រឿង​ អាសុខ​ស្លូតនិង​អាសុខ​កាច

រឿង​ព្រេង​និទានខ្មែរ

មានក្មេងប្រុសពីរ​នាក់នៅភូមិជាមួយគ្នា មួយ​ឈ្មោះអាសុខស្លូត មួយ​ឈ្មោះអាសុខកាច ឯអាសុខកាចចិត្តអាក្រក់ណាស់ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា រកតែរឿងឈ្លោះជេរវាយគេមិនដែលស់​ខាន ម្ដាយអាពុកអាសុខកាចនោះជាអ្នកគ្រាន់បើមានស៊ីមានចាយ តែកាន់ជើងអាសុខកាចជាកូននោះណាស់ បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសុខកាចពន់ពេក ឯអាសុខស្លូតនោះកំព្រាឥតមាតាបិតាមានតែជីដូនៗ ក៏ចាស់ជរាក្រលំបាកក្រៃពេក អាសុខស្លូតនោះបើនឹងលេងល្បែងអ្វីៗនឹងក្មេងផងគ្នាក្នុងភូមិនោះ ពុំដែលឈ្លោះប្រកែកដល់ម្ដងបណ្ដាជនក្នុងភូមិនោះអាណិតស្រឡាញ់ឱ្យចំណីស៊ីខុសអ្នកនេះ អ្នកនោះឱ្យមិនដែលលស់ខាន ម៉្លោះហើយអាសុខកាចនោះច្រណែនខឹងមួម៉ៅក្ដៅចិត្តរឹតតែកាចឡើង ជេរវាយកូនគេឥតកោតឥតញញើត ចាស់នឹងចាស់ឈ្លោះព្រោះតែកាន់ជើងកូនរៀងខ្លួន។

លុះអាសុខស្លូតនិងអាសុខកាច ចម្រើនអាយុធំឡើងនោះ អាសុខកាចនិយាយបបួលអាសុខស្លូតថា វើយយើងចង់នាំគ្នាទៅកាប់ឫស្សីលួសរនាប ដ្បិតផ្ទះអាសុខស្លូតឯងបាក់ពុកអស់ហើយ អាសុខស្លូតឆ្លើយថា អញគ្មានប្រដាប់កាំបិតឱ្យមុតមាំទេ ទាំងអង្ករត្រីសាច់ថ្នាំជក់ក៏គ្មានផង សព្វថ្ងៃនេះរកបានព្រឹកខ្វះល្ងាច នោះអាសុខកាចថាកុំគិតបាយសំណុំម្ហូបថ្នាំជក់កាំបិតគ្រប់ប្រដាប់នោះឡើយ ធានាលើខ្លួនអញទាំងអស់ឯងមានតែខ្លួនទៅ ថាហើយបណ្ដើរគ្នាទៅដល់ផ្ទះអាសុខស្លូតហើយអាសុខស្លូតនិយាយប្រាប់ជីដូនថា បងសុខគេបបួលខ្ញុំទៅកាប់ឫស្សីលួសរនាប ប្រដាប់ប្រដាអាហារភោជននៅលើគេទាំងអស់ ខ្ញុំមានតែខ្លួនទៅជីដូនឮហើយឃាត់ថា ចៅកុំទៅព្រៃឫស្សីនោះស្ងាត់ណាស់ អាសុខកាចឆ្លើយថា មិនអីទេយាយផ្ទះយាយក៏ពុកបាក់អស់ បានមកគ្រាន់នឹងជួសជុលវាកុំឱ្យវាផុង យាយៗ ក៏ផ្ដាំថា ចៅទៅក៏ទៅចុះ តែចៅមើលថែទាំប្អូនផង នោះអាសុខកាចអាសុខស្លូតវេចបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សីលួសរនាប ចេញទាំងពីរនាក់ទៅដល់ព្រៃឫស្សីកាប់បានហើយលួសរនាប អាសុខកាចបានរនាបតិច អាសុខស្លូតបានរនាបច្រើន ហើយឈប់ស៊ីបាយទាំងពីរនាក់ អង្គុយទល់មុខគ្នា អាសុខកាចគិតថា ជីវិតអាឯងមុខជាស្លាប់នឹងដៃអញឥឡូវនេះ គិតហើយចាប់យកកាំបិតបន្ទោះចាក់ភ្នែកអាសុខស្លូតកំពុងស៊ីបាយ អាសុខស្លូតស្រែកយំហើយថា ហេតុម្ដេចក៏មកចាក់ខ្ញុំ អាសុខកាចឆ្លើយថា អាឯងរករបស់ឯងហើយមកស៊ីបាយអញ បានរនាបទៀតក៏បានច្រើនជាងអញអាសុខស្លូតឆ្លើយថា កាលបងបបួលខ្ញុំមកកាប់ឫស្សីលួសរនាបខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេ បងឯងធានាថា បាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមក ឥឡូវនេះបងឯងចង់យករនាបទាំងអស់ក៏យកចុះ កុំតែសម្លាប់ខ្ញុំ អាសុខកាចឮហើយឆ្លើយថា អាឯងនេះមាត់រឹងណាស់អាភាវនាទៅ នោះអាសុខកាចចាប់កាំបិតបន្ទោះចាក់ភ្នែកអាសុខស្លូតម្ខាងទៀតឈាមបាញ់ហូរស្រក់ជោកមុខជោកដើមទ្រូងងងឹតភ្នែកទាំងសងខាងឈឺចាប់ពើតជាខ្លាំងណាស់ស្ដាយជីវិតខ្លួន ណាគិតជីដូនចាស់ជរាកំព្រានៅផ្ទះតែម្នាក់ឯង។

អាសុខកាចថា អាឯងទៅឱ្យត្រីវាស៊ីទៅ ថាហើយច្រានអាសុខស្លូតទៅជិតមាត់ស្ទឹងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងៗនោះក៏ហូរផង អាសុខកាចគិតថា អាសុខស្លូតមុកជាស្លាប់ ហើយប្រមូលរនាបទាំងអស់ចងបាច់វិលមកដល់ផ្ទះដាក់រនាបហួសទៅនិយាយក្លែងកុហកប្រាប់ជីដូនអាសុខស្លូតថា ចៅយាយខ្លាវាខាំស្លាប់ទៅហើយ។

ឯយាយនោះឮអាសុខកាចប្រាប់ថាខ្លាខាំចៅស្លាប់ក៏ទួញយំសោកបោកខ្លួន ហាក់ហៀបនឹងក្ស័យជីវិត ឯអាសុខកាចនោះក៏រួស​រាយសប្បាយចិត្ត ហើយក៏ដើរលេងជិតៗផ្ទះដូចធម្មតាចិត្តក្លាហានរកតែរឿងឈ្លោះ។

ពីនេះនឹងអធិប្បាយអាសុខស្លូត គ្រាដែលអាសុខកាចចាក់ឆ្កៀលភ្នែកទាំងសងខាង ហើយវាធាក់ទម្លាក់ក្នុងទឹកស្ទឹងហូរនោះៗ អាសុខស្លូតទធាក់ហែលបណ្ដែតខ្លួនតាមខ្សែទឹកហូរទៅ ក៏ភាវនារកតែពុទ្ធោៗ ពុំដែលដាច់ពីមាត់ ទីជិតនោះមានអាស្រមអ្នកតាមួយ​ នៅក្នុងព្រៃរំលោងជិតមាត់ស្ទឹងមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ មានក្រពើធំមួយ​ ដំណែងជាមនុស្សបានដេកនៅក្រោមអាស្រមអ្នកតាជាក្រពើអ្នកតា ក្រពើនោះដល់ពេលឃ្លានក៏វាចុះមកក្នុងស្ទឹងស្វែងរកអាហារ ហើយក៏ហែលច្រាសទឹក ហែលទៅៗប្រទះឃើញអាសុខស្លូតហែលបណ្ដែតៗ​ខ្លួនតាមខ្សែទឹកមក ក្រពើថា  អញចេញមករកអាហារថ្ងៃនេះ ប្រទះបានមនុស្សស៊ី ក្រពើស្ទុះហែលទៅជិតឮមាត់រកពុទ្ធោៗ ក៏ឆ្ងល់សង្ស័យក្នុងចិត្ត មើលទៅភ្នែកទាំងសងខាងក៏ធ្លុះរកកែវប្រស្រីគ្មាន ក្រពើគិតថា គួរអញយកទៅថ្វាយលោកតាអញៗ កុំស៊ីមនុស្សនេះ ហើយក្រពើមុជបង្កឿងឱ្យអាសុខស្លូតនៅពីលើខ្នង ហែលត្រឡប់មកដល់អាស្រមវិញ ហើយដំណែងខ្លួនជាមនុស្សដឹកដៃនាំខ្លួនអាសុខស្លូតទៅថ្វាយអ្នកតាៗ សួរអាសុខស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការ អ្នកប្រាប់សព្វគ្រប់ហើយមានព្រះទ័យមេត្តាអាសុខស្លូតនោះពន់ពេក អ្នកតាថា ឱអាសុខកាចអើយចិត្តអាអីអាក្រក់ម្ល៉េះ ណ្ហើយចៅសុខស្លូតឯងកុំភ័យសឹមតាជួយសង្គ្រោះចៅឱ្យរួចរស់ជីវិត ភ្នែកក៏ឱ្យភ្លឺដូចដើម បានចួប​នឹងជីដូនឯផ្ទះវិញ អ្នកតាថាហើយក៏ផ្សំថ្នាំសូត្រទិព្វមន្តដាក់ភ្នែកៗ ចៅសុខស្លូតនោះកើតជាភ្លឺដូចដើម ទើបអ្នកតាក្ដាប់យកដីខ្សាច់មួយ​ដៃសែកទិព្វមន្តផ្លុំដីខ្សាច់ ដាក់ដៃឱ្យចៅសុខ អ្នកតាផ្ដាំថា ចៅកុំលាដៃ ក្ដាប់ឱ្យជាប់ បើទៅដល់ផ្ទះចៅៗ ប្រាប់ជីដូនឱ្យក្រាលកន្ទេលក្នុងផ្ទះហើយសឹមចៅដាក់ដីខ្សាច់នេះទៅលើកន្ទេល អ្នកតាផ្ដាំហើយ ចៅក្រពើៗ ក៏មកឱ្យចៅសុខស្លូតជិះលើខ្នងហែលតាមស្ទឹងទៅដល់ទីកន្លែងដែលអាសុខកាចធាក់ទម្លាក់ក្នុងទឹកនោះ ចៅសុខស្លូតឃើញព្រៃឫស្សីដែលកាប់លួសរនាបក៏ស្គាល់ចាំជាក់ ក្រពើដាក់ចៅសុខឱ្យឡើងទៅលើគោក ចៅសុខក៏លាក្រពើដើរតាមតម្រាយទៅដល់ផ្ទះ ហើយចូលទៅយំសំពះជីដូនៗ ឃើញចៅហើយស្ទុះមកយំខ្សឹកខ្សួល ហើយនិយាយប្រាប់ចៅថាគេប្រាប់យាយថា ចៅខ្លាខាំស្លាប់ទៅហើយម្ចាស់ជីដូនអើយ ជីដូនយំសោកបោកខ្លួនអាសូរចៅហាក់ហៀបនឹងក្ស័យជីវិត ឥឡូវចៅមិនស្លាប់ ជីដូនអរណាស់រកអ្វីប្រៀបផ្ទឹមពុំបាន។

ឯចៅសុខនិយាយប្រាប់ជីដូន តាំងពីទៅកាប់ឫស្សីលួសរនាប អាសុខកាចវាចាក់ភ្នែកធាក់ទម្លាក់ទឹកមានក្រពើនាំយករហូតទៅដល់អ្នកតា រ៉ាយរ៉ាប់ប្រាប់រឿងគ្រប់ប្រការជីដូនក៏រឹងរឹតតែអាណិតចៅពន់ពេក ហើយប្រាប់ជីដូនថាយាយក្រាលកន្ទេលក្នុងផ្ទះទៅ ជីដូនក្រាលតាមពាក្យចៅៗ សុខស្លូតលាដៃដាក់ដីខ្សាច់លើកន្ទេល កើតជាប្រាក់ចាក់ធារក្នុងផ្ទះអរណាស់តែពីរនាក់ជីដូននិងចៅ បានចាត់ចែងទិញសម្លៀកបំពាក់គ្រប់ប្រដាប់ប្រើប្រាស់ សង់ផ្ទះថ្មីល្បីមានដាច់គេក្នុងភូមិនោះ។

ឯអាសុខកាចឃើញអាសុខស្លូតឆ្ងល់សង្ស័យក្នុងចិត្តនឹកថា អញចាក់ភ្នែកវាទាំងពីរធាក់ទម្លាក់ទឹកស្មានថាវាស្លាប់ឥឡូវវារស់ឡើងវិញ ភ្នែកក៏ភ្លឺដូចដើមមានទាំងសម្បត្តិសម្បូណ៌ប្រើប្រាស់គ្មានខ្វះអ្វីប្លែកអំពីដើម អាសុខនឹកឆ្ងល់លុះដល់វេលាស្ងាត់ចួប​នឹងអាសុខស្លូត ហើយសួរថា កាលឯងនឹងអញទៅកាប់ឫស្សីលួសរនាប នោះបិសាចមកបណ្ដាលចិត្តឱ្យអញចាក់ភ្នែកឯងទាំងសងខាង ធាក់ទម្លាក់ទៅក្នុងទឹកស្ទឹង អញស្មានថាឯងស្លាប់ ហេតុម្ដេចក៏ឯងរស់ឡើងវិញ ហើយមានទាំងទ្រព្យច្រើនជាងគេផង។

អាសុខស្លូតឆ្លើយថា បានគុណបងកុំអីខ្ញុំក្រីក្រលំបាកតោកយ៉ាក ដូចបងឯងដឹងស្រាប់ ហើយនិយាយស្មោះត្រង់ប្រាប់អាសុខកាចរ៉ាយរឿងចាក់ភ្នែកខ្វាក់ទាំងសងខាងធាក់ធ្លាក់ក្នុងស្ទឹង ភាវនារកតែពុទ្ធោៗ ចួប​នឹងក្រពើៗ នាំទៅថ្វាយអ្នកតាៗ ជប់ភ្នែកជប់ដីខ្សាច់ រៀងមកដល់ផ្ទះដាក់ដីខ្សាច់កើតជាប្រាក់បានជាខ្ញុំមានសព្វថ្ងៃនេះ។

ឯអាសុខកាចឮអាសុខស្លូតរ៉ាយរឿងដូច្នោះ ហើយក៏បណ្ដាលចិត្តលោភលន់ពន់ប្រមាណ គិតថាអញធ្វើឱ្យបានដូចអាសុខស្លូត ថ្ងៃក្រោយចួប​នឹងអាសុខស្លូតនិយាយថា អាសម្លាញ់អើយអញចង់ទៅកាប់ឫស្សីលួសរនាប នៅព្រៃដែលយើងទៅកាប់នៅកន្លែងមុននោះ ឯបាយសំណុំអាហារភោជនថ្នាំជក់កាំបិតតូចធំប្រដាប់កាប់ឫស្សីលួសរនាបនៅលើអញទាំងអស់ ឯងមានតែខ្លួនទៅ នោះអាសុខស្លូតឆ្លើយតទៅវិញថាក្រែងឯងសម្លាប់អញទៀត អាសុខកាចឆ្លើយថាមុននោះខ្មោចកំរោលវាចូលអញ ងងឹតមុខអញចាក់ឯងអញមិនដឹងខ្លួនសោះឯងកុំខឹងប្រកាន់នឹងអញ អាសុខស្លូតឆ្លើយថា សឹមខ្ញុំជូនទៅដ្បិតបងសុខកាចឯងមានគុណនឹងខ្ញុំច្រើន ខ្ញុំមានសម្បត្តិទ្រព្យពីព្រោះបង លុះព្រឹកឡើងអាសុខកាចស្ពាយបាយសំណុំមានគ្រប់ប្រដាប់ដូចមុន ហើយបណ្ដើរគ្នាដល់ព្រៃឫស្សី កាប់បានពុះលួសរនាប ហើយអង្គុយស៊ីបាយ នោះអាសុខកាចហុចកាំបិតបន្ទោះទៅអាសុខស្លូតថា ឯងចាក់ភ្នែកអញម្ខាងទៅ អាសុខស្លូតប្រកែកពុំព្រមចាក់ អាសុខកាចថា ចាក់មកៗ បើមិនអាណិតគ្នាផងសោះ អាសុខស្លូតក៏ចាក់ឆ្កៀលដូចជាគេឆ្កៀលក្រសាំងខ្វាក់ភ្នែកម្ខាងទៅ អាសុខកាចឈឺពើតខ្លាំងណាស់តែចិត្តចង់ប្រញាប់ឱ្យបានប្រាក់ដូចអាសុខស្លូត ឱ្យអាសុខស្លូតចាក់ឆ្កៀលភ្នែកម្ខាងទៀត ហើយបង្គាប់ឱ្យអាសុខស្លូតច្រានទៅជិតមាត់ស្ទឹងបង្គាប់ឱ្យធាក់ទៀត អាសុខស្លូតក៏ធាក់ទម្លាក់ក្នុងទឹកស្ទឹងទៅ អាសុខកាចថា កាលដែលអញចាក់ឯងមុននោះឯងធ្វើដូចម្ដេចខ្លះ អាសុខស្លូតឆ្លើយថា អញរកតែពុទ្ធោជាប់នូវមាត់ នោះអាសុខកាចប្រឹងស្រែករកពុទ្ធោៗ មិនឈប់ឮរំពងព្រៃនៅមាត់ស្ទឹង ទន្ទឹងរកក្រពើពុំប្រទះចួប​ណាវាឈឺពើតចាប់ហែល​បណ្ដែតខ្លួនយូរទៅៗ អស់កម្លាំងឈ្លក់ទឹកស្លាប់ទៅហើមរលួយរលេះត្រីវាស៊ីនៅតែលលាដ៍ក្បាលៗ ខ្មោចអាសុខកាចនោះវាអណ្ដែតតាមខ្សែទឹកស្ទឹងវាលងជានិច្ចឮតែពុទ្ធោៗ ដរាបទៅដល់កំពង់មហាសេដ្ឋី វេលានោះកូនក្រមុំមហាសេដ្ឋីនាំខ្ញុំប្រុសស្រីចុះទៅងូតទឹកនៅកំពង់ ហែលលេងកញ្ជ្រោកទឹកសប្បាយ ស្រាប់តែឃើញលលាដ៍ក្បាលអាសុខកាចនោះអណ្ដែតមកជិតលងស្រែករកពុទ្ធោៗ កូនក្រមុំមហាសេដ្ឋីឈប់លេងទាំងអស់គ្នា នឹកឆ្ងល់សង្ស័យក៏ប្រើខ្ញុំប្រុសម្នាក់ឱ្យទៅស្រង់យកលលាដ៍​ក្បាលខ្មោចនោះមកដាក់គោកមាត់កំពង់នោះ លលាដ៍ក្បាលខ្មោចនោះមិនបាត់ស្ងាត់សោះ វានៅលងរកតែពុទ្ធោៗ។

កូនក្រមុំមហាសេដ្ឋី ក៏នាំខ្ញុំប្រុសស្រីឡើងពីងុតទឹកមកផ្លាស់សំពត់ស្រេច ឱ្យខ្ញុំប្រុសកាន់យកលលាដ៍ក្បាលខ្មោចអាសុខកាចនោះមកដល់ផ្ទះ កូនក្រមុំនោះជម្រាបមហាសេដ្ឋីថា លោកឪពុកខ្ញុំរើសលលាដ៍ក្បាលខ្មោចមួយ​អណ្ដែតទឹកនៅកំពង់យើង វាលងស្រែករកពុទ្ធោៗ សេដ្ឋីទាំងមាតាបិតាស្ដាប់ហើយក៏ស្ទុះមកមើលឃើញរកពុទ្ធោៗមែន អស្ចារ្យណាស់ក៏ឱ្យលាងដុះខាត់ដាក់លើគោក លលាដ៍ក្បាលនោះក៏រកពុទ្ធោៗជានិច្ចគ្មានឈប់។

ឯសេដ្ឋីនោះលុះព្រឹកឡើងតែងតែទៅគាល់ព្រះមហាក្សត្រនៅទីចុងព្រះរាជរោងចួបជុំអស់លោកចតុស្ដម្ភរាល់ពេលពុំដែលលស់ខាន នោះសេដ្ឋីជម្រាបអស់លោកថាខ្ញុំមាន​លលាដ៍​ក្បាលខ្មោចមួយ​ ចេះរកពុទ្ធោៗជានិច្ច អស់លោកចតុស្ដម្ភស្ដាប់ហើយឆ្លើយថា សេដ្ឋីកុហកទេ មិនដែលមានលលាដ៍ក្បាលខ្មោចណាចេះស្រែករកពុទ្ធោ យើងមិនជឿឡើយ សេដ្ឋីឆ្លើយថា ពិតប្រាកដណាស់ បើអស់លោកមិនជឿខ្ញុំៗ ហ៊ានភ្នាល់ដាក់មាសមួយរយតម្លឹងនោះអស់លោកចតុស្ដម្ភទាំង៤ថា ភ្នាល់យើងក៏ហ៊ាន ហើយតាំងធ្វើសំបុត្រកិច្ចសន្យាស្រេច សេដ្ឋីសំពះលាទៅដល់ផ្ទះឮលលាដ៍​​ក្បាលខ្មោចរកពុទ្ធោកោកៗ សេដ្ឋីក៏ញញឹមនឹកថា អស់លោកមុខជាចាញ់អញហើយៗ សេដ្ឋីយកមាសមួយរយតម្លឹងឱ្យកូនក្មួយកាន់តោកដែលដាក់លលាដ៍ក្បាលខ្មោចនោះ ដើររហ័សដល់ចូលទ្វារកំពែងខាងក្រៅទៅក្នុង លលាដ៍ក្បាលខ្មោចបាត់ឈឹងពុំរកពុទ្ធោឡើយ សេដ្ឋីក៏ចូលទៅក្នុងចុងរោងដាក់លលាដ៍ក្បាលខ្មោចចំពោះមុខអស់លោកចតុស្ដម្ភទាំង៤ នោះសេដ្ឋីបង្គាប់ថា ចាំអីទៀតក៏មិនស្រែករកពុទ្ធោៗទៅ លលាដ៍ក្បាលខ្មោចបាត់សូរឈឹងមិនឮរកពុទ្ធោសោះ មហាសេដ្ឋីចាញ់គេជូនមាសមួយរយតម្លឹងទៅអស់លោក នោះអស់លោកលេងសម្ដីថែមទៀតថា អ្នកសេដ្ឋីយកលលាដ៍ក្បាលខ្មោចទៅវារកពុទ្ធោថ្លង់យើងរាល់គ្នា ហើយទះដៃសើចលាន់នៅទីព្រះរាជរោងសេដ្ឋីខឹងនឹងក្បាលខ្មោចនោះណាស់ សំពះលាអស់លោកមកដល់ក្រៅកំពែង​ ស្រាប់តែលលាដ៍ក្បាលខ្មោចរកពុទ្ធោៗ សេដ្ឋីរឹតតែខឹងណាស់ ដល់ផ្ទះប្រើបាវឱ្យយកពូថៅយកលលាដ៍ក្បាលខ្មោចទៅសំពងឯកំពង់ទឹកចោលទៅ ឯអាបាវយកទៅមិនសំពងឱ្យល្អិត ត្រឡប់បោះចោលលលាដ៍​​ក្បាលខ្មោចទាំងមូលទៅក្នុងទឹក ឯលលាដ៍​​ក្បាលខ្មោចអាសុខកាចនោះអណ្ដែតតាមទឹកស្ទឹងហូររសាត់ទៅក្រោម វាលងរកពុទ្ធោៗ រៀងទៅដល់កំពង់វត្ត វេលានោះលោកសង្ឃនិមន្តចុះទៅស្រង់ទឹកស្រាប់តែឃើញលលាដ៍ក្បាលខ្មោចលងរកពុទ្ធោៗ លោកក៏ស្រង់យកទៅកុដិនិមន្តលោកសង្ឃផងគ្នាបង្សុកូលដុតក្បាលខ្មោចនោះសុស​ ហើយលោកសង្ឃនោះពិចារណាថា គួរយកកម្ទេចឆ្អឹងនេះលាយនឹងម្រាក់ខ្មុកសសរព្រះវិហារបញ្ជូនឱ្យបានផលដល់អ្នកដែលស្លាប់នោះ ហើយលោកក៏ខ្មុកលាបសល់បន្តិចបន្តួច លោកយកទៅលាបលនរទេះលោក ដល់ស្ងួតម្រាក់ខ្មុករទេះនោះ លោកភ្នកព្រះទ័យចង់ទឹមរទេះបរទៅសួរញាតិញោម ហើយលោកឱ្យសិស្សដឹកគោមកទឹមរទេះបរចេញទៅពីកុដិ លោកក៏ឡើងគង់បរទៅ វេលាស្ងាត់ពីមនុស្ស រទេះនោះលាន់ភ្លៅនឹងដុំសង្កៀតគ្នាដូចរទេះធម្មតា លុះចួប​នឹងឧបាសកឧសិកា រទេះនោះវាឮសូរហាក់ដូចលោកជេរបញ្ចោរគេថាមេចោរគេចុយៗ ញាប់សិញ ឧបាសកឧសិកាឮហើយខឹងនឹងលោកថាលោកជេរបញ្ចោរប្រពន្ធកូនខ្លួន ខឹងដៀលត្មះជាពាក្យទម្ងន់ៗ លោកប្រកែកដូចម្ដេចក៏ពុំស្ដាប់ រឹតតែប្រមាថលោកឥតកោតឥតញញើត លោកក៏បរហួសទៅទៀតចួប​នឹងនាហឺ្មនគេដើរគ្នាច្រើន រទេះលាន់ឮទៀត ហាក់ដូចជាលោកជេរម្ដាយនាហ្មឺនថា ចុយម្ដាយនាហ្មឺនៗ នាហ្មឺនគេខឹងនឹងលោក គេដេញវាយលោកៗ ភ័យវាយគោបំបោលរួចទៅ។

នោះលោកគិតឆ្ងល់ថា រទេះអញពីដើមបរមុនៗមកមិនដែលឮសូរជេរបញ្ចោគេទេ រឿងនេះឃើញតែកម្ទេចឆ្អឹងក្បាលខ្មោចដែលខ្មុកបិទសសរវិហារ សល់ពីនោះអញយកមកលាបលនរទេះនេះ លោកត្រឡប់មកពីសួរញាតិញោមដល់វត្តវិញ លោកខ្ញាល់កាប់រទេះដុតនៅទីកន្លែងដែលដុតលលាដ៍ក្បាលខ្មោចអាសុខកាចមុននោះ ឆេះអស់ទៅជាផេះ កន្លែងនោះមានជីជាតិអាសុខកាច ដុះកើតឡើងជាស្មៅកន្ត្រើយចាក់ជាប់សំពត់ជាប់ខោមនុស្សសព្វថ្ងៃនេះ គឺជាតិពីអាសុខកាចនោះឯង។

ព្រះអក្ខរលេខា ណុប នៅក្រសួងព្រះរាជនិពន្ធ
រៀបរៀង

ប្រភព  ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៤

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments