ឃ្លោក​លិច ​អំបែង​អណ្ដែត

សារវន្តកថា

ពាក្យថា “ឃ្លោកលិច អំបែងអណ្ដែត” នេះ ជាពាក្យដែលយើងធ្លាប់និយាយរត់មាត់មកហើយ មិនមែនជាពាក្យទំនើបទើបនឹងមានថ្មីទេ។ ពាក្យនេះ ជាសុភាសិតបុរាណ កើតមានតាំងពីជាន់ពុទ្ធសម័យ រវាង២៥សតវត្សមកហើយ ដែលព្រះសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់ព្យាករដោយសេចក្ដីឧបមាឧបមេយ្យ ចំពោះព្រះបាទបសេនទិកោសលដែលក្រាបបង្គំទូលសួរ។

យើងនឹងលើកពាក្យនេះ មានអត្ថាធិប្បាយឱ្យត្រូវតាមគោលបំណងនៃសុភាសិតនោះ ដើម្បីឱ្យអស់លោកអ្នកអាន គ្រាន់នឹងបានជាគតិ ព្រោះអស់លោកអ្នកខ្លះចេះថា “ឃ្លោកលិច អំបែងអណ្ដែត” ដែរ ប៉ុន្តែមិនសូវយល់សេចក្ដីជាក់លាក់ ឬក៏យល់ឃ្វាងពីគោលបំណងក្នុងសុភាសិតនេះ ក៏សឹងមាន។ ដូចត្រង់ពាក្យ “ឃ្លោកលិច” គេច្រើនយល់ថា អ្នកណាមួយកើតក្នុងត្រកូលខ្ពង់ខ្ពស់ ដែលគួរតែទទួលឋានៈជាអ្នកមានយសសក្ដិមានទ្រព្យធន ជាហេតុធ្វើវង្សត្រកូលឱ្យខ្ពង់ខ្ពស់តទៅទៀត តែមិនដូច្នោះ ត្រឡប់ជាលិចចុះក្នុងហីនភាពជាអ្នកគ្មានយសសក្ដិវិនាសទ្រព្យសម្បត្តិធ្លាក់ខ្លួនជាមនុស្សក្រីក្រអនាថា គេប្រដូចមនុស្សនោះទៅនឹងឃ្លោកដែលជាវត្ថុស្រាលគួរតែអណ្ដែតលើទឹក តែបែរជាលិចក្នុងទឹកទៅវិញ។ ត្រង់ពាក្យ “អំបែងអណ្ដែត” គេយល់ថាអ្នកណាមួយកើតក្នុងត្រកូលថោកទាបខ្សត់ខ្សោយ គួរនឹងលិចចុះទៅក្នុងឋានៈទាបថោកដរាបទៅ តែបែរជាអណ្ដែតមានឋានៈខ្ពង់ខ្ពស់មានយសសក្ដិថ្លៃថ្លា គេប្រដូចមនុស្សនោះទៅនឹងអំបែង ដែលជាវត្ថុមានទម្ងន់គួរតែលិចចុះទៅក្នុងទឹក តែត្រឡប់ជាអណ្ដែតទឹកវិញ។ សេចក្ដីយល់បែបនេះ មិនត្រូវតាមពុទ្ធដីកាដែលសម្ដែងទេ។ ហេតុនេះ យើងសូមធ្វើសេចក្ដីបរិយាយសុភាសិតនេះ តាមគម្ពីរជាតកឯកនិបាតដែលមានសេចក្ដីជ្រាលជ្រៅឱ្យទៅជារាក់ងាយស្ដាប់ តាមលំដាប់ហូរហែដូចតទៅនេះ ៖

ពាក្យថា “ឃ្លោកលិច អំបែងអណ្ដែត” នេះ បើគេសម្លឹងមើលនូវរូបវត្ថុនេះដោយមំសចក្ខុ ឃើញថាផ្ទុយពីពាក្យនេះស្រឡះ។ ធម្មតាសម្បកឃ្លោកដែលក្រៀមស្ងួតស្រាលស្ងើក បើគេយកទៅបោះក្នុងទឹក ពិតជាអណ្ដែត ចុះហេតុអ្វីបានជាពាក្យនេះថា “ឃ្លោកលិច” ទៅវិញ ? ធម្មតាអំបែងមានអំបែងចានឬអំបែងថ្មជាដើម ជាធម្មជាតធ្ងន់ បើគេយកទៅបោះក្នុងទឹក ពិតជាលិចចុះបាត់ទៅក្នុងទឹកមួយរំពេច ចុះហេតុអ្វីបានជាពាក្យនេះថា “អំបែងអណ្ដែត” ទៅវិញ ? ហេតុនេះពាក្យទាំងពីរមាត់នេះ ជាសេចក្ដីប្រៀប ជាពាក្យប្រដូចដោយពិត។

យើងសូមទាញយកពាក្យខាងឧបមេយ្យមកអធិប្បាយប្ដូរគ្នានឹងពាក្យឧបមាខាងលើនោះឱ្យឃើញស្របគ្នាថា ៖ ក្នុងលោកទាំងមូល តាមតែប្រទេសណាជាតិណាក៏ដោយ តែងតែមានមនុស្សជាន់ទាប ជាន់ខ្ពស់គឺមនុស្សល្ងង់ មនុស្សចេះ មនុស្សទុច្ចរិត មនុស្សសុចរិត មនុស្សអាក្រក់ មនុស្សល្អ មនុស្សពាល មនុស្សបណ្ឌិត នៅច្របូកច្របល់លាយឡំជាមួយគ្នាជាដរាប គ្រាន់តែមានចំនួនតិចនិងច្រើនជាងគ្នាប៉ុណ្ណោះ។ មនុស្សទាំងប៉ុន្មានប្រភេទដូចថាមកនេះ បើតាមប្រទេសដែលកាន់ពុទ្ធសាសនា ចែកជាពីរផ្នែកគឺ គ្រហស្ថ១ផ្នែក បព្វជិត១ផ្នែក។ មនុស្សទាំងពីរផ្នែកនេះមានវត្ថុបំណងស្របគ្នាតែបែបមួយ គឺចង់បានសុខ ចង់រស់នៅយឺនយូរចង់បានឋានៈដ៏ខ្ពង់ខ្ពស់។ល។ វត្ថុបំណងទាំងនេះឯងដែលដឹកនាំមនុស្សនីមួយៗទាំងធំទាំងតូចឱ្យមានដំណើរខំស្ទុះស្ទាស្វែងរកតាមផ្លូវទឹកផ្លូវគោកជានិច្ច។

នៅក្នុងយុគខ្លះ បើមនុស្សលោកវិលប្រែប្រួលហើយ សង្ខារលោកក៏វិលប្រែប្រួលទៅតាមដែរ ឬថាមនុស្សលោកវិលទៅតាមសង្ខារលោកក៏ថាបាន សង្ខារលោកវិលទៅតាមមនុស្សលោក ក៏ថាបាន។ សូមទាញឧទាហរណ៍មួយយ៉ាងងាយ មកពិចារណាមើលចុះ ដូចគ្រឿងសម្លៀកបំពាក់មានខោ អាវជាដើម ដែលមនុស្សប្រើប្រាស់ សម័យខ្លះ ជើងខោធំទូលាយស្រុងចុះក្រោម សម័យខ្លះជើងខោតូចចង្អៀតខើចឡើងលើ ចំណែកខាងអាវសោតទៀត សម័យខ្លះគេប្រើឡេវតិច សម័យខ្លះគេប្រើឡេវច្រើន គឺវិលទៅតាមលោកនិយម។ ន័យឯទៀតក្រៅពីនេះ គប្បីលើកយកមកពិចារណាផងចុះ តើវិនិច្ឆ័យ​ថា មនុស្សវិលទៅតាមសង្ខារលោក ឬថាសង្ខារលោកវិលទៅតាមមនុស្ស ? យើងអាចសន្និដ្ឋានបានថា អធ្យាស្រ័យគឺចិត្តគំនិត ព្រមទាំងការយល់របស់មនុស្សប្រព្រឹត្តទៅបែបណា សង្ខារលោកក៏ប្រព្រឹត្តទៅបែបនោះដែរ។ ព្រោះហេតុនោះ ក្នុងសម័យណា អំពើទុច្ចរិតរបស់មនុស្សមានកម្លាំងខ្លាំងឡើង ក្នុងសម័យនោះ អំពើទុច្ចរិតនោះឯង អាចទៅបំបែរបំបត់សង្ខារលោកដែលជារបស់គ្មានចិត្ត គ្មានវិញ្ញាណ ឱ្យទៅជារបស់ហាក់ដូចជាមានចិត្តមានវិញ្ញាណក្លាហានកាចសាហាវ អាចទៅបៀតបៀនមនុស្សឱ្យទទួលទុក្ខវេទនាឬទៅបៀតបៀនសង្ខារលោកដូចគ្នា ឱ្យដល់នូវសេចក្ដីវិនាសអន្តរាយដោយ​សារ​កម្លាំងរបស់ខ្លួន នឹងចាំបាច់និយាយថ្វីដល់មនុស្សផងគ្នា។ មួយទៀត ក្នុងសម័យណា អំពើសុចរិតរបស់មនុស្សមានកម្លាំងខ្លាំងក្លាឡើង ក្នុងសម័យនោះ អំពើសុចរិតនោះឯង អាចទៅបំបែរបំបត់លៃលកសង្ខារលោកដែលគ្មានចិត្ត គ្មានវិញ្ញាណ ឱ្យទៅជារបស់ហាក់ដូចជាមានចិត្ត មានវិញ្ញាណឱ្យទៅជាស្លូតបូត ជារបស់មានប្រយោជន៍ ឱ្យសេចក្ដីសុខដល់មនុស្សទួទៅ ដោយសារកម្លាំងរបស់ខ្លួន។

មនុស្សទុច្ចរិត ច្រើនមានអធ្យាស្រ័យត្រូវគ្នានឹងមនុស្សទុច្ចរិតដូចគ្នា ឯមនុស្សសុចរិត ក៏ច្រើនមានអធ្យាស្រ័យត្រូវគ្នានឹងមនុស្សសុចរិតដូចគ្នាដែរ។ ខាងពុទ្ធសាសនាចាត់មនុស្សពាលប្រព្រឹត្តទុច្ចរិតថាជាមនុស្សអសប្បុរសលាមកអាក្រក់ថោកទាប ជាមនុស្សអស់តម្លៃស្រាលស្ងើកដូចសម្បកឃ្លោក មនុស្ស​សម្បកឃ្លោកនេះ គួរតែមានទោសទុក្ខជាប់គុក ត្រូវទណ្ឌកម្មតាមយថាកម្មរបស់ខ្លួន តែមិនដូច្នោះ ត្រឡប់ជាគេលើកតម្កើងឱ្យមានយសសក្ដិ ជាមេបាគ្រប់គ្រងត្រួតត្រាក្នុងក្រុម ក្នុងសង្គម ឬក៏ក្នុងតំណែងជាន់ខ្ពស់។ មួយទៀត សម្ដីរបស់មនុស្សសម្បកឃ្លោកនោះឯង កាលបើហានិយាយអ្វីទៅរកអ្នកធំអ្នកតូចហើយ សម្ដីនោះស្រាលស្ងើកគ្មានខ្លឹមសារអ្វីសោះ គួរណាស់តែអណ្ដែតរសាត់បាត់ទៅ តែមិនដូច្នោះ សម្ដីនោះបែរទៅជាលិចចុះទៅប្រតិស្ឋានដិតដក់ជាប់នៅជានិច្ចក្នុងចិត្តគំនិតរបស់អ្នកធំអ្នកតូច ជាសម្ដីត្រូវគេជឿស្ដាប់ធ្វើតាមទៅវិញ ដូចគ្នានឹងសម្បកឃ្លោកជារបស់ស្រាលសោះ គួរតែអណ្ដែតរសាត់បាត់ទៅ មិនដូច្នោះ បែរទៅជាលិចចុះក្នុងទឹកវិញក៏ដូច្នោះដែរ។

ចំណែកខាងមនុស្សបណ្ឌិតប្រព្រឹត្តសុចរិតមានសន្ដានចិត្តសប្បុរស ចេះដឹងល្អ ទុកជាមនុស្សមានតម្លៃ ឬមានទម្ងន់ដូចអំបែងថ្មពេជ្រ។ មនុស្សថ្មពេជ្រនេះ គួរតែគេលើកតម្កើងក្នុងឋានៈខ្ពង់ខ្ពស់ មានតំណែងរដ្ឋមន្ត្រី តំណែងតុលាការវិនិច្ឆ័យកាត់ក្ដីជាដើម តែបែរទៅជាអាប់ឱនធ្លាក់ខ្លួនចុះទៅកាន់ឋានៈដ៏ថោកទាប បាត់កេរ្តិ៍ឈ្មោះ គ្មានយសសក្តិ ទៅជាអាយ័តរបស់មនុស្សសម្បកឃ្លោកទៅវិញ មួយទៀតមនុស្សថ្មពេជ្រ បើហានិយាយពីអ្វីទៅរកអ្នកធំអ្នកតូច សម្ដីនោះសូម្បីពិតមានប្រយោជន៍មានខ្លឹមសារ មានទម្ងន់ធ្ងន់ដូចអំបែងថ្ម គួរតែលិចចុះប្រតិស្ឋានដិតដក់ជាប់នៅក្នុងចិត្តគំនិតរបស់អ្នកធំអ្នកតូច តែមិនដូច្នោះ ទៅជាសម្ដីស្រាលស្ងើកអណ្ដែតរសាត់ផាត់បាត់ទៅ គេមិនអើពើជឿស្ដាប់ធ្វើតាមទៅវិញ ដូចគ្នានឹងអំបែងថ្មជារបស់ធ្ងន់ គួរតែលិចចុះទៅក្នុងទឹក មិនដូច្នោះ បែរជាអណ្ដែតរសាត់ទៅតាមទឹកវិញដូច្នោះឯង។

ពាក្យថា “ឃ្លោកលិច អំបែងអណ្ដែត” នេះ ជាសេចក្ដីឧបមា ជាព្រះផ្នូលទៅតាមស្ថានការណ៍លោកឬប្រទេស ដែលមានវិបត្តិប្រែប្រួល។ សេចក្ដីនេះមានពិតក្នុងគម្ពីរជាតកឯកនិបាត យើងសូមទាញយករឿងនោះ មករៀបរៀងទុកក្នុងទីនេះថែមទៀត ដើម្បីបញ្ជាក់ឱ្យឃើញជាតួយ៉ាង ៖

ក្នុងសម័យ ដែលព្រះសព្វញ្ញុពុទ្ធជាម្ចាស់នៃយើង បានត្រាស់ឡើងក្នុងលោកហើយ គ្រានោះឯង មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាម បសេនទិកោសល ទ្រង់ផ្ទំលក់ស្កប់ស្កល់ក្នុងរាត្រីមួយ ទ្រង់ឃើញសុបិននិម្មិតមួយចម្លែកអស្ចារ្យ ដែលព្រះអង្គមិនធ្លាប់ដែលប្រទះឃើញម្ដងណាសោះឡើយ គឺទ្រង់ឃើញសម្បកឃ្លោកស្ងួតស្រាលស្ងើក លិចចុះស្រឹមបាត់ទៅក្នុងទឹក មួយទៀត ទ្រង់ឃើញដុំថ្មតាន់ធំៗ ប៉ុនទូកប៉ុនផ្ទះ អណ្ដែតធ្ងោលទើរនៅលើទឹក លុះដល់វេលាព្រឹក ទ្រង់តើនឡើងហើយ មិនអាចវិនិច្ឆ័យសុបិននិម្មិតនោះដោយព្រះអង្គឯងបានឡើយ ទ្រង់រៀបព្រះរាជដំណើរចូលទៅគាល់ព្រះសម្ពុទ្ធ ដែលទ្រង់គង់នៅនាវត្តជេតពន ដើម្បីទូលសូមឱ្យព្រះអង្គព្យាករសុបិននិម្មិតនោះ។

ខណៈនោះ ព្រះអង្គទ្រង់ព្យាករថ្វាយថា បពិត្រមហារាជ ក្នុងអនាគត កាលបើអធម្មិករាជ (ព្រះរាជាមិនប្រព្រឹត្តតាមធម៌ឬមិនប្រព្រឹត្តតាមច្បាប់) កើតឡើង លោកគឺប្រជាជន ក៏វិបត្តិប្រែប្រួលមិនប្រព្រឹត្តតាមធម៌ តាមច្បាប់ដែរ។ អធម្មិករាជនោះ ទ្រង់មិនលើកតម្កើង មិនប្រទានយសសក្ដិ អំណាចឱ្យដល់ពួកកុលបុត្តដែលមានជាតិខ្ពង់ខ្ពស់ ដែលជាអ្នកសុចរិតមានចំណេះវិជ្ជាចេះដឹងច្រើនទេ បែរជាទ្រង់លើកតម្កុំតម្កើងប្រទានយសសក្ដិអំណាចឱ្យដល់ពួកកុលបុត្ត ដែលមានត្រកូលទាបថោកជាមនុស្សទុច្ចរិតល្ងង់ខ្លៅ គ្មានចំណេះវិជ្ជាទៅវិញ ម៉្លោះហើយពួកកុលបុត្ត​ដែលមានត្រកូលថោកទាបនោះ ក៏ឡើងទៅកាន់ឋានៈជាឥស្សរជនកាន់ការផ្សេងៗ ឯពួកកុលបុត្តដែលមានជាតិខ្ពង់ខ្ពស់ក្រៅពីនេះក៏ធ្លាក់ខ្លួនចុះទៅកាន់ឋានៈជាទលិទ្ទភាព សម្ដីរបស់ពួកកុលបុត្តដែលមានត្រកូលថោកទាប ស្រដៀងគ្នានឹងសម្បកឃ្លោក ប៉ុន្តែបែរទៅជាធ្ងន់លិចចុះទៅប្រតិស្ឋានដិតដក់ជាប់នៅជានិច្ច ក្នុងទីចំពោះព្រះភក្ត្រព្រះរាជាផង ក្នុងព្រះរាជទ្វារផង ក្នុងទីចំពោះមុខអាមាត្យមន្ត្រីផងក្នុងទីសម្រាប់វិនិច្ឆ័យកិច្ចការផ្សេងៗផង។

មួយទៀត បើខាងព្រះពុទ្ធសាសនាវិញ ពួកបព្វជិតល្ងង់ខ្លៅ ជាបុគ្គលបាបទ្រុស្ដសីល ដែលស្រដៀងគ្នានឹងសម្បកឃ្លោកស្រាលស្ងើកមិនមានខ្លឹមសារអ្វី បែរជាបានប្រតិស្ឋានក្នុងតំណែងជាន់ខ្ពស់តាំងនៅក្នុងសង្ឃសន្និបាតផង ក្នុងសង្ឃកម្មផង ក្នុងទីសម្រាប់វិនិច្ឆ័យកិច្ចការរបស់សង្ឃផងទៅវិញ ឯពួកបព្វជិតជាបណ្ឌិត អ្នកមានសីលមានសេចក្ដីអៀនខ្មាស ពោលពាក្យសម្ដីប្រកបដោយប្រយោជន៍បានការគ្រប់អន្លើមានទម្ងន់ដូចថ្ម គួរតែធ្ងន់លិចចុះប្រតិស្ឋានតាំងនៅក្នុងឋានៈជាន់លើ ទីដ៏ប្រសើរ មិនដូច្នោះបែរជាអណ្ដែតរសាត់ទៅកាន់ឋានៈទន់ទាបវិញ។ បពិត្រមហារាជ សូមព្រះអង្គទ្រង់ជ្រាបថា សុបិននិម្មិតនេះ មិនមានហេតុភេទអ្វីដល់ព្រះអង្គក្នុងបច្ចុប្បន្ននេះទេ ជាសុបិននិម្មិតព្រះផ្នូលចង្អុលហេតុភេទដែលនឹងត្រូវកើតមានតទៅអនាគតខាងមុខ។

សេចក្ដីរួបរួមបញ្ជាក់សេចក្ដីយ៉ាងខ្លីថា មនុស្សទុច្ចរិតនិងសម្ដីរបស់មនុស្សទុច្ចរិត ដូចជាសម្បកឃ្លោកដែលលិចចុះទៅក្នុងទឹក មនុស្សសុចរិតនិងសម្ដីរបស់មនុស្សសុចរិត ដូចជាអំបែងថ្មដែលអណ្ដែតនៅលើទឹក។

គួរដាក់មនុស្សសម្បកឃ្លោក គួរលើកមនុស្សថ្មពេជ្រ

មនុស្សឃ្លោកទុំគឺមនុស្សពាលទុច្ចរិត
តែងប្រព្រឹត្តពិតបង្ហិនជាតិផងខ្លួន
ត្រូវកុំលើកកុំតម្កើងឱ្យធំធួន
ត្រូវធ្វើទោសតាមសំនួនបទដែលល្មើស។
ធ្វើយ៉ាងនេះជាតិប្រទេសនឹងថ្កុំថ្កើង
ព្រោះនាំយើងឱ្យសាមគ្គីគ្មានឃ្នងឃ្នើស
មនុស្សថ្មពេជ្រគឺមនុស្សបណ្ឌិតទ្រើស
ចេះដឹងលើសហើយយឹតយោងជាតិឱ្យថ្លៃ។
ត្រូវលើកឡើងស្ទួយតម្កើងឱ្យពេញមុខ
ត្រូវកុំទុកក្នុងឋានៈទាបពេកក្រៃ
ធ្វើយ៉ាងនេះទើបគេហៅស៊ីវិឡៃ
ជាតិក៏ថ្លៃទៅដោយសារការណ៍នេះអឺយ !

យូរ អ៊ុន

ព្រះទេពសត្ថា កិម តូ
រៀបរៀង

ប្រភព ៖ ទស្ស​នាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៥៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments