏​មាន​ជា​ច្រើន​ខ យើង​ខ្ញុំ​ទើប​សូម​ឱ្យ​លោក​ទាំងឡាយ​ពិនិត្យ​ពិចារណា​តទៅ បាឋកថា​នេះ​ទើប​បាន​សម្រេច​ប្រយោជន៍​ពេញ តាម​សេចក្ដី​បំណង​ត្រឹម​ប៉ុណ្ណេះ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៤៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments