តឹសតិនិបាត សត្តមភាគ
ព្រះបាឡាត់ពោធិរាម យូរ – ប៉ុណ្ណ ក្រុមជំនុំប្រែព្រះត្រៃបិដក
ប្រែរៀបរៀង
កាលព្រះសាស្ដាគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវរាជោវាទហើយត្រាស់សម្ដែងធម៌ទេសនាថា អប្បមាទោ អមតំ បទំ ដូច្នេះជាដើម។
មានសេចក្ដីដំណាលថា ថ្ងៃមួយ ព្រះរាជាកោសលទ្រង់បានវិនិច្ឆ័យនូវហេតុដែលកើតឡើងក្នុងដែនរបស់ព្រះអង្គ ដែលគេវិនិច្ឆ័យមិនត្រូវតាមច្បាប់ ប្រកបដោយអគតិ ឱ្យបានត្រឹមត្រូវតាមធម៌ រួចហើយព្រះអង្គទ្រង់ព្រះតម្រិះចង់ទៅក្រាបបង្គំទូលដំណើរនោះ ចំពោះព្រះមានព្រះភាគ លុះដល់ពេលសោយព្រះក្រយាស្ងោយរួច ស្ដេចឡើងគង់លើព្រះទីន័ងរាជរថទាំងថ្ងៃត្រង់ ទៅគាល់ព្រះមានព្រះភាគ ក្រាបថ្វាយបង្គំទៀបព្រះបាទាហើយគង់ក្នុងទីដ៏សមគួរ។
គ្រានោះ ព្រះមានព្រះភាគទ្រង់ត្រាស់សួរថា បពិត្រមហារាជ ស្ដេចយាងមកទាំងថ្ងៃត្រង់ តើមានការដូចម្ដេច ? ព្រះរាជាកោសលក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ថ្ងៃនេះខ្ញុំព្រះអង្គបានវិនិច្ឆ័យនូវហេតុដែលកើតឡើងក្នុងដែន ដែលគេវិនិច្ឆ័យមិនត្រឹមត្រូវតាមច្បាប់ ប្រកបដោយអគតិ ឱ្យបានត្រឹមត្រូវតាមធម៌ ខ្ញុំព្រះអង្គមិនមានពេលឯណាក្រៅពីពេលនេះ មកទូលសួររឿងនោះចំពោះព្រះអង្គឡើយ ព្រោះខ្ញុំព្រះអង្គមានកិច្ចការច្រើន បានជាមកទាំងថ្ងៃត្រង់ សូមទ្រង់ព្រះមេត្តាប្រោសអត់ទោសឱ្យទាន។
ព្រះសាស្ដាទ្រង់ត្រាស់ថា បពិត្រមហារាជ ឯការវិនិច្ឆ័យដែលមហារាជកាត់សេចក្ដីប្រកបដោយធម៌នេះក៏ជាកុសលជាដំណើរទៅកាន់សុខគតិប្រាកដ តែឯការវិនិច្ឆ័យនេះ មហារាជបានមកទទួលយកឱវាទអំពីសម្នាក់តថាគតដែលបានត្រាស់ដឹងហើយយកទៅវិនិច្ឆ័យដោយធម៌នោះមិនមែនជាការអស្ចារ្យទេ កាលពីព្រេងនាយមានមហាក្សត្រដែលបានទ្រង់ព្រះសណ្ដាប់នូវឱវាទនៃអ្នកប្រាជ្ញទាំងឡាយ ដែលមិនទាន់បានត្រាស់ដឹងដូចជាតថាគតនៅឡើយ ហើយយកទៅវិនិច្ឆ័យនូវហេតុដែលកើតឡើងក្នុងដែនឱ្យប្រកបដោយធម៌ លះបង់នូវអគតិ ៤ យ៉ាង មិនញាប់ញ័រក្នុងទសពិធរាជធម៌ គ្រប់គ្រងរាជ្យប្រកបដោយធម៌ បំពេញផ្លូវសុគតិបានគ្រប់គ្រាន់ នេះទើបពេញជាអស្ចារ្យ។ ព្រះរាជាកោសលបានអារាធនាឱ្យព្រះអង្គសម្ដែង ព្រះសាស្ដាក៏ទ្រង់នាំអតីតនិទានថា អតីតេ។ ល។ អហមេវាតិ។
អតីតេ ក្នុងកាលដែលកន្លងទៅហើយ មានក្សត្រមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទបញ្ចាល សោយរាជ្យក្នុងឧត្តរបញ្ចាលនគរ ក្នុងដែនកបិលៈ ជាស្ដេចប្រកបដោយអគតិ មានសេចក្ដីប្រមាទក្នុងអកុសលធម៌។ ទាំងពួករាជអាមាត្រ ក៏សុទ្ធតែប្រកបដោយអកុសលធម៌ទាំងអស់។ មហាក្សត្រនោះ ចាត់ចែងការរាជការមិនត្រូវតាមច្បាប់បវេណីក្សត្រពីដើម បណ្ដោយឱ្យពួកអ្នករាជការមន្រ្តីតូច – ធំ បៀតបៀនរឹបជាន់រាស្រ្តប្រជាដោយសួយសារអាករ យកពន្ធដារឥតមានច្បាប់ទម្លាប់ពួករាស្រ្តប្រជាដែលនៅក្នុងដែនទាំងប៉ុន្មានក៏កើតសេចក្ដីក្ដៅក្រហាយរកស៊ីធ្វើការមិនបានសេចក្ដីសុខ – ចម្រើន ដល់ពេលថ្ងៃរះឡើង យកបន្លានិងមែកឈើមកស្រាស់មាត់ទ្វារផ្ទះ ហើយនាំប្រពន្ធកូនទៅនៅក្នុងព្រៃ ដូចជាពួកម្រឹគ ដោយខ្លាចរាជបុរសរឹបជាន់ ពេលល្ងាចទើបបាននាំកូនប្រពន្ធវិលមកផ្ទះវិញ ដល់ពេលយប់ត្រូវពួកចោរចូលមកលួចប្លន់យកទ្រព្យសម្បត្តិទៀត ឥតមានបានសុខពេលណាសោះ ពេលថ្ងៃត្រូវពួករាជបុរសរឹបជាន់ ពេលយប់ត្រូវពួកចោរប្លន់ដណ្ដើមយកទ្រព្យ។
គ្រានោះ ព្រះពោធិសត្វកើតជារុក្ខទេវតាឈ្មោះភណ្ឌុតិណ្ឌុកៈ អាស្រ័យនៅខាងក្រៅនគរ ព្រះមហាក្សត្រតែងយកគ្រឿងសក្ការៈដ៏ឧត្ដមទៅបូជារាល់ៗឆ្នាំ ពោធិសត្វដឹងហេតុដែលកើតមាននៅក្នុងនគរហើយក៏មានសេចក្ដីត្រិះរិះថា ស្ដេចនេះ ចាប់តាំងពីបានសោយរាជ្យមក មានសេចក្ដីប្រមាទ មិនប្រព្រឹត្តតាមច្បាប់បវេណី មិនកាន់ទសពិជរាជធម៌សោះ រមែងញាំងជនឱ្យវិនាសសាបសូន្យទៅ បើអាត្មាអញមិនទៅជួយស្រោចស្រង់ញ៉ាំងស្ដេចនេះឱ្យឋិតនៅក្នុងធម៌ទេ មុខជាមានសេចក្ដីអន្តរាយណាមួយដោយពិត ព្រោះស្ដេចនេះ មានឧបការដល់អញច្រើនណាស់គួរអញទៅទូន្មានឱ្យឋិតនៅក្នុងទសពិជរាជធម៌ លុះពោធិសត្វគិតដូច្នេះហើយក៏ហោះចូលទៅកាន់ទីសេយ្យាសន៍នៃស្ដេចហើយបញ្ចេញនូវពន្លឺរស្មីភ្លឺពាសពេញទាំងប្រាសាទ។ ស្ដេចបញ្ចាលបានទតឃើញនូវពន្លឺរស្មីនោះហើយក៏ត្រាស់សួរថានរណានេះ ? អ្នកឯងជាអ្វី ? មកក្នុងទីនេះដោយហេតុដូចម្ដេច ? ពោធិសត្វតបថា បពិត្រមហារាជ ខ្ញុំព្រះអង្គជាទេវតាឈ្មោះភណ្ឌុតិណ្ឌុកៈ មកដើម្បីថ្វាយឱវាទដល់ព្រះអង្គ។ ស្ដេចត្រាស់សួរថាអ្នកឯងឱ្យឱវាទដល់ខ្ញុំដូចម្ដេច។ ពោធិសត្វតបថា បពិត្រមហារាជ ព្រះអង្គគ្រប់គ្រងរាជ្យក្នុងនគរនេះមិនប្រកបដោយធម៌ទេ មានសេចក្ដីប្រមាទណាស់ ដែនរបស់ព្រះអង្គនេះមុខជានឹងវិនាសសាបសូន្យទៅពុំខាន ធម្មតាស្ដេចសោយរាជ្យក្នុងនគរមួយៗ តែមានសេចក្ដីប្រមាទហើយនឹងធ្វើជាម្ចាស់ដែនពុំបានទេ នឹងមានសេចក្ដីវិនាសក្នុងបច្ចុប្បន្ននេះ លុះដល់បរលោកនាយក៏ទៅកើតក្នុងមហានរកទៀត មួយយ៉ាងទៀត បើមហារាជប្រមាទហើយពួកជនខាងក្នុង គឺពួកអ្នករាជការធំ – តូច ដែលធ្វើការថ្វាយព្រះអង្គក្ដី ពួកជនខាងក្រៅ គឺពួករាស្រ្តប្រជាដែលជាអ្នកធ្វើកិច្ចការរកស៊ីចិញ្ចឹមជីវិត ជាអ្នករកសួយសារអាករថ្វាយព្រះអង្គក្ដី ក៏សុទ្ធតែមានបមាទធម៌ទាំងអស់។ ព្រោះហេតុនោះ សូមព្រះអង្គតាំងព្រះទ័យឱ្យល្អកុំមានសេចក្ដីប្រមាទឡើយ។ពោធិសត្វទូន្មានយ៉ាងនេះហើយ ទើបសម្ដែងធម៌ទេសនាតទៅទៀតថា ៖
អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ
អប្បមត្តាំ ន មីយន្តិយេ បមត្តា យថា មតា។
មទា បមាទោ ជាយេថ បមាទា ជាយតេ ខយោ
ខយា ច ទោសា ជាយន្តិ មា មទោ ភរតូសភ។
ពហូ ហិ ខត្តិយា ជិណ្ណាអត្ថំ រដ្ឋំ បមាទិនោ
អថោបិ តាមិនោ កាមាអនាគារា អគារិនោ។
ខត្តិយស្ស បមត្តស្ស រដ្ឋស្មឹ រដ្ឋវឌ្ឍន
សព្វេ ភោគា វិនស្សន្តិ រញ្ញោ តំ វុច្ចតេ អឃំ។
នេស ធម្មោ មហារាជ អតិវេលំ បមជ្ជសិ
ឥទ្ធំ ដីតំ ជនបទំចោរា វិទ្ធំសយន្តិ នំ។
ន តេ បុត្តា ភវិស្សន្តិ នហិរញ្ញំ ន ធានិយំ
រដ្ឋេ វិលុម្បមានម្ហិសព្វភោគេហិ ជិយ្យសិ។
សព្វភោគបរិជិណ្ណំរាជានំ វាបិ ខត្តិយំ
ញាតិមិត្តា សុហជ្ជា ច ន តំ មញ្ញន្តិ មន្តិយំ។
ហត្ថារោហា អនីកដ្ឋា រថិកា បត្តិការកា
តមេវមុបជីវន្តា ន តំ មញ្ញន្តិ មន្តិយំ។
អសំវិហិតកម្មន្តំ ពាលំ ទុម្មន្តិ មន្តិនំ
សិរី ជហតិ ទុម្មេធំ ជិណ្ណំវ ឧរគោ តចំ។
សុសំវិហិតកម្មន្តំ កាលុដ្ឋាយឹ អតន្ទិតំ
សព្វេ ភោគាភិវឌ្ឍន្តិ គាវោ ស ឱសភាមិវ។
ឧបស្សុតឹ មហារាជ រដ្ឋេ ជនបទេ ចរ
តត្ថ ទិស្វា ច សត្វា ច តតោ តំ បដិបជ្ជសីតិ។
សេចក្ដីមិនប្រមាទជាផ្លូវនៃសេចក្ដីមិនស្លាប់ សេចក្ដីប្រមាទ ជាផ្លូវនៃសេចក្ដីស្លាប់ ពួកជនអ្នកមិនប្រមាទ ឈ្មោះថាមិនស្លាប់ ពួកជនឯណា ជាអ្នកប្រមាទ ពួកជននោះ ដូចជាស្លាប់ហើយ។ សេចក្ដីប្រមាទកើតឡើង ព្រោះសេចក្ដីស្រវឹង ការអស់ទៅ ( នៃពួកញាតិជាដើម ) ក៏រមែងកើតឡើង ព្រោះសេចក្ដីប្រមាទ សេចក្ដីថ្នាំងថ្នាក់ក្នុងចិត្ត រមែងកើតឡើង ព្រោះការអស់ទៅ ( នៃទ្រព្យនិងយស ព្រោះហេតុនោះ ) បពិត្រស្ដេចជាចម្បងក្នុងដែន ព្រះអង្គកុំប្រមាទឡើយ។ ពួកក្សត្រជាច្រើនអង្គ បើមានសេចក្ដីប្រមាទហើយ រមែងសាបសូន្យចាកប្រយោជន៍និងដែន ចំណែកខាងពួកមេស្រុក ក៏រមែងសាបសូន្យចាកស្រុក ពួកអ្នកបួសក៏សាបសូន្យ ( ចាកកិច្ចការរបស់អ្នកបួស ) ពួកគ្រហស្ថក៏សាបសូន្យ ( ចាកកិច្ចការរបស់គ្រហស្ថ )។ បពិត្រស្ដេចជាអ្នកញ៉ាំងដែនឱ្យចម្រើន ភោគសម្ប័ទទាំងអស់របស់ក្សត្រជាអ្នកប្រមាទ រមែងវិនាសទៅដោយពិត សេចក្ដីវិនាសនោះ គេហៅថាជាទុក្ខរបស់ស្ដេច។ បពិត្រមហារាជ សេចក្ដីប្រមាទនេះ មិនមែនជាធម៌ ( របស់ពួកស្ដេចទេ ) ព្រះអង្គប្រមាទហួសពេកណាស់ ពួកចោរនឹងកម្ចាត់បង់នូវជនបទដែលសម្បូណ៌ថ្កុំថ្កើង ( ដោយបាយទឹកមាសប្រាក់ ) នោះបាន។ បុត្ររបស់ព្រះអង្គមិនមានទេ ទាំងប្រាក់ក៏មិនមាន ទាំងធានីក៏មិនមានដែរ កាលបើចោរប្លន់រាស្រ្ត ( យ៉ាងនេះ ) ព្រះអង្គនឹងសាបសូន្យចាកភោគសម្ប័ទគ្រប់យ៉ាង។ ពួកញាតិ មិត្ត សម្លាញ់ ក៏មិនសម្គាល់នូវស្ដេចឬក្សត្រដែលសាបសូន្យចាកភោគសម្ប័ទទាំងពួង ដែលគួរសម្គាល់ ( ថាជាស្ដេច ) បានទេ។ ពួកពលដំរី ពួកសេនា ពលរថ ពលថ្មើរជើង និងពួកកម្មករ ដែលអាស្រ័យចិញ្ចឹមជីវិតនឹងស្ដេចនោះឯង ក៏មិនសម្គាល់នូវស្ដេចដែលគួរសម្គាល់បាន។ សិរីគឺយសសម្បត្តិ រមែងលះបង់បុគ្គល ពាលអ្នកមិនចេះចាត់ចែងការងារ មានគំនិតអាក្រក់អាប់ឥតប្រាជ្ញា ដូចជាពស់លះបង់នូវសំណកចាស់។ ភោគសម្ប័ទទាំងអស់រមែងចម្រើនដល់បុគ្គលអ្នកចេះចាត់ចែងការងារដោយល្អ ក្រោកឡើងទាន់កាលសម័យ ជាអ្នកមិនខ្ជិលច្រអូស ដូចជាហ្វូងគោព្រមទាំងគោឧសក។ បពិត្រមហារាជ សូមព្រះអង្គយាងទៅកាន់ស្រុកក្រៅចាំស្ដាប់ ( ពាក្យរាស្រ្ត ) ក្នុងដែន និងជនបទរបស់ព្រះអង្គ លុះបានឃើញឬបានឮក្នុងដែននឹងជនបទនោះហើយ តទៅសូមព្រះអង្គធ្វើតាមដំណើរនោះចុះ។
ពោធិសត្វថ្វាយឱវាទដល់ស្ដេចដោយគាថា ១១ នេះហើយ ក៏ទូលថែមទៀតថា សូមឱ្យព្រះអង្គយាងទៅឱ្យឆាប់ៗទៅ កុំបង្អង់ឡើយ។ ទេវតាថាហើយក៏ត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញ។
ស្ដេចបានទ្រង់ព្រះសណ្ដាប់ពាក្យទេវតាពោលប្រដៅយ៉ាងនេះ ហើយក៏មានសេចក្ដីតក់ស្លុត លុះព្រឹកឡើងក៏ប្រគល់រាជសម្បត្តិឱ្យអាមាត្យហើយក្លែងភេទធ្វើដូចជាមនុស្សធម្មតា ចេញចាកព្រះរាជវាំងទៅតាមទ្វារខាងលិចជាមួយនឹងបុរោហិតម្នាក់ សំដៅទៅកាន់ស្រុកមួយចម្ងាយផ្លូវ ១ យោជន៍។ ស្រុកនោះមានបុរសចាស់ម្នាក់ កំពុងទាញបន្លាយកមកស្រាស់ទ្វាររបងផ្ទះ ហើយក៏នាំប្រពន្ធកូនចូលទៅក្នុងព្រៃ លុះពេលល្ងាចពួករាជបុរសចៀសចេញអស់ទៅ ទើបនាំប្រពន្ធកូនមកវិញ ដើរមកដល់មាត់ទ្វាររបងបន្លាក៏មុតជើងគាត់ៗ អង្គុយជោះបន្លាបណ្ដើរជេរស្ដេចបណ្ដើរដោយពាក្យថា ៖
ឯវំ វេទេតុ បញ្ចាលោ សង្គាមេ សរមប្បិតោ
យថាហមជ្ជ វេទេមិ កណ្ដកេន សមប្បិតោ។
ខ្លួនអញដែលត្រូវបន្លាមុត ហើយដឹងច្បាស់ក្នុងថ្ងៃនេះ យ៉ាងណាសូមឱ្យស្ដេចបញ្ចាល ( ក្នុងនគរនេះ ) ត្រូវសរមុតក្នុងសង្រ្គាម ហើយដឹងច្បាស់យ៉ាងនេះដែរ។
ចួនជាពេលនោះ ស្ដេចនឹងបុរោហិតក៏នៅជិតបុរសចាស់នោះដែរ បុរោហិតឮពាក្យបុរសជេរស្ដេចដូច្នោះហើយ ក៏សួរថា ៖
ជិណ្ណោ ទុព្វលចក្ខូសិ ន រូបំ សាធុ បស្សសិ
កឹ តត្ថ ព្រហ្មទត្តស្ស យំ តំ មគ្គេយ្យ កណ្ដកោ។
អ្នកជាមនុស្សចាស់មានភ្នែកទុព្វល មើលរូបមិនឃើញបានដោយស្រួលទេ បន្លាមុតជើងអ្នកឯង ដោយហេតុឯណា ទោសរបស់ស្ដេច ព្រហ្មទត្តចំពោះហេតុនោះតើ ដូចម្ដេច ( ទើបអ្នកឯងជេរស្ដេចវិញ )។
បុរសចាស់ឆ្លើយថា ៖
ពហ្វេត្ថ ព្រហ្មទត្តស្ស សោហំ មគ្គស្មិ ព្រហ្មណ
អរក្ខិតា ជានបទា អធម្មពលិនា ហតា។
រត្តិញ្ច ចោរា ខាទន្តិទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដ រាជស្សពហុ អធម្មិកោ ជនោ។
ឯតាទិសេ ភយេ តាត ភយដ្ដា តាវ មានវា
និល្លេនកានិ កុព្វន្តិ វនេ អាហត្វា កណ្ដក់។
ម្នាលព្រាហ្មណ៍ ទោសរបស់ស្ដេចព្រហ្មទត្តមានច្រើនណាស់ក្នុងហេតុនេះគឺខ្ញុំដែលដើរក្នុងផ្លូវ ( មានបន្លាក៏ត្រូវបន្លាមុត ) ទាំងពួកអ្នកជនបទ ក៏ស្ដេចមិនរក្សា ចេះតែឱ្យបៀតបៀនដោយពលិកម្ម ( សួយសារអាករ ) មិនប្រកបដោយធម៌។ ពិតណាស់ក្នុងវេលាយប់ ពួកចោរដើរប្លន់ ( អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នកចាក់រុកគឺពួកអ្នករាជការក៏ប្លន់ ( រាស្រ្តថែមទៀត ព្រោះតែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន ទើបមានជនមិនប្រកបដោយធម៌ច្រើនណាស់។
ម្នាលព្រហ្មណ៍ កាលបើភ័យយ៉ាងនេះកើតឡើងហើយ មនុស្សទាំងឡាយដែលលំបាកដោយភ័យ ( យ៉ាងនេះ ) ទើបបានជានាំគ្នាយកបន្លាក្នុងព្រៃមកធ្វើជាទីសម្រាប់ពឹងពួន។
ព្រះបាទព្រហ្មទត្តបានទ្រង់ព្រះសណ្ដាប់ពាក្យបុរសចាស់នោះហើយ ក៏ហៅបុរោហិតមកប្រាប់ថា បុរសចាស់នេះនិយាយត្រូវណាស់ មកយើងនឹងត្រឡប់ទៅសោយរាជ្យឱ្យប្រកបដោយធម៌វិញ។
ទើបទេវតាគឺពោធិសត្វបញ្ចូលចិត្តបុរោហិតឱ្យទូលស្ដេចថា សូមឱ្យព្រះអង្គយាងទៅឈ្លបស្រុកឯទៀតៗមើលសិន ស្ដាប់ការស្ដាប់ដំណឹងឱ្យបានដឹងហេតុសព្វគ្រប់ ហើយសឹមយាងទៅសោយរាជ្យប្រព្រឹត្តទសពិជរាជធម៌ឱ្យគ្រប់គ្រាន់ៗ ស្ដេចក៏យាងចេញអំពីស្រុកនេះទៅកាន់ស្រុក ១ ទៀត បានទ្រង់ព្រះសណ្ដាប់សំឡេងស្ត្រីចាស់ម្នាក់កំពុងតែជេរស្ដេច។
ឯស្រ្ដីចាស់នោះ ជាអ្នកក្រីក្រលំបាក មានកូនស្រីពីរនាក់មិនទាន់មានប្ដីនៅឡើយ ម្ដាយរក្សាមិនឱ្យដើរទៅណាមកណាទេ ដើរទៅរកស៊ីធ្វើការដោយខ្លួនឯង ចិញ្ចឹមកូនស្រី ថ្ងៃនោះស្រីចាស់កំពុងឡើងដើមឈើបេះអន្លក់ ក៏ស្រាប់ធ្លាក់ពីដើមឈើ ហើយជេរស្ដេចថា ៖
កទាស្សុ នាម យំ រាជា ព្រហ្មទត្តោ មរិស្សតិ
យស្ស រដ្ឋម្ហិ ជីយន្តិ អប្បតិកា កុមារិកា។
ពួកកុមារីជាស្រីគ្មានប្ដី រមែងចាស់ទៅក្នុងដែននៃស្ដេចព្រហ្មទត្តឯណា ព្រះបាទព្រហ្មទត្តនោះ នឹងស្លាប់ទៅក្នុងកាលណាអេះ។
បុរោហិតបានឮហើយឃាត់ថា ៖
ទុព្ភាសិតញ្ហិ តេ ជម្មិ អនត្ថបទកោវិទេ
កុហឹ រាជា កុមារីនំ ភត្តារំ បរំយេសតិ។
នែនាងលាមក ជាស្រីមិនឈ្លាសក្នុងហេតុនិងផល ពាក្យនាងឯង ជាពាក្យអាក្រក់ អម្បាលយ៉ាងស្ដេច មកស្វែងរកប្ដីឱ្យពួកនាងកុមារីដូចម្ដេចកើត។
ស្រីចាស់នោះឆ្លើយតបថា ៖
ន មេ ទុព្ភាសិតំ ព្រហ្មេ កោវិទត្ថបទា អហំ
អរក្ខិតា ជានបទា អធម្មពលិនា ហតា។
រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ។
ទុជ្ជីវេ ទុព្ភរេ ទារេ កុតោ ភត្តា កុមារិយា។
នែព្រាហ្មណ៍ ពាក្យនាងខ្ញុំមិនអាក្រក់ទេ នាងខ្ញុំជាស្រីឆ្លៀសឆ្លាស ក្នុងហេតុនិងផលដែរ ពួកអ្នកជនបទ ក៏ស្ដេចមិនរក្សាចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌ ទេ។ ពិតណាស់ក្នុងវេលាយប់ ពួកចោរដើរប្លន់អ្នកស្រុក វេលាថ្ងៃ ពួកអ្នករាជការប្លន់រាស្រ្តព្រោះតែស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌ កាលបើរាស្រ្តរស់នៅដោយលំបាក ទាំងប្រពន្ធដែលគេចិញ្ចឹមក៏បានដោយលំបាក ( យ៉ាងនេះ ) តើពួកនាងកុមារីបានប្ដីពីណាកើត។
ស្ដេចនិងបុរោហិតបានស្ដាប់ហើយគិតថា ស្រីនេះនិយាយត្រូវណាស់ ហើយក៏យាងហួសទៅទៀត បានឮសំឡេងអ្នកស្រែម្នាក់ផាលមុតជើងគោ ក៏ស្រែកជេរស្ដេចថា ៖
ឯវំ សយតុ បញ្ចលោ សង្គាមេ សត្តិយា ហតោ
យថាយំ កបណោ សេតិ ហតោ ផាលេន សាលិយោ។
គោឈ្មោះសាលិយៈនេះ ជាសត្វកំព្រាត្រូវផាលមុតជើងដេកស្រតឹកយ៉ាងណា សូមឱ្យស្ដេចបញ្ចាលត្រូវគេសម្លាប់ដោយលំពែងក្នុងសង្រ្គាមដេកស្ដូកយ៉ាងនោះចុះ។
បុរោហិតឃាត់អ្នកស្រែនោះថា ៖
អធម្មេន តុវំ ជម្ម ព្រហ្មទត្តស្ស កុជ្ឈសិ
យោ ត្វំ សបសិ វាជានំ អបរជ្ឈិត្វាន អត្តនោ។
នែបុរសលាមក អ្នកឯងដែលប្រទូស្ដខឹងនឹងស្ដេចរបស់ខ្លួន អ្នកឯងឈ្មោះថាខឹងទៅរកស្ដេចព្រហ្មទត្ត ដោយហេតុមិនត្រូវតាមធម៌ទេ។
អ្នកភ្ជួរស្ដាប់នូវពាក្យនោះហើយ ពោលតបថា ៖
ធម្មេន ព្រហ្មទត្តស្ស អហំ កុជ្ឈាមិ ព្រាហ្មណ
អរក្ខិតា ជានបទាអធម្មពលិនា ហតា។
រត្តិញ្ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ។
សានូន បុន រេ បក្កាវិកាលេ ភត្តមាហរិ
ភត្តហារឹ អវេក្ខន្តោ ហតោ ផាលេន សាលិយោ។
ម្នាលព្រាហ្មណ៍ ខ្ញុំខឹងចំពោះស្ដេចព្រហ្មទត្ត ដោយហេតុត្រូវតាមធម៌ ( ព្រោះថា ) ពួកអ្នកជនបទ ស្ដេចមិនដែលរក្សាទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌។ ពិតណាស់ ក្នុងវេលាយប់ ពួកចោរប្លន់ ( អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការប្លន់ ( រាស្រ្ត ព្រោះតែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌។ ស្រីជាដាំបាយក្នុងវេលាព្រឹក ( នាំយកមកឱ្យខ្ញុំ ក៏ត្រូវខ្ញុំកំដររបស់ស្ដេចព្រហ្មទត្តរឹបជាន់យកបាយអស់ ) លុះវេលាថ្ងៃរសៀលទើបនាំយកបាយមក ( ឱ្យខ្ញុំ ) ខ្ញុំក៏ទន្ទឹងចាំមើល នូវស្រ្តីអ្នកយកបាយមកឱ្យ ទាំងគោឈ្មោះសាលិយៈ ក៏ត្រូវផាលមុតជើងទៀត។
ស្ដេចនិងបុរោហិតឮហើយក៏ទៅស្រុក ១ ទៀត។ បុរសអ្នករឹតទឹកដោះមេគោ ក៏ត្រូវមេគោធាក់ធ្លាក់ភាជន៍ទឹកដោះពីដៃហើយក៏ជេរស្ដេចថា ៖
ឯវំ ហញ្ញតុ បញ្ចលោ សង្គាមេ អសិនា ហតោ
យថាហមជ្ជ បហតោខីរញ្ច មេ បវត្តិតំ។
ក្នុងថ្ងៃនេះ ខ្លួនអញត្រូវមេគោធាក់ ទាំងទឹកដោះក៏ធ្លាក់ពីដៃរបស់អញយ៉ាងណា សូមឱ្យស្ដេចបញ្ចាលត្រូវគេសម្លាប់ដោយដាវក្នុងសង្រ្គាមលំបាកយ៉ាងនោះចុះ។
បុរោហិតឮហើយ សួរថា ៖
អយំ បសុ ខីរំ ឆឌ្ឌេសិ បសុ ផាលញ្ច ហឹសតិ
កឹ តត្ថ ព្រហ្មទត្តស្សយំ នោ គរហតេ ភវំ។
សត្វចិញ្ចឹមនេះរមែងចោលនូវទឹកដោះ សត្វចិញ្ចឹមរមែងបៀតបៀននូវផាល ដោយហេតុឯណា អ្នកមិនគួរតិះដៀលនូវស្ដេចដ៏ចម្រើនដោយហេតុឯណា កំហុសរបស់ស្ដេចព្រហ្មទត្ត ចំពោះហេតុនោះ ៗ តើដូចម្ដេច ?
បុរសអ្នករឹតទឹកដោះឆ្លើយតបវិញថា ៖
ការយ្ហោ ព្រហ្មេ បញ្ចលោ ព្រហ្មទត្តស្ស រាជិនោ
អរក្ខិតា ជានបទា អធម្មមពលិនា ហតា។
រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ។
ចណ្ឌា អកត្ថនា កវី យំ បុរេ ន ទុហាមសេ
តំទានិ អជ្ជ ទោហាម ខីរកាមេហុបទ្ទុតា។
ម្នាលព្រហ្មណ៍ ស្ដេចបញ្ចាលរបស់រាជត្រកូលព្រហ្មទត្ត គួរអ្នកផងគេតិះដៀលហើយ ( ព្រោះថា ) ពួកអ្នកជនបទ ស្ដេចមិនដែលជួយរក្សាការពារទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌។ ពិតណាស់ តែក្នុងវេលាយប់ ពួកចោរដើរប្លន់ ( យកទ្រព្យសម្បត្តិអ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការរឹបជាន់ប្លន់ ( រាស្រ្ត ) ( ព្រោះតែ ) ស្ដេចខូចកាចសោយរាជ្យក្នុងដែន បានជាជនច្រើនតែមិនប្រកបដោយធម៌។ មេគោកាចផ្លាង ក្នុងកាលពីមុនយើងមិនបានរឹតទឹកដោះឯណា ក្នុងថ្ងៃនេះ ឥឡូវនេះ ពួកយើងក៏ត្រូវពួករាជបុរសអ្នកប្រាថ្នានូវទឹកដោះមករឹបជាន់ ទើបរឹតទឹកដោះនោះ ( បើស្ដេចសោយរាជ្យប្រកបដោយធម៌ ភ័យមិនមានដល់យើងទេ )។
ស្ដេចនិងបុរោហិតនិយាយថា បុរសនេះថាត្រូវណាស់ ហើយក៏ចៀសចេញទៅកាន់ស្រុកមួយទៀត។ សម័យមួយ ពួកអ្នករាជការសម្លាប់កូនគោយកស្បែកធ្វើស្រោមដាវ មេគោក៏រត់ឆ្លេឆ្លាដោយសេចក្ដីសោកស្ដាយកូនរបស់វា។ ពួកក្មេងអ្នកស្រុកជាអ្នកឃ្វាលគោ ក៏ស្រែកជេរស្ដេចថា ៖
ឯវំ កន្ទតុ បញ្ចលោវិមុត្តោ បរិធាវតុ
យថាយំ កបណា កវីវិមុត្តា បរិធាវតិ។
មេគោនេះ ជាសត្វកំព្រា ជាសត្វព្រាត់ប្រាស និរាស រីងស្ងួត កន្ទក់កន្ទេញ សូមឱ្យស្ដេចបញ្ចាលក៏យ៉ាងនោះចុះ។
បុរោហិតសួរថា ៖
យំ បសុ បសុចាលស្ស បព្ភមេយ្យ រវេយ្យ វា
កោនីធ អបរាធត្ថិព្រហ្មទត្តស្សរាជិនោ។
កាលដែលបុរសអ្នករក្សានូវសត្វចិញ្ចឹម ចំណែកខាងសត្វចិញ្ចឹមក៏ស្ទុះឆ្លេឆ្លាឬស្រែកដោយហេតុឯណា កំហុសរបស់ស្ដេចព្រហ្មទត្តរមែងមានក្នុងហេតុនេះ តើដូចម្ដេច។
ពួកក្មេង ៗ អ្នកស្រុកឆ្លើយតបថា ៖
អបរាធោ មហាព្រហ្មេ ព្រហ្មទត្តស្ស រាជិនោ
អរក្ខិតា ជានបទាអធម្មពលិនា ហតា។
រត្តឹ ច ចោរា ខាទន្តិ ទិវា ខាទន្តិ តុណ្ឌិយា
រដ្ឋស្មឹ កូដរាជស្ស ពហុ អធម្មិកោ ជនោ។
កថំ នោ អសិកោសត្ថា ខីរបា ហញ្ញតេ បជា។
បពិត្រមហាព្រាហ្មណ៍ កំហុសរមែងមានដល់ស្ដេចព្រហ្មទត្តដោយពិត ព្រោះថា ពួកអ្នកជនបទ ស្ដេចមិនដែលរក្សាដល់ម្ដងទេ ចេះតែបៀតបៀនដោយសួយសារអាករ មិនប្រកបដោយធម៌។ តែក្នុងវេលាយប់ ពួកចោរដើរប្លន់ (អ្នកស្រុក ) វេលាថ្ងៃ ពួកអ្នករាជការរឹបជាន់ប្លន់ ( រាស្រ្ត ) តាមអំណាច ព្រោះតែស្ដេចខូចកាចសោយរាជ្យក្នុងដែន ( មិនប្រកបដោយ ធម៌ ) បានជាជនច្រើនតែមិនប្រកបដោយធម៌ដែរ កូននោះកំពុងតែបៅដោះ មានប្រយោជន៍ដល់ស្រោមដាវ រមែងលំបាកយ៉ាងណាទៅ។
ស្ដេចនិងបុរោហិតនិយាយថា ពួកក្មេងៗអ្នកស្រុកនេះចេះនិយាយត្រូវណាស់ហ្ន៎ ! ហើយក៏ចៀសចេញទៅ។ គ្រានោះ ពួកក្អែកកំពុងតែចាប់ចឹកកង្កែបស៊ីជាអាហារ ក្នុងស្រះបោក្ខរណី ១ រីងទឹកអស់ ក្នុងរវាងពាក់កណ្ដាលផ្លូវ ព្រះពោធិសត្វក៏បណ្ដាលឱ្យកង្កែបជេរស្ដេចថា ៖
ឯវំ ខជ្ជតុ បញ្ចលោហតោ យុទ្ធេ សបុត្តកោ
យថាហមជ្ជ ខជ្ជាមិគាមិកេហិ អរញ្ញជោ។
អាត្មាអញកើតក្នុងព្រៃ ត្រូវពួកក្អែកក្នុងស្រុកចឹកស៊ីក្នុងថ្ងៃនេះយ៉ាងណា សូមឱ្យស្ដេចបញ្ចាលព្រមទាំងបុត្រត្រូវគេកាប់ក្នុងចម្បាំងដាច់ខ្ទេចខ្ទីយ៉ាងនោះចុះ។
បុរោហិតស្ដាប់ហើយ និយាយនឹងកង្កែបថា ៖
ន សព្វភូតេសុ វិធេន្តិ រក្ខំ
រាជានោ មណ្ឌូក មនុស្សលោកេ
នេត្តាវតា រាជា អធម្មចារី
យំ តាទិសំ ជីវមទេយ្យុ ធង្កា។
នែកង្កែប ព្រះរាជាទាំងឡាយ ក្នុងមនុស្សលោក ( នេះ ) មិនចាត់ចែងនូវការរក្សាចំពោះពួកសត្វទាំងឡាយទេ ពួកក្អែកស៊ីនូវសត្វរស់ប្រាកដដូច្នោះ ដោយហេតុឯណា ព្រះរាជាមិនមែនប្រព្រឹត្តមិនប្រកបដោយធម៌ ដោយហេតុប៉ុណ្ណោះទេ។
កង្កែបស្ដាប់ហើយនិយាយតបវិញថា ៖
អធម្មរូបោ វត ព្រហ្មចារី
អនុប្បិយំ ភាសសិ ខត្តិយស្ស
វិលុម្បមានាយ បុថុប្បជាយ
បូជេ សិ រាជំ បរមប្បវាទឹ។
សចេ ឥទំ ព្រហ្មេ សុរជ្ជកំ សិយា
ដីតំ រដ្ឋំ មុទិតំ វិប្បសន្នំ
ភុត្វា ពលឹ អគ្គបិណ្ឌញ្ច កាកា
ន មាទិសំ ជីវមទេយ្យុ ធង្កា។
អ្នកដូចជាព្រហ្មចារីបុគ្គល តែមានសភាពមិនមែនជាអ្នកធម៌សោះ ពោលនូវពាក្យគួរដល់សេចក្ដីស្រឡាញ់ចំពោះក្សត្រ កាលបើប្រជាជនជាច្រើនដែលស្ដេចរឹបជាន់ អ្នកបូជា ( សរសើរ ) ចំពោះស្ដេចថាជាអ្នកមិនពោលពាក្យដ៏ប្រសើរ។ នែព្រាហ្មណ៍ ប្រសិនបើដែននេះមានរាជការល្អ ជាដែនស្ដុកស្ដម្ភ មានរាស្រ្តរីករាយជ្រះថ្លា ទាំងពួកក្អែក ក៏បានស៊ីនូវដុំបាយដ៏ប្រសើរ ជាគ្រឿងបូជា ( របស់មនុស្ស ) ពួកក្អែកនឹងលែងស៊ីសត្វរស់ប្រាកដដូចជាខ្ញុំមិនខាន។
ហេតុដែលជេរបន្ទោសដល់ស្ដេចទាំង ៦ កន្លែងនេះ គឺដោយអំណាចពោធិសត្វមកបញ្ចូលចិត្ត ឱ្យអ្នកទាំងអស់គ្នាគិតឃើញយ៉ាងនេះ ដើម្បីរំឭកស្ដេចបញ្ចាលឱ្យលោកបានប្រព្រឹត្តត្រឹមត្រូវតាមទសពិធរាជធម៌ ឱ្យពួកជនដែលអាស្រ័យនៅក្នុងដែនបានសេចក្ដីសុខក្សេមក្សាន ដោយសារគុណបុណ្យបារមីរបស់ស្ដេចតទៅ។
ឯព្រះបាទបញ្ចាលនិងបុរោហិត លុះបានឮនូវហេតុនោះហើយក៏វិលត្រឡប់ទៅនគរគ្រប់គ្រងរាជ្យដូចដើមវិញ ទទួលយកនូវឱវាទនៃពោធិសត្វមកតម្កល់ទុកក្នុងព្រះទ័យ ហើយចាត់ចែងរៀបចំការរាជការ ក្នុងព្រះនគរឱ្យបានរៀបរយតាមបវេណី ប្រព្រឹត្តនូវទសពិធរាជធម៌ដោយគ្រប់គ្រាន់ ពួករាស្រ្តប្រជាក៏បានសេចក្ដីសុខ – ចម្រើន ទាំងភោគសម្ប័ទក៏សម្បូណ៍សប្បាយចាយវាយឥតខ្វះខាតឡើយ។
ព្រះមានព្រះភាគទ្រង់នាំអតីតនិទានមកពន្យល់ដល់ព្រះរាជាកោសល ដូចបានអធិប្បាយមកនេះ ហើយទ្រង់រំឭកដាស់តឿនថា បពិត្រមហារាជ សូមឱ្យមហារាជលះបង់នូវអគតិចេញ ហើយគ្រប់គ្រងរាជ្យប្រកបដោយធម៌ចុះ។
ចប់ភណ្ឌុតិណ្ឌុកជាតកតែប៉ុណ្ណេះ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៨ គ.ស. ១៩៤៥ ព.ស. ២៤៨៥ និងអត្ថបទក្បាលទី ២ ឆ្នាំទី ១៧ ខ្សែទី ៩ គ.ស. ១៩៤៥ ព.ស. ២៤៨៥