អាភាកថា

សារវន្តកថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សូមនមស្ការចំពោះព្រះត្រៃរត្ន ដោយគោរព។

វេលានេះ សូមសម្ដែងអំពីពាក្យថា “ពន្លឺ” តាមឧគ្ឃោសនសព្ទវិទ្យុជាតិកម្ពុជា ដើម្បីជាគ្រឿងប្រដាប់សតិបញ្ញា និងជាវត្តប្រតិបត្តិនៃពុទ្ធសាសនិកជនគ្រប់ជាន់ថ្នក់ដូចតទៅ ៖

ពាក្យថា ពន្លឺ មាន ៤ យ៉ាងគឺ ៖ ពន្លឺព្រះអាទិត្យ ១ ពន្លឺព្រះចន្ទ្រ ១ ពន្លឺភ្លើង ១ ពន្លឺប្រាជ្ញា ១។

ពន្លឺទាំង ៤ យ៉ាងនេះ សូមអធិប្បាយដូចតទៅ ៖

១- ពន្លឺព្រះអាទិត្យ សម្រាប់ឆ្លុះបំភ្លឺបានតែត្រឹមវេលាថ្ងៃប៉ុណ្ណោះ បើខុសពីវេលាថ្ងៃហើយ កុំសង្ឃឹមថាមានពន្លឺអាចនឹងឆ្លុះបំភ្លឺសត្តនិករឱ្យប្រកបការងារផ្សេងៗ នោះបានឡើយ។

២- ពន្លឺព្រះចន្ទ្រក៏ឆ្លុះបំភ្លឺបានត្រឹមតែវេលាយប់ប៉ុណ្ណោះ បើខុសពីវេលាយប់ហើយ មិនអាចនឹងបំភ្លឺនូវធម្មជាតិឱ្យភ្លឺស្វាង ដោយសារតែពន្លឺខ្លួនបានឡើយ។

៣- ពន្លឺភ្លើង មានប្រទីប ចង្កៀងជាដើម ទ្រោលបំភ្លឺបានតែត្រឹមព្រំដែនរបស់ខ្លួនប៉ុណ្ណោះ បើផុតពីព្រំដែនរបស់ខ្លួនហើយ ក៏មិនអាចនឹងឆ្លុះបញ្ចាំងបំភ្លឺបានទេ។

បណ្ដាពន្លឺទាំង ៣ ដែលបានសម្ដែងមកខាងលើនេះ មានអានុភាពអាចឆ្លុះបំភ្លឺបាន ចំពោះតែវត្ថុដែលមាននៅខាងក្រៅប៉ុណ្ណោះ មិនអាចឆ្លុះបំភ្លឺឱ្យឃើញអាថ៌កំបាំងជ្រៅទូលាយបានទេ គឺឆ្លុះក្នុងសន្ដានរបស់សត្វលោកឱ្យឃើញឱ្យស្គាល់ថា នេះជាហេតុនៃទុក្ខ នេះជាហេតុនៃសុខ ជាហេតុនៃវិនាស ចម្រើន ឬថា ឱ្យស្គាល់គុណ-ទោសបុណ្យបាបដូច្នេះ ពុំបានឡើយ គ្រាន់បំភ្លឺឱ្យដឹងពេលយប់ថ្ងៃល្ងាចព្រឹកប៉ុណ្ណោះ ឬថា សម្រាប់ចម្អិននូវភោជនាហារ ដែលជួយគាំទ្រជីវភាពឱ្យរស់នៅ ដើម្បីនឹងត្រិះរិះរកពន្លឺឧត្ដមវិសេសតទៅទៀត។

៤- ពន្លឺប្រាជ្ញា ទើបអាចឆ្លុះបំភ្លឺឱ្យឃើញនូវហេតុផល នៃសុខ ទុក្ខ ចម្រើន វិនាសបាន ព្រមទាំងមានកម្លាំងអាចឆ្លុះបំភ្លឺឱ្យវិសេសជាងពន្លឺដទៃដូចមានពុទ្ធភាសិតថា ៖

នត្ថិ បញ្ញា សមាអាភា រកពន្លឺអ្វីឱ្យភ្លឺស្មើនឹងពន្លឺប្រាជ្ញានេះគ្មាន។

បុគ្គលដែលសម្អាតចិត្តរបស់ខ្លួនឱ្យបរិសុទ្ធផុតស្រឡះចាកគ្រឿងសៅហ្មងបាន ក៏ព្រោះប្រាជ្ញា។ ក៏បញ្ញានេះ លោកប្រៀបដូចកែវភ្នែក នរជនអាចគយគន់គុណទោស ដែលជាមេនាំឱ្យមាននៅក្នុងចិត្ត ទោះបីបន្តិចក៏អាចសម្លឹងឃើញច្បាស់លាស់ ហើយចម្រើនឬលះបង់ចោលចេញបើទុកជាទោសធ្លាប់ប្រឡាក់ប្រឡូសមកពីមុន ព្រោះតែល្ងង់ខ្លៅងងឹត មិនដឹងអ្វីសោះ ក៏គង់ត្រឡប់បរិសុទ្ធល្អបាន សមដូចសុភាសិតថា បញ្ញាយបរិសុជ្ឈតិ បុគ្គលដែលបរិសុទ្ធបាន ដោយសារប្រាជ្ញា។

បុគ្គលដែលឥតប្រាជ្ញាមិនអាចធ្វើខ្លួនឱ្យមានសិរីជ័យមង្គលបានទេ មានតែជនអ្នកមានប្រាជ្ញា ទើបតម្កល់ខ្លួនឯងនឹងអ្នកដទៃឱ្យថ្លៃថ្លាបាន ដូចសុភាសិតថា បញ្ញា ចេនំ បសាសតិ បញ្ញាតែងរក្សានូវបុរស-ស្ត្រី។ ព្រោះហេតុនោះ បានជាអ្នកប្រាជ្ញពន្យល់ថា ប្រាជ្ញានេះសំខាន់បំផុតក្នុងពេលដែលប្រកបកិច្ចការគ្រប់យ៉ាង ឱ្យបានសម្រេចទាំងអស់ ថែមទាំងអាចដោះខ្លួនអំពីសេចក្ដីអន្តរាយដល់ជីវិត បានដោយងាយ។

ន័យមួយទៀតថា បញ្ញាដែលនឹងកើតមានដល់បុគ្គលណា បុគ្គលនោះ ត្រូវរកគ្រឿងទព្វសម្ភារៈមកជំនួយជួយឧបត្ថម្ភ ឯគ្រឿងជំនួយនោះបានដល់បញ្ញាវុឌ្ឍិធម៌។ បញ្ញាឌ្ឍិធម៌មាន ៤ យ៉ាងគឺ ៖

          ១- សប្បុរិសូបសំសេវៈ ការចូលទៅសេពគប់សប្បុរស

          ២- សទ្ធម្មស្សវនៈ ការស្ដាប់ព្រះសទ្ធម្ម

          ៣- យោនិសោមនសិការៈ ការធ្វើទុកក្នុងចិត្តដោយឧបាយ

          ៤- ធម្មានុធម្មប្បដិបត្តិ  ការប្រតិបត្តិនូវធម៌សមគួរដល់ធម៌។

ទី ១ សេចក្ដីឈ្លាសវៃស្ទាត់ជំនាញក្នុងការងារ ព្រមទាំងកិរិយាមារយាទត្រឹមត្រូវល្អ និងបញ្ញាដែលសម្រាប់សង្កេតរកហេតុផល នឹងកើតឡើងបាន ក៏មកពីការចូលទៅអង្គុយជិតស្និទ្ធស្នាលភប់ប្រសព្វនឹងលោកអ្នកស្ងប់រម្ងាប់ដោយកាយវាចា ចិត្តហៅថា “សប្បុរិសូបសំសេវ”។

ទី ២ បើចូលទៅអង្គុយជិតអស់លោកអ្នកសប្បុរសហើយ កុំគ្រាន់តែនៅជាមួយនោះ ឥតបានសម្រេចគុណប្រយោជន៍អ្វីទេ ត្រូវស្ដាប់ឱវាទលោកអ្នកសប្បុរស ដែលលោកទូន្មានប្រៀនប្រដៅឱ្យមានរបៀបរៀបរយល្អ ហើយប្រុងស្មារតីចាំស្ដាប់ ចំពោះពាក្យប្រៀនប្រដៅរសប់លោកដោយគោរព ហៅថា “សទ្ធម្មស្សវនៈ”។

ទី ៣ បើបុរសស្ត្រីណា បានស្ដាប់ព្រះសទ្ធម្មដោយគោរពហើយត្រូវរិះរកហេតុផលឱ្យស្គាល់ល្អអាក្រក់ ដោយយោបល់ដ៏ប្រពៃ គឺឱ្យត្រឹមត្រូវតាមគន្លងធម៌។

បណ្ដាកិច្ចការគ្រប់ជំពូកក្នុងលោកនេះ ដែលបុគ្គលធ្វើហើយក្ដី កំពុងធ្វើក្ដី ក៏ត្រូវតែមានយោនិសោមនសិការ គឺយកចិត្តទុកដាក់ក្នុងកិច្ចការនោះ ៗ ទើបអាចសម្រេចទៅបាន បើមិនដូច្នេះទេ បញ្ញា ក៏មិនកើតមានឡើយ សមដូចពុទ្ធភាសិតក្នុងគម្ពីរខុទ្ទកនិកាយថា នត្ថិ បញ្ញា អឈាយិនោ បុគ្គលដែលមិនរំពឹងពិនិត្យ​ល្បងមើល មិនដែលមានបញ្ញាឡើយ។ ហេតុនោះ លុះត្រាតែស្ទង់មើលពិនិត្យពិច័យឱ្យច្បាស់លាស់ទើបកើតបញ្ញាដ៏ក្លាហានបាន។

កាលបើសិក្ខាកាម កុមារា កុមារីទាំងឡាយមានប្រាថ្នានឹងសិក្សាវិជ្ជាផ្លូវលោក ផ្លូវធម៌ណាមួយ ក៏ត្រូវប្រើគំនិតគិតតាមពាក្យប្រដៅ ស្ដាប់ពាក្យរបស់លោក ព្រោះថា ពាក្យប្រៀនប្រដៅនេះ ជាមេគំនិតមួយយ៉ាងសំខាន់បំផុត នាំឱ្យកើតបញ្ញាសេចក្ដីឆ្លៀវឆ្លាសឡើងបាន សមដូចសុភាសិតថា សុតមយបញ្ញា ប្រាជ្ញាកើតឡើងដោយសារការស្ដាប់។

ព្រោះហេតុនោះ ការដែលត្រិះរិះដោយឧបាយដ៏ប្រពៃនេះ អ្នកប្រាជ្ញទ្រង់ចាត់ថា គុណធម៌ជាគ្រឿងចម្រើនបញ្ញា ដ៏សំខាន់បំផុត នេះហៅថា “យោនិសោមនសិការ”។

ទី ៤ បើបានត្រិះរិះ ដោយយោបល់ដ៏ប្រពៃតាមគន្លងធម៌ហើយត្រូវប្រតិបត្តិឱ្យសមគួរដល់ធម៌នោះ ៗ ទើបបានចួបប្រទះនឹងសេចក្ដីសុខ-ចម្រើន តាមសមគួរដល់សេចក្ដីប្រតិបត្តិរបស់ខ្លួន។ ម្យ៉ាងទៀត បុគ្គលចំពូកខ្លះប្រព្រឹត្តធម៌នឹងគេដែរ តែមិនបានចួបប្រទះនឹងសេចក្ដីសុខ-ចម្រើនដ៏បរិបូណ៌សោះ មកពី​ការប្រតិបត្តិធម៌ មិនទាន់សមគួរដល់ធម៌ គឺប្រព្រឹត្តជ្រុលហួសហេតុជាងការចេះដឹងរបស់ខ្លួនក៏មាន ធូរថយជាងការចេះដឹងក៏មាន បានជាមិនចួបប្រទះនឹងសេចក្ដីសុខ-ចម្រើន ដែលជាកម្រៃនៃសេចក្ដីប្រតិបត្តិ ដោយគ្រប់គ្រាន់សោះ។ លុះណាតែប្រតិបត្តធម៌ឱ្យសមគួរដល់ធម៌នោះ ទើបប្រយោជន៍សព្វយ៉ាងសម្រេចទៅបាន នេះហៅថា “ធម្មនុធម្មប្បដិបត្តិ”។

ឯពន្លឺពោលគឺបញ្ញានេះ មិនមែនមានតែក្នុងសន្ដានបុរសទេ សូម្បីជាស្ត្រីក៏ដោយ គង់មានបញ្ញាដែរ ដូចសុភាសិតក្នុងគម្ពីរខុទ្ទកនិកាយថា នសោ សព្វេសុ ឋានេសុ បុរិសោ ហោតិ បណ្ឌិតោ ឥត្ថីបិ បណ្ឌិតា ហោតិ តត្ថ តត្ថ វិចក្ខណា ។

បុរសមិនមែនឈ្មោះថាជាបណ្ឌិត ក្នុងទីទាំងពួងទេ ទោះបីជាស្ត្រីក៏ដោយ ឱ្យតែមានសេចក្ដីវាងវៃ ក៏គង់ឈ្មោះថាជាបណ្ឌិតបានដែរ។

ម្យ៉ាងទៀត ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់ត្រាស់ដាស់​តឿនឱ្យខំដុសខាត់បញ្ញាឱ្យល្អ ហើយរកគ្រឿងជំនួយជួយដែលនៅលាយឡំនឹងបញ្ញាដូចជាអំបិលដែលនៅលាយឡំនឹងម្ហូបសម្លដូច្នោះ ឯបញ្ញាក៏មានគុណធម៌ដទៃជាច្រើនយកមកជួយផងដែរ។

ហេតុនឹងហើយ បានជាព្រះសម្ពុទ្ធទ្រង់ត្រាស់ថា គុណជាតិដែលសម្រេចប្រយោជន៍ដោយឆាប់រហ័ស ដូចចិត្តប្រាថ្នាយ៉ាងនេះ ក៏ជាតួបញ្ញាដោយពិត។

ឯធម៌នោះ បានដល់ឥទ្ធិបាទ ៤ ឬវេសារជ្ជករណធម៌ទាំង ៥។ ឥទ្ធិបាទ ៤ នោះគឺ ៖

          ១- ឆន្ទៈ ការចូលចិត្តស្រឡាញ់ក្នុងកិច្ចការនោះ ៗ

          ២- វីរិយៈ ការព្យាយាមប្រកបកិច្ចការនោះ ៗ

          ៣- ចិត្តៈ យកចិត្តទុកដាក់ក្នុងកិច្ចការនោះៗ មិនលះបង់ធុរៈចោល

          ៤- វិមំសា ឧស្សាហ៍ពិចារណាត្រិះរិះរកហេតុ-ផលនោះ ៗ។

សេចក្ដីថា ការចូលចិត្តស្រឡាញ់វិជ្ជាផ្លូវលោកក្ដី ផ្លូវធម៌ក្ដី លុះតែខំស្វះស្វែងរក ទើបបានចួបប្រទះនឹងចំណេះវិជ្ជាការចេះដឹង ហើយត្រូវមានសេចក្ដីព្យាយាម ថែរក្សានូវការចេះដឹងឱ្យមាំទាំឡើង ត្រូវដុសខាត់ចំណេះវិជ្ជារបស់យើង ឱ្យមានពន្លឺភ្លឺរុងរឿង កុំឱ្យសាបសូន្យទៅវិញបានខំប្រឹងប្រែងក្នុងការចេះដឹង មិនលះបង់ចោល ឧស្សាហ៍ត្រិះរិះរកហេតុផលបានដល់កុសលវិតក្កទាំង ៣ គឺសេចក្ដីត្រិះរិះចេញចាកតាម ដើម្បីកាន់ឧត្ដមភេទ ១ សេចក្ដីត្រិះរិះ មិនយកចិត្តចងគំនុំគុំកួន ចំពោះសត្វនិងសង្ខារ ១ សេចក្ដីត្រិះរិះមិនបៀតបៀនអ្នកដទៃ ឱ្យបានសេចក្ដីរងទុក្ខវេទនាដោយសារខ្លួន ១។

ធម៌សម្រាប់អ្នកប្រតិបត្តិតាម ឱ្យមានបញ្ញាអង់អាចក្លាហានបន្ថែមទៀតតាមក្រសែពន្លឺនោះៗ គឺវេសារជ្ជករណធម៌មាន ៥ យ៉ាងគឺ ៖

          ១- សទ្ធា ការជឿវត្ថុដែកគួរជឿ

          ២- សីលៈ ការរក្សាកាយវាចាចិត្ត ឱ្យរៀបរយល្អ

          ៣- ពាហុសច្ចៈ ភាវៈជាអ្នកសិក្សារៀនសូត្រច្រើន

          ៤- វីរិយារម្ភៈ ការប្រាថ្នាសេចក្ដីព្យាយាម

          ៥- បញ្ញា សេចក្ដីដឹងប្រាកដ ចំពោះរបស់ដែលគួរដឹង។

ទី ១ សទ្ធា ការជឿចំពោះវត្ថុទាំង ៣ ប្រការ មានព្រះពុទ្ធជាដើមដែលជាវត្ថុសក្ដិសិទ្ធ ប្រសើរលើសលុប នឹងរកវត្ថុដទៃប្រសើរជាងគ្មាន។ ជំនឿបែបនេះ ជាគ្រឿងប្រកបផ្សំឱ្យបញ្ញាក្លាហានមួយផ្នែកដែរ។

ទី ២ សីលៈ  ការរក្សាកាយវាចាចិត្តឱ្យមានរបៀបរៀបរយល្អ គឺសហធម្មិក ក្នុងព្រះពុទ្ធសាសនានេះ ជាបុគ្គលមានសីលបរិបូណ៌ ពេញលេញ សង្រួមប្រយត្នដោយធម៌ជាគ្រឿងឃុំគ្រងទុក មិនធ្វេសប្រហែសក្នុងការរក្សាសិក្ខាបទទាំងឡាយ ដែលជាពុទ្ធប្បញ្ញត្តិខ្លះ ពុទ្ធានុញ្ញាតខ្លះ ព្រមទាំងជាអ្នកសម្បូណ៌​ដោយ​អាចារ​និងគោចរដ៏សមគួរ ឃើញភ័យទុក្ខ​ទោសសូម្បីមានប្រមាណតិចតួចជាប្រក្រតី ហើយសមាទាននិងរក្សារៀនសូត្រសិក្ខាបទទាំងឡាយនោះៗ។

ទី ៣ ពាហុសច្ចៈ  ភាវៈជាអ្នកសិក្សារៀនសូត្រច្រើន ហើយទ្រទ្រង់នូវធម៌ ដែលខ្លួនបានរៀនសូត្រ បានស្ដាប់ចេះចាំនោះៗ ព្រមទាំងសន្សំនូវធម៌មានពីរោះបទដើម-កណ្ដាល-ចុង ប្រកាសនូវព្រហ្មចរិយៈព្រមទាំងអត្ថនិងព្យញ្ជនៈ ពេញគ្រប់គ្រាន់បរិសុទ្ធគ្រប់យ៉ាង មិនមានសេសសល់ ធម៌ទាំងពួងដែលមានសភាពដូច្នេះ លោកបានរៀន បានស្ដាប់ចេះដឹងច្រើន ហើយទ្រទ្រង់សន្សំទុក ត្រិះរិះពិចារណាដោយចិត្ត និងបានចាក់ឆ្លុះធម៌ល្អ ដោយសេចក្ដីយល់ឃើញត្រូវ។

ទី ៤ វីរិយារម្ភៈ ការប្រារព្ធសេចក្ដីព្យាយាម គឺពុទ្ធបរិស័ទក្នុងព្រះពុទ្ធសាសនា ជាបុគ្គលបានប្រឹងប្រែងឧស្សាហ៍ ដើម្បីលះបង់នូវអកុសលធម៌ ហើយបំពេញកុសលធម៌ ជាអ្នកមានកម្លាំងកំហែងនិងសេចក្ដីប្រឹងប្រែងដ៏មាំមួន មិនលះកិច្ចធុរៈ ក្នុងកុសលធម៌ចោលឡើយ សមដូចសុភាសិតថា ៖

 វីរិយពលោ ភិក្ខវេ អរិយស្សាវកោ

អកុសលំ បជហតិ កុសលំ ភាវេតិ

សាវជ្ជំ បជហតិ អនាវជ្ជំ ភាវេតិ

សទ្ធម្មា ន បរិហាយតិ ។

ម្នាលភិក្ខុទាំងឡាយ អរិយសាវកតែងមានសេចក្ដីព្យាយាមជាកម្លាំង លះបង់នូវអកុសលធម៌ទាំងអស់ មិនឱ្យដិតដាមនៅក្នុងចិត្ត ហើយញ៉ាំងកុសលធម៌ឱ្យចម្រើនឡើង លះបង់នូវចំណែកធម៌ដែលជាទោសហើយញ៉ាំងចំណែកធម៌ដែលជាគុណឱ្យចម្រើនឡើង រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម។

ទី ៥ បញ្ញា ការដឹងប្រាកដចំពោះវត្ថុដែលគួរដឹង ជាគុណជាតិប្រកបព្រមដោយបញ្ញា ជាគ្រឿងពិចារណាឃើញការកើតនិងការរលត់នៃសង្ខារទាំងពួងដោយជាក់ច្បាស់ ជាបញ្ញាដ៏ប្រសើរ អាចកម្ចាត់កិលេសសេចក្ដីសៅហ្មងរបស់ចិត្តឥតមានសល់ និងជាគ្រឿងធ្វើឱ្យដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ ឬពិចារណាឃើញច្បាស់នូវអរិយសច្ចទាំង ៤ រហូតដល់បានសម្រេច នូវធម៌ជាន់ខ្ពស់ មានសោតាបត្តិផលជាដើមហើយកាច់ផ្ដាច់ផ្ដិលនូវសំយោជនៈ ១០ យ៉ាងគឺ ៖

          ១- សក្កាយទិដ្ឋិ សេចក្ដីយល់ឃើញថា ខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួនទាំងអស់។

          ២- វិចិកិច្ឆា សេចក្ដីសន្និះសង្ស័យមិនចេះដាច់ស្រេច ក្នុងខន្ធទាំង ៥ ដែលមានក្នុងកាល ៣ គឺ កាលដែលកន្លងហួសទៅហើយ អាត្មាអញធ្លាប់បានកើតជាអ្វីដែរឬទេ ? តំណតទៅមុខ អាត្មាអញមានខ្លួនដែរឬមិនមានទេ ? ឥឡូវនេះ អញឬមិនមែនអញ ?

          ៣- សីលព្វតរាមាសៈ សេចក្ដីបោសអង្អែល ប្រកាន់វត្តប្រតិបត្តិប្រក្រតីរបស់ខ្លួន គឺប្រកាន់ថា នេះវត្តបរិសុទ្ធជាដើម។

          ៤- កាមច្ឆន្ទៈ សេចក្ដីត្រេកត្រអាលក្នុងកាមភព។

          ៥- ព្យាបាទ  ចិត្តចងគំនុំអ្នកដទៃឱ្យវិនាស។

          ៦- រូបរាគៈ សេចក្ដីត្រេកត្រអាល ក្នុងរូបភព។

          ៧- អរូបរាគៈ សេចក្ដីត្រេកត្រអាល ក្នុងអរូបភព។

          ៨- មានៈ សេចក្ដីរបឹងរឹងរូស ប្រកាន់ខ្លួន។

          ៩- ឧទ្ធច្ចៈ សេចក្ដីរាយមាយចិត្ត។

          ១០- អវិជ្ជា សេចក្ដីល្ងង់ខ្លៅ វង្វេងងងេងងងោង មមិងមមាំងមិនដឹងអី។

សំយោជនធម៌ទាំង ១០ យ៉ាងនេះឯង ចងឆ្វាក់រួតរឹតចិត្តសត្វឱ្យសៅហ្មង មិនឱ្យមានពន្លឺរស្មីកើតឡើងបាន ហើយញ៉ាំងសត្វឱ្យវិលវល់កើតស្លាប់ៗក្នុងវដ្ដសង្សារ។

យោគាវចរកុលបុត្រ ដែលលោកបានកាត់ដ្ដាច់ផ្ដិលនូវសំយោជនធម៌ទាំងនេះបាន តាមលំដាប់នៃអរិយមគ្គទាំង ៤ មានសោតាបត្តិមគ្គិជាដើមឱ្យជ្រះស្រឡះចាកខន្ធសន្ដានទៅបាន ដោយអំណាចនៃអរិយមគ្គញ្ញាណគឺជាប្រាជ្ញាជាន់ខ្ពស់ កាលបើយោគាវចរកុលបុត្រស្វែងរកគ្រឿងផ្សំនឹងបញ្ញា បានចួបប្រទះហើយ មុខជានឹងបានសម្រេចនូវសុខ-ចម្រើន ក្នុងជាតិនេះ និងជាតិខាងមុខទៀត មិនលែងឡើយ។

បញ្ញាបើមានក្នុងសន្ដានចិត្តនៃបុគ្គលណា ហើយបុគ្គលនោះអាចរកហេតុផល ដែលជាឧបាយជួយដោះទុក្ខទោសអ្នកដទៃ បានដោយងាយព្រមទាំងសេចក្ដីអន្តរាយរបស់ខ្លួនឯងទៀត ឥតទើសទាក់។

ការសម្ដែងអំពីពន្លឺ ៤ ប្រការ គឺ ពន្លឺព្រះចន្ទ ពន្លឺព្រះអាទិត្យ ពន្លឺភ្លើង ពន្លឺបញ្ញា ក៏សន្មតថា ចប់តែប៉ុណ្ណេះ ឯវំ។

និគមវចនៈ

ពន្លឺក្នុងលោកបួនប្រការ            ភ្លឺច្បាស់អស្ចារ្យត្រចះចែង
ព្រះចន្ទ្របំភ្លឺលោកច្បាស់ទែង     គ្រប់ទីកន្លែងក្នុងពេលយប់ ។
ឯព្រះអាទិត្យមានអាភា              ភ្លឺតែវេលាថ្ងៃលើសលុប
ដល់ពេលរាត្រីអាកាសខ្ទប់          ឱ្យងងឹតឈ្លប់បាត់រស្មី ។
ឯពន្លឺភ្លើងផងទាំងឡាយ           ដែលភ្លឺសុះសាយលើផែនដី
ដោយសារគេដុតឧសប្រេងក្ដី     ទើបមានរស្មីភ្លឺឡើងបាន។
រីឯពន្លឺគឺប្រាជ្ញា                         ភ្លឺឥតឧបមាយល់សព្វឋាន
បំភ្លឺដឹកនាំសត្វគ្រប់ប្រាណ         ឱ្យបានឈ្វេងយល់ផ្លូវបាបបុណ្យ ។

របស់ភិក្ខុ កែវ-សារឿន ទេសនាតាមវិទ្យុជាតិពីថ្ងៃ ៥-៦-៥៨

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments