សាស្ត្រា​ជុច

នានាកាព្យ
(អត្ថាធិប្បាយនិងអត្ថបទដើម)
សិក្សាស្រាវជ្រាវដោយ លី – ធាមតេង

ដើម្បីបានជាពន្លឺសម្រាប់អ្នកអាន អ្នកសិក្សាស្រាវជ្រាវស្នាដៃអត្ថបទសាស្ត្រាជុចនេះ យើងសុំល្បងធ្វើការពិនិត្យសង្កេតជាមុនដូចតទៅ ៖

១– ប្រភព

សេចក្ដីផ្ដើមក្ដី សេចក្ដីបញ្ចប់ក្ដី នៃសាស្ត្រានេះ ឥតមានបញ្ជាក់ប្រាប់ថា រឿងនេះ មានប្រភពដើមដកស្រង់ឬប្រតិស្ឋយកពីក្នុងទីណា គម្ពីរណាឡើយ។ ហេតុនេះ នាំឱ្យអ្នកសិក្សាសម្គាល់ទុកជាសេចក្ដីសន្មតិមួយទៅតាមប្រភេទអត្ថបទ តាមលក្ខណៈអក្សរសាស្ត្រទៅវិញ។

អត្ថបទនេះ ជាប្រភេទរឿងល្បើក (Fable) ដែលមានលក្ខណៈសម្គាល់ត្រង់ ៖

– សរសេរជាពាក្យកាព្យ សម្ដីខ្លីៗ តែច្បាស់មិនអណ្ដែតអណ្ដូង

– ដំណើររឿងខ្លីៗ គ្រាន់តែឱ្យជាគតិដំបូន្មាន

– យកតួអង្គជាសត្វ ជាធម្មជាតិ (ជុចនិងត្រី)

ដូច្នេះ រួមសេចក្ដីទៅ គឺសាស្ត្រាជុចមានប្រភពជារឿងល្បើកដែលកវីនឹងឃើញ ប្រដូចប្រចមគំនិតទៅនឹងដំណើររឿងយ៉ាងខ្លី។

២– កាលបរិច្ឆេទ

ក្នុងអត្ថបទសាស្ត្រានេះ គ្មានចុះកាលបរិច្ឆេទនៃការតែងរឿងទេ នាំឱ្យមានការលំបាករាវរកឱ្យបានច្បាស់។ បើប្រសិនជាយកសម្ផស្សកាព្យ សំនួនវោហារ ពាក្យសម្ដីដែលប្រើក្នុងនេះ មកធ្វើជាគ្រឿងឆ្លុះមើលពេលវេលា យើងសម្គាល់បានថា អត្ថបទនេះមិនឆ្ងាយហួសពីសតវត្សទី១៨ ឬ ១៧ ទេ។ ព្រោះថា បើអត្ថបទសរសេរពីសតវត្សទី ១៦ – ១៥ ឡើងទៅនោះ មានពាក្យសម្ដីប្លែកច្រើនពីភាសាយើងសព្វថ្ងៃ ដូចមានពាក្យខ្មែរបុរាណសុទ្ធ ពាក្យក្លាយមកពីបាលី – សំស្ក្រឹតច្រើន…..។

៣– អ្នកនិពន្ធ

នាមអ្នកនិពន្ធក៏មិនបានកំណត់ក្នុងសាស្ត្រានេះដែរ ដូច្នេះ យើងពុំអាចដឹងថាជាស្នាដៃលោកណាតែងឡើយ។

តាមចាស់ៗ និយាយតៗគ្នា ៖ ខ្លះថា លោកតា សុគន្ធមានបុណ្យ ដែលជានាយកសង្ឃក្នុងសតវត្សទី១៧ ជាអ្នកតែង ព្រោះលោកធ្លាប់បានតែងសាស្ត្រាច្បាប់ឯទៀតដែរ ដូចជាច្បាប់ក្រមជាដើម។ មិនតែប៉ុណ្ណោះ គេនិយាយថា លោkតា សុគន្ធមានបុណ្យ ចង់ប្រដៅមនុស្ស ពិសេសគឺសិស្សគណផ្ទាល់របស់លោក ឱ្យស្គាល់នូវកម្លាំងនៃ “ទុក្ខសំសារវដ្ដ” ដោយលោកលើកយកធម្មជាតិមាន ជុចនិងត្រីមកធ្វើជាតំណាង គឺត្រីជាសត្វលោក ឯជុចជាសំសារទុក្ខ។ រាល់ថ្ងៃសំសារទុក្ខរមែងនៅរង់ចាំសត្វលោកជានិច្ច ឱ្យតែរុលត្បុលចូលហើយ កាន់តែតឹងណែនខ្លាំងឡើងៗ គ្មានចេះធូរថយ។ ឯសត្វលោកវិញ បើទោះជាដឹងថាកងទុក្ខក្នុងសំសារវដ្ដនៅពីមុខយ៉ាងណា ក៏នៅតែខំសសុលត្បុល មិនគិតងាកបែររកផ្លូវគេចដែរ លុះដឹងថាខ្លួនជាប់ហើយវាខកពេលស្រេច នឹងរាថយក៏មិនរួច ម៉្លោះហើយមានតែរុលទៅមុខឱ្យទាល់តែអស់កម្លាំងត្រឹមណា ស្លាប់ត្រឹមនោះទៅ។ នេះហើយជាទស្សនៈសំខាន់នៃ ល្បើកជុចនិងត្រី។

តាមពាក្យចាស់ៗ និយាយតៗគ្នានេះ គួរជឿបានដែរ ព្រោះលោកតា សុគន្ធមានបុណ្យ លោកមានបញ្ញាជ្រៅ ចង់បង្ហាញទស្សនវិជ្ជា ដែលលំបាកយល់ ឱ្យមានជារូបរាងស្រួលយល់ឡើង ដោយប្រើឧបមានវិធី ធៀបទៅនឹងរូបធម្មជាតិដូច្នេះ។

បើតាមការស្រាវជ្រាវរបស់លោក ឈឹម – ស៊ុម ពីប្រវត្តិ លោក វិសេសដូង ចុះក្នុងកម្ពុជសុរិយាលេខ២ ឆ្នាំ១៩៦៨ រាប់ក្នុងតារាងស្នាដៃរបស់វិសេសថា រឿងល្បើកជុច ជាស្នាដៃរបស់លោក វិសេសដូង ដែរ។ ប៉ុន្តែលោកឥតមានបញ្ជាក់ពីហេតុផលឬមានសេចក្ដីវែងឆ្ងាយទៅទៀតឡើយ។

ការណ៍ទាំងនេះ ទុកនៅជាបទស្រាវជ្រាវតទៅទៀត ៖

៤- ឧត្តមគតិ

ដូចបានរៀបរាប់ក្នុងវគ្គស្ដីពីអ្នកនិពន្ធរួចហើយ រឿងនេះមានន័យក្នុងការអប់រំមនុស្ស ពិសេសគឺអប់រំខាងផ្លូវចិត្តឱ្យមនុស្សបានយល់ច្បាស់នូវទស្សនវិជ្ជាព្រះពុទ្ធសាសនាផង។ បើគេទាញយកយោបល់នេះ ពីក្នុងសាស្ត្រាជុច មកធ្វើជាដំបូន្មានទូទៅ គេនឹងស្រង់បានន័យថា ៖

មនុស្សដែលកើតឡើង តែងមានទុក្ខសំសារវដ្ដរង់ចាំជានិច្ចហើយទោះជាមនុស្សមិនហៅរកក៏ដោយ។ ប៉ន្តែបើគេយល់ច្បាស់លាស់ហើយ រកគេចចៀសវាងបានខ្លះៗដែរ ដោយរម្ងាប់ចិត្តលោភៈ ទោសៈ មោហៈ ហើយតាំងខ្លួនឱ្យមានចិត្តស្មោះស្មើ គ្មានផ្អើលភ្ញាក់ផ្ដេសផ្ដាស។

ល្បើកជុច
ចម្លងចេញពីសាស្ត្រាស្លឹករឹត
បទបន្ទោលកាក [១]

(១)  ថ្លែងដោយទំនង  ដំណើរត្រីផងយាត្រា  ពើបនឹងជុចណា  ត្រីស្រែកថាវើយចៀសចេញ ។  ជុចថាអើះអើ  បទអ្នកនេះតើម្ដេចមិញ  ហ៊ានមកប្រើអញ  ចៀសចេញឱ្យអ្នកជាល្បែង ។  ត្រីថាបើច្នោះ  អញនឹងទម្លុះចៅឯង  ឱ្យយល់ជាក់ស្ដែង  ដ្បិតឯងមកនៅរាំងផ្លូវ ។  ជុចថាអើះហោង  បើឯងចង់លងឥឡូវ  សមត្រូវនឹងម្ជូរ  ប្រហើញាំភ្លាសាអាំង ។ 

(៥)  ត្រីថាអើះអើ  ប៉ើងរើងទេតើម្ដេចខ្លាំង  អួតមានកម្លាំង  ក៏ស្មានជាអញខ្លាចហោង ។  ជុចថាបើច្នោះ  អញ្ជើញមកចុះចង់លង  ឱ្យយល់នេះម្ដង  ឫទ្ធីតេជះតេជដៃ ។  ត្រីស្ទុះភ្លាមចូល  ក្នុងជុចរមួលហើយនៃ  ជំពាក់ក្រក្រៃ  នឹងថយក៏ពុំរួចឡើយ ។  ជុចថាអើចៅ  ឥឡូវម្ដេចនៅព្រងើយ  ស្ងៀមស្ងាត់កន្តើយ  សម្រឹងសម្រាន្តធ្វើអ្វី ។  ត្រីឮជុចថា  ខំស្ទុះបំពារទៅខ្មី  រឹងអស់ឥន្ទ្រិយ  ដួចគេរឹតរួតអាត្មា ។ 

(១០)  ជុចថាអើច្នេះ  កម្លាំងប៉ុណ្ណេះទេណា  អួតឯងបំពារ  ទម្លុះទម្លាយមិញតើ ។  ត្រីថាម្ចាស់ថ្លៃ  ពាក្យខ្ញុំនេះនៃបញ្ចើ  ឥឡូវនេះតើ  អ្នកម្ចាស់មានឫទ្ធីក្រៃ ។  ជុចថាឫទ្ធី  តេជះបារមីអ្វីនៃ  ឯងកុំចេះស្ដី  ចំអកចំអន់ឱ្យគ្នា ។  ត្រីថាម្ចាស់ថ្លៃ  អស់ពាក្យនេះនៃខ្ញុំថា  ជាល្បែងទេណា  អ្នកម្ចាស់កុំយកទោសខ្ញុំ ។  ជុចថាអើល្បែង  ឯងអួតគគ្រេងស្រេចហើយ  ពិតពុំលង់ឡើយ  ខំស្ទុះបំពារមកហោង ។ 

(១៥)  ត្រីថាម្ចាស់ខ្ញុំ  សេចក្ដីពុំសមមែននៃ  អ្នកជុចម្ចាស់ថ្លៃ  ម្ចាស់អើយលែងខ្ញុំទៅរ៉ា ។  ជុចថាអើលែង  មារយាទអ្នកឯងទេណា  អញឃាត់អញថា  ប្រែជាដៀលអញបំផ្លាង ។  ត្រីថាឱអញ  ម្ដងនេះឯងមិញក្រក្រៃ  អ្នកជុចម្ចាស់ថ្លៃ  អ្នកអើយយកតែបុណ្យហោង ។  ជុចថាបុណ្យៗ  អំនួតពីមុនរំពង  បុណ្យអ្វីនោះហោង  ឱ្យដឹងឫទ្ធីតេជដៃ ។  ត្រីថាម្ចាស់ខ្ញុំ  សេចក្ដីពុំសមមែននៃ  អ្នកជុចម្ចាស់ថ្លៃ  ប្រោសយកសម្បត្តិសួគ៌ា ។ 

(២០)  ជុចថាឯងចេះ  ឯងមានចំណេះចេះថា  សម្បត្តិសួគ៌ា  សាច់ឯងពិសាណាស់នៃ ។  ត្រីថាអញក្រ  ណាស់ពេកកម្រក្រក្រៃ  អ្នកជុចម្ចាស់ថ្លៃ  អ្នកអើយយកតែផលា ។  ជុចឆ្លាស់ឆ្លើយថ្វាត់  ថាឯសម្បត្តិផលា  សាច់ឯងពិសា  គេស៊ីឯងបានបុណ្យថ្កើង ។  ត្រីថាបើច្នោះ  អ្នកហារមាត់ចុះខ្ពស់ឡើង  ខ្ញុំក្រាបបាតជើង  សំពះសូមចុះសូមចាញ់ ។  ជុចថាអញឆោត  ឯងមកបំពោតលើអញ  ឯងនឹងស្ទុះចេញ  បានអ្វីជាម្ដងឆីបាយ ។ 

(២៥)  ត្រីថាឱអញ  ម្ដងនេះឯងមិញអន្តរាយ  មិនសមរូបកាយ  ខ្លួនអើយអសារទេណា ។  ជុចថាមិនស្លាប់  ឯងកុំមកប្រាប់លើគ្នា  សាច់ឯងពិសា  ឆ្ងាញ់ហើយវាសើមមាត់ផង ។  ត្រីថាម្ចាស់ខ្ញុំ  អញប្រោសប្រាណកុំច្នោះហោង  កាញ់កួចចិត្តចង  ក្រែងមានវេរាបាបពៀរ ។  ជុចថាបើបាប  សឹងស្អុយឆ្អេះឆ្អាបអញវៀរ  ចៀសអស់ពំនៀរ  តែសាច់ឯងអត់មិនបាន ។  ត្រីថាអ្នកថ្លៃ  ថាម្ដេចច្នោះនៃពុំមាន  ធម៌ថាបាបគ្មាន  ដូចអ្នកឯងស្ដីឡើយណា ។ 

(៣០)  ជុចថាអ្នកត្រី  ចែងចេះសម្ដីណាស់ណា  អណ្ដើកជាក់ជា  ល្អហើយទៅក្ដក់ហៅឆ្កែ ។  ត្រីថាតាយហោង  គ្នានិយាយផងប្រែខ្វែ  ទំនឹមឯឆ្កែ  វាដាច់ឆីអាចម៍គេនៅ ។  ជុចថាអើយអញ  ពុំដឹងបានមិញណានូវ  ឯងថាមិញត្រូវ  ល្បងជុចខួរហើយស៊ីសាច់ ។  ត្រីថាអ្នកជុច  អ្នកមិនថយថុចពាក្យពេចន៍  អ្នកអើយបំណាច់  ខ្ញុំលោមអ្នកកុំច្នោះឡើយ ។  ជុចពុំស្ដាប់ហោង  រឹតរឹងកន្លងពុំស្បើយ  ពុំមានធូរស្បើយ  តឹងឡើងស្ទើរដាច់ខ្យល់ខ្មី ។ 

(៣៥)  មានស្មារតីជាក់  ឈាមជុចថាអ្នកខ្ញុំឥ-  ឡូវពុំដឹងអ្វី  ត្រង់រស់ត្រង់ស្លាប់នោះឡើយ ។  បើម៉្ងៃនឹងស្លាប់  ឱ្យខ្ញុំបានប្រាប់កូនហើយ  បណ្ដាំទុកក្រោយ  ឱ្យអញឯងផ្ដាំឱ្យឆាប់ ។

បទព្រហ្មគីតិ

ក្សិណនោះឯមច្ឆា  ហៅបុត្រភ្ងាមកឆាប់ៗ  កូនមកហើយទួញប្រាប់  ថាឱកូនពន្លកម្ដាយ ។  ខ្លួនម្ដាយនឹងស្លាប់ហើយ  កុំកូនអើយនៅព្រៃអាយ  ទៅរកស៊ីឱ្យឆ្ងាយ  ពីព្រៃនេះផុតមនុស្សម្នា ។  ខ្លួនម្ដាយនេះតឹងណាស់  នឹងបម្រះពុំរួចណា  ឈឺអស់អង្គអាត្មា  ម្ដាយខំតែផ្ដាំមាសស្ងួន ។ 

(៤០)  មាសអើយម្ដាយស្លាប់ទៅ  ចូរមាសនៅប្រយត្នខ្លួន  រកស៊ីឆាប់ជ្រកពួន  ដោយព្រៃស្ងាត់កុំប្រហែស ។  ឃើញមនុស្សកុំទ្រមឹង  ឈប់សម្លឹងមើលក្រអែស  ឃើញឆាប់រត់កុំធ្វេស  ក្រែងវាចាក់នឹងច្បូកណា ។  បើមាសស៊ីកូនចក  ឆាប់មុជជ្រកឱ្យបាត់ខ្លួន  ក្រែងមនុស្សអុំទូកចួន  ឃើញកូនស្ងួនវាលោចាក់ ។  មាសអើយមួយវិញទៀត  ច្រកចង្អៀតដែលមនុស្សដាក់  ជុចនោះកុំបីអ្នក  ដើរត្រង់នោះចៀសឱ្យឆ្ងាយ ។  ខ្លួនអញខូចទាំងម៉្លេះ  ហេតុប្រហែសគិតសប្បាយ  ចូរមាសមើលខ្លួនម្ដាយ  ហេតុតែឆោតទាល់ស្លាប់ខ្លួន ។ 

(៤៥)  ហេតុនោះកូនព្រលឹង  ចូររំពឹងឱ្យមាំមួន  ម្ដាយស្លាប់ៗហើយស្ងួន  កុំកូនឆោតដូចម្ដាយឡើយ ។  ឯមច្ឆានោះនៃ  សោកកូនក្រៃរតន៍ពុំងា  រន្ធត់អស់អង្គា  លុះសន្លប់បាត់ស្មារតី ។  ទៀងទួញទាល់សន្លប់  ញ័រចំប្រប់អស់ឥន្ទ្រិយ  លុះដល់មានស្មារតី  ទួញរៀបរាប់សព្វដោយព្រៃ ។  ឱអញគិតទៅហើយ  កូនមាសអើយចង់តែក្ស័យ  ខ្លួនអើយស្លាប់ឆាប់វៃ  អញនឹងនៅអ្វីឡើយណា ។  រស់ហើយវាលំបាក  ខ្លួនតោកយ៉ាករងវេទនា  មិនចង់រស់ឡើយណា  ឃើញកូនវានឹងខ្លោចផ្សា ។ 

(៥០)  រីត្រីទួញនេះនៃ  ទាល់តែក្ស័យជីវិតណា  រីឯកូនមច្ឆា  រកស៊ីតែឯកអង្គឯង ។  រីនិទាននេះនៃ  ជុចនិងត្រីនោះវាតែង  ដើរទៅរកស្វះស្វែង  ក៏ចួបចួននោះឯងហោង ។

បទបន្ទោលកាក

នេះនឹងសម្ដែង  និទានថ្លាថ្លែងទំនង  ពីម្ចាស់ជុចហោង  ឱ្យអ្នកផងដឹងដំណើរ ។  ម្ចាស់ជុចលុះព្រឹក  ប្រហាមរឭកទៅមើល៍  បេះម្ទេសទុកទើរ  មើលទៅថ្ងៃរះភ្លឺជាក់ ។  ស្រេចគាត់ស្ទុះផាង  ទៅយកសៀនខាងប្របភ្នាក់-  ដៃដែលគាត់ដាក់  ប្របនៅខាងក្អមនោះនៃ ។ 

(៥៥)  ហើយឈោងទៅសិត  ទឹកមកខ្ពុរមាត់ហើយនៃ  យកកន្សែង ស្លាវៃ  មកវេចម្លូស្លាហើយណា ។  លុះវេចស្រេចហោង  ស្ទុះទៅចាប់ដងប្រវា  និងកាំបិតព្រា  និងផ្ដៅមួយដើមទៅផង ។  គាត់ចុះទៅទូក  អង្គុយលូកខ្សែដែលចង  មកស្រាយចំណង  ដែលចង់ទូកគាត់សព្វថ្ងៃ ។  ស្រាយរួចច្រានទូក  គាត់អុំគគ្រូកទៅព្រៃ  ដែលដាក់ជុចនៃ  ភ្នែកតែងរំពៃឆ្វេងស្ដាំ ។  អុំបានតិចទៅ  បាយាបទំនៅលើចាំ  លាន់ភឹបឆ្វេងស្ដាំ  ហើរទៅហើយមកជាក់ស្ដែង ។ 

(៦០)  ម្ចាស់ជុចថាឱ  បាយាបវើយចោរឥតក្រែង  ស្ទើរឆាបអំបែង  ក្បាលអញពុំដឹងមនុស្សម្នា ។  ថ្ងៃនេះទីទៃ  មានលាភមានជ័យឬជា  ឥតលាភទេណា  បាយាបតឿនអង្គឺក្ដី ។  អុំទៅទៀបដល់  ជុចនោះមិនយល់ត្រូវត្រី  ដល់មួយឥតបី  សង្ឃឹមមិនបានទៅស្ល ។  ខាងជុចបីបួន  នោះសោតជាក់ចួនច្រកល្អ  នឹងបានទៅស្ល  តែជុចបីបួននោះឯង ។  គាត់អុំទូកដល់  ជុចចំណេរយល់ជាក់ស្ដែង  ជៀងជាក់អរឯង  កខិបកខុបងេកងោក ។ 

(៦៥)  វាតទូកឈោងចាប់  កន្ទុយជុចជាប់ទាញមក  ក្រពើវាយក  ត្រីជុចនោះទៅស៊ីបាត់ ។  ម្ចាស់ជុចចុកទ្រូង  ជេរម្ដាយរលូងពេកក្ដាត់  ទៅជុចមួយថ្វាត់  តាចាស់ខំឆ្លៀតរលេញ ។  ធ្វើជាមាត់ក  ញញឹមញញែមឡើងវិញ  ធ្លាប់ពីមុនមិញ  ក្រពើស៊ីអស់គ្មានសល់ ។  តែឥឡូវឯង  ឃើញមួយកណ្ដែងនឹងថ្កល់  លងមួយចេះយល់  ក្រញោនភ្នែកសចង្គ្រាង ។  រីជុចយល់ម្ចាស់  សរសើរខ្លួនណាស់ហើយអរ  ឆ្លើយប្រាប់ម្ចាស់មក៍  ពីក្នុងទឹកនោះអន្ទាក់ ។ 

(៧០)  តាអើយអ្នកតា  ស្ដាប់ខ្ញុំសច្ចាប្រាប់អ្នក  តាឱ្យដឹងជាក់  កាលត្រីវាមកនោះណា ។  ហែលមកដល់ខ្ញុំ  វាមិនបារម្ភសោះសា  ជាចៅអ្នកតា  ប៉ងចង់លងលៗលើ ។  ស្ដីថាអាឃ្នាង  ម្ដេចអាចង្គ្រាងនេះតើ  ផ្លូវដែលអញដើរ  ចៀសចេញអញនឹងដើរទៅ ។  ខ្ញុំថាផ្លូវអា  ពីដូនពីតាមកនៅ  ក្នុងព្រៃនេះកូវ  អង្កាល់អញមិនដឹងផង ។  ត្រីថាអាខូច  កាលអានៅតូចណាស់ហោង  ផ្លូវច្រកជ្រលង  បឹងបួរនោះសឹងអញត្រាច់ ។ 

(៧៥)  ខ្ញុំថាបើច្នោះ  ចិត្តអើយធ្វើម្ដេចលងគាត់  ខ្ញុំចូលមកកាត់  ទម្លាយលងមើលឥឡូវ ។  ត្រីថាអើអញ  លងឯងមិញចេញនោះកូវ  អញបោលឥឡូវ  ទម្លាយឱ្យបាក់ឆ្អឹងឆ្អែង ។  ខ្ញុំថាបើច្នោះ  អញ្ជើញមកចុះកុំក្រែង  ឆ្អឹងអញនេះឯង  តែងជាសម្រាប់ឱ្យអា ។  ត្រីស្ទុះភ្លាមចូល  ក្នុងជុចរមួលទទា  ប្រដូចនូវជា  ប្រមាញ់ដំរីសោះសា ។  ជុចដណ្ដឹងត្រី  ថាឯងធ្វើអ្វីច្នោះណា  អួតឯងបំពារ  ទម្លុះទម្លាយណាចៅ ។ 

(៨០)  ខ្មាសពាក្យជុចខ្ញុំ  ប្រឹងឡើងពិតពុំរួចទៅ  មកនៅខាងផ្លូវ  ទ្រមឹងក្នុងជុចព្រងើយ ។  ត្រីថាឱអ្នក  ជុចថ្លៃកុំអាក់ចិន្តា  ខ្ញុំម្ចាស់បានជា  អួតអាងនឹងអ្នកជុចថ្លៃ ។  អាសូរខ្ញុំទៅ  ឱ្យខ្ញុំរស់នៅផងនៃ  ខ្ញុំចូលប្រស្រ័យ  ជាខ្ញុំបម្រើអ្នកហោង ។  ខ្ញុំថាអញឆោត  ឯងមកបំពោតលើលង  ម្ចាស់អញបំណង  ចង់ជ្រក់តែខួរសព្វថ្ងៃ ។  ត្រីឮពាក្យជុច  ភិតញ័ររន្ធត់ពេកក្រៃ  ឱអ្នកម្ចាស់ថ្លៃ  អ្នកប្រោសយកតែបុណ្យផង ។ 

(៨៥)  ខ្ញុំថាកុសល  អញមើលមិនយល់ទេហោង  ឆ្ងាយក្រៃកន្លង  អញមកពុំបានឡើយណា ។  ជុចដំណាលប្រាប់  ឱ្យម្ចាស់ស្ដែងស្ដាប់ហើយរ៉ា  ដំណើរអាត្មា  កាលត្រឹមក៏ត្រូវនោះនៃ ។  ម្ចាស់ស្ដាប់ហើយណា  ផ្ដែផ្ដាំជុចថាកុំធ្លោយ  ថ្ងៃនេះថ្ងៃក្រោយ  អ្នកលេងឱ្យបួនពីដៃ ។  ផ្ដាំស្រេចហើយណា  ដាក់ជុចម្នីម្នាវៃៗ  រួចស្រេចហើយនៃ  គាត់អុំទូកវិលវិញខ្មី ។  អុំមកក្នុងបឹង  ហើយគាត់រសម្លឹងរំពៃ  ថាឱអញឥ-  ឡូវនេះវាថ្លៃខ្ពស់ថួន ។ 

(៩០)  រកឧសបានតិច  ហើយអញនឹងក្ដិចត្រកួន  ត្រកៀតត្រាវសួង  អន្លក់ម្ជូរសណ្ដាន់ ។  បេះបានសព្វគ្រប់  គាត់អុំគ្មានឈប់រួសរាន់  ដល់ហើយរន្ថាន់  ចងទូកហើយឡើងម្នីម្នា ។  បានដងច្រវា  និងកាំបិតព្រាហើយណា  ពុនទាំងត្រីប្រា  និងឧសបន្លែម្ជូរជា ។  ដល់ទៅមុខផ្ទះ  ហើយទើបតាច្រាសឧសណា  រីឯភរិយា  ភ្ញាក់ឡើងឃើញប្ដីត្រីផង ។  ឯប្ដីនោះណា  កាប់ត្រីម្នីម្នាហើយហោង  លាងដៃហ្មត់ហ្មង  គាត់ចូលទៅដេកលក់ក្រៃ ។ 

(៩៥)  រីឯភរិយា  ស្លហើយម្នីម្នាវៃៗ  ដស់ដួសហើយនៃ  ចូលទៅដាស់ប្ដីនោះណា ។  អ្នកអើយអ្នកឆាប់  អញ្ជើញប្រញាប់ពិសា  ក្រែងត្រជាក់ណា  ហើយអ្នកពិសាមិនបាន ។  ប្ដីក្រោកម្នីម្នា  ចរចេញទៅឯក្រៅឋាន  ហើយហៅថាភាន  យកទឹកមកទន់ឆាប់ខ្មី ។  ទន់ស្រេចហើយណា  រីឯភរិយានោះនៃ  លើកបាយលើកត្រី  អស់នូវសម្លហាមុខ ។  មានអាំងសាបប្រៃ  អាំងសាបនោះនៃគ្រាន់ជ្រក់  ទឹកគ្រឿងជ្រលក់  អន្លក់សណ្ដែកត្រកួនខ្ចី ។ 

(១០០)  ហូបស្រេចហើយណា  រីឯភរិយានោះនៃ  គាត់មូរបារី  ហើយគាត់បៀកស្លាឱ្យប្ដី ។  រីយើងនិទាន  ដំណើរដោយដានជុចត្រី  សូរេចហើយនៃ  បរិបូណ៌ចែងចប់ម៉្លេះហោង ។

  • [១] ឈ្មោះបទនេះ បើសរសេរឱ្យត្រឹមត្រូវគឺ “មណ្ឌុកគតិ” ប្រែថាដំណើរកង្កែប ឬ កង្កែបលោត ព្រោះសំនៀងបទនេះ មានចង្វាក់យារវែងម្ដង ហើយញាប់ញឹក ២ ម្ដង ដូចកង្កែបលោតប្លោតទៅហើយ ដើរញាប់ៗ ៤ – ៥ ជំហានរួចលោតប្លោត​ទៅទៀត ។ 
កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments