ពាល​ចិត្ត​ប្បពោធន​សូត្រ

នានា​សូត្រ
ឧកញ៉ាភក្តី​រាជា យ៉ាំង អាចារ្យ​បង្រៀនសាលា​បាលី​ជាន់​ខ្ពស់
ដក​យក​ពី​គម្ពីរ​ខុទ្ទកបាឋ ហើយប្រែ​ចេញ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ

នមស្ការ

ពុទ្ធធម្មញ្ជសំឃញ្ច  នស្សិត្វា​គុណាលយំ

បវក្ខាមិសមាសេន  ពាល​ចិត្ត​ប្បពោធនំ។

ខ្ញុំ​នាម​សុមេធបណ្ឌិត​ភិក្ខុ សូម​នមស្ការ​នូវ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ព្រះ​ធម៌​ជា​ម្ចាស់ នូវ​ព្រះ​សង្ឃ​ជា​ម្ចាស់ ជា​ទី​លំនៅ​នៃ​គុណ​ទាំង​ពួង ហើយ​និង​សម្តែង​នូវ​ពាល​ចិត្ត​ប្បពោធន​សូត្រ​ដោយ​សេចក្តី​សង្ខេប។

សេចក្តី​ថា ពពួក​សត្វ​ទាំង​ឡាយ​បង្កើត​លើ​ផ្ទៃ​ផែន​ដី​សុទ្ធ​តែ​ជា​សត្វ​ខ្លៅ​ល្ងង់ លុះ​នូវ​អំណាច​នៃ​លោភៈ​និង​ទោសៈ សម្គាល់​នូវ​ខ្លួន​ថា​ជា​ល្អ​ថា​សុខ​ដោយ​ចិត្ត​កម្លៅ​អស់​កាល​ទាំង​ពួង។

ឯរាង​កាយ​របស់​គេ​យើង​រាល់គ្នា​នេះ ជា​ទី​អាស្រ័យ​នូវ​រោគ​ផ្សេងៗ បី​ដូច​ជា​ក្អម​ពេញ​ទៅ​ដោយ​ថ្នាំ​ពិស​ពុល ពុំ​នោះ​សោត​បី​ដូច​ជា​នគរ​បី​សាច ព្រោះ​រាង​កាយ​ជា​របស់​ធ្វើ​នូវ​សេចក្តី​ភ័យ​មាន​ប្រមាណ​ច្រើន រាង​កាយ​តែង​រលត់​ទៅក្នុង​វ័យ​និង​មិន​គឺ​វ័យ បី​ដូច​ជា​ពពុះ​ទឹក គឺ​សេចក្តី​សោក​តែង​បៀត​បៀន​ហើយ​បី​ដូច​ជា​ដំបៅ​ដែល​កូន​សរវាមុត រាង​កាយ​នេះ​គឺ​រាជ​និង​សោក​គ្រប​សង្កត់​ហើយ បី​ដូច​ជា​ផ្កា​ឈូក​ដែល​បុគ្គលប្របាច់​ដោយ​ដៃ រាង​កាយ​គឺ​បុគ្គល​ចិញ្ចឹម​រក្សា​ហើយ​ប្រកប​ដោយ​ទុក្ខ​ច្រើន​បី​ដូច​ជា​កូន​កំណាច​ដែល​មាតា​ចិញ្ចឹម​រក្សា។

ជន​ទាំង​ឡាយ​ឯណា​សេព​គប់​នូវ​រាង​កាយ​ក្នុង​លោក​នេះ ឧបមា​ដោយ​កិរិយា​សេព​គប់​ដោយ​សត្វ​អាសិរ​ពិស​ពស់ ជន​ទាំង​ឡាយ​ឯណា​ដេក​ច្រើន សេចក្តី​ទុក្ខ​ទាំង​ឡាយ​នឹង​កើត​ដល់​បុគ្គល​ទាំង​ឡាយ​នោះ​ច្រើន​ដែរ បី​ដូច​ជា​សត្រូវ​គឺ​ខ្លួន​ចិញ្ចឹម​រក្សា។

រាង​កាយ​គឺ​ជរា​បៀត​បៀន​ហើយ បី​ដូច​ជា​គប់​ភ្លើង​ឆេះស្មៅដែល​ស្ថិត​នៅ​ក្នុង​ទី​ច្រាស​ខ្យល់ ជន​ទាំង​ឡាយ​ឯណា​សេព​គប់​រាប់​អាន​រាង​កាយ​ហើយ ជន​ទាំង​ឡាយ​នោះ​ប្រកប​ដោយ​សេចក្តី​លំបាក​ពេក​ណាស់ បី​ដូច​ជា​ដុំ​ដែក​ក្តៅ​គឺ​បុគ្គល​ញាំ​ញី​ហើយ​មុខ​ជា​នឹង​ក្ដៅ​រលាក​មិន​ខាន រាង​កាយ​មាន​សេចក្តី​សុខ​តិច​ណាស់ បី​ដូច​ជា​តំណក់​ទឹក​សន្សើម មាន​ទុក្ខ​ច្រើន​ដូច​ទឹក​សមុទ្ទ​តែង​ហូរ​ទៅ​ក្នុង​លោក​អស់​កាល​ទាំង​ពួង រាង​កាយ​មាន​ទុក្ខ​ពេក​ណាស់ ដល់​សត្វ​មាន​អាយុ​វែង​ក្តី​សត្វ​ដែល​មាន​អាយុតិចក្តី សេចក្តី​ទុក្ខ​និង​ស្លាប់​ក៏​សឹង​មាន​ដូច​គ្នា ជន​ពាល​ទាំង​ឡាយ​ជា​បុគ្គល​ប្រមាទ មាន​សភាព​ជា​អ្នក​សម្គាល់​នូវ​ខ្លួន​ថា​ជា​សុខ តែង​ប្រាថ្នា​នូវ​រាង​កាយ​គឺ​ទុក្ខ​អំពី​សេចក្តី​ស្លាប់​បៀត​បៀន​ហើយ មាន​ប្រការ​ផ្សេងៗ យ៉ាង​នេះ​ឯង ជន​ទាំង​ឡាយ​ប្រកប​ដោយ​ជាតិ​ជា​បណ្ឌិត ឃើញ​នូវ​រាង​កាយ​មាន​ទុក្ខ​ពន់​ពេក​ដូច្នេះ​ហើយ តែង​រិះ​គិត​រក​នូវ​ឧបាយ​ដើម្បី​ដោះ​ខ្លួន​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​ពិត​ប្រាកដ ទុក្ខ​លក្ខណ​វគ្គ​ជា​បឋម ក្នុង​ពាល​ចិត្ត​ប្បពោធនក​ថា មាន​ដោយ​ប្រការ​ដូច្នេះ។

អនិច្ចលក្ខណ​វគ្គ គម្រប់២

សេចក្តី​ថា ជន​ទាំង​ឡាយ​ជា​បុគ្គល​មាន​ប្រាជ្ញា​ខ្លៅ តែង​សម្គាល់​ដឹង​នូវ​ខន្ធ​បញ្ចកៈ​គឺ (រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ) ជា​របស់​មិន​ទៀង ព្រោះ​ខន្ធ​បញ្ចកៈ​មាន​សភាព​កើត​ឡើង​និង​វិនាស​ទៅ​វិញ ថា​ជា​របស់​ល្អ​ថា​ជារបស់​ទៀត​ក្នុង​កាល​ទាំង​ពួង ម្យ៉ាង​វិញ​ទៀត​ជរា​តែង​កម្ចាត់​បង់​នូវ​រូប​ជា​ទី​សម្លាញ់​របស់​សត្វ​ទាំង​ឡាយ រោគ​ទាំង​ពួង​តែង​កម្ចាត់​នូវ​កម្លាំង ឯស្តេច​មច្ចុតែង​កម្ចាត់​បង់​នូវ​ជីវិត ភោគ​សម្បត្តិ​ទាំង​ឡាយ​ក្តី កូន​ប្រុស​ស្រី​ទាំង​ឡាយ​ក្តី បុរស​ជា​ផៅ​ពង្ស​ឬ​ជា​មិត្ត​សម្លាញ់​ទាំង​ឡាយ​ក្តី យាន​ជំនិះ​ទាំង​ឡាយ​ក្តី ស្រែ​ចម្ការ​ច្បារ​ដំណាំ​ទាំង​ឡាយ​ក្តី​របស់​អ្វី​នីមួយ​គួរ​គប្បី​ទៅ​តាម​ខ្លួន​បាន សូម្បី​ស្ថិត​នៅ​ក្នុង​ស្ថាន​កាមាវ​ចរ​ទាំង​ឡាយ តែង​ត្រេក​អ​រ​ហើយ​ក្នុង​កាម​គុណ​ដ៏​ជា​ទិព្វ​ក៏​គង់​តែ​លះ​បង់​នូវ​រាង​កាយ​ជា​របស់​ខ្លួន ដោយ​កិរិយា​អស់​បុណ្យ​និង​អស់​អាយុ​ពុំ​លែង​ឡើយ ទោះ​រូប​ព្រហ្ម​ទាំង​ឡាយ​ក្តី​ អរូប​ព្រហ្ម​ទាំង​ឡាយ​ក្តី មាន​ប្រក្រតី​ចម្រើន​នូវ​ឈាន​ មានឫទ្ធិ​អានុភាព​ច្រើន កាល​ញ៉ាំង​ទិស​ទាំង​ឡាយ​ឱ្យ​ភ្លឺ​ស្វាង​រុង​រឿង​បាន ព្រហ្ម​ទាំង​ឡាយ​នេះ​ក៏​តែង​លះ​បង់​នូវ​អត្តភាព​ជា​របស់​ខ្លួន​ពុំ​ខាន ទោះ​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ក្តី ព្រះ​បច្ចេក​ពុទ្ធ​ទាំង​ឡាយ​ក្តី​ សាវ័ក​ទាំង​ឡាយ​ក្តី​ ប្រកប​ដោយ​ឫទ្ធិ​ច្រើន ដែល​ជា​ទី​លំ​នៅ​នៃ​គុណ​មាន​សីល​គុណ​ជា​ដើម មាន​មន្ទិល​គឺ​កិលេស​មាន​រាគៈ​ជា​ដើម​ប្រាស​ចាក​អំពី​សន្តាន​ចិត្ត​ហើយ ព្រះ​អរិយ​បុគ្គល​ទាំង​ឡាយ​ទាំង​ពួង​មាន​ព្រះ​ពុទ្ធ​ជា​ដើម លោក​ក៏​ដល់​នូវអំណាច​នៃ​មច្ចុរាជពុំ​លែង ទោះ​សមុទ្ទ​គឺ​បុគ្គល​មិន​គប្បី​ប្រមាណ​ទាំង​ឡាយ ជា​អណ្តូង​ជា​ទី​កើត​នៃ​កែវ​ទាំង​ឡាយ មាន​ត្រើយ​ច្រាំង​គឺ​បុគ្គល​ឃើញ​មិន​បាន​មាន​ជម្រៅ​ដ៏​ជ្រាល​ជ្រៅ សមុទ្ទ​ទាំង​ឡាយ​អម្បាល​នោះ ក៏​គង់​ដល់​នូវ​អំណាច​នៃ​អនិច្ចធម៌​ដូច​គ្នា ទោះ​ភ្នំ​សិនេរុ​និង​ផែន​ដី​ទាំង​មូល​ព្រម​ទាំង​សមុទ្ទ​ព្រម​ទាំង​ភ្នំ​ដទៃ​ក្តី ​សត្វ​ទាំង​ឡាយ​ដែល​ត្រាច់​ទៅ​លើ​ផែន​ដី​ក្តី ក៏​គង់​ដល់​នូវ​សេចក្តី​វិនាស​នោះ​សូន្យ​ទៅ​ក្នុង​កាល​ទី​បំផុត​នៃ​យុត្តកាល​ពុំ​ខាន​ឡើយ​ ទោះ​ទាំង​ភូមិ​ភពទាំង​ឡាយ​អំពី​ខាង​ក្រោម​ស្ថាន​អភស្សរាក៏​គង់​ដល់​នូវ​ភាវៈជា​អាកាស​ទទេ​ពុំ​បាន​នឹង​នៅ បី​ដូច​ជា​គ្រាប់​ស្ពៃ​ស្ថិត​នូវ​ចុង​ដែក​ស្រួច នឹង​បាច់​ពោល​ទៅ​ថ្វី​ក្នុង​សរី​រកាយ​របស់​សត្វ​ទាំង​ឡាយ។

ជន​ទាំង​ឡាយ​ឯណា​ជា​អ្នក​ប្រាជ្ញ អាច​ដឹង​ហើយ​នូវ​រាង​កាយ ថា​ជា​របស់​មាន​សភាព​ទៀង​យ៉ាង​នេះ​ហើយ តែង​ប្រព្រឹត្ត​ធ្វើ​បុណ្យ​ឱ្យ​ទាន​មាន​ប្រការ​ផ្សេងៗ សូម្បី​ឱ្យ​រួច​ចេញ​ចាក​ភព​ទាំង​បី ប្រកា​រ​គឺ​កាម​ភព រូបភព អរូបភព នេះ​ហោង។

អនិច្ចលក្ខណ​វគ្គ​គម្រប់​២ ក្នុង​ពាល​ចិត្តប្ប​ពោធន​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង។

អនត្តលក្ខណ​វគ្គ ​គម្រប់៣

សេចក្តី​ថា សំឡេង​ពោល​ថា​រថ​ដូច្នេះ​ព្រះ​ប្រជុំ អវយវៈ ដោយ​ប្រការ​ឯណា សម្មតិ​ដូច្នេះ​ថា​ខ្លួន​ព្រោះ​ប្រជុំ​នាម​និង​រូប​ដោយ​ប្រការ​ដូច្នោះ សំឡេង​ហៅ​ថា រថ​ដូច្នេះ​បើ​នាំ​យក​នូវ​អវយវៈ​ចេញ​ហើយ​ក៏​ពុំ​មាន​យ៉ាង​ណា​មិញ​សម្មតិ​ដូច្នេះ​ថា ខ្លួន​បើ​នាំ​យក​នូវ​នាម​និង​រូប​ចេញ​ហើយ​ក៏​ពុំ​មាន​យ៉ាង​ដូច្នោះ​ឯង រាង​កាយ​មិន​មែន​ខ្លួន​យ៉ាង​នេះ បី​ដូច​ជា​ភូត​មារយា ព្រោះ​ជា​របស់​បញ្ឆោត​សត្វ បី​ដូច​ជា​ថ្ងៃ​បណ្តើរ​កូន​ ព្រោះ​ជា​របស់​ប្រឡោម​ល្បួង​សត្វ បុគ្គល​ពាល​គប្បី​ពោល​ដូច្នេះ​ថា កូន​របស់​ស្រី​អារ​គប្បី​ទ្រ​ទ្រង់នូវ​ប្រវេណី ដោយ​ប្រការ​ឯណា បុគ្គល​ពោល​ទាំង​ឡាយ​តែង​ពោល​ដូច្នេះ​ថា​ខ្លួ​ដោយ​ប្រការ​ដូច្នោះ​ហើយ ប្រាថ្នា​នូវ​ខ្លួន​ក្នុង​កាល​ទាំង​ពួង បុគ្គល​ពាល​គប្បី​ពោល​ថា អញ​ផឹក​នូវ​ទឹក​ថ្ងៃ​បណ្តើរ​កូន​ដោយ​ប្រការ​យ៉ាង​ណា បុគ្គល​ពាល​នោះ​តែង​ពោល​ថា​ដូច្នេះ អញ​ប្រដាប់​ស្អិត​ស្អាង​នូវ​ខ្លួន​ដោយ​ប្រការ​ដូច្នោះ​ហើយ​រាប់​អាន​ស្រឡាញ់​នូវ​ខ្លួន បុគ្គល​ឯណា​គប្បី​ទ្រ​ទ្រង់ បុគ្គល​ពាល​ពោល​ដូច្នេះ​ថា ខ្លួន​ធ្វើ​នូវ​ឫទ្ធិ​ក្នុង​កាល​ទាំង​ពួង បុគ្គល​កាល​ស្វែង​រក​នូវ​ខ្លួន​ក្នុង​ខន្ធ​ទាំង​ឡាយ​ក៏​ពុំ​ឃើញ​មាន​យ៉ាង​នោះ បុគ្គល​ពាល​ឃើញ​នូវ​ថ្ងៃ​បណ្តើរ​កូន​អំពី​ចម្ងាយ​សម្គាល់​ថា​ជា​ទឹក ហើយ​ស្ទុះ​ចូល​ទៅ​ជិត​យ៉ាង​ណា​មិញ បុគ្គល​ពាល​សម្គាល់​នូវ​ខ្លួន​ថា​ជាសុខ​ ហើយ​ស្រឡាញ់​រាប់​អាន​នូវ​ខ្លួន​យ៉ាង​ដូច្នោះ​ឯង បុគ្គល​ជា​បុថុជ្ជន​រាប់​អាន ស្រឡាញ់​នូវ​របស់​គ្មាន​ថា​ខ្លួន​ដូច្នេះ​ហើយ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​លាមក​ក្នុង​លោក​នេះ ហើយ​រមែង​សោយ​សោក​ក្នុង​កាល​ជា​ខាង​ក្រោយ​អស់​កាល​ទាំង​ពួង បុរស​ជា​អ្នក​ប្រាជ្ញ​ដឹង​ច្បាស់​នូវ​ខ្លួន ថា​ជា​របស់​ប្រលោម​ល្បួង​សត្វ​យ៉ាង​នេះ បី​ដូច​ជា​ថ្ងៃ​បណ្តើរ​កូន​អំពី​ចម្ងាយ ហើយ​ក៏​មិន​បាន​ស្រឡាញ់​រាប់​អាន​នូវ​ខ្លួន​ក្នុង​កាល​ទាំង​ពួង អនត្ត​លក្ខណ​វគ្គ​គម្រប់៣ ​ក្នុង​ពាល​ចិត្ត​ប្បពោធនកថា ក៏​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង។

អសុភលក្ខណ​វគ្គ​ គម្រប់៤

សេចក្តី​ថា រាង​កាយ​នេះ​ដ៏​ពេញ​ដោយ​របស់​មិន​ស្អាត​មាន​ខ្ទុះ​និង​មូត្រ​លាមក​ជា​ដើម ជា​របស់​មិន​ល្អ​ជា​ទី​ខ្ពើម​រអើម​ផង​ក្នុង​កាល​ទាំង​ពួង​មែន​ពិត បី​ដូច​ជា​ក្អម​ដ៏​ពេញដោយលាមក សេចក្តី​ពិត​ថា រាង​កាយ​ជា​ប្រទេស​ជា​ទី​កើត​របស់​សត្វ​ដង្កូវ​ទាំង​ឡាយ ជា​ផ្ទះ​មាន​ជំងឺ​ជា​ដើម ជា​ព្រៃ​ស្មសាន ជា​កន្លែង​សម្រាប់​សម្រាល​កូន របស់​សត្វ​ដង្កូវ​ទាំង​ឡាយ​ក្នុង​កាល​ទាំង​ពួង បី​ដូច​ជា​ក្អម​ដ៏​ពេញ​ដោយ​សត្វ​ដង្កូវរាង​កាយ​សូម្បី​គឺ​បុគ្គល​ចិញ្ចឹម​រក្សា​ដោយ​វត្ថុ​មាន​សំពត់​និង​គ្រឿង​ក្រអូប​ជា​ដើម​សព្វ​ថ្ងៃ ក៏​នៅ​ជា​របស់​មិន​ស្អាត​ដដែល​ បី​ដូច​ជា​ក្អម​លាមក​គឺ​បុគ្គល​ចោល​ទៅ​ក្នុង​វត្ថុ​មាន​គ្រឿង​ក្រអូប​ជា​ដើម រាង​កាយ​ជា​ផ្ទះ​សម្រាប់​ពពួក​គឺ​សក់​ទាំង​ឡាយ​គឺ​រោម​ទាំង​ឡាយ ជា​ទី​លំនៅ​របស់​ទឹក​ភ្នែក ខ្លាញ់​ខាប់ ខ្លាញ់រាវ ញ៉ាំង​វត្តុ​មិន​ស្អាត​មាន​ស្លេ​ស្ម​ជា​ដើម ឱ្យ​ហូរ​ទៅ​កាន់​ទ្វារ​ទាំង​ឡាយ ៩ ក្នុង​កាល​ទាំង​ពួង រាង​កាយ​នេះ​សូម្បី​គឺ​បុគ្គល​កាន់​យក​នូវ​ទឹក​ក្នុង​សមុទ្ទ​ទាំង​អស់ យក​នូវ​គ្រឿង​ក្រអូប​ប្រមាណ​ប៉ុន​ភ្នំ​ព្រះ​សុមេរុមក​លាង​មក​ងូត​មក​អប់​ជា​និច្ច​ជា​កាល ក៏​នូវ​តែ​ពុំ​ល្អ​មាន​ប្រការ​ដូច្នោះ​ឯង។ ជន​ពាល​ទាំង​ឡាយ​ពុំ​ឃើញ​នូវ​រាង​កាយ​ជា​ទី​លំនៅ​នៃ​រោគ ប្រកប​ដោយ​សោក​ប្រកប​ដោយ​ភ័យ​ដោយ​សេចក្តី​អន្តរាយ​ហើយ តែង​រាប់​អាន​នូវ​រាង​កាយ​ក្នុង​កាល​ទាំង​ពួង​ ប្រសិន​ណា​បើ អាការ​មាន​សាច់​ជា​ដើម​ទាំង​អស់​ដែល​តម្កល់​នៅ​ខាង​ក្នុង ហើយ​ប្រាកដ​ខាង​ក្រៅ​វិញ បុគ្គល​គប្បី​កាន់​យក​នូវ​ដំបង​ព្រនង់​ដុំ​ដី​ហើយ​ដេញ​ក្អែក​ត្មាត​ទាំង​ឡាយ​ពុំ​លែង ប្រសិន​ណា​បើ​មាតា​បិតា​ព្រម​ទាំង​ភរិយា​ឃើញ​​នូវ​របស់​ខាង​ក្នុង​ទាំង​អស់ ប្រាកដ​ខាង​ក្រៅ​វិញ មុខ​ជា​គ្មាន​ស្តាយ​ស្រណោះ​អាឡោះ​អាល័យ​ហើយ​ដើរ​ចោល​បោះ​បង់​ហើយ ប្រាកដ​ជា​សត្វ​ក្អែក​ត្មាត​ទាំង​ឡាយ ទំពា​ស៊ី​នូវ​រាង​កាយ​ដែល ប្រឡាក់​ដោយ​សាច់​និង​ឈាម គឺ​បុគ្គល​ចោល​បង់​ក្នុង​ព្រៃ​ស្ម​សាន​មែន​ពិត​ណាស់​ញាតិសា​លោហិត​មិត្រ​សម្លាញ់​នឹង​មាន​អំពី​ទី​ឯណា ទ្រព្យ​សម្បត្តិ​អ្វីក៏​នឹង​មាន​អំពី​ទី​ឯណា​ជន​ទាំង​ឡាយ​ប្រកប​ដោយ​ជាតិ​ជា​បណ្ឌិត ដឹង​ច្បាស់​ហើយ​នូវ​រាង​កាយ​ដោយ​អសុភ​យ៉ាង​នេះ គប្បី​ធ្វើ​នូវ​ព្រះ​ធម៌​ឱ្យ​ជា​ទី​គោរព​ស៊ូ​លះ​បង់​នូវ​អង្គ​លះ​បង់​នូវ​ជីវិត អសុភលក្ខណ​វគ្គ​ជា​គម្រប់ ៤ ក្នុង​ពាល​ចិត្ត​ប្បពោធន​កថា មាន​ដោយ​ប្រការ​ដូច្នេះ​ឯង។

មរណា​នុស្សតិ​វគ្គ​ គម្រប់៥

សេចក្តី​ថា ដុំ​ដី​ដែល​បុគ្គល​ចោល​ទៅ​ក្នុង​អាកាស​ ហើយ​ធ្លាក់​ចុះ​មក​លើ​ផែន​ដី​វិញ​យ៉ាង​ណា​មិញ សត្វ​ដែល​កើត​មក​ហើយ តែង​ដល់​នូវ​សេចក្តី​ស្លាប់​ពិត​ដោយ​ប្រការ​យ៉ាង​នោះ រី​របៀប​រលក​ទាំង​ឡាយ​ ពុំ​ដែល​ប្រព្រឹត្ត​កន្លង​ឱ្យ​ហួស​អំពី​ប្រាំង​ក្នុង​កាល​ទាំង​ពួង យ៉ាង​ណា​មិញ បណ្តា​ពពួក​ជន​ក្នុង​លោក​នេះ​ពុំ​ដែល​ប្រព្រឹត្ត​កន្លង​នូវ​សេចក្តី​ស្លាប់ ដោយ​ប្រការ​ដូច្នោះ​ឯង ធារ​ទឹក​ភ្លៀង​ទាំង​ឡាយ តែង​ធ្លាក់​លើ​ផែន​ដី​ក្នុង​ទិស​ទាំង​ឡាយ ទៀង​នៅ​ក្នុង​ទិស​ទាំង​ឡាយ​យ៉ាង​ណា បណ្តា​ពពួក​សត្វ​ទាំង​ឡាយ​ក៏​ទៀង​​តែ​ដល់​នូវ​អំណាច​នៃ​មជ្ជុរាជ ដូច្នោះ​ឯង សត្វ​តិរច្ឆាន​ទាំង​ឡាយ​ទាំង​ពួង​​ក្តី ប្រេត គន្ធព្វ អារក្ខទឹក មនុស្ស អសុរ យក្ខ​ទាំង​ឡាយ​ក្តី សត្វ​ទាំង​ឡាយ​មាន​តិរច្ឆាន​ជា​ដើម​នោះ តែង​ដល់​នូវ​សេចក្តី​ស្លាប់​ទាំង​អស់​ដូច​គ្នា សូម្បី​ទេវតា​ក្នុង​ស្ថាន​កាមាវចរ​ទាំង​ឡាយ​ក្តី រូប​ព្រហ្មក្តី ដែល​មាន​អាយុ​វែង​មាន​តេជះ​ច្រើន ទេវតា​ទាំង​ឡាយ​ទាំង​ពួង​នោះ ក៏​ដល់​នូវ​សេចក្តី​ស្លាប់​ពុំ​លែង​ឡើយ ភាជន៍​ដី​គឺ​នាយ​ស្មូន​ឆ្នាំង​ធ្វើ​ហើយ មាន​កិរិយា​ដល់​ព្រម​នូវ​សភាព​បែក​ធ្លាយ​ទៅ មែន​មាន ឧបមា​យ៉ាង​ណា ឯប្រជុំ​ជន​ទាំង​អស់​មាន​កិរិយា​ដល់​នូវ​សភាព​បែក​ធ្លាយ​ទៅ មាន​ឧបមេយ្យ​​យ៉ាង​ដូច្នោះ​ហោង ឯ​សេចក្តី​មរណៈ​ជា​ធម៌​ទៀង សូម្បី​តែមួយ​ក៏​អាច​ដើម្បី​សម្លាប់​នូវ​សត្វ​ក្នុង​ភព​ទាំង​៣​បាន​ឥត​មាន​សេស​សល់ លោក​អ្នក​ប្រាជ្ញ​តែង​ធ្វើ​នូវ​កូន​ប្រពន្ធ​ផង​នូវ​ជីវិត​ផង ឱ្យ​អណ្តែត​នៅ​ក្នុង​ទី​ជិត ដោយ​អំណោយ​ទាន​បុគ្គល​ពាល​ទាំង​ឡាយ ឃើញ​នូវ​សេចក្តី​ស្លាប់​ដូច្នេះ​ហើយ​បុគ្គល​ពាល​ទាំង​ឡាយ​នោះ​ពោល​ថា អញ​នឹង​ធ្វើ​នូវ​បុណ្យ​ក្នុង​ថ្ងៃ​ស្អែកៗ​ហើយ តែ​នៅ​តែ​ធ្វើ​នូវ​បាប​ពុំ​លែង​ឡើយ លោក​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​គិត​នូវ​សេចក្តី​ស្លាប់​ពិត​ណាស់​ហើយ លោក​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​នោះ​ តែង​លះ​បង់​នូវ​ជីវិត​ព្រម​ទាំង​ទ្រព្យ​ផង​ នូវ​អង្គ​ផង នូវ​កូន​និង​ប្រពន្ធ​ផង​ឱ្យ​ទៅ​ជា​ទាន​ពុំ​បាន​យឺត​យូរ​មែន​ពិត។ មរណា​នុស្សតិ​វគ្គ​គម្រប់ ៥ ក្នុង​ពាល​ចិត្តប្បពោធនកថា មាន​ដោយ​ប្រការ​ដូច​នេះ​ឯង។

វត្ថុ​កាមវគ្គ​ គម្រប់​៦

សេចក្តី​ថា បុគ្គល​ជា​បុថុជ្ជន​មិន​ដឹង​នូវ​ទោស​ធំ​ក្នុង​វត្ថុ​កាម រាប់​អាន​នូវ​វត្ថុ​កាម​រឿយៗ មាន​ប្រមាណ​មិន​តិច ពាក្យ​ប្រៀប​ថា​ត្រី​លេប​នូវ​សន្ទូច​ដល់​នូវ​សេចក្តី​ទុក្ខ​ដោយ​ប្រការ​ឯណា​ មាណព​ទាំង​ឡាយ​រាប់​អាន​នូវកាម​ទាំង​ឡាយ​ហើយ​រមែង​ដល់​នូវ​សេចក្តី​ទុក្ខ​ដោយ​ប្រការ​ដូច្នោះ បុគ្គល​ឯណា​សេព​គប់​នូវ​កាម​ទាំង​ឡាយ ឬគប់​ភ្លើង​ដែល​ឆេះ​នូវ​ក្នុង​ទី​ច្រាស​ខ្យល់​យ៉ាង​ណា​មិញ សេចក្តី​ទុក្ខ​តែង​ប្រព្រឹត្ត​ទៅ​ដល់​បុគ្គល​នោះ ដោយ​ប្រការ​ដូច្នោះ ដើមឈើ​ទាំង​ឡាយ​មាន​ផ្លែ​ច្រើន មាន​ស្លឹក សម្បក ពន្លក ហិន​ហោច​ទៅ​យ៉ាង​ណា ជន​ប្រកប​ដោយ​ភោគ​សម្បត្តិ​ទ្រព្យ​ធន​ច្រើន សេចក្តី​ទុក្ខ​ច្រើន​រាប់​មិន​បាន​មាន​ដល់​បុគ្គល​នោះ ដោយ​ប្រការ​យ៉ាង​ដូច្នោះ ពុំ​នោះ​សោត​ដូច​បុគ្គល​ណា​មួយ​ចូល​ទៅ​កាន់​នគរ​បីសាច​ជា​នគរ​ត្រេក​អរ​សប្បាយ​ណាស់ បុគ្គល​នោះ​មុខ​ជា​នឹង​វិនាស​ទៅ​មិន​ខាន មាន​ឧបមា​យ៉ាង​ណា​មិញ បុគ្គល​ឯណា​មួយ​តែង​សេព​គប់​នូវ​កាម​គុណ​ហើយ បុគ្គល​នោះ មុខ​ជា​នឹង​វិនាស​ក្នុង​លោក​ពុំ​ខាន​ឡើយ បុគ្គល​ពាល​ទាំង​ឡាយ​ស្រឡាញ់​រាប់​អាន​នូវ​កាម​គុណ​នោះ ហើយ ក៏​នឹង​វិនាស​ទៅ​ក្នុង​កាល​ទាំង​ពួង បី​ដូច​ជា​សត្វ​កណ្តូប​ទាំង​ឡាយ​វិនាស​ទៅ​ដោយ​អណ្តាត​ភ្លើង​ក្នុង​រាត្រី​កាល ​សូម្បី​ទេវតា​ក្នុង​កាមា​វចរ​ទេវ​លោក​ទាំង​ឡាយ សម្រេច​ដោយ​កាម​គុណ​ទិព ក៏​តែង​តែ​លះ​បង់​នូវ​កាម​គុណ​ទាំង​នោះ​ហើយ​ច្យុត​ទៅ​ពុំ​ខាន សេចក្តី​ត្រេក​អរ​ដូច​ម្តេច​ក្នុង​កាម​គុណ​នោះ បី​ដូច​ជា​សេចក្តី​ត្រេក​អរ​ក្នុង​យល់​សប្ដ សត្វ​ទាំង​ឡាយ​គប្បី​លះ​បង់​ចោល​នូវ​កាម​ទាំង​ឡាយ ឯកាម​នោះ​សោត​ គប្បី​វៀរ​បង់​ចោល​នូវ​សត្វ​នោះ​ដូច​ម្តេច​មិញ ភោគ​សម្បត្តិ​គប្បី​លះ​បង់​ចោល​នូវ​សត្វ​យ៉ាង​ដូច្នោះ បើ​ពុំ​នោះ​សោត​បី​ដូច​ជា​ផ្លេក​បន្ទោរ​នៅ​ក្នុង​ទី​ជា​ចន្លោះ​ពពក បុគ្គល​ពាល​បុថុជ្ជន​ពុំ​ដឹង​នូវ​ទោស​ក្នុង​កាម​គុណ​យ៉ាង​នេះ​ហើយ តែង​ពោល​ថា​ប្រាក់​របស់​អញ​ថា​មាស​របស់​អញ ហើយ​ស្រឡាញ់​រាប់​អាន​នូវ​ប្រាក់​និង​មាស​នោះ​ឯង ​បុគ្គល​ជា​អ្នក​ប្រាជ្ញ​ប្រកប​ដោយ​បញ្ញា​ដឹង​នូវ​ទោស​ក្នុង​កាម​គុណ​យ៉ាង​នេះ​ហើយ លោក​ខ្ពើម​នូវ​កាម​គុណ​ក្នុង​លោក​អស់​កាល​ទាំង​ពួង បី​ដូច​ជា​បុគ្គល​ខ្ពើម​នូវ​ភោជនា​ហារ​ដ៏​ច្រឡំ​ទៅ​ដោយ​ថ្នាំ​ពិស​ពុល វត្ថុ​កាម​វគ្គ​ជា​គម្រប់​៦ ក្នុង​ពាល​ចិត្តប្បពោធនក​ថា ក៏​មាន​ដោយ​ប្រការ​ប៉ុណ្ណេះ​ឯង។

កិលេស​កាម​វគ្គ​ គម្រប់៧

សេចក្តី តណ្ហា​ជា​ធម្មជាតិ មាន​ទុក្ខ​ក្រៃ​លែង​ជាង​ទុក្ខ​ទាំង​ពួង បុគ្គល​ពាល​ទាំង​ឡាយ​មាន​កិរិយា​អាង​នូវ​ទោស​ក្នុង​កាម​គុណ​ជា​ប្រក្រតី តែង​ញ៉ាំង​តណ្ហា​នោះ​ឱ្យ​ចម្រើន បី​ដូច​ជា​សត្រូវ​ដែល​បុគ្គល​ចិញ្ចឹម​រក្សា​បុគ្គល​ពាល​លះ​នូវ​អំណាច​នៃ​តណ្ហាហើយ ទៅ​ជា​មនុស្ស​ប្រមឹក​ផឹក​នូវ​ទឹក​ស្រវឹង ទៅ​ជា​មនុស្ស​ភូត​កុហក​លួច​លាក់​នូវ​ទ្រព្យ​របស់​អ្នក​ដទៃ ឬ​សេព​គប់​នូវ​ភរិយា​អ្នក​ដ​ទៃ​ក៏​មាន​ ឯ​ជន​អាក្រក់​បើ​ឃើញ​អ្នក​ណា​នីមួយ​គេ​ពុំ​បាន​ប្រមាទ​ក្នុង​ព្រះ​ពុទ្ធ​ព្រះ​ធម៌​ព្រះ​សង្ឃ ក្នុង​កាល​ឯណា​នីមួយ​ហើយ តែង​មាន​ចិត្ត​ប្រាថ្នា​ធ្វើ​ឱ្យ​ដូច​គេ​តែ​ពុំ​ព្រម​ធ្វើ​តាម​ក្នុង​កាល​ទាំង​ពួង បុគ្គល​​ឯណា​ដែល​មាន​ចិត្ត​ស្អិ​តជាប់​ចំពាក់​នៅ​ដោយ​តណ្ហា​ហើយ​បុគ្គល​នោះ​បើ​ឃើញ​អ្នក​ណា​នីមួយ​ហើយ ក៏​មាន​ចិត្ត​ភិត​ភ័យ រន្ធត់​តក់​ស្លុត បី​ដូច​ជា​ទឹក​សមុទ្ទ​ដែល​ស្ងប់ ហើយ​មាន​ខ្យល់​ព្យុះ​ធំ​បក់​មក​ត្រូវ​ដូច្នោះ បុគ្គល​បាប​ដល់​នូវ​អំណាច​នៃ​តណ្ហា​យ៉ាង​នេះ​ហើយ ជា​អ្នក​ប្រមាទ​តែង​ប្រព្រឹត្ត​ធ្វើ​នូវ​បាប​ក្នុង​លោក​នេះ​ហើយ ក៏​នឹង​កម្រើក​ញាប់​ញ័រ​ក្នុង​បាប​ទាំង​ឡាយ ដោយ​ច្រើន​ក្រៃ​លែង បុគ្គល​នោះ លុះ​សោយ​ទុក្ខ​នៅ​ក្នុង​អបាយ​ភូមិ​ទាំង​ឡាយ​ហើយ បើ​មក​បង្កើត​ជា​មនុស្ស​លើ​ផ្ទៃ​ផែន​ដី​ទៀត​ក៏ពុំ​ចេះ​មាន​ឆ្អែត​ឆ្អន់​ដោយ​កាម​គុណ​ទាំង​ឡាយ​សោះ ពុំ​បាន​ឃើញ​នូវ​ទុក្ខ​នោះ​ៗឡើយ ​បុគ្គល​ដែល​ប្រកប​ដោយ​តណ្ហា​ហើយ​បើ​ប្រាថ្នា​នូវ​ទ្រព្យ​របស់​អ្នក​ដទៃ ហើយ​ពុំ​បាន​ឃើញ​នូវ​ទុក្ខ​នោះៗ មាន​វាយ​និង​ចង​និង​ចាប់​ជា​ដើម បើ​ពុំ​នោះ​សោត តែង​ធ្វើ​នូវ​ជម្លោះ​ប្រកែក​មួយ​អន្លើ​ដោយ​មាតា​បិតា​ឬ​បុត្តភរិយា​ទាំង​ឡាយ​ជា​និច្ច​ជា​កាល ពី​ព្រោះ​តែ​លោភ​ចង់​បាន​នូវ​ទ្រព្យ​សម្បត្តិ​នោះ ឯ​សត្វ​សាហាវ​ទាំង​ឡាយ​មាន​សីហៈនិង​ខ្លា​ជា​ដើម​ក្តី ស្តេច​និង​ចោរ​ទាំង​ឡាយ ដែល​អាច​អាក្រក់​ក្តី ចួន​កាល​ធ្វើ​នូវ​ទុក្ខ​ខ្លះ​ចួន​កាល​មិន​ធ្វើ​ខ្លះ​ដល់​បុគ្គល​នោះ ចំណែក​បុគ្គល​អ្នក​ប្រកប​ដោយ​តណ្ហា​ហើយ ជា​បុគ្គល​ប្រកប​ដោយ​ទុក្ខ​នោះ​ឆ្អែត​បរិបូណ៌​ហើយ ឯតណ្ហា​ដែល​តម្កល់​នៅ​ខាង​ក្នុង​សន្តាន​ចិត្ត​ហើយ​តែង​ធ្វើ​នូវ​សេចក្តី​ទុក្ខ​ដល់​បុគ្គល​នោះ​ក្នុង​អបាយ​ទាំង​ឡាយ​អស់កាល​អង្វែង​យូរ ទុក្ខ​នោះ​ឯង​ឈ្មោះ​ថា​ជា​ទុក្ខ​ក្រៃ​លែង​ជាង​ទុក្ខ ទាំង​អស់​កិលេស​កាម​គុណ​វគ្គ ក្នុង​ពាល​ចិត្ត​ប្បពោធនកថា ជា​គម្រប់ ៧ ក៏​មាន​ដោយ​ប្រការ​ដូច្នេះ​ហោង។

ទោស​វគ្គ​ គម្រប់៨

សេចក្តី​ថា បុគ្គល​ឯណា​គឺ​សេចក្តី​លោភ​និង​ក្រោធ​គ្រប​សង្កត់​សន្តាន​ចិត្ត​ហើយ​ពុំ​ឃើញ​នូវ​អំពើ​ជា​ប្រយោជន៍​បន្តិច​បន្តួច​សោះ​បុគ្គល​នោះ​មិន​ដឹង​នូវ​ហេតុ​គួរ​និង​មិន​គួរ ហើយ​តែង​ធ្វើ​នូវ​អំពើ​ដែល​អាក្រក់​មែន​ពិត​មិន​ខាន ​បុគ្គល​នោះជេ​រវាយ​នូវ​មាតា​បិតា​បុត្តភរិយា ផៅ​ពង្ស​និង​មិត្រ​សម្លាញ់​ហើយ គង់​ដល់​នូវ​សេចក្តី​សោយ​សោក​ក្នុង​កាល​ខាង​ក្រោយ អស់​កាល​ទាំង​ពួង មិន​តែ​ប៉ុណ្ណោះ បុគ្គល​នោះ​ជេរ​វាយ​នូវ​សមណៈនិង​ញ្រហ្មណ៍ ជា​អ្នក​មាន​សីល​ស្វែង​រក​នូវ​ប្រយោជន៍ ហើយ​តែង​សោយ​នូវ​សេចក្តី​ទុក្ខ​ក្នុង​កាល​ជា​ខាង​ក្រោយ បុគ្គល​នោះ​គឺ​សេចក្តី​ក្រោធ​សង្កត់​ក្នុង​កាល​ឯណា​ហើយ ជេរផ្តាសា​នូវ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះ​សង្ឃ ជា​វត្ថុ​គួរ​ដល់​បូជា​គោរព​ប្រតិបត្តិ​ក្នុង​លោក​សព្វ​កាល ក្នុង​កាល​នីមួយ​ពុំ​បាន​ម្យ៉ាង​វិញ​ទៀត បុគ្គល​គឺ​សេចក្តី​ក្រោធ​គ្រប​សង្កត់​ហើយ​ក្នុង​កាល​ឯណា ឃើញ​នូវ​មាតា​បិតា​ឬ​នូវ​បុគ្គល​ដទៃ បី​ដូច​ជា​សត្វ​ខ្លា​ក្រឡេក​ឃើញ​នូវ​សត្វ​ម្រឹគ​ក្នុង​កាល​នោះ​ឯង ឬភ្លើង​កំពុង​ឆេះ​ហើយ​តែង​ឆេះ​នូវ​វត្ថុ​ទាំង​ពួង​ដែល​មក​ដល់​អស់​ទៅ​ហើយ​ប្រការ​ឯណា បុគ្គល​ដែល​សេចក្តី​ខឹង​គ្រប​សង្កត់​ហើយ តែង​ញ៉ាំង​វត្ថុ​ទាំង​ពួង​ឱ្យ​វិនាស​ទៅ​ក្នុង​កាល​ទាំង​ពួង​ដោយ​ប្រការ​ដូច្នោះ​ឯង​បុគ្គល​អ្នក​ខឹង​ក្រោធ​ទំពា​ស៊ី​នូវ​ថ្នាំ​ពិស​ពុល​ស្លាប់​ក៏​មាន ចង​ក​ដោយ​ខ្សែ​ស្លាប់​ក៏​មាន សម្លាប់​ខ្លួន​ដោយ​គ្រឿង​អាវុធ​ក៏​មាន​ ខ្លះ​ទម្លាក់​ខ្លួន​ក្នុង​ជ្រោះ​ស្លាប់​ក៏​មាន សេចក្តី​ទុក្ខ​ដែល​កើត​មាន​ដល់​បុគ្គល​ច្រើន​រាប់​ពុំ​បាន​ឡើយ បុគ្គល​ដែល​សេចក្តី​ក្រោធ​គ្រប​សង្កត់​ហើយ​យ៉ាង​នេះ ធ្វើ​នូវ​អំពើ​ទុច្ច​រិត​មាន​ប្រមាណ​ច្រើន​សោយ​សោក​ក្នុង​លោក​នេះ​ លុះ​ស្លាប់​ទៅ​កាន់​បរលោក រឹង​រឹត​តែ​សោយ​សោក​ក្រៃ​លែង​ណាស់ លោក​អ្នក​ប្រាជ្ញ​អាច​មាន​ប្រាជ្ញា​ដឹង​ច្បាស់​ដូច្នេះ​ហើយ​ បើលោក​ដល់​នូវ​អំណាច​នៃ​សេចក្តី​ក្រោធ​កាល​ឯណា តែង​យក​នូវ​ខន្តី​មេត្តា​មក​កម្ចាត់​បង់​នូវ​សេចក្តី​ក្រោធ​ឱ្យ​ខ្ចាត់​ចេញ​ជា​និច្ច​ជា​កាល​ពុំ​ដែល​ខាន ទោស​វគ្គ​គម្រប់ ៨ ក្នុង​ពាល​ចិត្ត​ប្បពោធនកថា ក៏​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង។

អវិជ្ជា​វគ្គ​ គម្រប់៩

សេចក្តី​ថា ធម៌​ដែល​ជា​ទី​ញ៉ាំង​អំពើ​ឥត​ប្រយោជន៍​ឱ្យ​កើត​ឡើង នឹង​រក​ធម៌​ឯណា​ក្នុង​លោក​នេះ​ឱ្យ​ស្មើ​ដោយ​មោហៈ​គ្មាន​ឡើយ មោហៈ​ជា​គ្រឿង​នាំ​មក​នូវ​ទុក្ខ​ទាំង​ពួង​ព្រោះ​មោហៈ​ជា​ឫស​គល់​របស់​សង្សារ​ទុក្ខ​ក្នុង​កាល​ទាំង​ពួង នា​កាល​ទោសៈគឺ​មោហៈ​បិទ​បាំង​ហើយ សត្វ​លោក​ពេញ​ដោយ​អវិជ្ជា គប្បី​ញ៉ាំង​លោភៈ​និង​ទោសៈ​ឱ្យ​ប្រព្រឹត្ត​ទៅ ព្រោះ​ធម៌​ទាំង​ឡាយ​គឺ​លោភៈ​និង​ទោសៈ​មាន​អវិជ្ជា​ជា​ហេតុ​ខាង​ដើម ពុំ​បាន​ឱ្យ​ត្រាស់​ដឹង​នូវ​បុណ្យ​និង​បាប បុគ្គល​ពាល​មិន​ដឹង​នូវ​បុណ្យ​និង​បាប​ហើយ ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​អំពើ​ឯណា គប្បី​ធ្វើ​នូវ​អំពើ​នោះៗ​ទៅ សូម្បី​តែ​សំពះ​ឬ​បូជា​នូវ​មាតាបិតា នូវ​សមណៈ​និង​ញ្រហ្មណ៍​ក្តី​ក៏​ពុំ​មាន​ឡើយ ពុំ​បាន​ធ្វើ​នូវ​មាត្រា​ថា សេចក្តី​គោរព តែង​ធ្វើ​នូវ​អំពើ​ដែល​គេ​មិន​គប្បី​ធ្វើ តែង​ពោល នូវ​ពាក្យ​ដែល​គេ​មិន​គប្បី​ពោល បុគ្គល​ពាល​បើ​គេ​និយាយ​ខុស​ត្រេក​អរ បើ​គេ​និយាយ​ត្រូវ​ខឹង បុគ្គល​ពាល​បើ​ឃើញ​នូវ​ភ័យ​អំពី​មនុស្ស​ទាំង​ឡាយ​មាន​ចោរ​ជា​ដើម​ហើយ មាន​ចិត្ត​ភិត​ខ្លាច​ច្រើន​ពេក​ណាស់ ពុំ​បាន​ឃើញ​នូវ​មហាចោរ​គឺ​មោហៈ​នោះ​ខាង​ក្នុង​ខ្លួន​ក៏​ទេ បុគ្គល​ពាល​ឃើញ​នូវ​របស់​មិន​ល្អ​ដោយ​ល្អ នូវ​របស់​មិន​ទៀង​ដោយ​ទៀង ម្យ៉ាង​វិញ​ទៀត​ បុគ្គល​ពាល​នោះ មាន​កិរិយា​ឃើញ​ខុស​ជា​ប្រក្រតី អំពី​សម្នាក់​នៃ​បុគ្គល​ដទៃ​ក្រៅ​អំពី​ខ្លួន​ឯង បុគ្គល​ពាល​តែង​សេព​គប់​នូវ​បុគ្គល​ឯណា​ៗជា​មនុស្ស​លាមក បុគ្គល​ជា​គ្រហស្ថ​បើ​សេព​គប់​នូវ​មិត្រ​ពាល​ហើយ គួរ​នាបី​ដូច​ជា​ផ្ទះ​ទាំង​ឡាយ​ដោយ​ជុំ​វិញ កាល​បើ​ផ្ទះ​១​ភ្លើង​ឆេះ​ហើយ​ក៏​នឹង​ឆេះ​ដូចគ្នា ហេតុ​ដូច្នោះ​បុរស​ឯណា​ជា​អ្នក​ប្រាជ្ញ បើ​ប្រាថ្នា​នូវ​សេចក្តី​សុខ​ដល់​ខ្លួន មិន​គប្បី​សេព​គប់​​នូវ​បាប​មិត្រ​ឡើយ បី​ដូច​ជា​បុគ្គល​ពុំ​សេព​នូវ​ភោជន​ប្រកប​ដោយ​ថ្នាំ​ពិស​ពុល ឯអវិជ្ជា​នេះ​តែង​នាំ​មក​នូវ​ទុក្ខ​ទាំង​ពួង​ក្នុង​កាល​ទាំង​អស់​យ៉ាង​ដូច្នេះ​ បុគ្គល​អ្នក​មាន​ប្រាថ្នា​នឹង​ចោល​នូវ​អវិជ្ជា​នោះ​ឱ្យ​ងាយ គប្បី​ចូល​ជិត​សេព​គប់​នូវ​អ្នក​ប្រាជ្ញ​ចុះ អវិជ្ជា​វគ្គ​ជា​គម្រប់ ៩ ក្នុង​ពាល​ចិត្ត​ប្បពោធនកថា ក៏​មាន​ដោយ​ប្រការ​ប៉ុណ្ណេះ។

មិស្សកវគ្គ ​គម្រប់១០

សេចក្តី​ថា មនុស្ស​ប្រកប​ដោយ​មានះ​ទាំង​ឡាយ​ក្នុង​សត្វ​លោក​នេះ គុណ​របស់​មនុស្ស​ទាំង​ឡាយ​នោះ ឥត​អង្គឺមាន​ឡើយ គួរ​នាបី​ដូច​ជា​ធារ​ទឹក​ភ្លៀង​ដែល​ធ្លាក់​ចុះ​លើ​ភ្នំ​ហើយ​ក៏​ពុំ​ដក់​នៅ​បាន រី​ដើម​ឈើ​ដែល​ខ្ពស់​ជាង​គេ តែង​កម្រើក​ញាប់​ញ័រ​ដោយ​ខ្យល់​បក់​មក​អំពី​ទិស​ទាំង​ពួង​មាន​ឧបមា​យ៉ាង​ណា​មិញ សត្វ​លោក​ដែល​មាន​មានះ​រឹង​រូស​ក៏​តែង​ដល់​នូវ​សេចក្តី​វិនាស​ផ្សេងៗ មាន​ឧបមេយ្យ​យ៉ាង​នោះ​ឯង ម្យ៉ាង​វិញ​ទៀត​ ទេវ​ទត្ត​ថេរ​ក្តី ​បុគ្គល​ដទៃ​ក្តី ជា​អ្នក​ច្រើន​ដោយ​មានះ​ក្នុង​លោក​នេះ បុគ្គល​ទាំង​ឡាយ​អម្បាល​នោះ តែង​ទៅ​កាន់​នរក​សោយ​ទុក្ខ​វេទនា ក៏​បង្កើត​ជា​ពាក្យ​និន្ទា​សព្វ​កាល​បុគ្គល​ប្រកប​ដោយ​មិច្ឆា​ទិដ្ឋិ​ហើយ រមែង​ពុំ​បាន​នូវ​របស់​មាន​ខ្លឹម​បន្តិច​បន្តួច​សោះ កាល​បើ​មាន​មាន​ទ្រព្យ​ជា​ខ្លឹម​ហើយ តែង​ស្រឡាញ់​រាប់​អាន​នូវ​ទ្រព្យ​នោះ បី​ដូច​ជា​អារក្ខ​ទឹក​រក្សា​នូវ​ស្រះ​បោក្ខ​រណី ពុំ​នោះ​សោត​បី​ដូច​ជា​បុគ្គល​ស្រេក​ទឹក​ហើយ ស្ទុះ​រត់​ទៅ​ជិត​គិត​ផឹក​នូវ​ថ្ងៃ​បណ្តើរ​កូន​ស្មាន​ថា​ជា​ទឹក ដល់​នូវ​សេចក្តី​ទុក្ខ​សោក​ដោយ​ច្រើន​ក្រៃ​លែង មួយ​វិញ​ទៀត​បុគ្គល​ប្រកាន់​នូវ​ទិដ្ឋិ​អាក្រក់ ពុំ​បាន​ស្តាប់​នូវ​ព្រះ​ធម៌​ព្រះ​ជិន​ស្រី ដែលអាច​នាំ​មក​នូវ​សុខ​ក្នុង​សួគ៌​និង​ព្រះ​និញ្វន តែង​ទៅ​កាន់​អបាយ​ទាំង៤ សោយ​សោក​ដោយ​ច្រើន​ក្នុង​កាល​ទាំង​ពួង បើ​ទុក​ជា​មាសក្តី សត្វ​លោក​ទាំង​អស់​ក្តី ដែល​ជរាវា​ញាំ​ញី​នោះ វា​នឹង​បាន​ញាំ​ញី​ដូច​ជា​មាស​ឬ​ផ្កា​ឈូក ដែល​បុគ្គល​ញាំ​ញី​ច្របាច់​ដោយ​ដៃ​ដូច្នោះ​ក៏​ទេ ឯជរា​ដែល​ញាំ​ញី​ច្របាច់​សត្វ​លោក​នេះ គឺ​វា​ធ្វើ​ភ្នែក​ឱ្យ​ងងឹត​ត្រចៀក​ឱ្យ​ស្តាប់​សំឡេង​ពុំ​សូវ​ច្បាស់ សំឡេង​ដែល​និយាយ​ទៅ​បី​ដូច​ជា​សំឡេង​មនុស្ស​គ ពុំ​ឱ្យ​ញាក់​រឭក​នូវ​បញ្ញា​របស់​ខ្លួន ស្បែក​សសៃ​ជ្រីវ​ជ្រួញ​យុរយា ទាំង​សក់​ក៏​ស្កូវ​មាន​ពណ៌​ស​បី​ដូច​សម្លី​ឬ​គ ទាំង​រាង​កាយ​ក៏​ថម​ថយ​កម្លាំង​តោង​កាន់​ឈើ​ច្រត់​ទើប​ដើរ​បាន ទុក្ខ​ដែល​កើត​ច្រើន​រាប់​មិន​បាន​ទាំង​ម្ល៉េះ​មិន​មក​អំពី​ទី​ឯណា​ឡើយ គឺ​មក​តែង​អំពី​ជរា​នេះ​ឯង ពណ៌​សម្បុរ​កម្លាំង​អាយុ ដែល​អាស្រ័យ​នូវ​រាង​កាយ​តែង​ថយ​ចុះ​ទៅ​ហើយ​នេះ លោភៈ​និង​ទោសៈទាំង​ឡាយ រឹង​រឹត​តែ​ចម្រើន​ច្រើន​ឡើង ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ឡាយ​មិន​ភ្ញាក់​រឭក​សោះ ចេះ​តែ​ប្រហែល​ធ្វេស​ភ្លេច​ស្មារតី​យ៉ាង​នេះ ពុំ​ខំ​ធ្វើ​បុណ្យ​ឱ្យ​ទាន​រក្សា​សីល​ចម្រើន​ភាវនា មិស្សក​វគ្គ​ក្នុង​ពាល​ចិត្ត​ប្ប​ពោធនកថា ជា​គម្រប់ ១០ ក៏​ចប់​តែង​ប៉ុណ្ណេះ។

សីល​វគ្គ​ គម្រប់ ១១

សេចក្តី​ថា​ពិត​ណាស់ បុគ្គល​ដឹង​ច្បាស់​នូវ​រាង​កាយ ថា​មាន​ពៀរ​ធំ​ប្រកប​ដោយ​លោភៈ​ទោសៈ​ដូច្នេះ​ហើយ​មាន​ប្រាថ្នា​ដើម្បី​លះ​បង់​ចោល​ចេញ គប្បី​ធ្វើ​កុសល​ឱ្យ​ច្រើន​ទើប​លះ​បង់​បាន ធម៌​ទាំង​ឡាយ​នេះ គឺ​ទាន សីល ហិរិ ឱតប្បៈ ម្យ៉ាង​ទៀត​គឺ​ករុណា​និង​មេត្តា ជា​ធម៌​សម្រាប់​កាត់​បង់​នូវ​បាប​ធម៌​មាន​លោភៈ​ជា​ដើម បុគ្គល​ធ្វើ​នូវ​កម្ម មាន​ការ​ភ្ជួរ​ស្រែ​ជា​ដើម ផល​ដែល​កើត​អំពី​កម្ម​នោះ ក៏​ជា​ផល​ឧត្តម​ប្រសើរ​ក្នុង​លោក មាន​ពូជ​ទាំង​ឡាយ តែង​ប្រាថ្នា​នូវ​ផល​នោះ​ព្រោះ​តែខ្លាច​ ១ លោភ ១ ទ្រព្យ ១ ផល​ដែល​កើត​អំពី​កម្ម​នោះ គឺ​សត្រូវ​មាន​ចោរ​ជា​ដើម​តែង​ប្រាថ្នា​ហើយ ផល​បុណ្យ​មាន​ទាន​ជា​ដើម គឺ​យើង​ពោល​មក​ហើយ បុគ្គល​ទាំង​ឡាយ​ជា​មនុស្ស​ខ្លៅ​ល្ងង់ ត្រូវ​តែ​ប្រាថ្នា​នូវ​ផល​នោះ​អស់​កាល​ទាំង​ពួង ទាន​ឯណា​សូម្បី​មាន​ប្រមាណ​តិច បុគ្គល​ធ្វើ​ដោយ​ចិត្ត​ជ្រះ​ថ្លា ហើយ​ទាន​នោះ​មាន​ផល​ច្រើន​បី​ដូច​ជា​ពូជ​គ្រប់​ជ្រៃ​ធំ ឯ​​កុសល​បុណ្យ​តែង​ឱ្យ​នូវ​សម្បត្តិ​ច្រើន ក្នុង​ស្ថាន​មនុស្ស​លោក​និង​ទេវលោក​ទាំង​ឡាយ ជន​ទាំង​ឡាយ​ច្រើន​តែ​ប្រាថ្នា​ធ្វើ​នូវ​ទាន​ក្នុង​កាល​ទាំង​ពួង ឯទាន​មាន​ផល​គឺ​បុគ្គល​ឃើញ​ហើយ​ក្នុង​កាល​មុន​ ជន​ទាំង​ឡាយ​អ្នក​ប្រាថ្នា​នូវ​សុខ​អំពី​ទាន​នោះ ត្រូវ​តែ​ឱ្យ​នូវ​ទាន​ជា​ប្រក្រតី បុគ្គល​ឯណា​ឱ្យ​នូវ​ទាន​ដែល​គួរ​គប្បី អ្នក​ប្រាជ្ញា​ទាំង​ឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ដើម តែង​ពោល​សរសើរ​នូវ​បុគ្គល​នោះឯង បាប​ធម៌​ទាំង​ឡាយ​ទាំង​ពួង គឺ​រាគៈ ទោសៈ មានះ តែង​ញ៉ាំង​សត្វ​ទាំង​ឡាយ​ឱ្យ​ដល់​នូវ​ទុក្ខ សត្វ​ទាំង​ឡាយ​បរិសុទ្ធដោយ​សីល ពុំ​បាន​បរិសុទ្ធដោយ​ទឹក​ក៏​ទេ បុគ្គល​ពាល​ទាំង​ឡាយ​ដែល​ប្រកាន់​ខ្លួន​ថា ជា​អ្នក​ប្រាជ្ញ ឃើញ​នូវ​មន្ទិល​សៅ​ហ្មង​នោះៗ ខាង​ក្រៅ​ហើយ ពោល​នូវ​ពាក្យ​ថា​អញ​នឹង​លាង​នូវ​មន្ទិល តែ​ខាង​ក្នុង​ក៏​នៅ​តែ​មិន​បរិសុទ្ធ បុគ្គល​ពាល​ទាំង​ឡាយ​មាន​មន្ទិល​គឺ​កិលេស​មាន​រាគ​ជា​ដើម​ខាង​ក្នុង​ហើយ តែង​ទៅ​កាន់​ទុគ្គតិ​ក្នុង​កាល​ទាំង​ពួង អ្នក​ប្រាជ្ញា​ទាំង​ឡាយ​តែង​លះ​បង់​នូវ​មន្ទិល​នោះ​ចេញ​ដោយ​សីល ហើយ​បាន​ដល់​នូវ​ព្រះ​និញ្វន​ជា​ទី​រម្លត់​បង់​នូវ​ទុក្ខ​ទាំង​ពួង។ សីល​វគ្គ​ជា​គម្រប់ ១១ ក្នុង​ពាល​ចិត្ត​ប្ប​ពោធនកថា​ក៏​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង។

ហិរិ​ឱតប្បវគ្គ​ គម្រប់ ១២

សេចក្តី​ថា ហិរិ សេចក្តី​អៀន​ខ្មាស​អំពី​ការ​បាប ឱតប្បៈ​សេចក្តី​តក់​ស្លុត​ក្តៅ​ក្រហាយ​អំពី​ការ​បាប​ធម៌​ទាំង​ពីរ​នេះ​ជា​គ្រឿង​ប្រព្រឹត្ត​ល្អ​ប្រពៃ​ក្នុង​លោក បើ​បុគ្គល​ឯ​ណា​លះ​បង់​ចោល​នូវ​ហិរិ​និង​ឱតប្បៈ​នោះ​ហើយ បុគ្គល​នោះ​ប្រាថ្នាដើម្បី​ពោល​នូវ​ពាក្យ​ឯណាៗ ក៏​ពោល​នូវ​ពាក្យ​នោះៗទៅ ​ប្រាថ្នាដើម្បី​ធ្វើ​នូវ​អំពើ​ឯ​ណា​ក៏​ធ្វើ​នូវ​អំពើ​នោះៗទៅ ​បុគ្គល​ពាល​ទាំង​ឡាយ ជា​បុគ្គល​​មិន​គោរព​គ្នា​នឹង​គ្នា ធ្វើ​នូវ​អំពើ​ផ្សេងៗ​មាន​លួច​ជា​ដើម ធ្វើ​នូវ​មេថុន​ធម្ម​ដោយ​មាតា​ឬ​បង​ប្អូន​ស្រី បី​ដូច​ជា​សត្វ​ឆ្កែ​ទាំង​ឡាយ​ បុគ្គល​ពាល​ទាំង​ឡាយ លុះ​ធ្វើ​នូវ​អំពើ​បាប​មាន​ប្រមាណ​ច្រើន​ហើយ​ក៏​រមែង​ទៅ​ទុគ្គតិ សោយ​ទុក្ខ​នូវ​ក្នុង​ទុគ្គតិ​នោះ នឹង​សោយ​សោក​ដោយ​ក្រៃ​លែង​ក្នុង​កាល​ទាំង​ពួង ហេតុ​ដូច្នោះ​បុគ្គល​ជា​អ្នក​ប្រាជ្ញ​ខ្លាច​នូវ​បាប​រឿយៗ​ផង​ប្រកប​ដោយ​សេចក្តី​គោរព​គ្នា​នឹង​គ្នា​ផង តែង​ធ្វើ​នូវ​ធម៌​ទាំង​ពីរ​គឺ​ហិរិ​និងឱតប្បៈ​ឱ្យ​មាំ​មួន​នៅ​ក្នុង​លោក​នេះ ជន​អាក្រក់​ទាំង​ឡាយ​លុះនូវ​អំណាច​ចិត្ត ប្រទុស្ត​ក្នុង​មាតា​និង​បិតា​ទាំង​ឡាយ តែង​សេព​គប់​នូវ​អំពើ​អាក្រក់​មាន​សម្លាប់​សត្វ​ជា​ដើម មាន​ប្រការ​ផ្សេងៗក្នុង​កាល​ទាំង​ពួង បុគ្គល​ពាល​ទាំង​ឡាយ​បើ​ឃើញ​នូវ​មនុស្ស​ចាស់​ក្តី​មនុស្ស​ក្រ​ខ្សត់​ក្តី គឺ​សេចក្តី​ទុក្ខ​មាន​ស្រេក​ឃ្លាន​ជា​ដើម​បៀត​បៀន​ហើយ ក៏​ដើរ​ទៅ​ជិត​មនុស្ស​ទាំង​ឡាយ នោះ​ហើយ​វាយ​ក៏​មាន​សម្លាប់​ក៏​មាន បុគ្គល​ពាល​តែង​ធ្វើ​នូវ​កម្ម​ដទៃ​ប្រាកដ​ដោយ​កម្ម​នោះ ហើយ​សប្បាយ​រីក​រាយ​ដោយ​ចិត្ត​ក្លៀវ​ក្លា រមែង​សោយ​សោក​ក្នុង​លោក​នេះ​ផង រមែង​សោយ​សោក​ក្នុង​អបាយ​ទាំង​ឡាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​ផង ហេតុ​ដូច្នោះ​លោក​ជា​អ្នក​ប្រាជ្ញ មាន​ប្រក្រតី​ស្វែង​រក​នូវ​ប្រយោជន៍​គឺ​បរមត្ថធម៌ មាន​ចិត្ត​ប្រកប​ដោយ​សេចក្តី​ករុណា តែង​ពោល​នូវ​ពាក្យ​ជា​ទី​សម្លាញ់​គ្នា​នឹង​គ្នា​ក្នុង​លោក​នេះ លោក​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ទាំង​ពួង លោក​ញ៉ាំង​សេចក្តី​ករុណា​ឱ្យ​កើត​ឡើង​ក្នុង​សត្វ​ឡាំង​ឡាយ បី​ដូច​ជា​ក្នុង​កូន​របស់​លោក​ទាំង​ឡាយ លុះ​ធ្វើ​នូវ​ទាន​ទាំង​ពួង​ទាំង​ឡាយ​ហើយ តែង​ត្រេក​អរ​រីក​រាយ​ដោយ​ច្រើន​ក្រៃ​លែង​ក្នុង​កាល​ទាំង​ពួង​ ហិរោប្បវគ្គ​គម្រប់ ១២ ក្នុង​ពាល​ចិត្ត​ប្បពោធនកថា ក៏​មាន​ដោយ​ប្រការ​តែ​ប៉ុណ្ណេះ​ឯង។

សច្ចា​ទិវគ្គ​ គម្រប់ ១៣

សេចក្តី​ថា ប្រជុំ​ពីរ​នៃ​ធម៌​ គឺ​មេត្រី ​១ សច្ចៈ ១ ព្រះ​ដ៏​មាន​ព្រះ​ភាគ សម្តែង​ថា នឹង​រក​ទ្រព្យ​អ្វី​ឱ្យ​ស្មើ​ដោយ​ទ្រព្យ​គឺ​ធម៌​ទាំង​ពីរ​នោះ​គ្មាន​ឡើយ ទ្រព្យ​គឺ​មាស​ប្រាក់ ជា​ទី​នាំ​មក​នូវ​ទុក្ខ​ទាំង​ពួង​ក្នុង​លោក​អស់​កាល​ទាំង​ពួង សេចក្តី​ពិត បុគ្គល​ឯ​ណា​រាប់​អាន​មាស​និង​ប្រាក់​នោះ​ហើយ​មិន​មាន​សេចក្តី​គោរព​កោត​ក្រែង​គ្នា​នឹង​គ្នា ហើយ​ធ្វើ​នូវ​ជម្លោះ​ប្រកែក​វាយ​ចង​ហើយ​ បុគ្គល​នោះ​ដល់​នូវ​សេចក្តី​ទុក្ខ​ក្នុង​កាល​ទាំង​ពួង បុគ្គល​ជេរ​វាយ​គ្នា​នឹង​គ្នា​ហើយ តែង​សោយ​នូវ​ទុក្ខ​ធ្ងន់​ដោយ​ប្រការ​ច្រើន មាន​ចំណង ៥ ប្រការ​ជា​ដើម ហេតុ​នោះ បុគ្គល​ជា​អ្នក​ប្រាជ្ញ​ក្នុង​លោក​ពុំ​ស្រឡាញ់​រាប់​អាន​នូវ​ទ្រព្យ​នោះ​ឡើយ លោក​រាប់​អាន​ស្រឡាញ់​នូវ​មេត្រី​និង​សច្ចៈ តែង​រួច​ចាក​ទុក្ខ​ទាំង​ពួង បុគ្គល​អ្នក​ប្រកបដោយសទ្ធា​និង​សមាធិ​មាន​ចិត្ត​ប្រកប​ដោយ​កម្លាំង​ព្យាយាម សេព​គប់​នូវ​បុណ្យ​ឯ​ណា​ហើយ តែង​បាន​នូវ​ផល​នៃ​បុណ្យ​នោះ​ឆាប់ អ្នក​ប្រាជ្ញ​លុះ​ដល់​នូវ​ផល​នោះ​ហើយ ជា​អគ្គ​បុគ្គល​ទៀត​ប្រាកដ​ចាក​សេចក្តី​ស្លាប់ បី​ដូច​ជា​ព្រះចន្ទ​មាន​វង់​ពេញ​ក្នុង​អាកាស ប្រាកដ​ក្នុង​ទិស​ទាំង​ឡាយ លោក​អ្នក​ប្រាជ្ញ​ជ្រាប​នូវ​ផល​នៃ​សទ្ធា​និង​សមាធិ​ទាំង​ឡាយ​ដូច្នេះ​ហើយ លោក​ពុំ​បាន​ប្រមាទ​ឡើយ តែង​ចូល​ទៅ​ជិត​សេព​នូវ​ប្រជុំ​ពីរ​គឺ​សទ្ធា​និង​សមាធិ​នោះ​រឿយៗ ពុំ​ដែល​ដាច់ កម្ម​ដែល​តម្កល់​នៅ​ក្នុង​រាង​កាយ ទោះ​កម្ម​ល្អ​ក្តី​មិន​ល្អ​ក្តី គឺ​ខ្ញុំ​ជា​អ្នក​ស្វែង​រក​នូវ​ប្រយោជន៍ គឺ​សេចក្តី​រម្ងាប់​និង​ខន្តី​ជា​ប្រក្រតី បាល​ហើយ ពាក្យ​ប្រកប​អ្នក​ដ៏​ប្រសើរ​ដូច្នេះ សច្ចា​ទិវគ្គ​ជា​គម្រប់ ១៣ ក្នុង​ពាល​ចិត្តប្ប​ពោធនកថា ក៏​មាន​ដោយ​ប្រការ​ប៉ុណ្ណេះ​ឯង។

ពាល​ចិត្តប្ប​ពោធន​សូត្រ ជា​ទី​ញ៉ាំង​ចិត្ត​នៃ​សប្បុរស​ទាំង​អស់​ឱ្យ​ជ្រះ​ថ្លា ដ៏​ប្រដាប់​ចំពោះ​ដោយ​រយ​នៃ​គា​ថា​ជា​ទី​សម្រេច​ដោយ​ពាក្យ​ដូច្នេះ​ថា គឺ​ភិក្ខុ​ឈ្មោះ​សុមេធបណ្ឌិត ជ្រើស​រើស​យក​អំពី​គម្ពីរ​ដែល​គាប់​ចិត្ត ក៏​ចប់​សព្វ​គ្រប់​ដោយ​ន័យ​គឺ​យើង​ពោល​មក​ហើយ​ដោយ​ប្រការ​ដូច្នេះ​ហោង ៕

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments