អាជីវនៃឧបាសក

សារវន្តកថា

កិរិយាលះបង់នូវជំនួញខុស ៥ ប្រការ ហើយប្រកបកិច្ចការជីវិតដោយត្រឹមត្រូវតាមធម៌ ឈ្មោះថា “អាជីវនៃឧបាសក” ដូចមានពុទ្ធបញ្ញត្តិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមចំពោះភិក្ខុទាំងឡាយថា ៖

បញ្ចិមា ភិក្ខវេ វណិជ្ជា ឧបាសកេន អករណីយា

ម្នាលភិក្ខុទាំងឡាយ ជំនួញខុសទាំងឡាយ ៥ ប្រការ ឧបាសកមិនគប្បីធ្វើឡើយ។ ជំនួញខុស ៥ ប្រការនោះគឺ ៖

១- សត្ថវណិជ្ជា ជួយមគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬឱ្យអ្នកដទៃគេធ្វើឱ្យ ឬបានមកដោយហេតុឯណាមួយ ហើយលក់នូវគ្រឿងសាស្ត្រាវុធនោះ។

២- សត្តវណិជ្ជា ជួញមនុស្ស។

៣- មំសចណិជ្ជា ជួយសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយមានគោជាដើម លុះសត្វទាំងឡាយនោះចម្រើនធំឡើង ក៏សម្លាប់យកសាច់លក់។

៤- មជ្ជវណិជ្ជា ជួញទឹកស្រវឹង គឺផ្សំគ្រឿងស្រវឹងឯណាមួយឱ្យកើតជាទឹកស្រវឹងដោយខ្លួនឯង ឬទិញគេយកមក ហើយលក់នូវទឹកស្រវឹងនោះ។

៥- វិសវណិជ្ជា ជួញថ្នាំពិស គឺចាត់ចែងផ្សំថ្នាំពិសឱ្យកើតឡើងដោយខ្លួនឯង ឬឱ្យគេផ្សំឱ្យ ឬបានមកដោយហេតុឯណាមួយ ហើយលក់នូវថ្នាំពិសនោះ។

ឧបាសកកាលបើវៀរចាកជំនួញខុសទាំង ៥ ប្រការនេះ ហើយបានប្រតិបត្តិការចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថា មានអាជីវធម៌ដោយប្រពៃ ៕

ដកស្រង់ចេញពីសៀវភៅ ឃរាវាសធម៌

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments