បរាភវសូត្រ

នានា​សូត្រ

 វិនាស ១២ ប្រការ

បរាភវសូត្រ គឺជាធម៌សម្ដែងនូវវិនាសទាំង ១២ ប្រការដែលជាការទូលសួររបស់ទេព្ដានិងការឆ្លើយតបរបស់ព្រះសាស្ដា។

បទបឋ្យាវត្ត

បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ   មុខំ។

យើងខ្ញុំទាំងឡាយមកសូមទូលសួរ                នូវហេតុដែលគួរចម្រើនវិនាស
ប្រុសស្រីក្នុងលោកសន្និវាស                     ដែលនឹងវិនាសសាបសូន្យចាកគុណ។
ឆ្ពោះព្រះគោតម ព្រះអង្គមានបុណ្យ            មេត្តានិមន្តសម្តែងឱ្យទាន
ធម្មជាតដូចម្តេចដែលជាប្រធាន                  នាំសត្វឱ្យមានសេចក្តីវិនាស។

ព្រះសាស្តា ឆ្លើយតបនឹងទេព្តាថា ៖

សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ ធម្មកាមោ ភវំ ហោតិ   ធម្មទេស្សី បរាភវោ។

អ្នកដែលចម្រើនតថាគតស្គាល់ងាយ                អ្នកដែលអន្តរាយតថាគតស្គាល់ពិត
អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត                                ហើយខំប្រព្រឹត្តនឹងបានចម្រើន។
អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន                   ឥតកើនចម្រើនវិនាសទៅមុខ។

ឥតិហេតំ វិជានាម បឋមោ សោ បរាភវោ ទុតិយំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី១ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី២អ្វីជាប្រធាន                                          នាំសត្វឱ្យមានសេចក្តីវិនាស។

អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ។

អ្នកដែលស្រឡាញ់ពេញចិត្តស្នេហា                តែនឹងមនុស្សណាអសប្បុរស
តែងមិនស្រឡាញ់ពេញចិត្តទាំងអស់              នឹងអ្នកសប្បុរសមកធ្វើជាមិត្រ  ។
សេចក្តីស្រឡាញ់ពេញចិត្តគំនិត                      ហើយទៅគប់ពិតអសប្បុរស
គាប់ចិត្តក្នុងធម៌ឬមួយរបស់                              ហេតុនោះទាំងអស់នាំឱ្យវិនាស។

ឥតិហេតំ វិជានាម ទុតិយោ សោ បរាភវោ តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី២ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៣អ្វីជាប្រធាន                                         នាំសត្វឱ្យមានសេចក្តីវិនាស  ។

និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ។

អ្នកដេកច្រើន១និយាយច្រើន១                         និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
អ្នកខ្ជិលច្រអូសមិនមានខ្នះខ្នែង                        ខឹងច្រើនសម្តែងឱ្យគេឃើញបាន។
ហេតុធម៌ទាំងនោះមិនជាកល្យាណ                 នាំឱ្យខកខានខាតខូចប្រយោជន៍
មានជាប្រធានតិចច្រើនដោយហោច             នាំបង់ប្រយោជន៍ហើយឱ្យវិនាស។

ឥតិហេតំ វិជានាម តតិយោ សោ បរាភវោ ចតុត្ថំ ភគវា ព្រូហិ កឹ        បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                  វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្ដីវិនាសនេះបើរាប់សង្គ្រោះ                                  វិនាសនោះឈ្មោះទី៣ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                              សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៤អ្វីជាប្រធាន                                             នាំសត្វឱ្យមានសេចក្តីវិនាស។

យោមាតរំ វា បិតរំ វា ជិណ្ណក៓ៗ គតយោព្វនំ បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ។

នរជនណាមានទ្រព្យធនធាន                         ហើយខ្លួនមិនបានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរា                                   ហេតុនោះទៅជានាំឱ្យវិនាស។

ឥតិហេតំ វិជានាម ច តុត្ថោ សោ បរាភវោ បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី៤ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៥អ្វីជាប្រធាន                                          នាំសត្វឱ្យមានសេចក្តីវិនាស។

យោ សមណំ ព្រាហ្មណំ វា អញ្ញំ វាបិ វនិព្វក៓ មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ។

ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ              ពួកស្មូមឬអ្នកដទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃ                     នោះប្រធាននៃសេចក្តីវិនាស។

ឥតិហេតំ វិជានាម បញ្ចមោ សោ បរាភវោ ឆដ្ឋមំ ភគវា ព្រូហិ កឹ  បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង             វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                              វិនាសនោះឈ្មោះទី៥ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                          សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៦អ្វីជាប្រធាន                                        នាំសត្វឱ្យមានសេចក្តីវិនាស។

បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ។

បុរសអ្នកមានទ្រព្យធនធានច្រើន                 មាសប្រាក់ចម្រើននិងគ្រឿងអាហារ
លបលាក់របស់ដែលឆ្ងាញ់ពិសា                    ស៊ីម្នាក់ឯងជាប្រធានវិនាស។

ឥតិហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ សត្តមំ ភគវា ព្រូហិ កឹ  បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី៦ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៧អ្វីជាប្រធាន                                         នាំសត្វឱ្យមានសេចក្តីវិនាស។

ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ។

អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល                   ហើយមិនប្រមូលសាច់ញាតិសន្តាន
មើលងាយញាតិខ្លួនដោយអាងខ្លួនមាន         នោះជាប្រធានសេចក្តីវិនាស។

ឥតិហេតំ វិជានាម សត្តមោ សោ បរាភវោ អដ្ឋមំ ភគវា ព្រូហិ កឹ   បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                 វិនាសនោះឈ្មោះទី៧ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                             សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៨អ្វីជាប្រធាន                                           នាំសត្វឱ្យមានសេចក្តីវិនាស។

ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ។

ជនអ្នកប្រព្រឹត្តល្បែងបីប្រការ                       ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ                           ការល្បែងទាំងឡាយនោះនាំវិនាស។

ឥតិហេតំ វិជានាម អដ្ឋមោ សោ បរាភវោ នវមំ ភគវា ព្រូហិ កឹ   បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                     វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                       វិនាសនោះឈ្មោះទី៨ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                                  សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៩អ្វីជាប្រធាន                                                 នាំសត្វឱ្យមានសេចក្តីវិនាស។

សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ។

ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន                       ហើយទៅជាប់ចួននឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានា                             ហេតុនោះទៅជានាំឱ្យវិនាស។

ឥតិហេតំ វិជានាម នវមោ សោ បរាភវោ ទសមំ ភគវា ព្រូហិ កឹ    បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង                   វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                    វិនាសនោះឈ្មោះទី៩ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                                សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១០អ្វីជាប្រធាន                                            នាំសត្វឱ្យមានសេចក្តីវិនាស។

អតីត យោព្វនោ បោសោ អានេតិ តិម្ពរុត្ថនី តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ។

បុរសមានវ័យដែលចាស់ហួសពេក           ហើយមានតម្រេកដោយក្ដីតណ្ហា
នាំយកស្រីក្មេងមកធ្វើភរិយា                      ហេតុនោះទៅជានាំឱ្យវិនាស។

ឥតិហេតំ វិជានាម ទសមោ សោ បរាភវោ ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី១០ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                           សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១១អ្វីជាប្រធាន                                      នាំសត្វឱ្យមានសេចក្តីវិនាស។

ឥត្ថី សោណ្ឌី វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ។

បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ                  ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ                អំពើទាំងនោះនាំឱ្យវិនាស។

ឥតិហេតំ វិជានាម ឯកាទសមោ សោ បរាភវោ ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង               វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះ                                វិនាសនោះឈ្មោះទី១១ទាន់ហន់។
បពិត្រព្រះអង្គព្រះនាមភគវន្ត                          សូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១២អ្វីជាប្រធាន                                      នាំសត្វឱ្យមានសេចក្តីវិនាស។

អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ សោ ច រជ្ជំ     បត្ថយតិ តំ បរាភវតោ មុខំ។

ជនណាកើតក្នុងត្រកូលជាក្សត្រ                         អ្នកក្សត់សម្បត្តិហើយប្រាថ្នាធំ
ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ              ហេតុនោះនឹងនាំឱ្យដល់វិនាស។

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ អរិយទស្សន សម្បន្នោ ស លោកំ ភជតេ សិវំ ៕៚

ជនជាបណ្ឌិតគំនិតប្រសើរ                                   បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស                               គេចពីវិនាសគប់រកចម្រើន ៕៚

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments