ពាក្យកាព្យរបស់ ថី គឹមហាក់ ក្នុងក្រសួងប៉ុស្ដិខ្សែលួស ភ្នំពេញ
សេចក្ដីប្រាសចាកនិរាសមិត្ត របស់គាប់ចិត្តជិតអាត្មា មូលហើយខ្ចាត់ទៅឆ្ងាយឧរា អ្នកណាចង់វេះចៀសពុំបាន។ អស់ដើមព្រឹក្សារុក្ខជាតិ ផ្លែទុំជ្រុះខ្ទាតព្រាត់ពីប្រាណ ធ្លាក់ដាក់ដល់ដីធរណីឋាន មិនយូរប៉ុន្មានសត្វពាំបាត់។ មាតាប្រលោមបុត្រឆោមឆ្លៅ មិនឱ្យហ្មងសៅបន្តិចក្ដាត់ ដល់កូនធំឡើងកម្មមកកាត់ វាយផាត់ខ្ចាត់ប្រាណឆ្ងាយកាយា។ ចួនកាលមរណៈមកស្ទាក់ទាន់ កូនស្លាប់រួសរាន់ចោលមាតា ចួនកាលខ្លួនម្ដាយក្លាយអាសារ ស្លាប់ចោលបុត្រាវិញក៏មាន។ ឱះឱ!កងកម្មសត្វលោក ជាំជោកជ្រោកជ្រាកជ្រែកសន្ដាន នាំសត្វទុក្ខក្ដាត់ទាំងបីឋាន ពុំមានសម្រាន្តក្សាន្តចិន្ដា។ ចួនស្លាប់ចួនឈឺព្រឺអស់ខន្ធ រន្ថាន់ជាក់ស្បាន់ដល់សង្ខារ សង្រេងសង្រៃអាល័យផ្សារ សុខាកម្រក៏កុំយូរ។ មិនតែរូបមនុស្សមានឈាមសាច់ រូបដែលសម្រេចនឹងគំនូ ឬធ្វើដោយថ្មជាងឆ្លាក់គូ មិនយូរគង់ខូចវិនាសបង់។ ព្រះពុទ្ធចោមពង្សវង្សសាក្យ ចោមចក្រគង់មរណតម្រង់ ញាំញីសារពាង្គរាងព្រះអង្គ យាងត្រង់ចូលកាន់និព្វាននាយ។ ជនជាតិបណ្ឌិតពិតប្រាកដ ត្រូវចេះហ្មត់ចត់កុំរាយមាយ ឧស្សាហ៍គិតស្លាប់ខន្ធធ្លុះធ្លាយ រោយរាយសាច់ឆ្អឹងជាធរណី។ ញើសឈាមប្រែភ្លាមទៅជាទឹក ហូរឮគឹកៗក្នុងជលធី កើតស្លាប់ក្រឡាប់លើប្រឹថពី គ្មានទីគររាប់រៀបពុំបាន។ បើមានសទ្ធាមហាមុតមាំ តោងទ្រាំខំត្រាច់មកមើលឋាន ទឹកក្នុងសមុទ្ទទើបស្លុតប្រាណ ទីនេះចំណានគ្មានអ្វីស្មើ។ ដួងចិត្តនិតមូលរាងក្រឡង់ មនោពុំវៀរបង់ពុំសើរើ ពិចារណាធម៌ល្អិតប្រសើរ រិះរកដំណើរកាន់និព្វាន។ ងាកមើលឃើញផ្ទះក្បែរជើងភ្នំ គ្រឹហាទ្រនំរបស់ព្រាន ព្រៃបរបាញ់សត្វបំបាត់ឃ្លាន នាំមានគិតភិតដល់អាត្មា។ ថាឱខ្លួនអើយនឿយអ្វីម្ល៉េះ មកនៅក្រអែសដោយអារញ្ញវា ជិតជើងគិរីទីបព្វតា ឯកាឯកោជ្រងោកាយ។ មកខំយ៉ាងហ្នឹងប្រឹងយ៉ាងនេះ ពុំឃើញវិសេសបានសប្បាយ ឱ្យមានល្អលើសជនទាំងឡាយ នឹកទៅគួរណាយស្ដាយកម្លាំង។ មិនគួរមកចាប់អម្រឹគា ឱ្យគ្នាវេទនាភ័យាខ្លាំង រហូតដល់ក្ស័យអង្គជីវ័ង បាបតាំងញ៉ាំងខ្លួនធ្លាក់នរក។ បើកភ្នែកជ្រែកមើលឃើញសមុទ្ទ រន្ធត់ស្លុតពោះកូរគ្រីកគ្រូក ហទ័យព្រឺព្រួលជ្រួលកលិយុគ វីវក់វីវរខ្ទរឱរា។ ហ្ន៎មើលលលកបោកធំៗ លាន់ឮគ្រុមៗ ជុំអាត្មា បង្អើលអស់ហ្វូងសត្វមច្ឆា លោតឆ្លាផ្ងារព្រាតពីគង្គា។ លលកធំស្ទើប៉ុនគិរី ព្រះពាយវាត់វីលោតក្រទា បែកជាផ្កាត្រែងស្ងែងមហិមា បោកបែកលើគ្នាឮពេកក្រៃ។ ពីព្រឹកទាល់ល្ងាចក្រស្កប់ស្កល់ លោតតាមដោយខ្យល់ឥតសំចៃ ត្រង់នេះហើយយើងគិតកែខៃ វៃឆ្នៃគិតដល់អង្គរូបា។ វាយោធៀបដូចមច្ចុរាជ កបកើតអំណាចស្ងាចចេស្ដា គង្គាតោងលើកឡើងឧបមា បីដូចសង្ខារយើងរាល់គ្នា។ បើស្ដេចមច្ចុរាជឃោរឃៅ តម្រូវយកសង្ខារជន្មា សង្ខារត្រូវទៅតាមទ័យា ឥតអ្វីរាំងពារាពុំបាន។ ហ្ន៎មើលសំពៅមានក្ដោងបួន ត្រូវខ្យល់រឹងធួនលឿនចំណាន ត្រាច់ឆ្ពោះរកស្រុកទ្រនំឋាន កំពង់ចតថ្កានសម្រាន្តសុខ។ សំពៅប្រៀបដូចលោកអរិយ វាយោតោងដាក់ដូចជាទុក្ខ ឯត្រើយប្រៀបដូចនិព្វានមុខ ទីសុខថ្កើងថ្កានក្សាន្តភីរម្យ។ ឯពួកអរិយបុគ្គល មិនចង់វិលវល់ក្នុងទុក្ខធំ លោកប្រឹងសង្វាតទីសុខុម គ្មានយំគ្មានយែកគឺនិព្វាន។ បីដូចសំពៅត្រូវខ្យល់ក្ដោង ខំប្រឹងចំកោងត្រាច់រុករាន ទន្ទេងទន្ទាំពិតពុំមាន រិះធ្យានបង្អង់ត្រង់ទីណា។ ឱ្យឆាប់បានដល់យល់កោះត្រើយ ឱ្យទុក្ខបានស្បើយល្ហើយចិន្ដា បានឈប់នែបឯបកំពង់រ៉ា កម្សាន្តកាយាសោះនឿយហត់។ ហ្ន៎មើលភ្នំដុះក្នុងសមុទ្ទ កំពូលឡើងផុតទឹកប្រាកដ គឺទីនោះហើយមនុស្សសន្មតិ កំណត់ហៅកោះតាមភាសា។ ខ្លះធំខ្លះតូចដូចមេកូន ដូចចៅជីដូនជិតគ្នាវា ខាងលើដុះសុទ្ធដើមព្រឹក្សា គ្មានមនុស្សឯណាមួយទៅនៅ។ យូរៗឮសូរម្រឹគធំ ស្រែកយំរងំខ្ទរក្នុងទីជ្រៅ សត្វខ្លាចុះមកជិតកោះកូវ ធាត់ធំស្រមូវគួរព្រឺខ្លាច។ នៅកោះស្រណោះពន់ពេកក្ដាត់ ឮតែមាត់សត្វលាន់ចិញ្ចាច ឮសូរលលកបោកបាចសាច អ្នកតាកាចៗច្រើនណាស់ណា។ ព្រះយោគាវចរគប្បីណាស់ ស្វែងស្វះទៅនៅពិចារណា ឱ្យបានតុបតិនត្រ័យលក្ខណា ទុក្ខំអនិច្ចាអនត្តាពេក។ មើលកោះយូរទៅនាំឱ្យគិត រឹងរឹតតែមានក្ដីវិវេក មិនចង់បានទេក្ដីតម្រេក ឃ្លានស្រេកដេកក្នុងវដ្ដសង្សារ។ ចង់ងាកភៀសប្រាណរកទីសុខ ឱ្យបានស្រណុកគ្មានកោលា- ហលផ្ដល់ស្ងប់ស្ងាត់បាត់ទុក្ខា រោគាឈឺផ្សារវិនាសដាច់។ នេត្រាបង្អោនកោនទៅក្រោម យល់ឃើញចំណោមនៅលើខ្សាច់ មានសុទ្ធសម្បកខ្យងខ្ចៅស្រេច លលកវាយដាច់បែកខ្ទេចខ្ទី។ អណ្ដែតមកលើឆ្នេរសាគរ កើតជាគំនរលើប្រឹថពី ច្រើនបែបច្រើនធុនច្រើនដល់ទី ពេញពាសធរណីសព្រាតព្រោង។ មានលៀសងាវគ្រំដោះក្រមុំ ខ្យងសង្ខធំៗសធ្ងោងៗ ខ្យងខ្លះមានសុទ្ធបន្លាច្រូង ច្រើនពួកច្រើនហ្វូងក្រពណ៌នា។ ចួនកាលចួបឃើញសម្បកលៀស ធំក្រាស់ឰឱភាសធ្ងន់មហិមា លើកយួរដៃមួយស្ទួយរុញរា លើកហើយស្ទើរផ្ងារក្រឡាប់ខ្លួន។ មានខ្យងដូចក្រពុំម្រាមដៃ រួមជិតគ្នាវៃល្អមាំមួន នៅក្នុងទឹកជ្រៅឆ្ងាយសមសួន ចំនួនមួយពាន់ម៉ែត្រប្លាយជាក់។ ឃើញខ្យងនេះហើយស្រេចកាលណា នឹកដល់មនុស្សាចិន្ដាស្មគ្រ ឧស្សាហ៍លើកកម្បង់ដៃដាក់ ស្មោះស្មគ្របង្គំរតនត្រ័យ។ ឃើញសម្បកខ្យងលៀសបៀផង ចិត្តសែនមួហ្មងពន់ពេកក្រៃ ថាឱជីវិតសត្វអសង្ខេយ្យ មកក្ស័យប្រល័យជន្មជីវ៉ា។ នៅតែសម្បកសកសសុទ្ធ នាំឱ្យរន្ធត់ដល់រូបា រូបំខ្លួនអើយវេលាណា ស្លាប់ឆ្អឹងមំសាទៅជាដី។ ឯមនុស្សឯទៀតឃើញឆ្អឹងយើង សឹងរត់បាតជើងសព្រាតខ្មី ខ្លាចលងខ្លាចលេងមិនគប្បី ស្លាប់ហើយគ្មានអ្វីប្រយោជន៍សោះ។ ឯសម្បកខ្យងក្នុងសមុទ្ទ មនុស្សខំផ្គង់ផ្គត់ប្រឹងរឹងអស់ ខ្លួនប្រាណចង់បានធ្វើរបស់ ល្អស្រួលយ៉ាងស្រស់ទុករក្សា។ តាំងលើតុលេងសោះអផ្សុក ដូចកុកឃើញត្រីជាអាហារ ប្រឹងខំស្ទុះចឹកដឹកមច្ឆា លេបទាំងមូលណារឯង។ ដល់សាយណ្ហេទន់ទេរទៅ សូរិយាធ្លាក់ជ្រៅចូលកន្លែង ជើងមេឃបស្ចិមទិសជាក់ស្ដែង នាំឱ្យចម្បែងក្រែងណាស់សា។ ឱព្រះអាទិត្យឫទ្ធិពេកពន់ អ្នកចូលក្នុងរន្ធទៅទីណា ព្រះសូរិយាអើយៗសូរិយា កាលណាអ្នកមករកយើងវិញ។ អ្នកទៅចោលយើងឱ្យរងទុក្ខ គ្មានសុខងងឹតសែនទោម្នេញ ស្ងាត់ជ្រៀបគិតហើយសែននឿយជ្រេញ ពាសពេញនៅក្នុងទ្រូងខ្លោចផ្សា។ ងងឹតងងល់អំពល់គ្រប់ ក្នុងរាត្រីយប់សែនកោលា កលផ្ដល់ផ្ដេកផ្ដាច់ដាច់សុខា ឱព្រះសូរិយាម្ចាស់យើងអើយ។ តាំងពីវេលានានេះទៅ យើងនៅដេកធ្មេចស្ងៀមកន្តើយ បើមានវាយោផាត់ល្ហើយៗ ម្ចាស់អើយសែនស្រួលនិន្ទ្រាណាស់។ មើលទៅទិសខាងលិចទៀងជាក់ ឃើញពន្លឺអ្នកពុំត្រចះ បៃតងក្រហមលឿងពុំច្បាស់ ថែមទាំងរហ័សស្អាប់ស្អាបាត់។ ដូចជាព្រះពុទ្ធចៅចោមពង្ស កាលទ្រង់គង់ធម្មាប្រោសសត្វសាសនារុងរឿងល្អច្រវាត់ ពុំមានវិបត្តិត្រង់រឿងណា។ ប្រៀបដូចព្រះអាទិត្យកណ្ដាលមេឃ រស្មីភ្លឺពេកហួសបើថា ចង្កៀងភ្លើងគប់អម្បាលណា យកមកឧបមាធ្វើម្ដេចបាន។ ដល់ព្រះអរហំអង្គសម្ពុទ្ធ សុគតចំហុតកាន់និព្វាន ធម៌នឹងវិន័យពុំថ្កើងថ្កាន ពុំបានចំណានចំណាប់សោះ។ ដូចជាសូរិយាយាត្រាត្រង់ ចូលរន្ធបាត់អង្គគួរស្រណោះ នៅតែពន្លឺភ្លឺពុំក្បោះ ក្បាយរសាយអស់បាត់វិញរ៉ា។ នេះចំដូចជាពាក្យប្រដៅ ព្រះពុទ្ធចោមចៅពីសាសនា ដល់ទ្រង់និព្វានទៅកាលណា សាសនាកម្រល្អដើម។ គិតហើយគិតទៀតចង្អៀតខ្វល់ ស្ទើនឹងដាច់ខ្យល់ប្រាសដង្ហើម សួតពោះវៀនទាចបេះដូងថ្លើម រលួយគួរឆ្អើមវដ្ដសង្សារ។ ពេលយប់ឈប់លេងក្បែរសាគរ ខ្យល់បក់វឹកវរលើជលសា បើជិះលើទូកឬភេត្រា សែនកើតអនិច្ចាយ៉ាងមាំងខាំង។ ទូកលោតលលកសង្ឃកសល់ វាយោផាត់ដល់ឮក្ដាំងៗ ព្រាយបែកជាពន្លឺភ្លឺខ្លាំង រែងភាំងតាំងភិតគិតគន់ថា។ ឱព្រះពាយផាយផាត់អ្វីម៉្លេះយើងស្ទើរចេះធ្លាក់ជលសា រលាយជីវិតបែកសង្ខារ ឱ្យលោកមេត្តាជួយយើងផង។ ចួនមានត្រីឆ្លាមដេញតាមទូក ផ្អើលជ្រួលស្ទើភ្លូកចូលទឹកផ្គង ឆ្លាមដេញប្រកិតចិត្តទ្រើសឃ្នង ទំនងយកយើងជាអាហារ។ បើទូកធ្លាយលិចក្នុងសាគរ សមយើងនឹងវរម្ដងនេះណា ដូចព្រះពោធិសត្តមហា ជនកអស្ចារ្យសាស្ដាថ្លៃ។ លោកហែលក្នុងទឹកសន្ធឹកសល់ កម្មមកតាមផ្ដល់ច្រើនខែថ្ងៃ ប៉ុន្តែបានព្រះឥន្ទកោសិយ កែខៃជួយស្រង់ឱ្យរួចបាន។ តែលោកអម្បូរពោធិសត្ត កេរ្តិ៍នាមគ្មានបាត់ធម៌ពីប្រាណ ឯយើងជាតិមនុស្សលោកសាមាន្យ កាលណានឹងបានដូចព្រះអង្គ។ នៅក្នុងសមុទ្ទគិតមុតដល់ មនុស្សទាំងសាកលដែលប្រាសបង់ លិចលង់ស្លាប់បាត់ខ្លួនចុះត្រង់ តម្រង់ទៅនៅបាតសាគរ។ តាំងពីកើតទឹកនិងកើតដី មនុស្សក្នុងលោកីយ៍ច្រើនគំនរ ធ្លាយទូកសំពៅនៅនាវា មរណៈកុះគរក្នុងសមុទ្ទ។ ឆ្អឹងសាច់ដាច់ដាចទៅជាដី ឈាមខ្ទុះក្លាយខ្មីទឹកចំហុត នាំចម្រើនគង្គាសមុទ្ទ ឱ្យរឹតជ្រៅសុទ្ធផុតនាំពា។ អស់ប្រពន្ធកូនញាតកា ឮថាប្ដីមកស្លាប់មរណា នាំកូនយំយែកបោកអង្គា សន្លប់ជន្មាលើត្រើយជ្រាំង។ ទឹកភ្នែកហូរបែកញែកចែកចេញ ពាសពេញសមុទ្ទជាទីតាំង ទទួលទឹកនេត្រវិយោគខ្លាំង ឱសែនអនិច្ចំដល់រូបា។ កើតជាសត្វធ្វើម្ដេចបានសុខ ដេកដើរជាទុក្ខព្រោះសង្សារ នាំឱ្យសង្ស័យអាល័យផ្សារ កាលណាបាត់សោកអាមោក្ខទេ។ ទឹកភ្នែកមនុស្សម្នាក់ដាក់ប្រមូល បញ្ជូលកើតបានជាទន្លេ ជាសមុទ្ទធំកុំគ្នាន់គ្នេរ នេះហើយវារេយើងរាល់គ្នា។ ទុក្ខអើយទុក្ខតាំងអំពីកើត យោនយកកំណើតមួយទិវា នៅក្នុងពោះម្ដាយសោយវេទនា ច្រើនដងច្រើនគ្រាចួនកាលក្ស័យ។ បានឃើញពន្លឺព្រះអាទិត្យ ទុក្ខារឹងរឹតមកទៀតវៃ បៀតបៀនជានិច្ចជាកាលនៃ គិតហើយកើតភ័យញ័រកាយា។ ប្ដីស្លាប់ប្រពន្ធទូរន់ពេក ដូចជាសត្វសេកឥតផលា គ្មានផ្លែឈើមកជាអាហារ ក្នុងទ្រូងអួលផ្សាដោយអាល័យ។ មាតាស្លាប់កូនសូន្យព្រលឹង គ្មានអ្វីទីពឹងឱ្យសុខសេយ្យ យំយែកស្រែកទួញគ្រួញសង្រៃ ពញរលឹមទឹមថ្ងៃចូលរន្ធណា។ ប្រពន្ធស្លាប់ប្ដីសេចក្ដីក្រ ស្ទើរស្ទុះចាក់កណ្ឋ៍អង្គអាត្មា ឱ្យស្លាប់ទៅជាមួយសង្សារ សោះរងទុក្ខាបែបដូច្នឹង។ កូនស្លាប់មាតាមហាគាប់ចិត្ត ទុក្ខាធំពិតឱរាតឹង អង្គុយត្រមោចស្ងាបទ្រមឹង មិនដឹងរត់រកយកអ្នកណា។ មកជួយថែធួនខ្លួនឱ្យស្រួល ដំណួលសណ្ឋានដូចមាតា មិនបានម្ដងសោះទេឡើយណា ឱវដ្ដសង្សារលោកានេះ។ ទុក្ខអ្វីទុក្ខម៉្លេះមិនចេះឈប់ ទុក្ខមានសុសសព្វគ្រប់ប្រទេស គង់ពួកបណ្ឌិតមានតម្រេះ ក្រចេះការពារខ្លួនឱ្យបាន។ ហេតុនេះបុគ្គលស្រឡាញ់សុខ ចង់បានស្រណុកស្រស់កល្យាណ គប្បីរិះរកទីចំណាន ធ្វើធម្មកម្មដ្ឋានឱ្យបានខ្មី។ ឯទីត្រូវត្រាច់នោះណា គួរខំយាត្រារកទីព្រៃ រហោឋានស្ងាត់បាត់សម្ដី សូរសៀងអ្វីៗគួរណាស់សា។ ឬមួយមកនៅឆ្នេរសមុទ្ទ នាំឱ្យចិត្តល្អសុទ្ធសជ្រះថ្លា នៅជិតទឹកប្រៃកើតប្រាជ្ញា ដូចបណ្ដារាស្រ្តអឺរ៉ុបនាយ។ ធ្វើអស់កសិណ១០ប្រការ អសុភក្ដីណាកើតបានងាយ ផ្លូវកាន់និព្វានរឹតទូលាយ សូមជនស្វាធ្យាយគិតគូអើយ។
ចប់តែប៉ុណ្ណេះ
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា
អត្ថបទក្បាលទី២ ខ្សែទី៧-៨-៩-១០-១១-១២ ឆ្នាំទី៤ ព.ស. ២៤៧៣ គ.ស.១៩៣២