ឧកញ៉ាភក្តីរាជា យ៉ាំង អាចារ្យបង្រៀនសាលាបាលីជាន់ខ្ពស់
ដកយកពីគម្ពីរខុទ្ទកបាឋ ហើយប្រែចេញពីបាលីមកជាភាសាខ្មែរ
នមស្ការ
ពុទ្ធធម្មញ្ជសំឃញ្ច នស្សិត្វាគុណាលយំ
បវក្ខាមិសមាសេន ពាលចិត្តប្បពោធនំ។
ខ្ញុំនាមសុមេធបណ្ឌិតភិក្ខុ សូមនមស្ការនូវព្រះពុទ្ធជាម្ចាស់ ព្រះធម៌ជាម្ចាស់ នូវព្រះសង្ឃជាម្ចាស់ ជាទីលំនៅនៃគុណទាំងពួង ហើយនិងសម្តែងនូវពាលចិត្តប្បពោធនសូត្រដោយសេចក្តីសង្ខេប។
សេចក្តីថា ពពួកសត្វទាំងឡាយបង្កើតលើផ្ទៃផែនដីសុទ្ធតែជាសត្វខ្លៅល្ងង់ លុះនូវអំណាចនៃលោភៈនិងទោសៈ សម្គាល់នូវខ្លួនថាជាល្អថាសុខដោយចិត្តកម្លៅអស់កាលទាំងពួង។
ឯរាងកាយរបស់គេយើងរាល់គ្នានេះ ជាទីអាស្រ័យនូវរោគផ្សេងៗ បីដូចជាក្អមពេញទៅដោយថ្នាំពិសពុល ពុំនោះសោតបីដូចជានគរបីសាច ព្រោះរាងកាយជារបស់ធ្វើនូវសេចក្តីភ័យមានប្រមាណច្រើន រាងកាយតែងរលត់ទៅក្នុងវ័យនិងមិនគឺវ័យ បីដូចជាពពុះទឹក គឺសេចក្តីសោកតែងបៀតបៀនហើយបីដូចជាដំបៅដែលកូនសរវាមុត រាងកាយនេះគឺរាជនិងសោកគ្របសង្កត់ហើយ បីដូចជាផ្កាឈូកដែលបុគ្គលប្របាច់ដោយដៃ រាងកាយគឺបុគ្គលចិញ្ចឹមរក្សាហើយប្រកបដោយទុក្ខច្រើនបីដូចជាកូនកំណាចដែលមាតាចិញ្ចឹមរក្សា។
ជនទាំងឡាយឯណាសេពគប់នូវរាងកាយក្នុងលោកនេះ ឧបមាដោយកិរិយាសេពគប់ដោយសត្វអាសិរពិសពស់ ជនទាំងឡាយឯណាដេកច្រើន សេចក្តីទុក្ខទាំងឡាយនឹងកើតដល់បុគ្គលទាំងឡាយនោះច្រើនដែរ បីដូចជាសត្រូវគឺខ្លួនចិញ្ចឹមរក្សា។
រាងកាយគឺជរាបៀតបៀនហើយ បីដូចជាគប់ភ្លើងឆេះស្មៅដែលស្ថិតនៅក្នុងទីច្រាសខ្យល់ ជនទាំងឡាយឯណាសេពគប់រាប់អានរាងកាយហើយ ជនទាំងឡាយនោះប្រកបដោយសេចក្តីលំបាកពេកណាស់ បីដូចជាដុំដែកក្តៅគឺបុគ្គលញាំញីហើយមុខជានឹងក្ដៅរលាកមិនខាន រាងកាយមានសេចក្តីសុខតិចណាស់ បីដូចជាតំណក់ទឹកសន្សើម មានទុក្ខច្រើនដូចទឹកសមុទ្ទតែងហូរទៅក្នុងលោកអស់កាលទាំងពួង រាងកាយមានទុក្ខពេកណាស់ ដល់សត្វមានអាយុវែងក្តីសត្វដែលមានអាយុតិចក្តី សេចក្តីទុក្ខនិងស្លាប់ក៏សឹងមានដូចគ្នា ជនពាលទាំងឡាយជាបុគ្គលប្រមាទ មានសភាពជាអ្នកសម្គាល់នូវខ្លួនថាជាសុខ តែងប្រាថ្នានូវរាងកាយគឺទុក្ខអំពីសេចក្តីស្លាប់បៀតបៀនហើយ មានប្រការផ្សេងៗ យ៉ាងនេះឯង ជនទាំងឡាយប្រកបដោយជាតិជាបណ្ឌិត ឃើញនូវរាងកាយមានទុក្ខពន់ពេកដូច្នេះហើយ តែងរិះគិតរកនូវឧបាយដើម្បីដោះខ្លួនឱ្យរួចផុតចាកទុក្ខពិតប្រាកដ ទុក្ខលក្ខណវគ្គជាបឋម ក្នុងពាលចិត្តប្បពោធនកថា មានដោយប្រការដូច្នេះ។
អនិច្ចលក្ខណវគ្គ គម្រប់២
សេចក្តីថា ជនទាំងឡាយជាបុគ្គលមានប្រាជ្ញាខ្លៅ តែងសម្គាល់ដឹងនូវខន្ធបញ្ចកៈគឺ (រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ) ជារបស់មិនទៀង ព្រោះខន្ធបញ្ចកៈមានសភាពកើតឡើងនិងវិនាសទៅវិញ ថាជារបស់ល្អថាជារបស់ទៀតក្នុងកាលទាំងពួង ម្យ៉ាងវិញទៀតជរាតែងកម្ចាត់បង់នូវរូបជាទីសម្លាញ់របស់សត្វទាំងឡាយ រោគទាំងពួងតែងកម្ចាត់នូវកម្លាំង ឯស្តេចមច្ចុតែងកម្ចាត់បង់នូវជីវិត ភោគសម្បត្តិទាំងឡាយក្តី កូនប្រុសស្រីទាំងឡាយក្តី បុរសជាផៅពង្សឬជាមិត្តសម្លាញ់ទាំងឡាយក្តី យានជំនិះទាំងឡាយក្តី ស្រែចម្ការច្បារដំណាំទាំងឡាយក្តីរបស់អ្វីនីមួយគួរគប្បីទៅតាមខ្លួនបាន សូម្បីស្ថិតនៅក្នុងស្ថានកាមាវចរទាំងឡាយ តែងត្រេកអរហើយក្នុងកាមគុណដ៏ជាទិព្វក៏គង់តែលះបង់នូវរាងកាយជារបស់ខ្លួន ដោយកិរិយាអស់បុណ្យនិងអស់អាយុពុំលែងឡើយ ទោះរូបព្រហ្មទាំងឡាយក្តី អរូបព្រហ្មទាំងឡាយក្តី មានប្រក្រតីចម្រើននូវឈាន មានឫទ្ធិអានុភាពច្រើន កាលញ៉ាំងទិសទាំងឡាយឱ្យភ្លឺស្វាងរុងរឿងបាន ព្រហ្មទាំងឡាយនេះក៏តែងលះបង់នូវអត្តភាពជារបស់ខ្លួនពុំខាន ទោះព្រះពុទ្ធទាំងឡាយក្តី ព្រះបច្ចេកពុទ្ធទាំងឡាយក្តី សាវ័កទាំងឡាយក្តី ប្រកបដោយឫទ្ធិច្រើន ដែលជាទីលំនៅនៃគុណមានសីលគុណជាដើម មានមន្ទិលគឺកិលេសមានរាគៈជាដើមប្រាសចាកអំពីសន្តានចិត្តហើយ ព្រះអរិយបុគ្គលទាំងឡាយទាំងពួងមានព្រះពុទ្ធជាដើម លោកក៏ដល់នូវអំណាចនៃមច្ចុរាជពុំលែង ទោះសមុទ្ទគឺបុគ្គលមិនគប្បីប្រមាណទាំងឡាយ ជាអណ្តូងជាទីកើតនៃកែវទាំងឡាយ មានត្រើយច្រាំងគឺបុគ្គលឃើញមិនបានមានជម្រៅដ៏ជ្រាលជ្រៅ សមុទ្ទទាំងឡាយអម្បាលនោះ ក៏គង់ដល់នូវអំណាចនៃអនិច្ចធម៌ដូចគ្នា ទោះភ្នំសិនេរុនិងផែនដីទាំងមូលព្រមទាំងសមុទ្ទព្រមទាំងភ្នំដទៃក្តី សត្វទាំងឡាយដែលត្រាច់ទៅលើផែនដីក្តី ក៏គង់ដល់នូវសេចក្តីវិនាសនោះសូន្យទៅក្នុងកាលទីបំផុតនៃយុត្តកាលពុំខានឡើយ ទោះទាំងភូមិភពទាំងឡាយអំពីខាងក្រោមស្ថានអភស្សរាក៏គង់ដល់នូវភាវៈជាអាកាសទទេពុំបាននឹងនៅ បីដូចជាគ្រាប់ស្ពៃស្ថិតនូវចុងដែកស្រួច នឹងបាច់ពោលទៅថ្វីក្នុងសរីរកាយរបស់សត្វទាំងឡាយ។
ជនទាំងឡាយឯណាជាអ្នកប្រាជ្ញ អាចដឹងហើយនូវរាងកាយ ថាជារបស់មានសភាពទៀងយ៉ាងនេះហើយ តែងប្រព្រឹត្តធ្វើបុណ្យឱ្យទានមានប្រការផ្សេងៗ សូម្បីឱ្យរួចចេញចាកភពទាំងបី ប្រការគឺកាមភព រូបភព អរូបភព នេះហោង។
អនិច្ចលក្ខណវគ្គគម្រប់២ ក្នុងពាលចិត្តប្បពោធនមានដោយប្រការដូច្នេះឯង។
អនត្តលក្ខណវគ្គ គម្រប់៣
សេចក្តីថា សំឡេងពោលថារថដូច្នេះព្រះប្រជុំ អវយវៈ ដោយប្រការឯណា សម្មតិដូច្នេះថាខ្លួនព្រោះប្រជុំនាមនិងរូបដោយប្រការដូច្នោះ សំឡេងហៅថា រថដូច្នេះបើនាំយកនូវអវយវៈចេញហើយក៏ពុំមានយ៉ាងណាមិញសម្មតិដូច្នេះថា ខ្លួនបើនាំយកនូវនាមនិងរូបចេញហើយក៏ពុំមានយ៉ាងដូច្នោះឯង រាងកាយមិនមែនខ្លួនយ៉ាងនេះ បីដូចជាភូតមារយា ព្រោះជារបស់បញ្ឆោតសត្វ បីដូចជាថ្ងៃបណ្តើរកូន ព្រោះជារបស់ប្រឡោមល្បួងសត្វ បុគ្គលពាលគប្បីពោលដូច្នេះថា កូនរបស់ស្រីអារគប្បីទ្រទ្រង់នូវប្រវេណី ដោយប្រការឯណា បុគ្គលពោលទាំងឡាយតែងពោលដូច្នេះថាខ្លួដោយប្រការដូច្នោះហើយ ប្រាថ្នានូវខ្លួនក្នុងកាលទាំងពួង បុគ្គលពាលគប្បីពោលថា អញផឹកនូវទឹកថ្ងៃបណ្តើរកូនដោយប្រការយ៉ាងណា បុគ្គលពាលនោះតែងពោលថាដូច្នេះ អញប្រដាប់ស្អិតស្អាងនូវខ្លួនដោយប្រការដូច្នោះហើយរាប់អានស្រឡាញ់នូវខ្លួន បុគ្គលឯណាគប្បីទ្រទ្រង់ បុគ្គលពាលពោលដូច្នេះថា ខ្លួនធ្វើនូវឫទ្ធិក្នុងកាលទាំងពួង បុគ្គលកាលស្វែងរកនូវខ្លួនក្នុងខន្ធទាំងឡាយក៏ពុំឃើញមានយ៉ាងនោះ បុគ្គលពាលឃើញនូវថ្ងៃបណ្តើរកូនអំពីចម្ងាយសម្គាល់ថាជាទឹក ហើយស្ទុះចូលទៅជិតយ៉ាងណាមិញ បុគ្គលពាលសម្គាល់នូវខ្លួនថាជាសុខ ហើយស្រឡាញ់រាប់អាននូវខ្លួនយ៉ាងដូច្នោះឯង បុគ្គលជាបុថុជ្ជនរាប់អាន ស្រឡាញ់នូវរបស់គ្មានថាខ្លួនដូច្នេះហើយប្រព្រឹត្តធ្វើនូវអំពើលាមកក្នុងលោកនេះ ហើយរមែងសោយសោកក្នុងកាលជាខាងក្រោយអស់កាលទាំងពួង បុរសជាអ្នកប្រាជ្ញដឹងច្បាស់នូវខ្លួន ថាជារបស់ប្រលោមល្បួងសត្វយ៉ាងនេះ បីដូចជាថ្ងៃបណ្តើរកូនអំពីចម្ងាយ ហើយក៏មិនបានស្រឡាញ់រាប់អាននូវខ្លួនក្នុងកាលទាំងពួង អនត្តលក្ខណវគ្គគម្រប់៣ ក្នុងពាលចិត្តប្បពោធនកថា ក៏មានដោយប្រការដូច្នេះឯង។
អសុភលក្ខណវគ្គ គម្រប់៤
សេចក្តីថា រាងកាយនេះដ៏ពេញដោយរបស់មិនស្អាតមានខ្ទុះនិងមូត្រលាមកជាដើម ជារបស់មិនល្អជាទីខ្ពើមរអើមផងក្នុងកាលទាំងពួងមែនពិត បីដូចជាក្អមដ៏ពេញដោយលាមក សេចក្តីពិតថា រាងកាយជាប្រទេសជាទីកើតរបស់សត្វដង្កូវទាំងឡាយ ជាផ្ទះមានជំងឺជាដើម ជាព្រៃស្មសាន ជាកន្លែងសម្រាប់សម្រាលកូន របស់សត្វដង្កូវទាំងឡាយក្នុងកាលទាំងពួង បីដូចជាក្អមដ៏ពេញដោយសត្វដង្កូវរាងកាយសូម្បីគឺបុគ្គលចិញ្ចឹមរក្សាដោយវត្ថុមានសំពត់និងគ្រឿងក្រអូបជាដើមសព្វថ្ងៃ ក៏នៅជារបស់មិនស្អាតដដែល បីដូចជាក្អមលាមកគឺបុគ្គលចោលទៅក្នុងវត្ថុមានគ្រឿងក្រអូបជាដើម រាងកាយជាផ្ទះសម្រាប់ពពួកគឺសក់ទាំងឡាយគឺរោមទាំងឡាយ ជាទីលំនៅរបស់ទឹកភ្នែក ខ្លាញ់ខាប់ ខ្លាញ់រាវ ញ៉ាំងវត្តុមិនស្អាតមានស្លេស្មជាដើម ឱ្យហូរទៅកាន់ទ្វារទាំងឡាយ ៩ ក្នុងកាលទាំងពួង រាងកាយនេះសូម្បីគឺបុគ្គលកាន់យកនូវទឹកក្នុងសមុទ្ទទាំងអស់ យកនូវគ្រឿងក្រអូបប្រមាណប៉ុនភ្នំព្រះសុមេរុមកលាងមកងូតមកអប់ជានិច្ចជាកាល ក៏នូវតែពុំល្អមានប្រការដូច្នោះឯង។ ជនពាលទាំងឡាយពុំឃើញនូវរាងកាយជាទីលំនៅនៃរោគ ប្រកបដោយសោកប្រកបដោយភ័យដោយសេចក្តីអន្តរាយហើយ តែងរាប់អាននូវរាងកាយក្នុងកាលទាំងពួង ប្រសិនណាបើ អាការមានសាច់ជាដើមទាំងអស់ដែលតម្កល់នៅខាងក្នុង ហើយប្រាកដខាងក្រៅវិញ បុគ្គលគប្បីកាន់យកនូវដំបងព្រនង់ដុំដីហើយដេញក្អែកត្មាតទាំងឡាយពុំលែង ប្រសិនណាបើមាតាបិតាព្រមទាំងភរិយាឃើញនូវរបស់ខាងក្នុងទាំងអស់ ប្រាកដខាងក្រៅវិញ មុខជាគ្មានស្តាយស្រណោះអាឡោះអាល័យហើយដើរចោលបោះបង់ហើយ ប្រាកដជាសត្វក្អែកត្មាតទាំងឡាយ ទំពាស៊ីនូវរាងកាយដែល ប្រឡាក់ដោយសាច់និងឈាម គឺបុគ្គលចោលបង់ក្នុងព្រៃស្មសានមែនពិតណាស់ញាតិសាលោហិតមិត្រសម្លាញ់នឹងមានអំពីទីឯណា ទ្រព្យសម្បត្តិអ្វីក៏នឹងមានអំពីទីឯណាជនទាំងឡាយប្រកបដោយជាតិជាបណ្ឌិត ដឹងច្បាស់ហើយនូវរាងកាយដោយអសុភយ៉ាងនេះ គប្បីធ្វើនូវព្រះធម៌ឱ្យជាទីគោរពស៊ូលះបង់នូវអង្គលះបង់នូវជីវិត អសុភលក្ខណវគ្គជាគម្រប់ ៤ ក្នុងពាលចិត្តប្បពោធនកថា មានដោយប្រការដូច្នេះឯង។
មរណានុស្សតិវគ្គ គម្រប់៥
សេចក្តីថា ដុំដីដែលបុគ្គលចោលទៅក្នុងអាកាស ហើយធ្លាក់ចុះមកលើផែនដីវិញយ៉ាងណាមិញ សត្វដែលកើតមកហើយ តែងដល់នូវសេចក្តីស្លាប់ពិតដោយប្រការយ៉ាងនោះ រីរបៀបរលកទាំងឡាយ ពុំដែលប្រព្រឹត្តកន្លងឱ្យហួសអំពីប្រាំងក្នុងកាលទាំងពួង យ៉ាងណាមិញ បណ្តាពពួកជនក្នុងលោកនេះពុំដែលប្រព្រឹត្តកន្លងនូវសេចក្តីស្លាប់ ដោយប្រការដូច្នោះឯង ធារទឹកភ្លៀងទាំងឡាយ តែងធ្លាក់លើផែនដីក្នុងទិសទាំងឡាយ ទៀងនៅក្នុងទិសទាំងឡាយយ៉ាងណា បណ្តាពពួកសត្វទាំងឡាយក៏ទៀងតែដល់នូវអំណាចនៃមជ្ជុរាជ ដូច្នោះឯង សត្វតិរច្ឆានទាំងឡាយទាំងពួងក្តី ប្រេត គន្ធព្វ អារក្ខទឹក មនុស្ស អសុរ យក្ខទាំងឡាយក្តី សត្វទាំងឡាយមានតិរច្ឆានជាដើមនោះ តែងដល់នូវសេចក្តីស្លាប់ទាំងអស់ដូចគ្នា សូម្បីទេវតាក្នុងស្ថានកាមាវចរទាំងឡាយក្តី រូបព្រហ្មក្តី ដែលមានអាយុវែងមានតេជះច្រើន ទេវតាទាំងឡាយទាំងពួងនោះ ក៏ដល់នូវសេចក្តីស្លាប់ពុំលែងឡើយ ភាជន៍ដីគឺនាយស្មូនឆ្នាំងធ្វើហើយ មានកិរិយាដល់ព្រមនូវសភាពបែកធ្លាយទៅ មែនមាន ឧបមាយ៉ាងណា ឯប្រជុំជនទាំងអស់មានកិរិយាដល់នូវសភាពបែកធ្លាយទៅ មានឧបមេយ្យយ៉ាងដូច្នោះហោង ឯសេចក្តីមរណៈជាធម៌ទៀង សូម្បីតែមួយក៏អាចដើម្បីសម្លាប់នូវសត្វក្នុងភពទាំង៣បានឥតមានសេសសល់ លោកអ្នកប្រាជ្ញតែងធ្វើនូវកូនប្រពន្ធផងនូវជីវិតផង ឱ្យអណ្តែតនៅក្នុងទីជិត ដោយអំណោយទានបុគ្គលពាលទាំងឡាយ ឃើញនូវសេចក្តីស្លាប់ដូច្នេះហើយបុគ្គលពាលទាំងឡាយនោះពោលថា អញនឹងធ្វើនូវបុណ្យក្នុងថ្ងៃស្អែកៗហើយ តែនៅតែធ្វើនូវបាបពុំលែងឡើយ លោកអ្នកប្រាជ្ញទាំងឡាយគិតនូវសេចក្តីស្លាប់ពិតណាស់ហើយ លោកអ្នកប្រាជ្ញទាំងឡាយនោះ តែងលះបង់នូវជីវិតព្រមទាំងទ្រព្យផង នូវអង្គផង នូវកូននិងប្រពន្ធផងឱ្យទៅជាទានពុំបានយឺតយូរមែនពិត។ មរណានុស្សតិវគ្គគម្រប់ ៥ ក្នុងពាលចិត្តប្បពោធនកថា មានដោយប្រការដូចនេះឯង។
វត្ថុកាមវគ្គ គម្រប់៦
សេចក្តីថា បុគ្គលជាបុថុជ្ជនមិនដឹងនូវទោសធំក្នុងវត្ថុកាម រាប់អាននូវវត្ថុកាមរឿយៗ មានប្រមាណមិនតិច ពាក្យប្រៀបថាត្រីលេបនូវសន្ទូចដល់នូវសេចក្តីទុក្ខដោយប្រការឯណា មាណពទាំងឡាយរាប់អាននូវកាមទាំងឡាយហើយរមែងដល់នូវសេចក្តីទុក្ខដោយប្រការដូច្នោះ បុគ្គលឯណាសេពគប់នូវកាមទាំងឡាយ ឬគប់ភ្លើងដែលឆេះនូវក្នុងទីច្រាសខ្យល់យ៉ាងណាមិញ សេចក្តីទុក្ខតែងប្រព្រឹត្តទៅដល់បុគ្គលនោះ ដោយប្រការដូច្នោះ ដើមឈើទាំងឡាយមានផ្លែច្រើន មានស្លឹក សម្បក ពន្លក ហិនហោចទៅយ៉ាងណា ជនប្រកបដោយភោគសម្បត្តិទ្រព្យធនច្រើន សេចក្តីទុក្ខច្រើនរាប់មិនបានមានដល់បុគ្គលនោះ ដោយប្រការយ៉ាងដូច្នោះ ពុំនោះសោតដូចបុគ្គលណាមួយចូលទៅកាន់នគរបីសាចជានគរត្រេកអរសប្បាយណាស់ បុគ្គលនោះមុខជានឹងវិនាសទៅមិនខាន មានឧបមាយ៉ាងណាមិញ បុគ្គលឯណាមួយតែងសេពគប់នូវកាមគុណហើយ បុគ្គលនោះ មុខជានឹងវិនាសក្នុងលោកពុំខានឡើយ បុគ្គលពាលទាំងឡាយស្រឡាញ់រាប់អាននូវកាមគុណនោះ ហើយ ក៏នឹងវិនាសទៅក្នុងកាលទាំងពួង បីដូចជាសត្វកណ្តូបទាំងឡាយវិនាសទៅដោយអណ្តាតភ្លើងក្នុងរាត្រីកាល សូម្បីទេវតាក្នុងកាមាវចរទេវលោកទាំងឡាយ សម្រេចដោយកាមគុណទិព ក៏តែងតែលះបង់នូវកាមគុណទាំងនោះហើយច្យុតទៅពុំខាន សេចក្តីត្រេកអរដូចម្តេចក្នុងកាមគុណនោះ បីដូចជាសេចក្តីត្រេកអរក្នុងយល់សប្ដ សត្វទាំងឡាយគប្បីលះបង់ចោលនូវកាមទាំងឡាយ ឯកាមនោះសោត គប្បីវៀរបង់ចោលនូវសត្វនោះដូចម្តេចមិញ ភោគសម្បត្តិគប្បីលះបង់ចោលនូវសត្វយ៉ាងដូច្នោះ បើពុំនោះសោតបីដូចជាផ្លេកបន្ទោរនៅក្នុងទីជាចន្លោះពពក បុគ្គលពាលបុថុជ្ជនពុំដឹងនូវទោសក្នុងកាមគុណយ៉ាងនេះហើយ តែងពោលថាប្រាក់របស់អញថាមាសរបស់អញ ហើយស្រឡាញ់រាប់អាននូវប្រាក់និងមាសនោះឯង បុគ្គលជាអ្នកប្រាជ្ញប្រកបដោយបញ្ញាដឹងនូវទោសក្នុងកាមគុណយ៉ាងនេះហើយ លោកខ្ពើមនូវកាមគុណក្នុងលោកអស់កាលទាំងពួង បីដូចជាបុគ្គលខ្ពើមនូវភោជនាហារដ៏ច្រឡំទៅដោយថ្នាំពិសពុល វត្ថុកាមវគ្គជាគម្រប់៦ ក្នុងពាលចិត្តប្បពោធនកថា ក៏មានដោយប្រការប៉ុណ្ណេះឯង។
កិលេសកាមវគ្គ គម្រប់៧
សេចក្តី តណ្ហាជាធម្មជាតិ មានទុក្ខក្រៃលែងជាងទុក្ខទាំងពួង បុគ្គលពាលទាំងឡាយមានកិរិយាអាងនូវទោសក្នុងកាមគុណជាប្រក្រតី តែងញ៉ាំងតណ្ហានោះឱ្យចម្រើន បីដូចជាសត្រូវដែលបុគ្គលចិញ្ចឹមរក្សាបុគ្គលពាលលះនូវអំណាចនៃតណ្ហាហើយ ទៅជាមនុស្សប្រមឹកផឹកនូវទឹកស្រវឹង ទៅជាមនុស្សភូតកុហកលួចលាក់នូវទ្រព្យរបស់អ្នកដទៃ ឬសេពគប់នូវភរិយាអ្នកដទៃក៏មាន ឯជនអាក្រក់បើឃើញអ្នកណានីមួយគេពុំបានប្រមាទក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃ ក្នុងកាលឯណានីមួយហើយ តែងមានចិត្តប្រាថ្នាធ្វើឱ្យដូចគេតែពុំព្រមធ្វើតាមក្នុងកាលទាំងពួង បុគ្គលឯណាដែលមានចិត្តស្អិតជាប់ចំពាក់នៅដោយតណ្ហាហើយបុគ្គលនោះបើឃើញអ្នកណានីមួយហើយ ក៏មានចិត្តភិតភ័យ រន្ធត់តក់ស្លុត បីដូចជាទឹកសមុទ្ទដែលស្ងប់ ហើយមានខ្យល់ព្យុះធំបក់មកត្រូវដូច្នោះ បុគ្គលបាបដល់នូវអំណាចនៃតណ្ហាយ៉ាងនេះហើយ ជាអ្នកប្រមាទតែងប្រព្រឹត្តធ្វើនូវបាបក្នុងលោកនេះហើយ ក៏នឹងកម្រើកញាប់ញ័រក្នុងបាបទាំងឡាយ ដោយច្រើនក្រៃលែង បុគ្គលនោះ លុះសោយទុក្ខនៅក្នុងអបាយភូមិទាំងឡាយហើយ បើមកបង្កើតជាមនុស្សលើផ្ទៃផែនដីទៀតក៏ពុំចេះមានឆ្អែតឆ្អន់ដោយកាមគុណទាំងឡាយសោះ ពុំបានឃើញនូវទុក្ខនោះៗឡើយ បុគ្គលដែលប្រកបដោយតណ្ហាហើយបើប្រាថ្នានូវទ្រព្យរបស់អ្នកដទៃ ហើយពុំបានឃើញនូវទុក្ខនោះៗ មានវាយនិងចងនិងចាប់ជាដើម បើពុំនោះសោត តែងធ្វើនូវជម្លោះប្រកែកមួយអន្លើដោយមាតាបិតាឬបុត្តភរិយាទាំងឡាយជានិច្ចជាកាល ពីព្រោះតែលោភចង់បាននូវទ្រព្យសម្បត្តិនោះ ឯសត្វសាហាវទាំងឡាយមានសីហៈនិងខ្លាជាដើមក្តី ស្តេចនិងចោរទាំងឡាយ ដែលអាចអាក្រក់ក្តី ចួនកាលធ្វើនូវទុក្ខខ្លះចួនកាលមិនធ្វើខ្លះដល់បុគ្គលនោះ ចំណែកបុគ្គលអ្នកប្រកបដោយតណ្ហាហើយ ជាបុគ្គលប្រកបដោយទុក្ខនោះឆ្អែតបរិបូណ៌ហើយ ឯតណ្ហាដែលតម្កល់នៅខាងក្នុងសន្តានចិត្តហើយតែងធ្វើនូវសេចក្តីទុក្ខដល់បុគ្គលនោះក្នុងអបាយទាំងឡាយអស់កាលអង្វែងយូរ ទុក្ខនោះឯងឈ្មោះថាជាទុក្ខក្រៃលែងជាងទុក្ខ ទាំងអស់កិលេសកាមគុណវគ្គ ក្នុងពាលចិត្តប្បពោធនកថា ជាគម្រប់ ៧ ក៏មានដោយប្រការដូច្នេះហោង។
ទោសវគ្គ គម្រប់៨
សេចក្តីថា បុគ្គលឯណាគឺសេចក្តីលោភនិងក្រោធគ្របសង្កត់សន្តានចិត្តហើយពុំឃើញនូវអំពើជាប្រយោជន៍បន្តិចបន្តួចសោះបុគ្គលនោះមិនដឹងនូវហេតុគួរនិងមិនគួរ ហើយតែងធ្វើនូវអំពើដែលអាក្រក់មែនពិតមិនខាន បុគ្គលនោះជេរវាយនូវមាតាបិតាបុត្តភរិយា ផៅពង្សនិងមិត្រសម្លាញ់ហើយ គង់ដល់នូវសេចក្តីសោយសោកក្នុងកាលខាងក្រោយ អស់កាលទាំងពួង មិនតែប៉ុណ្ណោះ បុគ្គលនោះជេរវាយនូវសមណៈនិងញ្រហ្មណ៍ ជាអ្នកមានសីលស្វែងរកនូវប្រយោជន៍ ហើយតែងសោយនូវសេចក្តីទុក្ខក្នុងកាលជាខាងក្រោយ បុគ្គលនោះគឺសេចក្តីក្រោធសង្កត់ក្នុងកាលឯណាហើយ ជេរផ្តាសានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាវត្ថុគួរដល់បូជាគោរពប្រតិបត្តិក្នុងលោកសព្វកាល ក្នុងកាលនីមួយពុំបានម្យ៉ាងវិញទៀត បុគ្គលគឺសេចក្តីក្រោធគ្របសង្កត់ហើយក្នុងកាលឯណា ឃើញនូវមាតាបិតាឬនូវបុគ្គលដទៃ បីដូចជាសត្វខ្លាក្រឡេកឃើញនូវសត្វម្រឹគក្នុងកាលនោះឯង ឬភ្លើងកំពុងឆេះហើយតែងឆេះនូវវត្ថុទាំងពួងដែលមកដល់អស់ទៅហើយប្រការឯណា បុគ្គលដែលសេចក្តីខឹងគ្របសង្កត់ហើយ តែងញ៉ាំងវត្ថុទាំងពួងឱ្យវិនាសទៅក្នុងកាលទាំងពួងដោយប្រការដូច្នោះឯងបុគ្គលអ្នកខឹងក្រោធទំពាស៊ីនូវថ្នាំពិសពុលស្លាប់ក៏មាន ចងកដោយខ្សែស្លាប់ក៏មាន សម្លាប់ខ្លួនដោយគ្រឿងអាវុធក៏មាន ខ្លះទម្លាក់ខ្លួនក្នុងជ្រោះស្លាប់ក៏មាន សេចក្តីទុក្ខដែលកើតមានដល់បុគ្គលច្រើនរាប់ពុំបានឡើយ បុគ្គលដែលសេចក្តីក្រោធគ្របសង្កត់ហើយយ៉ាងនេះ ធ្វើនូវអំពើទុច្ចរិតមានប្រមាណច្រើនសោយសោកក្នុងលោកនេះ លុះស្លាប់ទៅកាន់បរលោក រឹងរឹតតែសោយសោកក្រៃលែងណាស់ លោកអ្នកប្រាជ្ញអាចមានប្រាជ្ញាដឹងច្បាស់ដូច្នេះហើយ បើលោកដល់នូវអំណាចនៃសេចក្តីក្រោធកាលឯណា តែងយកនូវខន្តីមេត្តាមកកម្ចាត់បង់នូវសេចក្តីក្រោធឱ្យខ្ចាត់ចេញជានិច្ចជាកាលពុំដែលខាន ទោសវគ្គគម្រប់ ៨ ក្នុងពាលចិត្តប្បពោធនកថា ក៏មានដោយប្រការដូច្នេះឯង។
អវិជ្ជាវគ្គ គម្រប់៩
សេចក្តីថា ធម៌ដែលជាទីញ៉ាំងអំពើឥតប្រយោជន៍ឱ្យកើតឡើង នឹងរកធម៌ឯណាក្នុងលោកនេះឱ្យស្មើដោយមោហៈគ្មានឡើយ មោហៈជាគ្រឿងនាំមកនូវទុក្ខទាំងពួងព្រោះមោហៈជាឫសគល់របស់សង្សារទុក្ខក្នុងកាលទាំងពួង នាកាលទោសៈគឺមោហៈបិទបាំងហើយ សត្វលោកពេញដោយអវិជ្ជា គប្បីញ៉ាំងលោភៈនិងទោសៈឱ្យប្រព្រឹត្តទៅ ព្រោះធម៌ទាំងឡាយគឺលោភៈនិងទោសៈមានអវិជ្ជាជាហេតុខាងដើម ពុំបានឱ្យត្រាស់ដឹងនូវបុណ្យនិងបាប បុគ្គលពាលមិនដឹងនូវបុណ្យនិងបាបហើយ ប្រាថ្នាដើម្បីធ្វើនូវអំពើឯណា គប្បីធ្វើនូវអំពើនោះៗទៅ សូម្បីតែសំពះឬបូជានូវមាតាបិតា នូវសមណៈនិងញ្រហ្មណ៍ក្តីក៏ពុំមានឡើយ ពុំបានធ្វើនូវមាត្រាថា សេចក្តីគោរព តែងធ្វើនូវអំពើដែលគេមិនគប្បីធ្វើ តែងពោល នូវពាក្យដែលគេមិនគប្បីពោល បុគ្គលពាលបើគេនិយាយខុសត្រេកអរ បើគេនិយាយត្រូវខឹង បុគ្គលពាលបើឃើញនូវភ័យអំពីមនុស្សទាំងឡាយមានចោរជាដើមហើយ មានចិត្តភិតខ្លាចច្រើនពេកណាស់ ពុំបានឃើញនូវមហាចោរគឺមោហៈនោះខាងក្នុងខ្លួនក៏ទេ បុគ្គលពាលឃើញនូវរបស់មិនល្អដោយល្អ នូវរបស់មិនទៀងដោយទៀង ម្យ៉ាងវិញទៀត បុគ្គលពាលនោះ មានកិរិយាឃើញខុសជាប្រក្រតី អំពីសម្នាក់នៃបុគ្គលដទៃក្រៅអំពីខ្លួនឯង បុគ្គលពាលតែងសេពគប់នូវបុគ្គលឯណាៗជាមនុស្សលាមក បុគ្គលជាគ្រហស្ថបើសេពគប់នូវមិត្រពាលហើយ គួរនាបីដូចជាផ្ទះទាំងឡាយដោយជុំវិញ កាលបើផ្ទះ១ភ្លើងឆេះហើយក៏នឹងឆេះដូចគ្នា ហេតុដូច្នោះបុរសឯណាជាអ្នកប្រាជ្ញ បើប្រាថ្នានូវសេចក្តីសុខដល់ខ្លួន មិនគប្បីសេពគប់នូវបាបមិត្រឡើយ បីដូចជាបុគ្គលពុំសេពនូវភោជនប្រកបដោយថ្នាំពិសពុល ឯអវិជ្ជានេះតែងនាំមកនូវទុក្ខទាំងពួងក្នុងកាលទាំងអស់យ៉ាងដូច្នេះ បុគ្គលអ្នកមានប្រាថ្នានឹងចោលនូវអវិជ្ជានោះឱ្យងាយ គប្បីចូលជិតសេពគប់នូវអ្នកប្រាជ្ញចុះ អវិជ្ជាវគ្គជាគម្រប់ ៩ ក្នុងពាលចិត្តប្បពោធនកថា ក៏មានដោយប្រការប៉ុណ្ណេះ។
មិស្សកវគ្គ គម្រប់១០
សេចក្តីថា មនុស្សប្រកបដោយមានះទាំងឡាយក្នុងសត្វលោកនេះ គុណរបស់មនុស្សទាំងឡាយនោះ ឥតអង្គឺមានឡើយ គួរនាបីដូចជាធារទឹកភ្លៀងដែលធ្លាក់ចុះលើភ្នំហើយក៏ពុំដក់នៅបាន រីដើមឈើដែលខ្ពស់ជាងគេ តែងកម្រើកញាប់ញ័រដោយខ្យល់បក់មកអំពីទិសទាំងពួងមានឧបមាយ៉ាងណាមិញ សត្វលោកដែលមានមានះរឹងរូសក៏តែងដល់នូវសេចក្តីវិនាសផ្សេងៗ មានឧបមេយ្យយ៉ាងនោះឯង ម្យ៉ាងវិញទៀត ទេវទត្តថេរក្តី បុគ្គលដទៃក្តី ជាអ្នកច្រើនដោយមានះក្នុងលោកនេះ បុគ្គលទាំងឡាយអម្បាលនោះ តែងទៅកាន់នរកសោយទុក្ខវេទនា ក៏បង្កើតជាពាក្យនិន្ទាសព្វកាលបុគ្គលប្រកបដោយមិច្ឆាទិដ្ឋិហើយ រមែងពុំបាននូវរបស់មានខ្លឹមបន្តិចបន្តួចសោះ កាលបើមានមានទ្រព្យជាខ្លឹមហើយ តែងស្រឡាញ់រាប់អាននូវទ្រព្យនោះ បីដូចជាអារក្ខទឹករក្សានូវស្រះបោក្ខរណី ពុំនោះសោតបីដូចជាបុគ្គលស្រេកទឹកហើយ ស្ទុះរត់ទៅជិតគិតផឹកនូវថ្ងៃបណ្តើរកូនស្មានថាជាទឹក ដល់នូវសេចក្តីទុក្ខសោកដោយច្រើនក្រៃលែង មួយវិញទៀតបុគ្គលប្រកាន់នូវទិដ្ឋិអាក្រក់ ពុំបានស្តាប់នូវព្រះធម៌ព្រះជិនស្រី ដែលអាចនាំមកនូវសុខក្នុងសួគ៌និងព្រះនិញ្វន តែងទៅកាន់អបាយទាំង៤ សោយសោកដោយច្រើនក្នុងកាលទាំងពួង បើទុកជាមាសក្តី សត្វលោកទាំងអស់ក្តី ដែលជរាវាញាំញីនោះ វានឹងបានញាំញីដូចជាមាសឬផ្កាឈូក ដែលបុគ្គលញាំញីច្របាច់ដោយដៃដូច្នោះក៏ទេ ឯជរាដែលញាំញីច្របាច់សត្វលោកនេះ គឺវាធ្វើភ្នែកឱ្យងងឹតត្រចៀកឱ្យស្តាប់សំឡេងពុំសូវច្បាស់ សំឡេងដែលនិយាយទៅបីដូចជាសំឡេងមនុស្សគ ពុំឱ្យញាក់រឭកនូវបញ្ញារបស់ខ្លួន ស្បែកសសៃជ្រីវជ្រួញយុរយា ទាំងសក់ក៏ស្កូវមានពណ៌សបីដូចសម្លីឬគ ទាំងរាងកាយក៏ថមថយកម្លាំងតោងកាន់ឈើច្រត់ទើបដើរបាន ទុក្ខដែលកើតច្រើនរាប់មិនបានទាំងម្ល៉េះមិនមកអំពីទីឯណាឡើយ គឺមកតែងអំពីជរានេះឯង ពណ៌សម្បុរកម្លាំងអាយុ ដែលអាស្រ័យនូវរាងកាយតែងថយចុះទៅហើយនេះ លោភៈនិងទោសៈទាំងឡាយ រឹងរឹតតែចម្រើនច្រើនឡើង ហេតុអ្វីបានជាអ្នកទាំងឡាយមិនភ្ញាក់រឭកសោះ ចេះតែប្រហែលធ្វេសភ្លេចស្មារតីយ៉ាងនេះ ពុំខំធ្វើបុណ្យឱ្យទានរក្សាសីលចម្រើនភាវនា មិស្សកវគ្គក្នុងពាលចិត្តប្បពោធនកថា ជាគម្រប់ ១០ ក៏ចប់តែងប៉ុណ្ណេះ។
សីលវគ្គ គម្រប់ ១១
សេចក្តីថាពិតណាស់ បុគ្គលដឹងច្បាស់នូវរាងកាយ ថាមានពៀរធំប្រកបដោយលោភៈទោសៈដូច្នេះហើយមានប្រាថ្នាដើម្បីលះបង់ចោលចេញ គប្បីធ្វើកុសលឱ្យច្រើនទើបលះបង់បាន ធម៌ទាំងឡាយនេះ គឺទាន សីល ហិរិ ឱតប្បៈ ម្យ៉ាងទៀតគឺករុណានិងមេត្តា ជាធម៌សម្រាប់កាត់បង់នូវបាបធម៌មានលោភៈជាដើម បុគ្គលធ្វើនូវកម្ម មានការភ្ជួរស្រែជាដើម ផលដែលកើតអំពីកម្មនោះ ក៏ជាផលឧត្តមប្រសើរក្នុងលោក មានពូជទាំងឡាយ តែងប្រាថ្នានូវផលនោះព្រោះតែខ្លាច ១ លោភ ១ ទ្រព្យ ១ ផលដែលកើតអំពីកម្មនោះ គឺសត្រូវមានចោរជាដើមតែងប្រាថ្នាហើយ ផលបុណ្យមានទានជាដើម គឺយើងពោលមកហើយ បុគ្គលទាំងឡាយជាមនុស្សខ្លៅល្ងង់ ត្រូវតែប្រាថ្នានូវផលនោះអស់កាលទាំងពួង ទានឯណាសូម្បីមានប្រមាណតិច បុគ្គលធ្វើដោយចិត្តជ្រះថ្លា ហើយទាននោះមានផលច្រើនបីដូចជាពូជគ្រប់ជ្រៃធំ ឯកុសលបុណ្យតែងឱ្យនូវសម្បត្តិច្រើន ក្នុងស្ថានមនុស្សលោកនិងទេវលោកទាំងឡាយ ជនទាំងឡាយច្រើនតែប្រាថ្នាធ្វើនូវទានក្នុងកាលទាំងពួង ឯទានមានផលគឺបុគ្គលឃើញហើយក្នុងកាលមុន ជនទាំងឡាយអ្នកប្រាថ្នានូវសុខអំពីទាននោះ ត្រូវតែឱ្យនូវទានជាប្រក្រតី បុគ្គលឯណាឱ្យនូវទានដែលគួរគប្បី អ្នកប្រាជ្ញាទាំងឡាយមានព្រះពុទ្ធជាដើម តែងពោលសរសើរនូវបុគ្គលនោះឯង បាបធម៌ទាំងឡាយទាំងពួង គឺរាគៈ ទោសៈ មានះ តែងញ៉ាំងសត្វទាំងឡាយឱ្យដល់នូវទុក្ខ សត្វទាំងឡាយបរិសុទ្ធដោយសីល ពុំបានបរិសុទ្ធដោយទឹកក៏ទេ បុគ្គលពាលទាំងឡាយដែលប្រកាន់ខ្លួនថា ជាអ្នកប្រាជ្ញ ឃើញនូវមន្ទិលសៅហ្មងនោះៗ ខាងក្រៅហើយ ពោលនូវពាក្យថាអញនឹងលាងនូវមន្ទិល តែខាងក្នុងក៏នៅតែមិនបរិសុទ្ធ បុគ្គលពាលទាំងឡាយមានមន្ទិលគឺកិលេសមានរាគជាដើមខាងក្នុងហើយ តែងទៅកាន់ទុគ្គតិក្នុងកាលទាំងពួង អ្នកប្រាជ្ញាទាំងឡាយតែងលះបង់នូវមន្ទិលនោះចេញដោយសីល ហើយបានដល់នូវព្រះនិញ្វនជាទីរម្លត់បង់នូវទុក្ខទាំងពួង។ សីលវគ្គជាគម្រប់ ១១ ក្នុងពាលចិត្តប្បពោធនកថាក៏មានដោយប្រការដូច្នេះឯង។
ហិរិឱតប្បវគ្គ គម្រប់ ១២
សេចក្តីថា ហិរិ សេចក្តីអៀនខ្មាសអំពីការបាប ឱតប្បៈសេចក្តីតក់ស្លុតក្តៅក្រហាយអំពីការបាបធម៌ទាំងពីរនេះជាគ្រឿងប្រព្រឹត្តល្អប្រពៃក្នុងលោក បើបុគ្គលឯណាលះបង់ចោលនូវហិរិនិងឱតប្បៈនោះហើយ បុគ្គលនោះប្រាថ្នាដើម្បីពោលនូវពាក្យឯណាៗ ក៏ពោលនូវពាក្យនោះៗទៅ ប្រាថ្នាដើម្បីធ្វើនូវអំពើឯណាក៏ធ្វើនូវអំពើនោះៗទៅ បុគ្គលពាលទាំងឡាយ ជាបុគ្គលមិនគោរពគ្នានឹងគ្នា ធ្វើនូវអំពើផ្សេងៗមានលួចជាដើម ធ្វើនូវមេថុនធម្មដោយមាតាឬបងប្អូនស្រី បីដូចជាសត្វឆ្កែទាំងឡាយ បុគ្គលពាលទាំងឡាយ លុះធ្វើនូវអំពើបាបមានប្រមាណច្រើនហើយក៏រមែងទៅទុគ្គតិ សោយទុក្ខនូវក្នុងទុគ្គតិនោះ នឹងសោយសោកដោយក្រៃលែងក្នុងកាលទាំងពួង ហេតុដូច្នោះបុគ្គលជាអ្នកប្រាជ្ញខ្លាចនូវបាបរឿយៗផងប្រកបដោយសេចក្តីគោរពគ្នានឹងគ្នាផង តែងធ្វើនូវធម៌ទាំងពីរគឺហិរិនិងឱតប្បៈឱ្យមាំមួននៅក្នុងលោកនេះ ជនអាក្រក់ទាំងឡាយលុះនូវអំណាចចិត្ត ប្រទុស្តក្នុងមាតានិងបិតាទាំងឡាយ តែងសេពគប់នូវអំពើអាក្រក់មានសម្លាប់សត្វជាដើម មានប្រការផ្សេងៗក្នុងកាលទាំងពួង បុគ្គលពាលទាំងឡាយបើឃើញនូវមនុស្សចាស់ក្តីមនុស្សក្រខ្សត់ក្តី គឺសេចក្តីទុក្ខមានស្រេកឃ្លានជាដើមបៀតបៀនហើយ ក៏ដើរទៅជិតមនុស្សទាំងឡាយ នោះហើយវាយក៏មានសម្លាប់ក៏មាន បុគ្គលពាលតែងធ្វើនូវកម្មដទៃប្រាកដដោយកម្មនោះ ហើយសប្បាយរីករាយដោយចិត្តក្លៀវក្លា រមែងសោយសោកក្នុងលោកនេះផង រមែងសោយសោកក្នុងអបាយទាំងឡាយក្នុងកាលជាខាងក្រោយផង ហេតុដូច្នោះលោកជាអ្នកប្រាជ្ញ មានប្រក្រតីស្វែងរកនូវប្រយោជន៍គឺបរមត្ថធម៌ មានចិត្តប្រកបដោយសេចក្តីករុណា តែងពោលនូវពាក្យជាទីសម្លាញ់គ្នានឹងគ្នាក្នុងលោកនេះ លោកអ្នកប្រាជ្ញទាំងឡាយទាំងពួង លោកញ៉ាំងសេចក្តីករុណាឱ្យកើតឡើងក្នុងសត្វឡាំងឡាយ បីដូចជាក្នុងកូនរបស់លោកទាំងឡាយ លុះធ្វើនូវទានទាំងពួងទាំងឡាយហើយ តែងត្រេកអររីករាយដោយច្រើនក្រៃលែងក្នុងកាលទាំងពួង ហិរោប្បវគ្គគម្រប់ ១២ ក្នុងពាលចិត្តប្បពោធនកថា ក៏មានដោយប្រការតែប៉ុណ្ណេះឯង។
សច្ចាទិវគ្គ គម្រប់ ១៣
សេចក្តីថា ប្រជុំពីរនៃធម៌ គឺមេត្រី ១ សច្ចៈ ១ ព្រះដ៏មានព្រះភាគ សម្តែងថា នឹងរកទ្រព្យអ្វីឱ្យស្មើដោយទ្រព្យគឺធម៌ទាំងពីរនោះគ្មានឡើយ ទ្រព្យគឺមាសប្រាក់ ជាទីនាំមកនូវទុក្ខទាំងពួងក្នុងលោកអស់កាលទាំងពួង សេចក្តីពិត បុគ្គលឯណារាប់អានមាសនិងប្រាក់នោះហើយមិនមានសេចក្តីគោរពកោតក្រែងគ្នានឹងគ្នា ហើយធ្វើនូវជម្លោះប្រកែកវាយចងហើយ បុគ្គលនោះដល់នូវសេចក្តីទុក្ខក្នុងកាលទាំងពួង បុគ្គលជេរវាយគ្នានឹងគ្នាហើយ តែងសោយនូវទុក្ខធ្ងន់ដោយប្រការច្រើន មានចំណង ៥ ប្រការជាដើម ហេតុនោះ បុគ្គលជាអ្នកប្រាជ្ញក្នុងលោកពុំស្រឡាញ់រាប់អាននូវទ្រព្យនោះឡើយ លោករាប់អានស្រឡាញ់នូវមេត្រីនិងសច្ចៈ តែងរួចចាកទុក្ខទាំងពួង បុគ្គលអ្នកប្រកបដោយសទ្ធានិងសមាធិមានចិត្តប្រកបដោយកម្លាំងព្យាយាម សេពគប់នូវបុណ្យឯណាហើយ តែងបាននូវផលនៃបុណ្យនោះឆាប់ អ្នកប្រាជ្ញលុះដល់នូវផលនោះហើយ ជាអគ្គបុគ្គលទៀតប្រាកដចាកសេចក្តីស្លាប់ បីដូចជាព្រះចន្ទមានវង់ពេញក្នុងអាកាស ប្រាកដក្នុងទិសទាំងឡាយ លោកអ្នកប្រាជ្ញជ្រាបនូវផលនៃសទ្ធានិងសមាធិទាំងឡាយដូច្នេះហើយ លោកពុំបានប្រមាទឡើយ តែងចូលទៅជិតសេពនូវប្រជុំពីរគឺសទ្ធានិងសមាធិនោះរឿយៗ ពុំដែលដាច់ កម្មដែលតម្កល់នៅក្នុងរាងកាយ ទោះកម្មល្អក្តីមិនល្អក្តី គឺខ្ញុំជាអ្នកស្វែងរកនូវប្រយោជន៍ គឺសេចក្តីរម្ងាប់និងខន្តីជាប្រក្រតី បាលហើយ ពាក្យប្រកបអ្នកដ៏ប្រសើរដូច្នេះ សច្ចាទិវគ្គជាគម្រប់ ១៣ ក្នុងពាលចិត្តប្បពោធនកថា ក៏មានដោយប្រការប៉ុណ្ណេះឯង។
ពាលចិត្តប្បពោធនសូត្រ ជាទីញ៉ាំងចិត្តនៃសប្បុរសទាំងអស់ឱ្យជ្រះថ្លា ដ៏ប្រដាប់ចំពោះដោយរយនៃគាថាជាទីសម្រេចដោយពាក្យដូច្នេះថា គឺភិក្ខុឈ្មោះសុមេធបណ្ឌិត ជ្រើសរើសយកអំពីគម្ពីរដែលគាប់ចិត្ត ក៏ចប់សព្វគ្រប់ដោយន័យគឺយើងពោលមកហើយដោយប្រការដូច្នេះហោង ៕
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤