សត្តធន​សូត្រ

នានា​សូត្រ

ឯវម្មេសុតំ ឯកំសមយំភគវា សាវត្ថិយំវិហរតិ ជេតវនេអនាថបិណ្ឌិកស្សអារាមេ។

ឯតំសុត្តំ រីសត្តធនសូត្រ គឺខ្ញុំអានន្ទថេរស្តាប់ហើយអំពីទីចំពោះព្រះភក្រ្តនៃព្រះដ៏មានបុណ្យជាម្ចាស់ ដោយអាការតែម្តង ក៏ចង់ចាំទ្រទ្រង់ដោយសោតវិញ្ញាណវិថី មានមនោវិញ្ញាណជាប្រធាន ពុំមានឱ្យឃ្លៀងឃ្លាតដោយអក្ខរព្យញ្ជនៈឯណានីមួយឡើយ។

ក្នុងកាលសម័យថ្ងៃមួយ​ សម្តេចព្រះបរមគ្រូសាស្តាជាម្ចាស់ទ្រង់សម្រេចព្រះឥរិយាបថទាំង ៤ គង់នៅក្នុងវិហារព្រះជេតពនជាអារាមនៃអនាថបិណ្ឌិកសេដ្ឋី សាងថ្វាយទៀបក្រុងសាវត្ថីរាជាធានីនិវេសដ្ឋាន។

គ្រាកាលនោះឯង ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់បន្ទូលត្រាស់ហៅនូវព្រះភិក្ខុទាំងឡាយថា ភិក្ខវោ ម្នាលភិក្ខុទាំងឡាយ ទើបព្រះភិក្ខុទាំងឡាយឆ្លើយទទួលព្រះពុទ្ធដីកាថា ភទ្ទន្តេដូច្នេះ សម្តេចព្រះជិនវង្សត្រាស់ថា សត្ថិមានិ ភិក្ខវេធនានិ ម្នាលភិក្ខុទាំងឡាយ ទ្រព្យទាំងឡាយនេះមាន ៧ ប្រការ កតមានិត្ត ទ្រព្យទាំងឡាយ ៧ ប្រការនេះ សទ្ធាធនំ ទ្រព្យគឺសទ្ធា ១ សីលធនំ ទ្រព្យគឺសីល១ ហិរិធនំ ទ្រព្យគឺហិរិ ១ ឱតប្បធនំ ទ្រព្យគឺឱតប្ប ១ សុតធនំ ទ្រព្យគឺសុត ១ ចាគធនំ ទ្រព្យគឺចាគ ១ បញ្ញាធនំ ទ្រព្យគឺបញ្ញា ១។

កតមញ្ចភិក្ខវេ សទ្ធាធនម ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសទ្ធាតើដូចម្តេច ឥធភិក្ខវេ អរិយសាវកោសទ្ធោហោតិ ម្នាលភិក្ខុទាំងឡាយ ជនអរិយសាវកក្នុងសាសនានេះ មានសទ្ធាជឿនូវពោធិញាណនៃព្រះតថាគតដូច្នេះគឺ។

ឥតិបិ សោភគវ អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោបុរិសទម្មសារថិ សត្ថាទេវមនុស្សានំ ពុទ្ធោ ភគវាតិ

ដូច្នេះថា ព្រះដ៏មានព្រះភាគជាម្ចាស់នោះ ជាព្រះអរហំ ដោយហេតុដូច្នេះផង ជាព្រះសម្មាសម្ពុទ្ធ ដោយហេតុដូច្នេះផង ដល់ព្រមដោយវិជ្ចា ៣ វិជ្ជា ៨ និងចរណៈ ១៥ ដោយហេតុដូច្នេះខ្លះ សុគតោ មានព្រះដំណើរល្អដោយហេតុដូច្នេះខ្លះ អនុត្តរោបុរិសទម្មសារថិ ជានាយសារថី ទូន្មាននូវបុរសគួរដល់ទូន្មាន មានបុគ្គលដទៃក្រៃលែងពុំមាន ដោយហេតុដូច្នេះខ្លះ សត្ថាទេវមនុស្សានំ ជាសាស្តាប្រដៅនៃទេវតានិងមនុស្សទាំងឡាយ ដោយហេតុដូច្នេះខ្លះ ពុទ្ធោ ត្រាស់ដឹង (គឺថារីកពេញទី) ដោយហេតុដូច្នេះខ្លះ ភគវាមានចំណែកគឺបារមីធម៌ ដោយហេតុដូច្នេះខ្លះ ឥទំវុច្ចតិភិក្ខវេសទ្ធាធនំ ម្នាលភិក្ខុទាំងឡាយទ្រព្យនេះឯងគឺតថាគត ពោលថាទ្រព្យគឺ សទ្ធា។

កតមញ្ចភិក្ខវេសីលធនំ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសីលតើដូចម្តេច ?

ឥធភិក្ខវេអរិយសាវកោ បាណាតិបាតាបដិវិរតោហោត អទិន្នាទានាបដិវិរតោហោតិ កាមេសុមិច្ឆាចារាបដិវិរតោហោតិ មុសាវាទាបដិវិរតោហោតិ សុរាមេរយមជ្ជបមាទដ្ឋានាបដិរិវតោហោតិ

ម្នាលភិក្ខុទាំងឡាយ ជនអរិយសាវកក្នុងសាសនា វៀរចំពោះចាកបាណាតិបាត ការសម្លាប់សត្វមានជីវិត វៀរចំពោះចាកអទិន្នាទាន ការកាន់យកនូវទ្រព្យ គឺម្ចាស់ពុំបានឱ្យដោយកាយដោយវាចា វៀរចំពោះចាក មុសាវាទ ការពោលកុហក​បញ្ឆោត វៀរចំពោះចាកសុរាមេរយមជ្ជបមាទដ្ឋាន ហេតុជាទីតម្កល់នូវសេចក្តីប្រមាទគឺក្រេបផឹកនូវទឹកស្រវឹង គឺសុរា ៥ យ៉ាង និងមេរ័យ ៥ យ៉ាង ឥទំវុច្ចតិភិក្ខវេសីលធនំ ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះឯងហើយគឺ ព្រះតថាគតពោលថា ទ្រព្យគឺហិរិតើដូចម្តេច។

ឥធភិក្ខវេ អរិយសាវកោ ហិរិមាហោតិ បិរិយតិកាយទុច្ចរិតេន វចីទុច្ចរិតេន មនោទុច្ចរិតេនហិរិយតិ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា

ម្នាលភិក្ខុទាំងឡាយ ជនអរិយសាវកក្នុងសាសនានេះ មានសេចក្តីអៀនខ្មាសអំពីកាយទុច្ចរិត ការប្រព្រឹត្តអាក្រក់ដោយកាយ ខ្មាសអំពីវចីទុច្ចរិត ការប្រព្រឹត្តអាក្រក់ដោយវាចា ខ្មាសអំពីមនោទុច្ចរិត ការប្រព្រឹត្តអាក្រក់ដោយចិត្ត ខ្មាសអំពីកិរិយាដល់ព្រមនៃធម៌ទាំងឡាយ ដ៏លាមកជាអកុសល ឥទំវុច្ចតិភិក្ខវេហិរិធនំ ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះឯងហើយគឺតថាគតពោលថា ទ្រព្យគឺហិរិ កតមញ្ចភិក្ខវេឱតប្បធនំម្នាលភិក្ខុទាំងឡាយទ្រព្យគឺឱតប្បតើដូចម្តេច។

ឥធភិក្ខវេ អរិយសាវកោ ឱតប្បីហោតិ ឱតប្បតិកាយទុច្ចរិតេន វចីទុច្ចរិតេន មនោទុច្ចរិតេន ឱតប្បតិ បាបកានំអកុសលានំ ធម្មានំ សមាបត្តិយា

ម្នាលភិក្ខុទាំងឡាយ ជនអរិយសាវកក្នុងសាសនានេះ មានសេចក្តីក្តៅក្រហាយតក់ស្លុត អំពីកាយទុច្ចរិត អំពីវចីទច្ចរិត អំពីមនោទុច្ចរិត អំពីកិរិយាដល់ព្រមនៃធម៌ទាំងឡាយ ដ៏លាមកជាអកុសល ឥទំវុច្ចតិភិក្ខវេឱតប្បធនំ ម្នាលភិក្ខុទាំងឡាយទ្រព្យនេះឯងហើយ គឺតថាគតពោលថាទ្រព្យគឺឱតប្ប កតមញ្ចភិក្ខវេសុតធនំ ម្នាលភិក្ខុទាំងឡាយទ្រព្យគឺសុតៈតើដូចម្តេច។

ឥធភិក្ខវេអរិយសាវកោ ពហុស្សុតោហោតិ សុតធរោសុតសន្និច្ចយោ យេតេធម្មាអាទិកល្យាណា មជ្ឈេកល្យាណា បរិយោសានកល្យាណា សាត្ថំសព្យញ្ជនំ កេវលំបរិបុណ្ណំបរិសុទ្ធំ ព្រហ្មចរិយំអភិវទន្តិ តថារូបស្សធម្មាសុតាហោន្តិធតាវចសាបរិចិត្តា មនសានុបេក្ខិតា ទិដ្ឋិយាសុប្បដិវទ្ធាឥទំវុច្ចតិសុតធនំ

ម្នាលភិក្ខុទាំងឡាយ ជនអរិយសាវកក្នុងសាសនានេះ ជាពហុសូត្រ អ្នកទ្រទ្រង់នូវសូត្រ អ្នកសន្សំនូវសូត្រ ធម៌ទាំងឡាយឯណាមានពីរោះក្នុងខាងដើម មានពីរោះក្នុងកណ្តាល មានពីរោះក្នុងទីបំផុត សម្តែងនូវព្រហ្មចរិយប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ បរិសុទ្ធបរិបូរណ៌ ពុំមានសេសសល់ធម៌ទាំងឡាយមានសភាពដូច្នោះ គឺអរិយសាវកនោះ ស្តាប់ហើយទ្រទ្រង់ហើយ ស្ទាត់ហើយដោយវាចា សម្លឹងរឿយៗ ដោយចិត្តចាក់ឆ្លុះដោយប្រពៃដោយទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះឯងហើយគឺតថាគតពោលថា ទ្រព្យគឺសុតៈ កតមញ្ចភិក្ខវេចាគធនំ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺចាគៈតើដូចម្តេច។

ឥធភិក្ខវេ អរិយសាវកោ វិតមលមច្ឆេរេន ចេតសាអគារំអជ្ឈាវសតិ មុត្តចាគោ បីយតបាណី វោស្សគ្គរតោយាចយោគោ ទានសំវិភាគរតោ

ម្នាលភិក្ខុទាំងឡាយ ជនអរិយសាវក ក្នុងសាសនានេះ មានចិត្តមានមន្ទិល គឺសេចក្តីកំណាញ់ ប្រាសចេញហើយ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃរបស់ខ្លួនលាងស្អាតហើយ ត្រេកអរហើយក្នុងកិរិយាលះបង់ មុខគួរដល់កិរិយាសូមត្រេកអរហើយក្នុងទាននិងចំណែកស្មើ នៅគ្របគ្រងនូវផ្ទះ ឥទំវុច្ចតិភិក្ខវេចាគធនំ ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះឯងហើយ គឺតថាគតពោលថាទ្រព្យគឺចាគៈ កតមញ្ចភិក្ខវេបញ្ញាធនំ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺបញ្ញាតើដូចម្តេច។

ឥធភិក្ខវេអរិយសាវកោ បញ្ញាវាហោតិ ឧភយត្ថគាមិនិយាខយញ្ច អត្ថញ្ច គន្តុំ បរិច្ឆិន្ទិតុំ បញ្ញាយសមន្នាគតោអរិយាយនិព្វេធិតាយ សម្មាទុក្ខខយគាមិយា។

ម្នាលភិក្ខុទាំងឡាយ ជនអរិយសាវកក្នុងសាសនានេះ មានបញ្ញាប្រកបដោយបញ្ញាដ៏ប្រសើរ ជាគ្រឿងត្រាស់ដឹងដើម្បីដល់ ដើម្បីកំណត់នូវកិរិយាអស់ទៅ នូវកិរិយាចម្រើនជាទីដល់ក្នុងហេតុទាំងពីរ ជាទីដល់នូវសេចក្តីអស់ទៅនៃទុក្ខដោយប្រពៃ។

ឥទំវុច្ចតិភិក្ខវេបញ្ញាធនំ ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះហើយគឺតថាគតពោលថា ទ្រព្យគឺបញ្ញា ឥមានិខោភិក្ខវេសត្តធនានិ ម្នាលភិក្ខុទាំងឡាយ ទ្រព្យទាំងឡាយនេះ ហៅថាទ្រព្យ ៧ ប្រការ ព្រះបរមសាស្តាចារ្យ ព្រះអង្គញ៉ាំងសូត្រឱ្យចប់ហើយ ព្រះអង្គកាន់យកនូវកំពូលទេសនា ដោយបទគាថាទាំងឡាយថា ៖

សទ្ធាធនំសីលធនម ហិរិឱតប្បិយធនំ សុតញ្ចចាគោចបញ្ញាវសត្តមំ យស្សឯតាធនាសន្តិ ឥត្ថិយាបុរិសស្សវា អទឡិទ្ធោតិតីអាហុ អមោឃំតស្សជីវិតំ តស្មាសទ្ធញ្ចសីលញ្ចបសាទធម្មទស្សនម អនុយុញ្ជថមេធាវី សរំពុទ្ធានសាសនន្តិ

អធិប្បាយថា ទ្រព្យទាំងឡាយនេះ ទ្រព្យគឺសទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ គឺឱតប្ប ១ គឺ​សុតៈ ១ គឺចាគៈ ១ ទ្រព្យជាគម្រប់៧ គឺបញ្ញា ១ មានដល់បុគ្គលឯណា ទោះជាស្រ្តីក្តី បុរសក្តី អ្នកប្រាជ្ញទាំងឡាយ ហៅនូវបុគ្គលនោះថា ពុំមែនមនុស្សក្រខ្សត់ឡើយ ជីវិតរបស់អ្នកនោះ ពុំបានសោះសូន្យទទេ ហេតុដូច្នោះបុគ្គលជាអ្នកប្រាជ្ញ កាលនឹករឭកនូវពាក្យប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ទាំងឡាយហើយចូលប្រកបរឿយៗនូវសទ្ធានិងសីល នូវកិរិយាឃើញនូវបសាទធម៌នេះហោង ៕

សត្តធនសុត្តំនិដ្ឋិតំ ចប់សត្តធនសូត្រតែប៉ុណ្ណេះ

ឧកញាភក្តីរាជាយ៉ាំង អាចារ្យសាលាបាលីជាន់ខ្ពស់
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments