សាសនា​ទុក​ជា​ថ្នាំ​ប្រចាំ​ជីវិត

វិចារណកថា

សាសនាគឺជាពាក្យប្រៀនប្រដៅ ដែលជាគោលរបស់ចិត្ត អាចគ្រប់គ្រងចិត្តរបស់អ្នករាប់អានកាន់តាមឱ្យជ្រះថ្លា ឱ្យវៀរចាកវត្ថុដែលគួរវៀរ ឱ្យធ្វើវត្ថុដែលគួរធ្វើ ឱ្យសម្រេចការគ្រប់គ្រងខ្លួនដោយខ្លួនឯង ឱ្យដឹងខុសត្រូវអាក្រក់ល្អដោយខ្លួនឯង។

សាសនាជារបស់ចាំបាច់យ៉ាងវិសេស មានតម្លៃលើសលប់ ដែលមនុស្សគ្រប់ឋានៈ ត្រូវមាន ត្រូវរាប់អានប្រចាំចិត្តខានពុំបាន ព្រោះសាសនាជាអណ្ដូងទីកើតនៃសីលធម៌ ជាគ្រឿងនាំសេចក្ដីសុខមកឱ្យអ្នកកាន់តាម ដូចតំណក់ទឹកភ្លៀងដែលធ្លាក់ចុះមក នាំយកទាំងសេចក្ដីរីករាយមកផង។ សាសនាជាប្រទីបទ្រោលបំភ្លឺចិត្តមនុស្ស ឱ្យជីវភាពមនុស្សមានដំណើរល្អ ឱ្យយោគយល់ចិត្តថ្លើមមនុស្សផងគ្នា មិនឱ្យបៀតបៀនគ្នាដោយផ្លូវត្រង់និងផ្លូវអម។ សាសនាជាគ្រឿងគ្រប់គ្រងមនុស្សបានទាំងផ្លូវកាយផ្លូវចិត្ត ទាំងទីកំបាំង ទីវាល យ៉ាងជិតស្និទ្ធល្អជាងច្បាប់គ្រប់គ្រងមនុស្សដែលបានត្រឹមតែរាងកាយម្យ៉ាង ចំណែកចិត្តគ្រប់គ្រងមិនបាន ច្បាប់ដាក់ទោសមនុស្សអ្នកប្រព្រឹត្តល្មើសបានតែក្នុងពេលដែលចាប់កំហុសបាន ដោយមានសាក្សី ឬមានឯកសារជាភស្ដុតាង តែបើមនុស្សអ្នកប្រព្រឹត្តល្មើសនោះលបធ្វើក្នុងទីកំបាំង ចាប់មិនបានទេ ព្រោះគ្មានសាក្សីគ្មានឯកសារជាហ្លាក់ឋាន។ ឯមនុស្សអ្នករាប់អានសាសនា មានសាសនាជាគ្រឿងប្រចាំចិត្ត តែងមានចិត្តអៀនខ្មាសមិនហ៊ានធ្វើអំពើអាក្រក់ សូម្បីក្នុងទីកំបាំងដែលគ្មានអ្នកណាដឹងឃើញឡើយ។ មនុស្សគ្រប់រូប គ្រប់ភេទ គ្រប់វ័យ សុទ្ធតែត្រូវការសេចក្ដីសុខស្ងប់ដូចគ្នា គ្មានអ្នកណាបដិសេធថា មិនត្រូវការនោះទេ។ ឯសេចក្ដីសុខស្ងប់គ្រប់យ៉ាងនោះឯង ក៏ជាផលកើតមកអំពីគោលធម៌នៃសាសនា។

ធម្មតាចិត្តមនុស្ស រមែងអន្ទះអន្ទែងស្ទុះស្ទាទៅកាន់អារម្មណ៍ផ្សេងៗ ដែលចូលមកប្រលោមឱ្យស្រឡាញ់ខ្លះ មកញុះញង់ឱ្យស្អប់ខ្ពើមខ្លះ មកលលួងឱ្យភ្លាំងភ្លាត់ញាប់ញ័រខ្លះ មិនឱ្យនៅនឹងនួនបាន បើគ្មានបង្គោលឱ្យចិត្តប្រកាន់យកជាបង្អែក ចិត្តរមែងមិននឹងធឹងនៅបានទេ តែងតែអណ្ដែតអណ្ដូងទៅរកសេចក្ដីក្ដៅក្រហាយ ដូចស្វាដែលចូលចិត្តលោតចុះលោតឡើង បើមិនចងទុកនឹងបង្គោលបណ្ដោយឱ្យទៅតាមទំនើង អាចនឹងធ្វើឱ្យវិនាសច្រើនស្ថាន។ ចិត្តរបស់មនុស្សរមែងត្រូវវិបត្តិដោយអំណាចសេចក្ដីលោភ ក្រោធ វង្វេង ឥច្ឆា ឫស្យា ព្រមទាំងឱ្យទោសគឺសេចក្ដីវិនាស អាក្រក់ ខ្លាំងជាងសេះដែលខូច ឬជាងដំរីចុះប្រេងទៅទៀត។ ដោយហេតុនេះមនុស្សយើងត្រូវមានគោល គឺសាសនាជាបង្អែក ជាគ្រឿងអប់រំចិត្ត ដើម្បីឱ្យប្រណីតបញ្ចង់លះបង់សេចក្ដីវិបត្តិអាក្រក់នោះចោលចេញ។ មនុស្សដែលមានសាសនាជាគោលហ្វឹកហាត់ចិត្តរមែងគ្មានសេចក្ដីវិបត្តិ មានតែសេចក្ដីត្រជាក់ចិត្ត ឥតកិលេសដុតរោលឱ្យធ្វើសេចក្ដីអាក្រក់ ដែលជាហេតុឱ្យក្ដៅក្រហាយឱ្យវិនាសដល់ខ្លួននិងអ្នកដទៃទេ។ ចំណែកមនុស្សដែលគ្មានសាសនាឈ្មោះថា គ្មានគោល គ្មានបង្អែក ចិត្តមនុស្សដែលគ្មានបង្អែក រមែងត្រូវវិបត្តិនិងត្រូវក្រសែកិលេសនាំទៅតាមយថាកម្ម ដូចជាទូកដែលគ្មានបង្គោលចង រមែងត្រូវខ្សែទឹកនិងខ្យល់បក់ឱ្យរសាត់ទៅរកទីបំផុតគ្មាន អាចបណ្ដាលឱ្យអន្តរាយលិចលង់ក្នុងពេលណាមួយ ឬដូចរថយន្តដែលគ្មានហ្វ្រាំងជាគ្រឿងទប់កង់ អាចនឹងជ្រុលទៅមុករថយន្តដូចគ្នា ឬមនុស្ស ឱ្យខូចឱ្យមានរបួស ឬឱ្យអន្តរាយដល់ជីវិតបាន។

ម្យ៉ាងទៀត សាសនាទុកដូចជាគ្រឿងអលង្ការដ៏មានតម្លៃ សម្រាប់តាក់តែងចិត្តរបស់មនុស្សឱ្យល្អ ឬក៏ដូចជាសម្លៀកបំពាក់ សម្រាប់បិទបាំងរាងកាយ ឱ្យសុខសប្បាយ ឱ្យកក់ក្ដៅ អាចការពារក្ដៅត្រជាក់បានតាមត្រូវការ មនុស្សដែលគ្មានគ្រឿងអលង្ការនិងសម្លៀកបំពាក់សូម្បីបន្តិចបន្តួចសម្រាប់បិទបាំងរាងកាយ រមែងជាទីគួរអៀនខ្មាសនិងគួរខ្ពើមរបស់អ្នកដែលបានចួបបានឃើញ កាលត្រូវសេចក្ដីក្ដៅរងាមកប៉ះពាល់ ក៏រមែងមានទុក្ខវេទនាទ្វេឡើងទៀត គ្មានសុខស្រួលឡើយ ចំណែកមនុស្សអ្នកមានសម្លៀកបំពាក់ និងគ្រឿងអលង្ការតាក់តែងរូបកាយ រមែងសមរម្យល្អគួរទស្សនា សូម្បីក្ដៅត្រជាក់មកប៉ះពាល់ខ្លាំងយ៉ាងណា ក៏គ្រឿងសម្លៀកបំពាក់នោះអាចជួយការពារឱ្យបានសុខស្រួល។ មនុស្សគ្មានសាសនាជាគ្រឿងប្រដាប់ចិត្ត មិនផ្សេងគ្នាពីមនុស្សដែលអាក្រាតកាយនៅតែខ្លួនទទេនោះឡើយ ហើយចិត្តមនុស្សបែបនោះ រមែងមិនល្អ មិនមានសេចក្ដីសុខស្ងប់ កាលបើកិលេសាសវៈចូលញាំញី ក៏រឹតតែមួម៉ៅក្ដៅក្រហាយខ្លាំងឡើងទៀត។ មនុស្សអ្នកមានសាសនាប្រចាំចិត្ត រមែងមានចិត្តល្អបរិសុទ្ធ មានចិត្តត្រជាក់ត្រជំនៅជាសុខ សូម្បីកិលេសចូលមកញាំញីខ្លាំងយ៉ាងណា ក៏សាសនាអាចជួយការពារមិនឱ្យក្ដៅក្រហាយបាន។

ដោយហេតុនេះ មនុស្សអ្នកយល់ត្រូវតាមគន្លងធម៌មិនវិបល្លាសចាកហេតុផល ទើបគេនាំគ្នានិយមកាន់សាសនា ដើម្បីទុកជាអលង្ការនិងជាគោលចិត្ត មិនបណ្ដោយចិត្តរបស់គេឱ្យអណ្ដែតទៅតាមក្រសែនៃសេចក្ដីអាក្រក់ដែលចូលមកប្រលោមលោមលួងឱ្យភ្លេចខ្លួន ហើយចិត្តរបស់ជនដែលមានសាសនាជាបង្អែក រមែងចម្រើនដោយសេចក្ដីល្អ គ្មានសេចក្ដីថោកទាបទេ ដូចដើមឈើដែលដុះល្អមាំមួនរឹងប៉ឹងឡើង ក៏ព្រោះមានឫសកែវជាកម្លាំង។ សាសនាអាចធ្វើអំណោយសន្តិសុខនិងប្រយោជន៍ដល់មនុស្សគ្រប់សញ្ជាតិ គ្រប់វណ្ណៈ ឱ្យតែអ្នកណាប្រតិបត្តិតាមគោលធម៌ក្នុងសាសនា អ្នកនោះក៏បានសេចក្ដីត្រជាក់សុខស្រួលនឹងបានទទួលប្រយោជន៍តាមសមគួរដល់ការប្រតិបត្តិគ្រប់គ្នា ដូចអាកាសដ៏បរិសុទ្ធ អ្នកណាបានស្រូបចូល អ្នកនោះក៏មានសុខភាពស្រួល។ ហេតុនេះសាសនាទើបមាននៅជាគូនឹងលោក ធ្វើឱ្យលោកមានសន្តិសុខ ជាគូនឹងប្រទេសជាតិ ធ្វើឱ្យប្រទេសជាតិបានចម្រើនរុងរឿង ជាគូនឹងពួកមនុស្ស ធ្វើឱ្យពួកមនុស្សស្រឡាញ់រាប់អានគ្នា យល់ចិត្តថ្លើមគ្នា ជាគូនឹងពួកគណៈ ធ្វើឱ្យពួកគណៈមានសាមគ្គីគ្នាជានិច្ច ដូចដួងព្រះអាទិត្យព្រះចន្ទមាននៅជាគូនឹងអាកាសផែនដី ព្រមទាំងលោកខានពុំបាន។

បើសាសនា មាននៅជាគូនឹងលោកអាចធ្វើអំណោយសន្តិភាពដល់លោកជាអនេកប្បការយ៉ាងនេះ ចុះហេតុដូចម្ដេចក៏មានជនខ្លះយល់ខុសថា  សាសនាជាថ្នាំដែលញៀនហើយឱ្យទោសផង ? តាមសេចក្ដីពិតបើពោលតាមហេតុផល ក៏គង់ឃើញថា សាសនាមិនមែនជាថ្នាំដែលញៀនហើយឱ្យទោសសោះឡើយ ប្រសិនបើប្រៀបសាសនាទៅនឹងថ្នាំក៏ជាថ្នាំដែលគួរសេព មិនមែនជាថ្នាំដែលញៀនហើយឱ្យទោសទេ។ ដោយមានហេតុផលដូច្នេះ ទើបគួរញែកថ្នាំជា ២ យ៉ាងគឺ ថ្នាំគួរសេព ១ ថ្នាំមិនគួរសេព ១។ ថ្នាំគួរសេព គឺថ្នាំដែលចាំបាច់ដល់ជីវិតពិតៗខានមិនបាន វៀរចាកមិនកើត ក្នុងវេលាមានឈឺថ្កាត់ដូចជាគ្រុន ឈឺក្បាល ក្ដៅខ្លួន ឬវណ្ណរោគ (របេង) យើងត្រូវបរិភោគថ្នាំ ដូចជាអាស្ពីរីន គីនីន ឬថ្នាំចាក់ជាដើម ដើម្បីបំបាត់រោគទាំងនោះឱ្យជាសះស្បើយទៅ។ ថ្នាំបែបនេះជាថ្នាំចាំបាច់ពិតប្រាកដដែលយើងត្រូវសេព។ បុគ្គលណាមានរោគហើយមិនបរិភោគថ្នាំកែរោគ បណ្ដោយឱ្យប្រព្រឹត្តទៅតាមយថាកម្ម រោគក៏មិនសះស្បើយ បុគ្គលនោះក៏ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំងគ្មានសេចក្ដីសុខស្រួលទេ ក្នុងទីបំផុតអាចនឹងដល់នូវសេចក្ដីស្លាប់បាន។ បុគ្គលណាមានរោគហើយបានបរិភោគថ្នាំកែរោគ បុគ្គលនោះ មិនបានឈ្មោះថា បរិភោគថ្នាំដែលញៀនទេ បានឈ្មោះថាជាអ្នកបរិភោគថ្នាំដែលគួរបរិភោគ ហើយបានសេចក្ដីសរសើរថាជាអ្នកចេះថែរក្សាខ្លួនឯងផង។

ចំណែកវត្ថុដែលមិនមែនជាថ្នាំចាំបាច់ដល់ជីវិតមនុស្ស បានខាងបារី កញ្ឆា សុរា និងអាភៀនជាដើម ទោះបីមិនសេពក៏មិនក្ដៅក្រហាយ ថែមទាំងអាចតម្កល់ជីវិតឱ្យរស់នៅបានតាមប្រក្រតី តែមនុស្សខ្លះផ្ដើមហាត់សេពសុរា កញ្ឆា បារី ឬអាភៀន ដែលជារបស់មិនចាំបាច់នោះធ្វើឱ្យញៀនជាប់កើតជាការចាំបាច់ឡើង ម៉្លោះហើយអត់មិនបាន ក៏ត្រូវការសេពរឿយៗទៅ។ វត្ថុបែបនេះអាចកើតជាទោស ព្រោះធ្វើអ្នកសេពឱ្យញាណជាប់នាំឱ្យរសាប់រសល់ក្រវល់ក្រវាយ ក្នុងពេលមិនបានសេព តែកាលបានសេពក៏បន្ទោបង់សេចក្ដីរសាប់រសល់បានតែមួយខណៈ រួចកើតសេចក្ដីរសាប់រសល់ទៀត ជាហេតុធ្វើឱ្យសេពតទៅទៀតរកទីបំផុតគ្មាន ហើយជាហេតុឱ្យអ្នកផងតិះដៀលថា មិនសមបើទៅហាត់ខ្លួនឱ្យជាប់ចំពាក់ ដោយវត្ថុដែលមិនមែនជារបស់ចាំបាច់នោះឡើយ។ ចំណែកផ្លូវសាសនា ដែលពោលថាជាឱសថគួរសេពនោះ ក៏ព្រោះថាមនុស្សក្នុងលោកនេះ បើមិនសេពថ្នាំគឺសាសនា គ្មានសាសនាប្រចាំចិត្តទេ ក៏គ្មានហិរិឱត្តប្បៈ គឺគ្មានសេចក្ដីអៀនខ្មាសក្នុងចិត្ត និងគ្មានសេចក្ដីកោតក្រែងចំពោះសេចក្ដីអាក្រក់គ្រប់យ៉ាងឡើយ លោកក៏មិនត្រជាក់ត្រជំសុខស្រួល និងមិនយល់ចិត្តថ្លើមគ្នានឹងគ្នា មានតែការបៀតបៀនបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក ដោយគ្មានមេត្តាករុណា ប្រហែលគ្នានឹងសត្វព្រៃដែលកាចសាហាវ មិនមានសេចក្ដីអៀនខ្មាស ហ៊ានធ្វើសេចក្ដីអាក្រក់ទាំងក្នុងទីវាលទាំងក្នុងទីកំបាំង ដោយឥតញញើតដល់បាបកម្មឡើយ លោកនឹងមានសភាពដែលគួរឱ្យតក់ស្លុតហួសប្រមាណដូចជាបានឮភេរវសញ្ញា (សារ៉ែន) ប្រាប់មហន្តរាយតាមផ្លូវអាកាស ឬដូចជាមនុស្សមានរោគហើយមិនបរិភោគថ្នាំកែរោគ រោគនោះក៏នៅរ៉ាំរ៉ៃក្នុងខ្លួនជានិច្ច លុះតែបានបរិភោគថ្នាំដែលគួរបរិភោគទៅកាលណា ទើបរោគនោះជាសះស្បើយទៅបាន។

សាសនាអាចធ្វើមនុស្សឱ្យចេះរក្សាសេចក្ដីស្ងប់រៀបរយបានល្អ ឱ្យចេះយល់ចិត្តថ្លើមគ្នា ឱ្យចេះយកចិត្តទុកដាក់ចំពោះគ្នីគ្នា ឱ្យដឹងគុណូបការរបស់អ្នកមានគុណ ហើយតបស្នងសងគុណលោក តាមកម្លាំងដែលអាចធ្វើបាន ទោះមានឱកាសល្មមនឹងប្រព្រឹត្តអំពើអាក្រក់បានក៏មិនបាន ព្រោះមានសាសនាប្រចាំចិត្ត ធ្វើឱ្យចេះអៀនខ្មាសចំពោះអំពើអាក្រក់នោះ។ ដោយន័យនេះទើបឃើញថាសាសនាបើប្រៀបធៀបទៅនឹងថ្នាំ គឺជាថ្នាំគួរសេពពិតប្រាកដ  ព្រោះកាលណាសេពហើយ តែងធ្វើអ្នកសេពឱ្យមានសេចក្ដីសុខយ៉ាងត្រជាក់ត្រជំ រម្លត់ទុក្ខវេទនាគ្រប់យ៉ាងឱ្យអស់ទៅបាន ដូចជាថ្នាំកែរោគដែរ តែសាសនាមិនមែនជាថ្នាំញៀនជាប់ដូចជាមនុស្សចំពូកខ្លះយល់ខុសនោះទេ ព្រោះវត្ថុដែលញៀនជាប់នោះមិនមែនជារបស់ចាំបាច់ដល់ជីវិតមនុស្សឡើយ តែមនុស្សទេតើដែលទៅហាត់សេពឱ្យជាប់ខ្លួនឯងរហូតដល់កើតជារបស់ចាំបាច់ឡើង ចំណែកសាសនាជាថ្នាំចាំបាច់ដល់ជីវិតមនុស្សពិតៗ បើមនុស្សគ្មានសាសនានៅប្រចាំក្នុងចិត្តទេ ក៏បានឈ្មោះថា ជាមនុស្សតែពាក់កណ្ដាលប៉ុណ្ណោះ ព្រោះចិត្តមិនខ្ពស់ជាងសត្វតិរច្ឆានឡើយ ហើយជាមនុស្ស គ្រាន់តែមានកមានក្បាលដូចមនុស្ស តែមិនដឹងឧបការគុណអ្នកណាឡើយ ដោយហោចទៅ សូម្បីមាតាបិតាបង្កើតខ្លួន ក៏ថាគ្មានឧបការគុណដែរ។ ចំណែកសាសនាទូន្មានចិត្តមនុស្សឱ្យដឹងគុណអ្នកមានគុណ ដែលហៅថាកតញ្ញូ ហើយឱ្យតបស្នងសងគុណលោកដែលហៅថាកតវេទី។ សាសនាមាននាទី ជួយលើកតម្កើងមនុស្សភាព ឱ្យមានលក្ខណៈពេញជាមនុស្សមែនទែនឱ្យមានសេចក្ដីថ្លៃថ្នូរ ឱ្យមានចិត្តខ្ពស់ជាងសត្វតិរច្ឆាន។

ហេតុដូច្នេះ មនុស្សក្នុងលោកគ្រប់រូប ទើបគួរសេពសាសនា គឺគួរមានសាសនាប្រចាំនៅក្នុងចិត្ត។

 ព្រះមហា នូរ សុខ

គួរចងស្ពានមេត្រីនឹងអ្នកមានត្រកូលស្មើគ្នា

មនុស្សពីរនាក់ណា  មានទ្រព្យសម្បត្តិប៉ុនគ្នា  មានត្រកូលប៉ុនគ្នា  មនុស្សពីរនាក់នោះ  ត្រូវចងមេត្រីនឹងគ្នា  ត្រូវធ្វើវិវាហៈជាមួយគ្នា តែឯមនុស្សម្នាក់ខ្សោយម្នាក់ទៀតខ្លាំង គេមិនត្រូវធ្វើ គឺមិនត្រូវចងស្ពានមេត្រីទេ។

ម្រឹគត្រូវគប់មួយអន្លើដោយម្រឹគទាំងឡាយ   គោដោយគោទាំងឡាយ សេះដោយសេះទាំងឡាយ មនុស្សល្ងង់ដោយមនុស្សល្ងង់ទាំងឡាយ   អ្នកប្រាជ្ញដោយអ្នកប្រាជ្ញទាំងឡាយ    ការចងគ្នាជាសម្លាញ់បានចំពោះតែមនុស្សណា  បើល្អៗដូចគ្នា ឬបើអាក្រក់ៗដូចគ្នាទេ។

បញ្ចតន្ត្រៈ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments