ក្ដៅ​ស៊ីរាក់ ត្រជាក់​ស៊ី​ជ្រៅ

នានាកាព្យ

ក្ដៅ – ក្ដួលឆួលឆេះប្រេះបែកធ្លាយ

ស៊ី – សងជេរវាយរលាយមិត្ត

រាក់ – ទាក់រាប់អានមិនបានស្និទ្ធ ខកចិត្តគិតកែប្រែប្រេះប្រាយ ។

ត្រជាក់ – ថ្នាក់ថ្នមព្រមអែបប្រាណ

ស៊ី – ល្មមប្រមាណបានសុខកាយ

ជ្រៅ – ជ្រះល្អះល្អិតគិតវែងឆ្ងាយ កិច្ចកលឧបាយផ្សាយមិត្តភាព ។

(១)  តទៅខ្ញុំសុំថ្លែងសាសព្ទ  បកប្រែកែប្រាប់ច្បាប់ខ្ពស់ទាប  ចែកជូនសន្ដានឱ្យបានជ្រាប  ភិនភាពភាសិតក្រឹត្យនេះឯង ។  ច្បាប់«ក្ដៅស៊ីរាក់ត្រជាក់ – ជ្រៅ»  ពាក្យពិតនិត្យនៅយូរអង្វែង  ប្រាជ្ញព្រេងបុរាណបានសម្ដែង  ឱ្យចេះថ្លឹងថ្លែងមើលឫកពា ។  គឺជាឱវាទខ្នាតល្អពិត  ឱ្យស្គាល់គំនិតជននានា  ជ្រៅរាក់ស្មគ្រស្មើឬពាលា  ល្អជាឬខិលខូចសាមាន្យ ។  ចរិយាខាងក្រៅជាខ្នាតពិត  វាស់វែងគំនិតចិត្តមនុស្សបាន  រាក់ជ្រៅឆៅឆ្អិនមិនខុសដាន  លេចចេញលំអានដូចដានជើង ។ 

(៥)  ជនមានចរិយាវាចាក្ដៅ  មួម៉ៅម៉ោកម៉ាំងសាំងត្រូវភ្លើង  ចេញដានក្រឡាញបង្ហាញយើង  ស្គាល់ជើងស្គាល់ចិត្តគំនិតខ្លី ។  ជនមានវាចាត្រជាក់ផ្អែម  ល្អិតល្ហែមសុភាពរាបសម្ដី  ចិត្តទន់ធ្ងន់ធ្ងរគួរមេត្រី  គិតការអ្វីៗជ្រៅវែងឆ្ងាយ ។  មិនខ្លីបីសុញតុញទាល់ច្រក  មិនខកខូចខុសលុះអន្តរាយ  ដឹងកិច្ចដឹងកលយល់ឧបាយ  ត្រួសត្រាយត្រឹមត្រូវផ្លូវល្អស្អាត ។  ធ្វើអ្វីគង់អាចសម្រេចបាន  មិនខកខុសខានមិនខូចខាត  ព្រោះមានគំនិតពិតជាខ្នាត  សង្វាតប្ដូរផ្ដាច់សម្រេចផល ។  ទឹករាក់គល់ស្មៅក្ដៅដល់បាត  ទឹកជ្រៅថ្លាស្អាតខ្នាតឆ្ងាយឆ្ងល់  រស្មីទិនករក្រក្ដៅដល់  គួរយល់ថាជ្រៅតែងត្រជាក់ ។ 

(១០)  ទើបមានភាសិតព្រឹទ្ធាចារ្យ  សម្ដែងទុកថាក្ដៅស៊ីរាក់  ឯទីត្រង់ណាថ្លាត្រជាក់  លក្ខណៈជ្រាលជ្រៅទៅវែងឆ្ងាយ ។

ពាក្យ ៩

មេឃស្រទំភ្នំស្រអាប់សព្ទផ្គរលាន់  ឮរន្ថាន់ខ្ជាន់មកទៀតឆ្លៀតឆ្លើយឆ្លង  ភ្លៀងរលឹមសន្សើមស្រក់កក់ច្រើនដង  ដោយបំណងប៉ងស្រោចស្រប់សព្វព្រឹក្សា ។  ច្បាប់ភាសិតបណ្ឌិតប្រាជ្ញពីបុរាណ  ជាលំអានមានតៗពីដូនតា  ក្ដៅស៊ីរាក់ត្រជាក់ – ជ្រៅដៅបញ្ហា  គួរដោះសាពោលសាសព្ទប្រាប់កូនចៅ ។  ខ្ញុំសូមថ្លែងតែងបន្ថែមស៊ែមអត្ថន័យ  កែបំភ្លៃគៃរំលេចល្បិចក្នុងក្រៅ  ជាពន្លឺបំភ្លឺផ្លូវត្រូវគោលដៅ  ឱ្យកូនចៅងាយយល់បានដានត្រួសត្រាយ ។  បទភាសិត «ក្ដៅស៊ីរាក់ ត្រជាក់ – ជ្រៅ»  ន័យកប់នៅជ្រៅអនេកបែកវែងឆ្ងាយ  មានទាំងល្អទាំងអាក្រក់ល្អក់ប្រេះប្រាយ  អាចបកស្រាយកាយយកន័យបានពីរបែប ។ 

(១៥)  មានក្ដៅខ្លះក៏ល្អះល្អគួររាប់អាន  មានក្ដៅខ្លះកាចសាមាន្យគួរសង្ខេប  ត្រជាក់ជ្រៅខ្លះក៏ល្អគួរគប់សេព  ជ្រៅខ្លះទៀតឆ្លៀតវាយអែបប្រុងអុកស៊ី ។  តែបុរាណដែលបានចងក្រងភាសិត  ចង់ពិនិត្យគិតចាប់ច្បុចចំណុចពីរ  ក្ដៅត្រជាក់រាក់និងជ្រៅដៅទិសទី  គួរសម្ភីមើលឱ្យស្គាល់យល់ចរិយា ។  ឃើញក្ដៅក្ដួលទំនួលន័យលៃថារាក់  បើស្គាល់ជាក់អាចដាក់អង្គផ្ចង់យ៉ាងណា  ឱ្យប្រកបស្របតាមដានបានសុខា  ដូចដូនតាថា «ចូលស្ទឹងត្រូវតាមបត់» ។  បើឃើញផ្អែមល្ហែមត្រជាក់អ្នកត្រូវគិត  មើលពិនិត្យគិតជម្រៅឱ្យប្រាកដ  ហើយសឹមដើរដំណើរទៅត្រូវបែបបទ  នោះប្រាកដអ្នកនឹងបានសុខប្រសើរ ។  ភាសិតនេះប្រៀបដូចព្រួញប្របផ្លូវធ្លា  ប្រាប់មគ្គាជាដំណឹងអ្នកដំណើរ  បើកបរយានស្ពានធំតូចខូចខានប្រើ  ផ្លូវរាបស្មើឬច្រាំងជ្រោះមានគ្រោះភ័យ ។  

(២០)  ឬដូចពោងសណ្ដោងដាក់លើគង្គា  បើកនាវាដឹងជ្រៅរាក់អ្នកគួរលៃ  អែបដាក់អង្គតម្រង់ដានបានជោគជ័យ  ផុតគ្រោះភ័យស្ទៃយកសុខសមប្រាថ្នា ។  ឬពុំនោះដូចថ្មើរជើងយើងទាំងឡាយ  ដើរផ្លូវឆ្ងាយចួបព្រែកស្ទឹងបឹងទឹកថ្លា  មុននឹងឆ្លងត្រូវពិនិត្យពិចារណា  ឱ្យដឹងថាជ្រៅឬរាក់ថ្នាក់ជលដ្ឋាន ។  បើឃើញរាក់អ្នកលាត់ខោត្រឹមជង្គង់  បើអន្លង់គម្ពីរភាពស្ទាបស្ទង់ដាន  លាត់ដល់ភ្លៅដើរទៅទៀតឆ្លៀតឆ្លងបាន  ឬបើស្មានថាជ្រៅណាស់ផ្លាស់ស្នៀតថ្មី ។  គឺត្រូវរកយានជំនិះជិះចែវទៅ  ឆ្លងទឹកជ្រៅទៅត្រើយត្រាណបានសួស្ដី  គ្មានអំពល់ខ្វល់វក់វីពីរឿងអី  ដូចសេចក្ដីដែលបានថ្លែងតែងពណ៌នា ។  កលឧបាយកាយកៀរយកផលប្រយោជន៍  បើក្ដៅខ្លោចបោចបេះបិចក្ដិចខ្ជីខ្ជា  បានផលតិចឆាប់រេចរាក់ធ្លាក់គ្រាំគ្រា  មិនយូរយារមុខជាឆេះប្រេះបែកខ្ចាយ ។ 

(២៥)  បើដំណើរស្មើត្រជាក់ដាក់ថ្នាក់ថ្នម  ចេះទប់តមមិនមួម៉ៅក្ដៅក្រហាយ  អែបដាក់អង្គផ្ចង់កាយចិត្តគិតវែងឆ្ងាយ  អាចកើបកាយបានប្រយោជន៍យូរអង្វែង ។  ដូចមេឃ្មុំទំក្រេបយកលម្អងផ្កា  ធ្វើទឹកថ្លាផ្អែមឈ្ងុយឈ្ងប់គួរស្ញប់ស្ញែង  បានប្រយោជន៍ច្រើនពេកពិតឥតថ្លឹងថ្លែង  ទាំងគេឯងស្វែងទឹកឃ្មុំពុំសូវខាន ។  ឯចំណែកដួងបុប្ផាផ្ការីកស្រស់  នៅទាំងអស់ឥតដាច់ដោចខូចខ្លួនប្រាណ  អាចផ្ដួចផ្ដល់ឱ្យផលល្អតទៅបាន  នេះលំអានត្រជាក់ជ្រៅនៅយូរយារ ។  សត្វដង្កូវស៊ីក្ដៅខ្លោចខូចស្លឹកត្រួយ  ប៉ះរលួយពួយរលត់ផុតពូជធារ  ពាយរលើងប៉ើងរលីងរីងភស្តុភារ  កាលវេលាក៏រួញរាក់ធ្លាក់ក្រក្រី ។  ព្រោះតែក្ដៅឆៅលាយខ្លោចបោចគ្មានគិត  ចេះតែយឹតឥតមេត្តាត្រាប្រណី  រលំអស់រលស់ផលគ្មានសល់អី  អាយុខ្លីសីតែឌីស៊ីទុក្ខា ។ 

(៣០)  ចំណែកឃ្មុំអាចផ្សំបានកើតទឹកដម  ដោយថ្នាក់ថ្នមបឺតលម្អងកេសរផ្កា  ឥតហ្មងសៅក្ដៅរបេះឆេះខ្លោចផ្សា  នៅធម្មតាជាផ្កាស្រស់រស់រីកសាយ ។  ប្រាជ្ញបណ្ឌិតគួរផ្ចិតផ្ចង់តម្រង់ប្រាណ  ដើរតាមដានត្រជាក់ជ្រៅទៅវែងឆ្ងាយ  ស្វែងផលភព្វទ្រព្យធនធានគ្មានប្រេះប្រាយ  បានសុខកាយសាយរុងរឿងថ្កើងថ្លៃថ្លា ។  ប្រាជ្ញបណ្ឌិតប្រិតប្រាប់ផ្លូវល្អប្រសើរ  ឱ្យយើងដើរកុំធ្វើក្ដៅក្រៅតម្រា  បើឆាបឆេះប្រេះរលាកគ្រាកស្នេហា  តើនរណានឹងសាទរអររាប់អាន ។  ផ្លូវរាបស្មើដំណើរល្អកសាងសុខ  គ្មានអុកឡុករុករាតត្បាតញាតិសន្ដាន  ស្វែងប្រយោជន៍មិនបោចបិចរេចខូចខាន  សោយសុខសាន្តបានវែងឆ្ងាយសាយសាខា ។  នេះឯងហើយគោលចំណុចនៃភាសិត  ដែលប្រាជ្ញព្រឹទ្ធគិតដោតក្រងចងបញ្ហា  ជាពន្លឺបំភ្លឺផ្លូវត្រូវវិចារណ៍  ឱ្យខេមរាយាត្រាទៅចួបជោគជ័យ ។ 

(៣៥)  ក្ដៅត្រជាក់រាក់និងជ្រៅនៅកណ្ដាល  អាចគ្រប់ក្រាលគ្រប់ទីឋានដានដទៃ  អាក្រក់ល្អកកើតសុខឬទុក្ខភ័យ  ស្រេចនឹងលៃស្ទៃពិនិត្យតាមដំណើរ ។  ក្ដៅស៊ីរាក់ធ្លាក់ផ្លូវពីរមានខូចជា  តែដានវារាក់កំផែលហែលសើៗ  អាក្រក់ល្អក៏មិនជ្រៅទៅហោះហើរ  មានដំណើរចេញទ្រង់ទ្រាយងាយដេញតាម ។  ផ្អែមត្រជាក់តែងស៊ីជ្រៅទៅឆ្ងាយណាស់  មើលមិនច្បាស់តាមមិនទាន់ភាន់ង៉េមង៉ាម  ផ្លូវត្រជាក់លាក់ជំហានគ្មានស្លាកស្នាម  តើនឹងតាមរកមុខបាទនៅទីណា ។  តាមធម្មតាវាចាផ្អែមទន់ត្រជាក់  ជាលក្ខណៈអ្នកក្លាហានមានប្រាជ្ញា  មិនប្រកួតអួតអំណាចកាចឡូឡា  មិនក្ដៅផ្សាត្រាតែខ្លោចខូចប្រេះប្រាយ ។  ទោះនឹងស៊ីៗ​មានបែបចេះអែបប្រាណ  ចាប់មិនបានស្មានមិនត្រូវផ្លូវវែងឆ្ងាយ  ត្រជាក់ស្រួលហួលដល់ឆ្អឹងតឹងដោះស្រាយ  ព្រោះចំហាយសាយកប់ជ្រៅទៅក្រដល់ ។ 

(៤០)  ព្រឹទ្ធាចារ្យថា «អូសទូកកុំឱ្យល្អាន»  ចាប់ត្រីបានគ្មានល្អក់ទឹកវឹកវរខ្វល់  មានប្រាជ្ញាថ្លាត្រចះច្បាស់កិច្ចកល  ទើបអាចផ្ដល់ផលភាសិតគិតធ្វើបាន ។  បើល្ងង់ខ្លៅក្ដៅឆាបឆេះមិនចេះលាក់  ធ្វើយុកយាក់រាក់កំផែលប្រហែលចាន  ទៅត្រង់ណាផ្អើលត្រង់ណោះគ្រោះរំខាន  គេឃើញដានស្មានត្រូវដងខ្នងលើគោក ។  ព្រោះតែរាក់លាក់មិនជិតគំនិតខ្លី  គិតធ្វើអ្វីខ្លីមួយសុញតុញស្ទះស្ទោក  បែកសម្អុយហុយអាក្រក់ល្អក់ស្មោកគ្រោក  នេះប្រយោគជោកកម្លៅក្ដៅស៊ីរាក់ ។  អ្នកមានប្រាជ្ញអាចទប់ប្រាណបានធ្ងន់ធ្ងរ  មិនវឹកវរខ្ទរកម្រើកខ្វើកញ័រញាក់  មានខន្តីក្ដីអត់ធន់ទន់ត្រជាក់  មានលក្ខណៈគិតជ្រៅជ្រះល្អះភ្លឺថ្លា ។  ទោះនឹងស៊ីៗ​ត្រជាក់ចេះលាក់ដាន  ទោះនឹងបានៗ​មិនបាច់ឱ្យក្ដៅផ្សា  ទោះនឹងក្រោធមិនច្រឡោតលោតឆ្លេឆ្លា  ទោះនឹងថាៗតាមពិតគិតលៃស្មាន ។ 

(៤៥)  តែត្រជាក់ក៏គួរយើងប្រយត្នដែរ  មើលបកប្រែឱ្យល្អិតល្អន់មុនអែបប្រាណ  កុំឱ្យជ្រុលពុលពាក្យផ្អែមថែមច្រើនចាន  ក្រែងខកប្រាណខានផ្ដាំកូនសូន្យសង្ខារ ។  ព្រោះជនខ្លះមាត់ប្រកាសសន្តិភាព  ដៃលូកស្ទាបកៃកាំភ្លើងគ្រឿងប្រហារ  តែប្រហែសជឿតាមពាក្យអាយក្សា  ដូចជឿខ្លាថាជាប់សីលឈប់ខិលហើយ ។  បទបរិយាយស្រាយចំណោទចោទជាប់ចួន  ថែមផ្ទួនៗពីរបីសាការឆ្លងឆ្លើយ  ក្រែងខុសខាតផ្លាតសេចក្ដីន័យផុតផើយ  សូមមិត្តខ្ញុំកុំកន្តើយឆ្លើយដោះដៃ ។  គួរជួយកែប្រែតម្រូវផ្លូវភាសិត  ឱ្យត្រូវពិតតាមលំអានបាន​ថ្លាថ្លៃ  ទុកជាច្បាប់ប្រាប់ដំណើរដើររាល់ថ្ងៃ  ជាគូដៃលៃស្ទង់ស្ទាបភាពជ្រៅរាក់ ។  ឱ្យកូនចៅទាំងស្រីប្រុសដុះប្រាជ្ញា  តាមតម្រាដែលតាតែងថ្លែងបញ្ជាក់  ស្គាល់ភេទភិនមិនច្រឡំមនុស្សនិងយក្ស  ដោយលក្ខណៈដែលត្រួសត្រាយមកនេះអឺយ ។

ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ (បែបទី២ )   ពាក្យ ៩ 

(៥០)  សូមសម្ដែងថ្លែងភាសិតពិតពីរឃ្លា  ពោលពណ៌នាដោយសង្ខេបបែបត្រួសត្រាយ  តាមយោបល់យល់អត្ថន័យលៃបកស្រាយ  ដូចបរិយាយរាយសាសព្ទជាប់តទៅ ។  មើលចរិតចិត្តក្ដួលក្ដៅម៉ៅថារាក់  មើលលក្ខណៈត្រជាក់ល្អសរជម្រៅ  នេះមាត្រាចរិយាសាស្រ្តជនទូទៅ  ដែលរស់នៅលើភពផែនដែនលោកិយ ។  ជនឯណាវាចាក្ដៅសៅហ្មងមួ  ពាក្យមិនគួរជួមិនគាប់ធ្លាប់ហាស្ដី  ចេញក្រយៅដៅបញ្ជាក់រាក់រួញខ្លី  ប្រាជ្ញគប្បីយល់ស្គាល់បានគ្មានច្រឡំ ។  ជនឯណាចរិយាស្លូតសុភាពល្អ  ចិត្តស្មោះសរកម្រខឹងដឹងគួរសម  មិនច្រឡាសច្រាសច្រឡោតលោតវាយដំ  ចេះរៀបចំផ្សំចរិយាថ្លាត្រជាក់ ។  ជននេះឯងតែងរិះគិតល្អិតជ្រាលជ្រៅ  មិនឃោរឃៅក្ដៅក្រហាយកាយញ័រញាក់  មានញាតិមិត្តស្និទ្ធរាប់អានបានរួមរក្ស  ព្រោះលក្ខណៈត្រជាក់ជ្រៅនៅសុខសាន្ត ។ 

(៥៥)  ចិត្តឆោតខ្លៅក្ដៅពេកពិតគំនិតរាក់  ជនហីនលក្ខណ៍ថ្នាក់ថោកទាបភាពសាមាន្យ  ចេញពណ៌ខ្មៅដៅភិនភេទសង្កេតបាន  មិនខុសខានពីដានស្នាមតាមចរិយា ។  ផ្អែមត្រជាក់ជាលក្ខណៈប្រាជ្ញបណ្ឌិត  មានគំនិតគិតជ្រៅជ្រះត្រចះថ្លា  មិនច្រឡោតច្រឡើសបើសលើសមាត្រា  នេះចរិយាត្រជាក់ជ្រៅពៅកុំឆ្ងល់ ។  ចរិតក្ដៅសៅហ្មងជាប់ធ្លាប់ស៊ីរាក់  មិនចេះលាក់ឱ្យលិចខ្នងផ្សងតាមផល  អាក្រក់ល្អសឬខ្មៅខ្លៅឥតខ្វល់  ព្រោះមិនយល់កលកិច្ចការណាវែងខ្លី ។  ផ្អែមត្រជាក់ដូចជលធីស៊ីជ្រៅណាស់  មើលមិនច្បាស់ទាយមិនត្រូវផ្លូវពីរបី  មុជក៏ជ្រៅទៅក៏ឆ្ងាយធ្លាយបាតដី  តើងាយអីនឹងតាមទាន់ជាន់កែងបាន ។  បទបរិយាយស្រាយភាសិតពិតពីរវគ្គ  ក្ដៅត្រជាក់រាក់និងជ្រៅទៅតាមដាន  ទៅតាមដងទំនងន័យលៃគិតស្មាន  ជូនសន្ដានជាសណ្ដាប់ប្រាប់ខុសត្រូវ ។ 

(៦០)  ក្រែងដំណើរដើរមិនសមចំភាសិត  សូមឱ្យមិត្តជួយប្រិតប្រែកែតម្រូវ  កែតម្រង់ផ្ចង់តម្រាឆ្ការត្រាយផ្លូវ  ព្រោះមិនសូវភ្លឺត្រចះណាស់ណាដែរ ។  គ្រាន់តែប្រាជ្ញបាចទាំងព្រាវរាវរិះស្មាន  តាមលំអានបុរាណព្រឹទ្ធភាសិតខ្មែរ  ផ្សំយោបល់ផ្ដល់គំនិតគិតបកប្រែ  កោសបន្ថែកែបន្ថែមស៊ែមបរិយាយ ។  កាព្យកលកិច្ចល្បិចខាងល្បែងលេងវោហារ  ថ្លែងដោះសារតម្រាច្បាប់ប្រាប់ប្រៀបប្រាយ  ជាឱវាទខ្នាតពន្យល់កលឧបាយ  ជាតម្រាយតម្រាប់ល្អតទៅអឺយ ។ 

មាស – យុត្ត

អត្ថាធិប្បាយ ភាសិត  កវីនិពន្ធ របស់សហជីវិន មាស យុត្ត

ឈើ – បាក់រលំខ្ទេចមែកត្រួយ

ពុក – ផុយរលួយនៅដោយដី

កុំ – ដើរជាន់លេងធ្វើបែបវ្ហី

ដាក់ – នេះនោះអីសង្កត់វា ។

គូទ – គងជំទែងជំទយលើ

អង្គុយ – ភ្លីភ្លើប្រយត្នពារ !

ប្រយត្នប៉ះខ្ទួយ ! គូទគ្រាំគ្រា !

ពាក្យប្រៀបឃ្លោងឃ្លាគួរគិតចុះ !

ញូង – សឿង

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments