ដោយ សុង ស៊ីវ
ពាក្យ ៤ បទកាកគតិក្លាយ
ក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ គម្ពីរបេតវត្ថុ សម្ដែងអំពីប្រេត ១២ ពួក កំពុងសោយផលនៃបាបកម្មផ្សេងៗគ្នា ៖
(១) ឥ.ស្វា.សុ.សូម បង្គំរួបរួម ចំពោះរត្នបី ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃចាស់ខ្ចី សូមមានសួស្ដី សព្វគ្រប់ប្រការ ។ ឥតោបរំ ទើបខ្ញុំផ្ដើមតាំង ចាប់លើកសាស្ត្រា បេតវត្ថុ បាលីភាសា ហើយកាន់ប៉ាកកា ចារចួនជាខ្មែរ ។ មុនអភិប្រាយ សូមញាតិទាំងឡាយ អ្នកក្រុងអ្នកស្រែ បើបានជ្រាបរឿង ប្រេតនេះខំកែ គំនិតឱ្យប្រែ បែរចាកកំហុស ។ ប្រេតមានច្រើនក្រុម មានតូចមានធំ មានស្រីមានប្រុស គ្រប់សាស្ត្រទាំងអស់ លាយឡំចម្រុះ កើតតាមកំហុស ដែលខ្លួនបានធ្វើ ។
(៥) ប្រេតខ្លះដើរបាន ដើរសព្វភូមិឋាន ស្រុកក្រោមស្រុកលើ ដើរគ្រប់ប្រទេស ឥតមានទើសទើរ ដើររុះដើររើ រើសរកអាហារ ។ ពួកប្រេតធុនហ្នឹង ច្រើននឹករំពឹង រកញាតកា បងប្អូនកូនចៅ ជីដូនជីតា ព្រោះឃ្លានអាហារ ខ្លោចផ្សាពេកក្រៃ ។ ខ្លះអត់អាហារ ដប់ពាន់ឆ្នាំណា ព្រោះខ្លួនចង្រៃ ញាតិមិត្តផ្សាយឱ្យ បញ្ជូនរាល់ថ្ងៃ តែគ្មាននិស្ស័យ អាស្រ័យផលបាន ។ ប្រេតខ្លះកម្មស្រាល ផលមិនបណ្ដាល ឱ្យហួសប្រមាណ បើញាតិផ្សាយឱ្យ ទទួលផលបាន ទើបប្រាជ្ញបុរាណ គិតអានភ្ជុំបិណ្ឌ ។ ពួកប្រាជ្ញព្រឹទ្ធា បបួលគ្នីគ្នា អ្នកប្រាជ្ញាប៉ិន នាំគ្នានិពន្ធ អានិសង្សបិណ្ឌ រៀបរាប់យ៉ាងឆ្អិន សង្កិនរឿងប្រេត ។
(១០) គម្ពីរនោះថា បើជនរូបណា មិននឹកដល់ប្រេត ក្នុងពេលភ្ជុំបិណ្ឌ នឹងបុណ្យចូលចេត្រ ជននោះត្រូវប្រេត ប្រទេចផ្ដាសា ។ ព្រោះកើតច្រើនជាតិ សម្បូរពួកញាតិ ព្រោងព្រាតត្រៀបត្រា ខ្លះជាញាតិមិត្រ មាតាបិតា ជាបុត្រភរិយា រាប់រយកោដិនាក់ ។ លែងអ្វីមានញាតិ ដែលភ្លាត់មារយាទ ឃ្លៀងឃ្លាតជ្រុលធ្លាក់ កើតជាពួកប្រេត ពិតជាមានជាក់ យ៉ាងតិច១០នាក់ មានប្រាកដណាស់ ។ ក្នុងធម៌តិរោក ថាប្រេតគរគោក ដើរឈរពាសដាស ពេញភូមិពេញស្រុក ពេញទីអាវាស ខ្លះនៅអាកាស តែមើលមិនយល់ ។ ប្រេតមួយក្រុមទៀត ផលកម្មចង្អៀត ទៅណាពុំដល់ ព្រោះមានកម្មក្រាស់ ឋិតនៅហ្នឹងថ្កល់ ឬក៏វិលវល់ នៅមួយកន្លែង ។
(១៥) ពួកប្រេតក្រុមនេះ សូមលើកទុកស្លេះ ពុំទាន់ថ្លាថ្លែង នឹងទាញពួកប្រេត ១២កន្លែង យកមកចារចែង ជូនជាសណ្ដាប់ ។ សូមលោកអ្នកប្រុង ស្មារតីឱ្យស្លុង ពិនិត្យហើយស្ដាប់ បើបានជ្រាបហើយ សូមប្រែក្រឡាប់ ចៀសខុសឱ្យឆាប់ ចាប់យកខាងត្រូវ ។ បើដឹងជាខុស កុំថប់ទញ់តុះ នាំឱ្យទាស់ផ្លូវ កុំគិតកុំនឹក ខំធ្វើបុណ្យទៅ បុណ្យឈ្នះសត្រូវ ទៀងតែបានសួគ៌ ។ បាបទាំងប៉ុន្មាន ដែលខ្លួនបានសាង វិនាសបាត់តួ ឱ្យផលមិនបាន ចាញ់បុណ្យឋានសួគ៌ បើជ្រាបហើយគួរ ធ្វើបុណ្យឆាប់ៗ ។ ខំធ្វើបុណ្យច្រើន បញ្ញាចម្រើន យល់ធម៌កើតស្លាប់ អនិច្ចំទុក្ខំ អនត្តាច្បាប់ ជាធម៌ចំណាប់ វិសេសក្នុងលោក ។
(២០) ធ្វើបុណ្យច្រើនជាតិ ផលបុណ្យជាញាតិ តាមឱ្យជ័យជោគ ឱ្យច្រើនៗដង ផលកើនគរគោក មានជ័យក្នុងលោក បាបចាញ់លែងឈ្នះ ។ ក្នុងពុទ្ធុប្បាទ ផលបុណ្យល្អស្អាត នាំចួបនឹងព្រះ បានស្ដាប់សព្ទធម៌ ចិត្តផុតមានះ បុណ្យលាងបាបជ្រះ បានដល់និព្វាន ។