បទកាកគតិ
ទើបចែងជាច្បាប់ ទូន្មានមហាគាប់ តែងជានិទាន តាមដោយគន្លង ព្រេងព្រឹទ្ធបុរាណ ប្រាជ្ញលោកនិទាន ប្រដៅបុត្រភ្ងា។ ហៃកូនពន្លក ស្ងួនអើយបាយក បណ្ដាំបិតា ជីពុកនេះចាស់ ឥតអ្វីឱ្យបា ស្ងួនអើយរក្សា ពាក្យជីពុកនៅ។ ឱកូនកម្សត់ រៀនឱនរៀនអត់ រៀនគិតក្នុងក្រៅ រៀនឱនលំទោន កុំឱ្យអាសៅ – ហ្មងដល់ខ្លួនចៅ កើតដល់ជនក។ ដឹងឆ្ងើយត្បិតដង កូនសោតរែងឆ្គង ដ្បិតតែអាពុក ទ្រព្យគង់ដ្បិតស្រី ចេះរៀបដាក់ទុក ប្រះដេកឆាប់លក់ ដ្បិតឥតបើគិត។ ចំណងទាំងឡាយ(១) កិច្ចកលដោះស្រាយ ដ្បិតតែគំនិត ដឹងកិច្ចដឹងកល ដឹងឆ្ងាយដឹងជិត ដូចកល់កាំបិត កាប់ឆ្ការទម្លាយ។ ល្មមទៅល្មមខាន ល្មមដើរបំពាន កុំគិតត្រង់ឆ្ងាយ ល្មមឈប់បង្អង់ ល្មមខាននៅអាយ ក្ដីក្រកុំស្ដាយ ក្ដីងាយកុំធ្វេស។ សូវដើរកុំដេក សូវថប់កុំត្រេក សេចក្ដីប្រហែស សូវខានកុំពារ ចចើងចចេស សូវចូលកុំចៀស វាសរួចសឹមគូរ។ លឿនកុំបំបោល ពាក្យព្រេងកុំចោល ខឹងកុំរទូ ស្រាយចេញឱ្យឆាប់ កុំឱ្យទុកយូរ សេចក្ដីនោះធូរ នឹងដឹងខុសត្រូវ។ ដេកកុំដំងើច គេក្រកុំសើច គេភ័យកុំព្យូហ៍ ទោះខឹងប៉ុន្មាន ធ្វើឋានឱ្យគួរ តឹងគិតឱ្យធូរ យូរគិតឱ្យឆាប់។ សេចក្ដីសម្រុង ពាក្យដើមពាក្យចុង ប្រកាន់ឱ្យខ្ជាប់ សូវនឿយឯខ្លួន កុំឱ្យបង់ទ្រព្យ សូវបង់ក្ដីគាប់ កុំឱ្យខ្លួនស្លាប់។ សូវស្លាប់ទៅជា កុំបង់ធម្មា ឥរិយាសីលគាប់ ឱ្យគិតជញ្ជឹង រំពឹងឱ្យសព្វ ពាក្យស្លែងកុំស្អប់ ពាក្យគាប់ឱ្យយក។ ចង់ដូងឱ្យទុក្ខ(២) ចង់បានក្ដីសុខ ឱ្យស្វែងដើររក ឃើញច្បាប់ធម៌ផង ឱ្យយកខ្លួនជ្រក ក្ដីសោកមម៉ោក ឱ្យចៀសចេញឆ្ងាយ។ កូនអើយលោកិយ នេះឱ្យរៀនក្ដី រៀនច្បាប់ទាំងឡាយ រៀនទាំងសម្ដី កុំបីរាយមាយ ក្ដីក្រក្ដីងាយ ក្ដីគួរក្ដីសម។ ឱកូនពុំងា ធម្មតាអ្នកជា រៀនថែរៀនទាំ រៀនដាក់រៀនទុក រៀនរៀបរៀនចំ រៀនរកសន្សំ លក់ចេញទិញចូល។ មួយសោតឯច្បាប់ បើបាមានទ្រព្យ មនុស្សផងមកមូល ពឹងពាក់បាណា បាយកប្រមូល សន្សំផ្សំចូល យកមកជាគ្នា។
កូនអើយឯម្លប់ មនុស្សចូលឈប់ សម្រាន្តអាត្មា ព្រោះឈើមានម្លប់ ត្រសុំសាខា ម្ដេចឡើយប្រែជា ក្ដៅជ្រកពុំបាន។ មនុស្សផងរំលង រកម្លប់ទៀតហោង ចូលចតសម្រាន្ត ម្លប់នេះត្រជាក់ ត្រសាក់ក្សេមក្សាន្ត មនុស្សផងចូលថ្កាន មិនមានហៅអាក់។ ឧបមាដូចទឹក ជ្រាលជ្រៅពន្លឹក ជាទីសម្នាក់ មច្ឆាទាំងឡាយ ចេញចូលពឹងពាក់ ព្រោះទឹកត្រជាក់ មិនមានហ្មងសៅ។ ពុំដឹងឡើយឯ ទឹកម្ដេចមកបែរ ប្រែទៅជាក្ដៅ មច្ឆាទាំងឡាយ ព្រាត់ព្រាយរត់ទៅ រកទឹកទៀតនៅ សម្នាក់អាត្មា។ កូនអើយបើច្នោះ អសារកេរ្តិ៍ឈ្មោះ ត្រូវត្រង់ខ្លួនបា ព្រៀងលានទាំងឡាយ គេនឹងនិន្ទា ដំណៀលដៀលថា បាឯងពុំចេះ។ អប្បឥតប្រាជ្ញា អប្បទាំងឥរិយា យោបល់ចំណេះ អប្បទាំងមារយាទ អប្បទាំងតម្រិះ ដ្បិតបាឯងនេះ ពុំចេះរក្សា។ គួរនាដូចទឹក កូនអើយបើល្គឹក ពុំមានមច្ឆា តូចមួយឈប់ជ្រក នៅក្នុងគង្គា ពុំរាប់ហៅជា ប្រសើរឡើយហោង។ មួយសោតអ្នកណា គេមកប្រាប់ថា ដ្បិតបាធ្វើឆ្គង បាគិតជញ្ជឹង រំពឹងដើមទង កុំបាផ្ដោះផ្ដង ផ្អៀងផ្អងពុំស្ដាប់។ ទូកហួសកំពង់ រាចែវបង្អង់ ថយមកចូលចាប់ ពាក្យលឿនហួសខ្នាត ហៅឥតគំនាប់ ថយមករកគាប់ ពុំបានឡើយណា។ អង្គុយហួសសក្ដិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា ពុំមើលប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា ថាហួសសេចក្ដី។ រីឯកង្កែប មុខដូចគេពេប ហាឡើងស្រដី អួតឯងកម្លាំង ដល់នឹងដំរី ទោះទាំងរាជសីហ៍ ក៏អញមិនខ្លាច។ មួយសោតចចក ដកក្រចកអក(៣) អួតអាងអំណាច នឹងជ្រែកប្រឹថពី ទៅខាំនាគរាជ ដណ្ដើមយករាជ្យ ភូមិភពនាគា។ រីសត្វអណ្ដើក វារឡើងវើកៗ មកអួតអាត្មា ថាអញនឹងលោត រំលងបព្វតា ហេតុក្ដីមោហា ពុំដឹងខុសគាប់។ រីឯគីង្គក់ លោតឡើងពីភក់ មើលទៅគួរស្អប់ អួតខ្លួនថាល្អ ដូចមាសទឹកដប់ ពង្សអញចំប្រប់(៤) ដូចរាជសីហា។ ហាឡើងមិនធ្យាន ស្ដីមិនប្រមាណ នឹងអង្គអាត្មា សូវឱនកុំងើប សូវស្ងៀមកុំថា សូវគេចកុំការ សូវកាប់កុំធ្វេស។
ឱកូនពន្លក ច្បាប់នេះបាយក ស្ងួនកុំប្រហែស ច្បាប់នេះប្រសើរ ហៅមហាពិសេស កូនអើយកុំធ្វេស នឹងច្បាប់នេះនេះណា។ មួយសោយឯល្បែង សប្បាយចង់លេង នឹងមានភរិយា នឹងកើតទុក្ខក្រោយ នឹងបង់ទ្រព្យា នឹងកើតនិន្ទា បង់មារយាទគាប់។ សប្បាយធ្វើស្រែ ចម្ការជួញប្រែ នោះមានគេរាប់ សប្បាយមានឆី សប្បាយមានទ្រព្យ សប្បាយនោះគាប់ សប្បាយយឺនយូរ។ មួយសោតឯស្រី ចេះលើកយសប្ដី ចេះគិតចេះគូរ ចេះរៀបចេះចំ ឱ្យសមនឹងគួរ អ្នកផងនឹងសួរ រកឈ្មោះពុំខាន។ នាងនោះឈ្មោះអ្វី មុខមាត់ប្រិមប្រិយ សមជាអ្នកមាន ម៉្លោះហើយនឹងកើត ទ្រព្យធនមិនខាន ព្រោះពាក្យសន្ដាន ព្រៀងលានគេទាយ។
រីឯពាក្យមនុស្ស ពុំដែលនឹងខុស ហួសពីទំនាយ ពុំដែលនឹងល្អៀង មិនជិតមិនឆ្ងាយ អ្នកផងទាំងឡាយ គួរគិតកុំឆ្ងល់។ ពាក្យព្រេងលោកថា លោកមានឧបមា ឱ្យគិតឱ្យយល់ ពាក្យលោកទំនឹម មិនមានឱ្យសល់ កូនអើយកុំឆ្ងល់ នឹងពាក្យនេះណា។ កុំអួតកុំអាង ដើរកុំមើលរាង មើលអង្គអាត្មា កុំដើរផ្ទះគេ ហួសពេលវេលា កុំទៅធានា ទ្រព្យគេទាំងឡាយ។ កុំដេកផ្កាប់មុខ កុំដើរពានថ្លុក ថាឯងសប្បាយ មានទោសនឹងគេ កុំឱ្យនិយាយ ដើមគេទាំងឡាយ នឹងកើតទោសធំ។ ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ប្រវាឱបភ្នំ ចាស់កោងកាន់ច្រត់ អួតអាងប្រគំ ក្ងួអួតផ្លុំ ប៉ីពកយកខ្យល់។ ខ្វាក់ឆ្លុះកញ្ចក់ ដកកក្ងក់ ហាក់ឯងមើលយល់ ខ្វិនអួតនឹងផ្លោះ រំលងលើគល់ ទំពែករកកល ចង់បានប្រេងលាប។ ក្ងែងចង់រាំ ក្រោកឡើងទន្ទាំ កែងកោងអាបឡាប ថ្លង់ចង់ស្ដាប់ច្រៀង ផ្អងផ្អៀងទន្ទាប ចែតូចខ្លួនទាប ចង់ឈោងចាប់ផ្កាយ។ កូនអើយចូរស្ដាប់ ពាក្យនេះមហាគាប់ គ្រប់ទ្វារទាំងឡាយ បាគិតជញ្ជឹង រំពឹងឱ្យឆ្ងាយ កុំធ្វើរាយមាយ នឹងច្បាប់នេះណា។ មួយសោតគេប្រាប់ ថាបាពុំគាប់ ទោសដល់អាត្មា កុំបាភ្លឹកភ្លាំង ស្លន់ស្លាំងកាយា ប្រុងប្រាណឥរិយា ស្មារតីឱ្យនឹង។ រិះរកគំនិត ផ្ជុំយោបល់គិត ទង់ទាញសន្ធឹង ប្រាជ្ញាមួយគិត ថាឡើងឱ្យដឹង តម្រិះមួយវឹង ធ្វើហាក់មិនភ្លឹក។
កូនអើយលោកថា ពាក្យលោកឧបមា ដូចគុជសីហ៍សឹក កាំភ្លើងជ័យធំ ពុំដែលនឹងភ្លឹក ជញ្ជួចគគឹក គគុកបោលចូល។ ធម្មតាអ្នកជា អ្នកមានប្រាជ្ញា សន្ដានត្រកូល ឱ្យគិតឱ្យដឹង រំពឹងឱ្យមូល ប្រាជ្ញាមួយចូល ចងចាំទុកនៅ។ កុំអួតកុំអាង កុំភូតបំព្រាង កុំឱ្យចែចូវ កុំកាច់កុំកិន រអីររអូវ កុំនាំពាក្យទៅ ប្រាប់ឱ្យកើតទោស។ កុំវេះកុំវៀន កុំបៀតកុំបៀន កុំស្ដីតោសម៉ោស គ្នាបានជាខុស ឱ្យមានសន្ដោស កុំហាឱ្យហួស ជ្រួសពាក្យទៅមុន ចូលសឹកកុំញោច ជំពាក់កុំបោច ខ្ជិលកុំចងពន្ធ នឹងគ្រូអាត្មា កុំឱ្យលោភលន់ សេចក្ដីទម្ងន់ សន្សឹមកុំបោល។ កុំអួតកម្លាំង កុំអាងខ្លួនខ្លាំង រត់នឹងស្រមោល កុំអាងខ្លួនធំ កុំងាយពាក្យពោល ពាក្យព្រេងកុំចោល កុំថ្កោលទោស សង្ឃ។ កុំចោលផ្លូវវៀច កុំអាងអំណាច ដើរកាត់តម្រង់ ក្រែងបង់ឥរិយា សក្តាពុំគង់ លោកហៅថាល្ងង់ អប្បឥតប្រាថ្នា។
កូនអើយចូរស្ដាប់ ពាក្យនេះមហាគាប់ មានមិត្រស្នេហា ឱ្យមើលមារយាទ មើលសព្វឥរិយា ឱ្យដឹងជាក់ជា កាចឬវៀចត្រង់។ ឱ្យសមឱ្យសួន ឱ្យល្មមនឹងខ្លួន ឱ្យចួននឹងអង្គ សឹមយកជាមិត្រ ស្និទ្ធស្នេហ៍ដ៏លង់ ទៅមកតម្រង់ ចេញចូលឆីចុក។ មិត្រមួយសោតណា ទៅមកកាន់គ្នា ចង់ឱ្យកើតសុខ មិត្រមួយឱ្យទោស ចង់ឱ្យកើតទុក្ខ មិត្រមួយឱ្យឆុក ឱ្យបាត់បង់ទ្រព្យ។ ឱកូនពិសី កូនប្រុសកូនស្រី កូនអើយបាស្ដាប់ ទំនឹមទំនង គន្លងផ្លូវច្បាប់ ទុកជាសណ្ដាប់ នៃនរជនជាតិ។ មួយសោតលោកថា ឫកក្នុងអាត្មា មានបីពុំឃ្លាត មួយឆីមួយដេក មួយដើរជាខ្នាត ឆីឥតមារយាទ ពុំត្រូវសណ្ដាប់។ ដើរឥតបើគិត ដើរឥតគំនិត ហៅខុសនឹងច្បាប់ ដេកដល់ថ្ងៃរះ ហៅឥតគំនាប់ ចង្រៃអភព្វ នឹងជាប់អាត្មា។ នឹងស្វែងរកទ្រព្យ ចង្រៃអភព្វ មិនឱ្យជំនា ឱ្យកើតតែទោស នឹងបង់ទ្រព្យា នឹងរកភរិយា ហាក់ដូចគេណាយ។ ព្រោះក្ដីអភព្វ ចង្រៃអព- មង្គលទាំងឡាយ ចូលក្នុងអាត្មា មិនមានទៅឆ្ងាយ ជ្រួតជ្រាបក្នុងកាយ ក្នុងអង្គអាត្មា។ ទោះប្រុសទោះស្រី បើមានឫកបី ដូចច្បាប់លោកថា ឫកដើរឫកដេក ឫកឆីអាហារ ជាអ្នករក្សា ឥរិយាមារយាទ។ ខ្លាចមេខ្លាចបា ទោះបីធ្វើការ មិនមានឱ្យឃ្លាត ទោះបីនឹងលើក នឹងលេងមានខ្នាត ជាអ្នកសង្វាត ខ្មីឃ្មាតធ្វើការ អ្នកផងទាំងឡាយ ទោះជិតទោះឆ្ងាយ គេយកឥរិយា គេយកចំណេះ ជាអ្នកសៀមសា គេចង់បានបា ចងពន្ធជាញាតិ។ មានខ្សត់ពុំគិត យកតែគំនិត ឥរិយាមារយាទ យកតែរបៀប រៀបចំជាខ្នាត ឧស្សាហ៍សង្វាត រក្សាទ្រព្យា។ រីម្ដាយអាពុក នឹងបានលើកមុខ ដោយកូនពុំងា ទាំងអស់បងប្អូន ជីដូនជីតា ម្ដាយមីងនូវមា សឹងស្រួលចូលចិត្ត។ ដ្បិតកូនសុភាព ជាអ្នករាបទាប ត្រូវនឹងគំនិត គ្រប់អស់បងប្អូន ទោះឆ្ងាយទោះជិត សរសើរគំនិតបានេះឯងណា។
កូនអើយចូរស្ដាប់ ចូរចាំឱ្យខ្ជាប់ ទុកនៅអាត្មា ទំនឹមទំនង គន្លងឧបមា ព្រះពុទ្ធទេសនា ទូន្មានសត្វហោង។
ចប់ច្បាប់ព្រះបន្ទូលចែងតែប៉ុណ្ណេះ
១ ច្បាប់ខ្លះថា ចំណេះទាំងឡាយ។
២ ច្បាប់ខ្លះថា ចង់មានឲ្យទុក។
៣ ច្បាប់ខ្លះថា ដកកក្រងក់។
៤ ច្បាប់ខ្លះថា វាងអញចំប្រប់
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ១ ឆ្នាំទី ១៧ ខ្សែទី ១ គ.ស. ១៩៤៥ ព.ស. ២៤៨៥