របស់អាចារ្យ ហិម ក្រុមពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង
១- ពាក្យប្រារព្ធ
ធម៌អាថ៌ដែលខ្ញុំបំបែកចេញ ឱ្យសមរម្យនឹងវ័យ៣ប្រការនេះ ខ្ញុំតែងតែអធិប្បាយពន្យល់សិស្សានុសិស្សគ្រប់កន្លែង តាំងអំពីខ្ញុំបានទទួលដើរត្រួតត្រាការសិក្សាបឋមវិជ្ជាសាលាវត្តក្នុងរាជការ លុះដល់ថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ឯកស័ក គឺថ្ងៃ១៨ ខែឧកតូប្រិ៍(តុលា) ឆ្នាំ១៩២៧ នោះខ្ញុំបានសរសេរចុះសៀវភៅ តែនៅមិនទាន់សព្វគ្រប់ តាំងពីពេលនោះមកខ្ញុំមានកិច្ចការច្រើនលើខ្លួនមិនបានធ្វើបង្ហើយ ដោយសេចក្ដីបំណងនឹងប្ដឹងរាជការបោះពុម្ពផ្សាយ ដល់ពួកអ្នកសិក្សាដើម្បីសេចក្ដីសុខចម្រើន តាំងពីក្នុងលោកនេះដរាបដល់លោកខាងនាយ ព្រោះសេចក្ដីនេះជាគុណអាចនឹងឱ្យសម្រេចប្រយោជន៍ទាំង២នោះបាន ទើបតែដល់មកថ្ងៃ៧រោច ខែអាសាឍ ឆ្នាំជូត អដ្ឋស័ក គឺថ្ងៃ១២ ខែស៊ូយេត ឆ្នាំ១៩៣៦ នេះ ខ្ញុំមានឱកាសបានទំនេរពេលព្រឹក ហើយនិងថ្ងៃសីលគ្រប់សីល ហេតុនេះខ្ញុំខំឆ្លៀតធ្វើបង្ហើយ ដើម្បីនឹងបានសូមអនុញ្ញាតបោះពុម្ពផ្សាយ តាមសេចក្ដីបំណងដើម។
ដោយអំណាចបុញ្ញរាសីនេះ ខ្ញុំសូមឧទ្ទិសផលជូនលោកអ្នកដ៏មានគុណទាំងឡាយ មានមាតាបិតានិងលោកគ្រូអាចារ្យជាដើម សូមឱ្យលោកបានសេចក្ដីសុខចម្រើន គ្រប់កាលទាំងពួង ចំណែកឯខ្លួនខ្ញុំ សូមបានសម្រេចព្រះនិព្វានក្នុងអនាគតទៅហោង។
ខ្ញុំព្រះករុណា
សូមនមស្ការចំពោះ ព្រះរតនត្រ័យដោយសិរសា គឺត្បូង
២- វយប្បកាសិនី
បណ្ដាមនុស្សក្នុងលោកសន្និវាសទាំងមូល លោកអ្នកប្រាជ្ញពោលថាមានវ័យ៣ប្រការ គឺពីក្មេងហៅថា បឋមវ័យ កណ្ដាលហៅថា មជ្ឈិមវ័យ និងដល់ចាស់ហៅថា បច្ឆិមវ័យ វ័យបានសេចក្ដីថាសូន្យ ចំណែកលោកវោហារ វ័យថាកិរិយាចម្រើនទៅវិញ ដោយយល់ថាចម្រើនពីតូចទៅធំ ពីក្មេងទៅចាស់ ពីចាស់ទៅស្លាប់ ទាំងនេះយល់ថាចម្រើនជាដរាប ពាក្យទាំងពីរយ៉ាងនេះ បើសង្កេតគិតទៅឃើញដូចជាពាក្យរួមត្រូវគ្នាតែម្យ៉ាង សេចក្ដីដែលចម្រើនឡើងតាមលំដាប់ដូចបានពោលហើយក៏សមជាចម្រើនមែន ប៉ុន្តែថាចម្រើនទាំងអម្បាលនោះ ក៏ចម្រើនទៅរកតែសេចក្ដីវិនាសស្លាប់សាបសូន្យដដែល ដូចក្នុងធម៌ថា កើតហើយបណ្ដេញទៅរកទ្រុឌទ្រោមគ្រាំគ្រា សេចក្ដីគ្រាំគ្រាមានហើយ បណ្ដេញទៅរកឈឺចាប់ សេចក្ដីឈឺចាប់មានហើយបណ្ដេញទៅរកស្លាប់សាបសូន្យដែរ ម្យ៉ាងទៀតដូចដំណើរព្រះអាទិត្យ រះឡើងហើយចម្រើនឡើងតាមលំដាប់ ប៉ុន្តែចម្រើនទាំងអម្បាលណោះ ក៏ស្រូតរូតទៅរកតែអស្ដង្គតរលត់សូន្យដែរ ពាក្យដែលថាចម្រើនឡើងត្រូវខាងដើមឃើញថាចម្រើនមែនៗ ពាក្យដែលថាសូន្យទៅត្រូវខាងចុង ឃើញថាសូន្យមែនៗដែរ ហេតុនេះពាក្យទាំងពីរយ៉ាងគឺចម្រើននិងសូន្យ ដូចជារួមទៅលើតែសេចក្ដីស្លាប់សូន្យតែម្យ៉ាងប៉ុណ្ណេះឯង អស់លោកអ្នកគប្បីកំណត់តាមតួព្យញ្ជនៈ វយ ថា សេចក្ដីសាបសូន្យទៅចុះ។
៣- វយភាជនី
លំដាប់នេះខ្ញុំនឹងចំណែកចែកវ័យដូចមានតទៅនេះ កាលពីដើមមនុស្សមានអាយុ១០០ឆ្នាំជាអាយុក្ខ័យ លោកចែកថាតាំងពីកើតទៅទល់នឹងអាយុ៣៣ ហៅថាបឋមវ័យ ពីអាយុ៣៤ទៅទល់នឹងអាយុ៦៦ ហៅថាមជ្ឈិមវ័យ ពីអាយុ៦៧ ទៅទល់នឹងអាយុ១០០ ហៅថាបច្ឆិមវ័យ ជំនាន់មនុស្សឥឡូវនេះ មានអាយុខ្លីថយចុះតាមកាល តាមសម័យលោកចែកថា តាំងពីកើតឡើងទៅទល់នឹងអាយុ២៥ ហៅថាបឋមវ័យៗ ដំបូងឬវ័យទី១ ពីអាយុ២៦ទៅទល់នឹងអាយុ៥០ ហៅថាមជ្ឈិមវ័យ ឬមធ្យមវ័យៗ កណ្ដាលឬវ័យទី២ពីអាយុ៥១ទៅទល់នឹងអាយុ៧៥ ហៅថាបច្ឆិមវ័យៗ ខាងចុងឬវ័យទី៣ថា បើមានមនុស្សណាមួយមានអាយុវែងកើនឡើងដល់៨០ ឬ៨០ប្លាយ ឬ៩០នោះ អស់លោកអ្នកគប្បីដឹងថា មនុស្សនោះជាអ្នកសមប្រកបដោយគុណ មានសីលគុណជាដើមគឺមិនសម្លាប់សត្វ មិនបៀតបៀនសត្វដោយពិត ថាបើមានមនុស្សណាមួយមានអាយុខ្លីរួញចុះមិនដល់៧៥ឆ្នាំ នោះអស់លោកអ្នកគប្បីកំណត់ដឹងថា មនុស្សនោះជាមនុស្សដាច់សីលប្រកបដោយពៀរ គឺសម្លាប់សត្វ បៀតបៀនសត្វនោះឯង ដែលខ្ញុំកំណត់ថា៧៥ ឆ្នាំជាអាយុក្ខ័យនោះ ដោយហេតុកំណត់តាមព្រះពុទ្ធសាសនា ១០០ឆ្នាំថយអស់១ឆ្នាំ ឥឡូវព្រះពុទ្ធសាសនាកន្លងទៅ២៤០០ប្លាយឆ្នាំហើយ ឃើញថាថយអស់ទៅ២៥ឆ្នាំ នៅតែ៧៥ឆ្នាំជាកាលកំណត់អាយុក្ខ័យប៉ុណ្ណោះឯង ព្រោះថាកាលដែលត្រូវថយចុះ១០០ឆ្នាំថយអស់១ឆ្នាំ ទោះកាលដែលត្រូវចម្រើនឡើងវិញ ក៏១០០ឆ្នាំចម្រើនឡើង១ឆ្នាំដូចគ្នាដែរ។
៤- ត្រៃវិជ្ជា
ក្នុងឱកាសនេះខ្ញុំនឹងរៀបរាប់ពីចំណេះវិជ្ជា ដើម្បីនឹងលើកការសិក្សាឱ្យចម្រើនឡើង តាមសុភាសិតថា វ័យទី១ឱ្យខំស្វែងរករៀនវិជ្ជា វ័យទី២ ឱ្យខំសន្សំរកទ្រព្យសម្បត្តិ វ័យទី៣ ឱ្យខំប្រតិបត្តិធម៌អាថ៌ អំពីនេះខ្ញុំនឹងអធិប្បាយរឿងចំណេះវិជ្ជាជាមុន ដែលហៅថាវិជ្ជានោះ មាន៣ផ្នែក គឺបឋមវិជ្ជា មជ្ឈិមវិជ្ជា និងឧត្ដមវិជ្ជា បឋមវិជ្ជានោះចំណែកខាងរៀនអក្សរនិងលេខនព្វន្ត រៀនអក្សរនោះរៀនឱ្យចេះមើលពាក្យ ចេះសរសេរនិងចេះតែងសេចក្ដី រៀនលេខនព្វន្តនោះ រៀនឱ្យចេះបូក ចេះសង ចេះគុណ និងចេះចែក ទាំងចំណេះអក្សរទាំងចំណេះលេខនពន្ត ខំប្រឹងប្រែងរៀនឱ្យចេះចាំស្ទាត់ចំណានល្មមធ្វើការបាន ហើយនឹងចេះធម្មក្រឹត្យាជាច្បាប់សម្រាប់ចម្រើនខ្លួនផង នេះឯងឈ្មោះថាបឋមវិជ្ជា មជ្ឈិមវិជ្ជានោះ រៀនច្បាប់ទម្លាប់ រៀនកិច្ចរាជការផ្សេងៗ ឱ្យស្ទាត់ស្ទាញក្នុងក្រសួងរដ្ឋបាលនិងក្រសួងតុលាការ ហើយនិងចេះគតិលោកគតិធម៌ ល្មមនឹងរក្សាខ្លួនឱ្យសុខបានផង នេះឯងឈ្មោះថាមជ្ឈិមវិជ្ជា ឧត្ដមវិជ្ជានោះ រៀនលទ្ធិអក្សរដែលសម្រាប់ប្រើក្នុងភាសាបាលី ឱ្យស្ទាត់ដល់ចេះប្រែភាសាបាលីមកជាភាសាខ្មែរ ហើយនិងចេះធម៌វិន័យក្នុងព្រះពុទ្ធសាសនា ដល់នូវភាវៈជាអ្នកប្រាជ្ញនេះឯងឈ្មោះថាឧត្ដមវិជ្ជា។
៥- បឋមវិជ្ជា
វិជ្ជាមាន៣ផ្នែកដូចបានថ្លែងមកហើយនេះ ប៉ុន្តែវិជ្ជាទាំងនេះជាវិជ្ជាទាក់ទងគ្នា អ្នកដែលមានប្រាថ្នាចំណេះវិជ្ជាទាំងអស់នោះ លុះតែចេះបឋមវិជ្ជាក្លៀវក្លា ហើយទើបឈោងទៅចាប់វិជ្ជាទាំងនោះៗបាន ប្រសិនបើមិនចេះបឋមវិជ្ជាសោះឬចេះតែបន្តិចបន្តួច នោះជាបុគ្គលឆ្ងាយចាកមជ្ឈិមវិជ្ជានិងឧត្ដមវិជ្ជានោះពេកណាស់ បានជាពេលនេះខ្ញុំមានបំណងនឹងពណ៌នាបឋមវិជ្ជា ដើម្បីពន្យល់អស់លោកអ្នកឱ្យភ្ញាក់រឭកស្គាល់ប្រយោជន៍វិជ្ជាដ៏ថ្លៃថ្លា ចំណេះវិជ្ជាដែលចេះអក្សរនិងលេខនព្វន្តនេះ ជាវិជ្ជាមានតម្លៃច្រើនណាស់ វិជ្ជានេះហើយដែលជាវិជ្ជាតែងលើកស្ទួយអ្នកសិក្សាមួយៗ ឱ្យខ្ពស់ផុតពីថ្នាក់ក្រោមដែលជាថ្នាក់ដុនដាបទាបថោក ឱ្យស្ទុះឡើងទៅកាន់ថ្នាក់លើជាថ្នាក់ប្រសើរថ្កើងថ្កាន គឺជាអ្នកមានឬជាអ្នកធំខ្ពង់ខ្ពស់ក្នុងលោក។
៦- សេចក្ដីពន្យល់តាមការរាជការ
បឋមវិជ្ជានេះ ជាវិជ្ជាពេញចិត្តក្នុងលោក មិនមែនពេញចិត្តតែត្រឹមអស់យើងនេះទេ ទោះរាជការដ៏ជាធំក៏គង់ពេញចិត្តចំពោះវិជ្ជានេះដែរ ហេតុពីសេចក្ដីពេញចិត្តនេះហើយ បានជារាជការជាធំចំណាយប្រាក់បោះពុម្ពសៀវភៅបឋមសិក្សាគ្រប់បែប ផ្សាយចែកគ្រប់សាលាបង្រៀនក្នុងព្រះនគរ ហើយមានបញ្ញត្តិឱ្យរៀបសាលាបង្រៀនគ្រប់វត្ត តែងឱ្យមានគ្រូបង្រៀនឱ្យចូលបង្រៀនតាំងពីម៉ោង១ទៅដល់ម៉ោង៥រាល់ថ្ងៃ លើកតែថ្ងៃសីលនិងថ្ងៃបុណ្យ ហើយមានបញ្ញត្តិដល់អ្នកស្រុកដែលមានបុត្រប្រុសៗ មានអាយុ៧ខួប ឱ្យបញ្ជូនចូលទៅរៀនក្នុងសាលាវត្ត ក្នុងសាលាទោះខ្វះខាតគ្រឿងប្រើប្រាស់រាជការជាធំ តែងជួយទំនុកបម្រុងបើកដាក់ឱ្យមិនគិតថ្លៃ នេះហើយដែលថារាជការជាធំពេញចិត្តណាស់ដែរ បើរាជការជាធំមិនពេញចិត្តកាលណា នឹងចំណាយធំយ៉ាងនេះបាន គួរចូលចិត្តចុះ។
៧- សេចក្ដីពន្យល់
ហេតុនេះហើយ លោកគ្រូចៅអធិការ លោកគ្រូសូត្រ និងអ្នកស្រុកជើងវត្ត គប្បីមានសោមនស្សចំពោះផលប្រយោជន៍របស់យើង នឹងប្រហែសធ្វេសមិនបានទេ ត្រូវតែធ្វើឱ្យសមតាមបញ្ញត្តិ ដើម្បីបានជាការជួយទំនុកបម្រុងជាតិឱ្យចេះដឹងវិសេសវិសាលថ្លៃថ្លាគ្រប់រូប តំបន់ណាមួយដែលមិនទំនុកបម្រុងសាលារៀន ហើយបណ្ដែតបណ្ដោយពួកកុមារឱ្យដើរលេងឥតប្រយោជន៍ តែ១តំណ ២តំណទៅ តំបន់នោះឯងដេរដាសទៅដោយមនុស្សល្ងង់ខ្លៅ មនុស្សល្ងង់នេះហើយដែលជាមនុស្សបណ្ដែតបណ្ដោយកូនសិស្ស កូនបង្កើត កូនខ្មួយ និងបាវព្រាវក្នុងបន្ទុកឱ្យឥតប្រយោជន៍ មនុស្សទាំងអស់នោះហើយ ដែលធ្វើវិជ្ជាឱ្យសាបសូន្យ ធ្វើស្រុកទេសឱ្យសាបសូន្យ ធ្វើទ្រព្យសម្បត្តិឱ្យសាបសូន្យ ធ្វើប្រយោជន៍ក្នុងលោកនេះ និងលោកខាងមុខឱ្យសាបសូន្យផង។
៨- ពាក្យឱវាទ
អស់ទាំងពួកកូនសិស្សក៏ដែរ បាឯងនៅកំពុងពេញពេលរៀន កុំបីមានសេចក្ដីប្រាថ្នាតិចក្នុងការសិក្សា បើប្រាថ្នាតិចក្នុងគ្រឿងបរិភោគ គឹអត់ធ្មត់បន្ថយបរិភោគតិចតួចទៅ នេះជាការគួរណាស់ ព្រោះនាំឱ្យចម្រើនខ្លួន ចំណែកខាងឯការសិក្សារៀនសូត្រ បើបន្ថយឱ្យតិចទៅ រមែងមានសេចក្ដីខ្ជិលច្រអូសគ្របសង្កត់បានហើយចំណេះវិជ្ជាមុខជាចេះដឹងមិនគ្រប់គ្រាន់ចំណេះដែលចេះស្ទាក់ស្ទើរដល់ធ្វើការអ្វីៗមិនកើត ក៏ប្រហែលគ្នានឹងមិនចេះដែរ តែងធ្លាក់ចុះ គឺថា ស្ទុះទៅមិនរួចពីការកាប់គាស់ សែង លី ភ្ជួរស្រែចម្ការនោះឡើយ ហេតុនេះពួកកូនសិស្សត្រូវឱ្យមានប្រាថ្នាច្រើនក្នុងការសិក្សា គឺឱ្យមានឧស្សាហ៍សង្វាតរៀនសូត្រ របៀបរៀន បើរៀនចេះនេះហើយ ខំខឺនរៀនឱ្យចេះនោះទៀត ឱ្យបានស្ទាត់ស្ទាញចេះគ្រប់គ្រាន់ ហើយជាគ្រឿងបណ្ដេញបង់ចោលនូវសេចក្ដីល្ងង់ខ្លៅ ព្រោះមនុស្សល្ងង់ខ្លៅនាំឱ្យឥតប្រយោជន៍ធំណាស់។
៩- សប្បុរិសធម៌
មនុស្សល្ងង់ខ្លៅ ជាមនុស្សមិនដឹងធម៌៧ប្រការ ជាធម៌របស់ពួកសប្បុរស ធម៌៧ប្រការនោះគឺ១- ដឹងហេតុ ២- ដឹងផល ៣- ដឹងប្រមាណខ្លួន ៤- ដឹងប្រមាណភោជនាហារ ៥- ដឹងកាល ៦- ដឹងបុគ្គល ៧- ដឹងបរិសទ្យ។ ដែលថាមិនដឹងហេតុនោះ គឺមិនដឹងថាអំពើដែលខ្លួនធ្វើទាំងអស់ជាហេតុ ធ្វើអំពើល្អ ហេតុល្អ នាំយកសេចក្ដីសុខមកឱ្យ ធ្វើអំពើអាក្រក់ ហេតុអាក្រក់នាំយកសេចក្ដីទុក្ខមកឱ្យ ដែលថាមិនដឹងផលនោះ គឺមិនដឹងថាអំពើសុចរិតឱ្យសម្រេចសេចក្ដីសុខ អំពើទុច្ចរិតឱ្យសម្រេចសេចក្ដីទុក្ខ ដែលថាមិនដឹងប្រមាណខ្លួននោះ គឺមិនដឹងថាខ្លួនអញមានជាតិត្រកូល វ័យ ចំណេះវិជ្ជា ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះយសសក្តិត្រឹមប៉ុណ្ណេះ ដែលថាមិនដឹងប្រមាណភោជនាហារនោះ គឺមិនដឹងថាអាហារដែលស្វែងរកបានមកយ៉ាងនេះ បរិភោគទៅបានសេចក្ដីសុខ ស្វែងរកបានមកយ៉ាងនេះ បរិភោគទៅបានសេចក្ដីទុក្ខ ដែលថាមិនដឹងកាលនោះ គឺមិនដឹងថាពេលនេះគួរប្រកបការនេះ ពេលនេះមិនគួរប្រកបឡើយ ដែលថាមិនដឹងបុគ្គលនោះ គឺមិនដឹងថា មនុស្សនេះល្អគួរសេពគប់ មនុស្សនេះមិនល្អមិនគួរសេពគប់ ដែលថាមិនដឹងបរិសទ្យនោះគឺមិនដឹងថា ប្រជុំជននេះកាលអញចូលទៅរកត្រូវធ្វើដោយកាយយ៉ាងនេះ ដោយវាចាយ៉ាងនេះជាដើម។
១០– សាបសូន្យប្រយោជន៍
មនុស្សដែលមិនដឹងធម៌៧ប្រការនេះហើយ ដែលទំនើងតាមចិត្ត គិតធ្វើឱ្យសាបសូន្យចាកប្រយោជន៍ទាំងពួង កាលបើនឹងប្រកបការងារ ក៏ប្រកបតែការណាដែលជាការជូរផ្អូម ដែលធ្វើទៅបានជាហេតុដ៏លាមកអាក្រក់ក្រៃលែង ព្រោះមិនដឹងហេតុ បើនឹងបានផលក៏ទទួលសោយតែផលអាក្រក់ជាផល ហឹរ ហាង ក្ដៅក្រហាយ ព្រោះមិនដឹងផល បើនឹងធ្វើឫកពាច្រឡើសលើសឥតសណ្ដាប់ធ្នាប់ វាយឫកស្មើតែនឹងលោកអ្នកប្រាជ្ញ លោកអ្នកធំព្រោះមិនដឹងប្រមាណខ្លួន បើនឹងស្វែងរកភោជនាហារក៏ប្រាសចាកការត្រឹមត្រូវ ស្រវាទៅរកមិច្ឆាអាជីវៈ ១ ព្រោះមិនប្រមាណភោជនាហារ បើនឹងប្រកបផ្លូវប្រយោជន៍ ពេលដែលត្រូវរៀនបែរទៅប្រកបការរបរទាល់តែផុតពេលរៀន រាត្រឡប់មករករៀនវិញ ព្រោះមិនដឹងកាលបើនឹងសេពគប់មិត្តភក្តិ ក៏សេពគប់តែបាបមិត្ត គឺទៅចូលដៃតែនឹងពួកចោរនិងពួកក្បត់ ព្រោះមិនដឹងបុគ្គល បើនឹងចូលជំនុំចំណោមក៏ធ្វើកិរិយាច្រងេងច្រងាង ឆ្គាំឆ្គងដោយកាយវាចាជាដើម ព្រោះមិនដឹងបរិសទ្យ។
១១- សុភាសិត
មនុស្សល្ងង់ខ្លៅដូចវែកដួសសម្ល ក៏ឯវែកនោះទោះត្រាំនៅក្នុងសម្លជានិច្ច វែកសូម្បីនឹងដែលដឹងថា សម្លនេះសាប សម្លនេះប្រៃដូច្នេះក៏គ្មានឡើយ ដូចមនុស្សល្ងង់ខ្លៅមិនដឹងរសធម៌៧ប្រការហើយ នឹងមិនដឹងបាបបុណ្យគុណទោសដូចវែកដែរ។ ម្យ៉ាងទៀតមនុស្សល្ងង់ខ្លៅដូចគោ ឯសត្វគោតែងតែត្រេកត្រអាលនឹងស៊ីស្មៅ ហើយនិងសេពមេថុនប៉ុណ្ណោះ ឥតមានឧបាយប្រាជ្ញាណាមួយនឹងដោះខ្លួនឱ្យរួចពីការបម្រើម្ចាស់នោះឡើយ មនុស្សល្ងង់ដូចគោដែរ ត្រេកត្រអាលតែក្នុងកាមគុណជំហរតែខាងស៊ីនិងសេពមេថុន ឥតមានឧបាយប្រាជ្ញាណាមួយនឹងពិចារណារើរលាស់ខ្លួនឱ្យរួចចាកវដ្ដសង្សារ ដែលវិលកើតវិលស្លាប់នោះឡើយ។
១២- វិនាសប្រយោជន៍
ក្លាក់របស់មនុស្សល្ងង់ខ្លៅ តែងធ្វើប្រយោជន៍របស់ខ្លួនឱ្យវិនាសយ៉ាងនេះ ប្រសិនបើមានបុគ្គលដទៃទៅសេពគប់ផង ក៏តែងណែនាំគេឱ្យវិនាសប្រយោជន៍ដូចខ្លួនដែរ ហេតុដូច្នោះអស់ទាំងលោកអ្នកគប្បីធុញទ្រាន់នឹងសេចក្ដីល្ងង់ខ្លៅកុំឱ្យមាននៅក្នុងបន្ទុក ត្រូវតែមានខ្នះខ្នែងដោយឧបាយបំបរបង់ចោលនូវសេចក្ដីល្ងង់ខ្លៅឱ្យខ្ចាត់ខ្ចាយចេញ ដោយរហ័សរួសរាន់ ការដែលគិតនឹងបន្ទោបង់ល្ងង់ខ្លៅ នោះតោងប្រតិបត្តិតាមសេចក្ដីបញ្ញត្តិខាងដើម កុំឱ្យឃ្លៀងឃ្លាត។
១៣- ចម្រើនប្រយោជន៍
តំបន់ណាមួយដែលឃើញទោសក្នុងការល្ងង់ខ្លៅហើយ ទំនុកបម្រុងសាលារៀនតែងបញ្ជូនកុមារ ឱ្យចូលរៀនតាមបញ្ញត្តិរបស់រាជការ តែ១តំណ ២តំណទៅ តំបន់នោះសឹងដ៏ដេរដាសទៅដោយអ្នកចេះដឹង អ្នកចេះដឹងនេះហើយដែលជាអ្នកលើកវិជ្ជាឱ្យរុងរឿង ជាអ្នកលើកស្រុកទេសឱ្យថ្កុំថ្កើង ជាអ្នកលើកទ្រព្យសម្បត្តិឱ្យស្ដុកស្ដម្ភ ជាអ្នកលើកប្រយោជន៍ក្នុងឥធលោកនិងបរលោកឱ្យវិសេសវិសាល។
១៤- សប្បុរិសធម៌
អ្នកចេះដឹងជាអ្នកកាន់ធម៌៧ប្រការដែលឈ្មោះថា សប្បុរិសធម៌ ៗនេះ បានរៀបរាប់ខាងដើមរួចហើយ ចំណែកខាងមិនដឹង ឥឡូវនេះនឹងពណ៌នា ចំណែកខាងដឹងដូចមានសេចក្ដីតទៅនេះ ១- ដឹងហេតុ គឺដឹងថា អំពើនេះជាហេតុនាំយកសេចក្ដីទុក្ខមកឱ្យ អំពើនេះជាហេតុនាំយកសេចក្ដីសុខមកឱ្យ ដឹងយ៉ាងនេះហើយអាចនឹងឱ្យសន្សំយកតែហេតុដែលល្អៗ ២- ដឹងផល គឺដឹងថាសេចក្ដីទុក្ខមកពីផលទុច្ចរិត សេចក្ដីសុខមកពីផលសុចរិត ដឹងយ៉ាងនេះហើយអាចនឹងឱ្យធ្វើតែអំពើសុចរិត ដើម្បីនឹងទទួលផលសុខ ៣- ដឹងប្រមាណខ្លួន គឺដឹងថា ខ្លួញអញមានជាតិត្រកូលវ័យចំណេះវិជ្ជាទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះយសសក្តិត្រឹមប៉ុណ្ណេះ ដឹងយ៉ាងនេះហើយអាចនឹងឱ្យមានសណ្ដាប់ធ្នាប់ចេះឱនលំទោនគោរពគួរសមនឹងលោកអ្នកប្រាជ្ញ លោកអ្នកធំ ៤- ដឹងប្រមាណភោជនាហារគឺដឹងថា ស្វែងរកអាហារបានមកយ៉ាងនេះ បរិភោគទៅប្រកបដោយទុក្ខ បានមកយ៉ាងនេះបរិភោគទៅប្រកបដោយសុខ ដឹងយ៉ាងនេះហើយអាចនឹងឱ្យស្វែងរករបរដោយត្រឹមត្រូវ វៀរការចិញ្ចឹមជីវិតខុស ៥- ដឹងកាល គឺដឹងលៃពេលថា ពីក្មេងខំរៀនចំណេះវិជ្ជាទៅទល់នឹងអាយុ២៥ឆ្នាំ ដល់កណ្ដាលអាយុខំសន្សំទ្រព្យសម្បត្តិដែលគួរនឹងគន្លងធម៌ ដល់ខ្លួនចាស់ខំសង្រួមរិះរកធម៌អាថ៌ជាគ្រឿងទ្រង់របស់ខ្លួន ដឹងពេលយ៉ាងនេះហើយខំប្រកបឱ្យត្រឹមត្រូវតាមដឹង ដើម្បីចម្រើនខ្លួនតាំងពីលោកនេះរហូតទៅលោកខាងមុខ ៦- ដឹងបុគ្គល គឺដឹងថា នេះជាមនុស្សពាល នេះជាបណ្ឌិត ការសេពគប់នឹងមនុស្សពាលជាការនាំខ្លួនឱ្យវិនាស សេពគប់នឹងបណ្ឌិតរមែងនាំខ្លួនឱ្យបានសេចក្ដីសុខចម្រើនគ្រប់យ៉ាង ដឹងយ៉ាងនេះហើយ អាចនឹងឱ្យគិតជ្រើសរើសរកសេពគប់តែនឹងពួកបណ្ឌិត ដើម្បីផលប្រយោជន៍២ប្រការ គឺឥធលោកនិងបរលោក ៧- ដឹងបរិសទ្យ គឺដឹងថា ប្រជុំជននេះ កាលអញចូលទៅរកនឹងប្រព្រឹត្តដោយកាយដូច្នេះ ដោយវាចាដូច្នេះ ដោយចិត្តដូច្នេះជាដើម ដឹងយ៉ាងនេះហើយអាចនឹងធ្វើខ្លួនឱ្យមានតម្លៃក្នុងទីប្រជុំជន ចៀសចាកសំណើចនិងតំណិះដំនៀលគ្រប់យ៉ាងទៅបាន។
១៥- សុភាសិត
អ្នកចេះដឹងដូចអណ្ដាតអាចដឹងរសជាតិ ចំណែកឯអណ្ដាតនោះទោះ រសជាតិអ្វីៗមួយមកប៉ះពាល់ហើយ អាចនឹងដឹងបានថាសាបប្រៃជាដើមក្នុងមួយរំពេច ធម្មតាអ្នកចេះដឹងអាចដឹងនូវសប្បុរិសធម៌៧ប្រការ មានដឹងហេតុជាដើមដោយប្រាជ្ញា។ ម្យ៉ាងទៀតអ្នកចេះដឹងមិនសូវត្រេកត្រអាល ដោយអំពើដែលធ្វើទៅហើយរមែងឱ្យផលអាក្រក់ ដូចជាខ្សែចងរឹតរួតខ្លួនឱ្យជាប់នូវក្នុងសង្សារវដ្ត ជាអ្នកមានស្មារតីភ្ញាក់រឭកកំណត់បណ្ដេញបង់នូវសេចក្ដីលោភនិងអាក់អន់ចិត្តក្នុងលោក ដូចសេះដ៏ចម្រើនគឺនាយសារថីទូន្មានហើយ មានស្មារតីភ្ញាក់រឭកប្រុងខ្លួនការពារនូវរំពាត់មិនឱ្យធ្លាក់ចុះលើខ្លួនបាន។
១៦- ការចម្រើនចំណេះវិជ្ជា
អ្នករៀនចំណេះវិជ្ជាចង់ចេះដឹងច្រើន គប្បីប្រកបអង្គ៤ប្រការ ឱ្យបានអង្គ៤នោះ គឺ សុ. ចិ. បុ. លិ.។ សុ សុណេយ្យ គប្បីស្ដាប់ ចិ ចិន្ដេយ្យ គប្បីគិត បុ បុច្ឆេយ្យ គប្បីសួរ លី លិក្ខេយ្យ គប្បីកត់ត្រា អង្គទាំង៤នេះ ជាអង្គរបស់អ្នកប្រាជ្ញគឺថា អ្នករៀនសូត្រលុះតែប្រកបដោយអង្គ៤នេះ ទើបបានជាអ្នកចេះដឹង បើប្រាសចាកអង្គ៤នេះហើយ ទោះរៀនតាំងពីក្មេងដល់ចាស់ផងក៏ពុំចេះដឹងឡើយ។
១៧- គុណវិជ្ជា
អ្នកចេះចំណេះវិជ្ជាមានចេះបឋមវិជ្ជាជាដើម មិនដែលធ្លាក់ខ្លួនចុះទៅជាមនុស្សកាប់គាស់សែងលីដោយកម្លាំង មិនដែលឱនថយទៅជាមនុស្សស្អុយឈ្មោះឥតយសសក្តិ មិនដែលសៀបព្រៀបដល់ស្ពាយសម្ពាយដើរតាមក្រោយអ្នកដទៃ មិនដែលខ្វះខាតញាតិមិត្តខ្សត់អត់ឃ្លានឡើយ។ អ្នកដែលចេះដឹងគឺចំណេះឯង តែងយឺតយោងអន្ទងដឹកនាំឱ្យឈ្លាសវៃវាង ទោះនៅក្នុងស្រុកស្រែចម្ការក៏តែងចេះធ្វើស្រែចម្ការដោយគំនិតប្រាជ្ញា ឱ្យកើតផលប្រយោជន៍បរិបូណ៌ទៅបានមិនទាល់ក្រ រមែងមានកេរ្តិ៍ឈ្មោះក្រអូបជាអ្នកល្បីល្បាញខ្ចរខ្ចាយសព្វស្រុក ទោះដើរទៅកាន់ស្ថានណាមិនដាក់អង្ករទៅផងក៏មិនដែលអត់ឃ្លានឡើយ រមែងបានយសសក្តិអំពីសម្នាក់ស្ដេចនិងនាហ្មឺនធំ ច្រើនរុងរឿងជាអ្នកដើរមុខអ្នកដទៃ ហើយជាអ្នកចិញ្ចឹមគេឯងផង តែងតែបរិបូណ៌ញាតិមិត្តចោមរោមពឹងពរចំណេះ ច្រើនមានលាភមិនដែលខ្វះកន្លះ ច្រើនពេញលេញទៅដោយសេចក្ដីអំណរ ទោះស្រុកអំណត់អត់ឃ្លានយ៉ាងណា គង់មានញាតិមិត្តជួយឧបត្ថម្ភគាំទ្រ ដោយអាហារនិងសម្លៀកបំពាក់ ទោះមានគ្រោះថ្នាក់ដល់ជាប់ទោសទុក្ខ គង់បានរួចជាសុខវិញក៏មាន ពាក្យដែលថាជាប់ទោសនោះជាពាក្យថាក្រែងទៅទេ តាមពិតនោះមិនដែលមានទោសអ្វីដូច្នោះ ព្រោះអ្នកចេះដឹងជាអ្នកមានភ្នែកភ្លឺសព្វសាយ វិស័យអ្នកមានភ្នែកភ្លឺមិនដែលដើរទៅជាន់បន្លា ដែលខ្លួនមើលឃើញច្បាស់នោះទេ ដូចព្រះសម្មាសម្ពុទ្ធ ព្រះអង្គជាអ្នកប្រាជ្ញធំក្នុងលោក ព្រះអង្គមានចក្ខុភ្លឺក្រៃលែងលោកហើយនៅពីលើ ដូចនៅលើកំពូលភ្នំអាចក្រឡេកមើលឃើញគ្រប់ទិសឥតកំបាំង អំណាចមិនកំបាំងដូច្នោះ បានជាព្រះអង្គជម្រុះចោលអាក្រក់ទុកតែល្អ ចោលខុសទុកតែត្រូវ បន្សាត់បង់ទុក្ខយកតែសុខម្យ៉ាង អ្នករៀនសូត្រតាមពាក្យប្រៀនប្រដៅរបស់ព្រះអង្គ រមែងគ្មានជាប់ទោសដូច្នោះទេ កុំថាដល់ទោសធ្ងន់សូម្បីគ្រាន់តែឈ្លោះប្រកែក ឬកើតក្ដីក្ដាំងជាប់កំណោះបន្តិចបន្តួចក៏មិនគប្បីមានដល់អ្នកភ្នែកភ្លឺនោះឡើយ។
១៨- ផលប្រយោជន៍វិជ្ជា
មានទ្រព្យពុំស្មើនឹងមានវិជ្ជា ទ្រព្យសម្បត្តិតែងវិនាសទៅដោយហេតុផ្សេងៗ ឯវិជ្ជាដែលចេះដឹងហើយឥតមានវិនាសចោរលួចយកពុំបាន អ្នកមានចំណេះវិជ្ជារមែងមានលាភ អំពីមហាក្សត្រ ពីនាហ្មឺនសព្វមុខមន្រ្តី ពីសេដ្ឋីគហបតី និងអំពីអ្នកស្រុកផងគ្នាតែងបូជា មិនតែប៉ុណ្ណោះ ទោះទេព្ដាក៏តែងជួយទំនុកបម្រុងមិនសូវមើលបំណាំ។ អ្នកដែលចេះចំណេះវិជ្ជាមិនមែនមានផលប្រយោជន៍តែប៉ុណ្ណេះទេ នៅមានច្រើនជាអនេកទៅទៀត មិនអាចនឹងនាំយកមករៀបរាប់ឱ្យអស់បាន នាំមកដំណាលប៉ុណ្ណេះនេះ គ្រាន់តែនឹងពន្យល់អស់លោក- អ្នកឱ្យពេញចិត្ត ឱ្យមានគំនិតគិតប្រាថ្នាចំណេះវិជ្ជាដល់ខ្លួននិងកូនចៅផៅសន្ដានឱ្យចេះដឹងគ្រប់ៗគ្នាទៅ។
វ័យបឋម ឱ្យខំរៀនវិជ្ជា សង្ខេបតែប៉ុណ្ណេះ។
១៩- មជ្ឈិមវ័យ
កាលបើបឋមវ័យកន្លងផុតចូលក្នុងមជ្ឈិមវ័យហើយ អស់លោកអ្នកគប្បីខំសន្សំរកធនធានគឺទ្រព្យសម្បត្តិ ចំណែកឯទ្រព្យសម្បត្តិនោះមាន២ប្រការគឺ ទ្រព្យមានវិញ្ញាណ ១ ទ្រព្យឥតវិញ្ញាណ ១ ទ្រព្យមានវិញ្ញាណនោះមាន គោ ក្របី ដំរី សេះ ជាដើម ទ្រព្យឥតវិញ្ញាណនោះមានកេរ្តិ៍អាករ ផ្ទះសម្បែង ប្រាក់ មាស ពេជ្រ ជាដើម ទ្រព្យរបស់ទាំងអម្បាលនោះ គប្បីខំរកឱ្យបានក្នុងមជ្ឈិមវ័យនោះ ព្រោះថាទ្រព្យទាំងនោះ បើឈ្មោះណាមិនខំរកឱ្យបានមានគ្រប់គ្រាន់ទេ ឈ្មោះនោះនឹងធ្វើខ្លួនឱ្យរុងរឿងឡើងពុំបាន ព្រោះខ្វះខាតជានិច្ច កាលណាបើខ្លួនមិនរុងរឿងដូច្នោះហើយ សេចក្ដីរំខានទុក្ខព្រួយក៏កើតមានព្រមក្នុងកាលនោះ បើសេចក្ដីព្រួយកើតឡើងរឿយៗហើយ នឹងធ្វើចិត្តឱ្យស្ងប់រម្ងាប់ដើម្បីប្រយោជន៍ទៅពុំបាន សមដូចមានសុភាសិតថា មនុស្សខ្ជិលមានវិជ្ជាពីណា គ្មានញាតិមិត្របានសេចក្ដីសុខមកពីណា គ្មានសេចក្ដីសុខធ្វើម្ដេចនឹងសម្រេចប្រយោជន៍ បានសេចក្ដីថា មានឧស្សាហ៍រៀនសូត្រទើបមានវិជ្ចា មានវិជ្ចាទើបមានទ្រព្យសម្បត្តិ មានទ្រព្យសម្បត្តិទើបមានញាតិមិត្ត មានញាតិមិត្តទើបបានសេចក្ដីសុខ មានសេចក្ដីសុខហើយទើបធ្វើឱ្យចិត្តស្ងប់រម្ងាប់ទៅបាន សេចក្ដីស្ងប់រម្ងាប់នេះហើយ ដែលជាទំនងនឹងធ្វើឱ្យសម្រេចប្រយោជន៍គ្រប់មុខទៅងាយ។ ហេតុសុភាសិតដូច្នេះ អស់លោកអ្នកគប្បីខំប្រឹងប្រែងធ្វើឱ្យមានឧស្សាហ៍ជាដើម ជាការសម្រួលឱ្យកើតទ្រព្យសម្បត្តិជាដើមតាមសុភាសិតនេះ។ ទ្រព្យសម្បត្តិមានបរិបូណ៌ហើយបានសេចក្ដីសុខដែរ ប៉ុន្តែជាសេចក្ដីសុខមានប្រមាណតិចតួចទេ តែលោកអ្នកប្រាជ្ញបុរាណលោកតែងយកសេចក្ដីសុខមានប្រមាណតិចនោះ ជាថ្នូរដូរយកសេចក្ដីសុខដែលមានប្រមាណច្រើន ពោលគឺសេចក្ដីសុខក្នុងព្រះនិព្វានពិត។
២០- អសារសូត្រ
របស់ដែលឥតខ្លឹមសារនោះមាន៣ប្រការគឺ ភោគសម្បត្តិជារបស់ឥតខ្លឹម ១ តែលោកអ្នកមានឧបាយគប្បីធ្វើឱ្យទៅជាមានខ្លឹមវិញបាន រាងកាយយើងគេជារបស់ឥតខ្លឹម ១ តែលោកអ្នកមានឧបាយគប្បីធ្វើឱ្យទៅជាមានខ្លឹមវិញបាន និងអាយុជីវិតជារបស់ឥតខ្លឹម ១ តែលោកអ្នកមានឧបាយគប្បីធ្វើឱ្យទៅជាមានខ្លឹមវិញបាន។
២១- ភោគសម្បត្តិឥតខ្លឹម
ដែលថាទ្រព្យសម្បត្តិឥតខ្លឹមនោះ ព្រោះទ្រព្យមានវិញ្ញាណឥតវិញ្ញាណទាំងអស់ជាទ្រព្យសម្រាប់វិនាសអន្តរាយទៅដោយហេតុផ្សេងៗ គឺវិនាសដោយទឹកលិចខ្លះ ភ្លើងឆេះខ្លះ ចោរលួចប្លន់ខ្លះ ស្ដេចរឹបជាន់ខ្លះ បើមិនវិនាសដោយហេតុទាំងនោះទេ តែដល់ខ្លួនធ្វើមរណកាលទៅក៏យកទៅផងពុំបាន ទ្រព្យទាំងនេះនៅក្នុងកណ្ដាប់ដៃរបស់អ្នកដទៃខាងអាយទាំងអស់ ហេតុនេះបានជាថា ទ្រព្យសម្បត្តិឥតខ្លឹមសារ ដែលថាគប្បីធ្វើឱ្យទៅជាមានខ្លឹមវិញ នោះគប្បីចំណាយទ្រព្យនោះឱ្យទៅជាទានក្នុងព្រះពុទ្ធសាសនា ទុកជាកំណប់បុណ្យព្រេងទៅមុខ កំណប់បុណ្យនេះវិសេសជាជាងកំណប់ធម្មតាច្រើនណាស់ កំណប់ធម្មតាតែងតែវិនាសទៅដោយហេតុផ្សេងៗដែរ បើមិនវិនាសទៅដោយហេតុទាំងនោះ ក៏គង់តែ១នៅជា១ដដែល ឯកំណប់បុណ្យនេះមិនមែនដូច្នោះទេ ឥតមានវិនាសដោយហេតុណាមួយឡើយ ហើយបើដល់ឱ្យផលឡើង មួយចម្រើនជារយពាន់ម៉ឺនសែនលានកោដិទៅបាន ហើយតែងឱ្យផលជាអនេកជាតិផងទៀត មិនតែប៉ុណ្ណោះកំណប់បុណ្យនោះ ជាបច្ច័យអាចនឹងធ្វើសង្សារទុក្ខឱ្យរលត់ទៅបានក្នុងអនាគត បានជាថាទ្រព្យសម្បត្តិឥតខ្លឹម គប្បីធ្វើឱ្យទៅជាមានខ្លឹមវិញយ៉ាងនេះ។
២២- រាងកាយឥតខ្លឹម
ដែលថារាងកាយជារបស់ឥតខ្លឹមនោះ ព្រោះរាងកាយនេះសឹងប្រជុំព្រមដោយអាការៈ៣២ប្រការ មានសក់ជាដើម អាការៈទាំងនោះសុទ្ធតែជាគ្រឿងទន់ជ្រាយផុយ នឹងរកអាការៈណាមួយឱ្យបានជាគ្រឿងមានខ្លឹមសារនោះគ្មានឡើយ ហើយបើដល់ខ្លួនស្លាប់ទៅ អាការៈទាំងនោះក៏ក្លាយទៅជាដីទឹកទាំងអស់ បានជាថារាងកាយឥតខ្លឹម ដែលថាគប្បីធ្វើឱ្យទៅជាមានខ្លឹមវិញនោះ គប្បីយករាងកាយដែលជារបស់ពុកផុយ ទៅបម្រើព្រះរត្នត្រ័យមិនថ្នាក់ថ្នមកាយខ្លាចនឿយហត់ឡើយ ខំខ្វល់ខ្វាយធ្វើវត្តប្រតិបត្តិគ្រប់ប្រការតាមពុទ្ធោវាទ យកកម្រៃជាថ្នូរដូរយកព្រះនិព្វានដែលជាស្ថានក្សេមផុតកើតផុតស្លាប់ បានជាថាធ្វើរាងកាយដែលឥតខ្លឹមឱ្យទៅជាមានខ្លឹមវិញដូច្នេះ។
២៣- អាយុជីវិតឥតខ្លឹម
ដែលថាអាយុជារបស់ឥតខ្លឹមនោះ ព្រោះអាយុជីវិតនេះតិចតួចស្ដួចស្ដើងពេកណាស់ អាយុជីវិតសព្វសត្វស្ថិតនៅត្រង់ដង្ហើមចេញចូលប៉ុណ្ណោះ ផ្លូវខ្យល់ដង្ហើមចេញចូលខាងលើត្រឹមក្ដោងច្រមុះ ខាងក្រោមត្រឹមផ្ចិត ប្រសិនណាបើមានវត្ថុអ្វីទៅរាំងស្ទាក់ឬកាត់ផ្ដាច់ផ្លូវខ្យល់នោះកាលណា អាយុជីវិតរបស់សត្វក៏ក្ស័យទៅក្នុងកាលណោះ បានជាថាអាយុជីវិតឥតខ្លឹម ដែលថាគប្បីធ្វើអាយុជិវិតឱ្យទៅជាមានខ្លឹមវិញនោះ គប្បីយកជីវិតថ្វាយចំពោះព្រះរត្នត្រ័យគឺ ដល់ត្រៃសរណគមន៍គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងជាទីរឭកស្មើដោយជីវិត គប្បីយកអាយុទៅប្ដូរចំពោះសីលគឺ រក្សាសីល៥ និងកុសលកម្មបថ១០ ស៊ូប្ដូរថាទុកជាអស់អាយុជីវិតមិនឱ្យដាច់សីលឡើយ យកកម្រៃសរណគមន៍និងសីលនេះឯង ឱ្យសម្រេចព្រះនិព្វានជាស្ថានផុតកងទុក្ខទាំងពួង បានជាថាគប្បីធ្វើអាយុជីវិតដែលឥតខ្លឹម ឱ្យត្រឡប់ទៅជាមានខ្លឹមសារយ៉ាងវិសេសវិញដូច្នេះ។ ហេតុនេះសាធុជនគប្បីខំសន្សំទ្រព្យសម្បត្តិឱ្យបានមានបរិបូណ៌ ដើម្បីប្ដូរយកខ្លឹមសារ បើគ្មានទ្រព្យបានអ្វីនឹងដូរយកសម្បត្តិសុខក្សេមក្សាន្ត។
២៤- ទ្រព្យប្រសើរ
ទ្រព្យសម្បត្តិលោកិយនេះមានប្រយោជន៍តែប៉ុណ្ណេះ បើយកទៅប្រៀបធៀបនឹងសម្បត្តិលោកុត្តរៈឃើញចាញ់ឈ្នះគ្នាច្រើនណាស់ ទ្រព្យលោកិយមានអន្តរាយទៅដោយហេតុផ្សេងៗ ដូចបានពោលរួចមកហើយ ឯទ្រព្យលោកុត្តរៈឥតមានអន្តរាយដោយហេតុអ្វីឡើយ ទ្រព្យលោកុត្តរៈនោះ ក៏សាធុជនត្រូវស្វែងរកក្នុងមជ្ឈិមវ័យនេះដែរ ទ្រព្យលោកុត្តរៈគឺ អរិយទ្រព្យបានសេចក្ដីថាទ្រព្យប្រសើរ ២ នោះ មាន ៧ ប្រការ គែ ១ សទ្ធា ២ សីល ៣ ហិរិ ៤ ឱតប្បៈ ៥ សុភៈ ៦ ចាគៈ ៧ បញ្ញា ធម៌ ៧ នេះឈ្មោះថាទ្រព្យប្រសើរ។
២៥ -សទ្ធា
សទ្ធា សេចក្ដីជឿៗនោះ មិនមែនជឿសភាវៈដទៃ ជឿនោះគឺជឿចំពោះគុណរបស់ព្រះរត្នត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ សេចក្ដីជឿនោះមានមិនជឿខ្លះជាកម្លាំង ដែលថាមិនជឿខ្លះជាកម្លាំងនោះ គឺមិនជឿសភាវៈដទៃ ដូចទេវតា មារ ព្រហ្មជាដើមថា មិនមែនមានគុណវិសេសស្មើនឹងព្រះរត្នត្រ័យ ឬដូចខ្មោចបិសាចមានបន់ស្រន់ សែនព្រេន បង្កក់ ប្រសិទ្ធជាដើមថា មិនស្មើដោយកម្លាំងរបស់កម្ម អ្នកកាន់ព្រះពុទ្ធសាសនាមានមិនជឿយ៉ាងនេះខ្លះ ទើបបានធ្វើចិត្តឱ្យជឿមាំក្នុងគុណវិសេសរបស់ព្រះរត្នត្រ័យជាក់លាក់ បើតាំងចិត្តជឿទាំងអស់ ឯនេះក៏ជឿ ឯនោះក៏ជឿ មិនឈ្មោះថាសទ្ធាពេញលេញឡើយ ជឿដែលមាំនោះគឺជឿគុណវិសេសរបស់ព្រះរត្នត្រ័យថា គ្មានវត្ថុអ្វីស្មើបាន ព្រោះជាវត្ថុផុតទុក្ខទាំងពួងដោយប្រពៃ ជឿថាមាតាបិតានិងលោកគ្រូអាចារ្យមានគុណលើខ្លួនមែន ព្រោះបង្កើតហើយបីបាច់រក្សានិងប្រៀនប្រដៅធម៌វិន័យ ជឿអំពើល្អ អំពើអាក្រក់ថាឱ្យសុខឱ្យទុក្ខមែន ឯសភាវៈដទៃឱ្យសុខឱ្យទុក្ខមិនបានទេ ព្រោះមិនស្មើដោយកម្លាំងកម្ម ជឿយ៉ាងនេះទើបឈ្មោះថាសទ្ធាមាំ។
២៦- សុភាសិត
ក្នុងលោកនេះ សទ្ធាជាទ្រព្យប្រសើររបស់បុរស (ប្រុសស្រី) ធម៌ (សុចរិត) ដែលបុគ្គលសន្សំល្អតែងនាំយកសេចក្ដីសុខមកឱ្យ ពាក្យសត្យ (គឺពាក្យពិតពាក្យមែន) មានរសឆ្ងាញ់ពិសាលើសលប់ជាងរបស់ទាំងឡាយ បណ្ឌិតលោកពោលថា អ្នករស់នៅដោយបញ្ញា ឈ្មោះថាអ្នកចិញ្ចឹមជីវិតថ្កើងប្រសើរ។ ព្រះយោគាវចរឆ្លងអន្លង់[២] បានដោយសទ្ធាឆ្លងសមុទ្ទ[៣] បានដោយមិនប្រហែសធ្វេស កន្លងចាកកងទុក្ខបានដោយព្យាយាម[៤] ហ្វឹកហ្វឺនខ្លួនឱ្យបរិសុទ្ធបានដោយបញ្ញា។
២៧- សីល
សីល គឺកិរិយាសង្រួមកាយវាចាឱ្យសុភាពរាបសាហើយ វៀរចាកទោសផ្សេងៗ គឺរក្សាសីល៥ សីល៨ និងកុសលកម្មបថ១០ ឱ្យបរិសុទ្ធបរិបូណ៌ សីល៥នោះប្រឹងប្រែងរក្សាឱ្យជាប់ជានិច្ច ហៅថានិច្ចសីលក៏បាន សីល៨នោះតាំងរក្សាតាមកាលកំណត់ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ត ហៅថា ឧបោសថសីលក៏បាន ឯកុសលកម្មបថនោះប្រឹងប្រែងប្រព្រឹត្តឱ្យគ្រប់គ្រាន់ជាវិន័យរបស់ខ្លួនជានិច្ចដែរ កុសលកម្មបថនោះនឹងមានពណ៌នាទៅខាងមុខ សីលនេះមិនមែនមានតែប៉ុណ្ណេះទេ នៅមានសិក្ខាបទ១០ ជាសីលលោកសាមណេរឬឧបាសកឧបាសិកាក៏កាន់សីល១០នេះបានដែរ នៅមានចតុបារិសុទ្ធិសីលរបស់លោកភិក្ខុផងទៀត ចតុបារិសុទ្ធិសីលនោះមាន៤ គឺបាតោមោក្ខសំវរសីល ១ ចំណែកខាងរក្សាសិក្ខាបទ២២៧ ក្នុងបាតិមោក្ខ ឥន្ទ្រិយសំវរសីល ១ ចំណែកខាងសង្រួមឥន្ទ្រិយ ៦ មានភ្នែកជាដើម អាជីវបារិសុទ្ធិសីល ១ ចំណែកខាងចិញ្ចឹមជីវិតដោយអាហារដ៏បរិសុទ្ធគឺ វៀរចាកអនេសនា២១ប្រការជាដើម បច្ចយសន្និស្សិតសីល ១ ចំណែកខាងពិចារណាបច្ច័យ ៤។ សីលទាំងអស់នេះនាំមកដំណាលតែគោលដើមគ្រាន់តែជាដំណឹងដល់លោកអ្នកសិក្សា បើចង់ឱ្យច្បាស់លាស់គប្បីសិក្សាក្នុងអគារវិន័យនិងអនាគារវិន័យឯណោះចុះ។ អំពីនេះនឹងរៀបរាប់អំពីគុណរបស់សីលតទៅ លោកអ្នករក្សាសីលមានសីល៥ជាដើម បានខំប្រឹងប្រែងរក្សាឱ្យបរិសុទ្ធហ្មត់ចត់ហើយ ជាគុណអាចនឹងបណ្ដុះបង្កើតកុសលធម៌ទាំងពួង មានឥន្ទ្រិយ៥ជាដើមឱ្យដុះលូតលាស់ឡើងក្នុងសន្ដានចិត្ត ឥន្ទ្រិយ៥នោះគឺ
២៨- សុភាសិត
ជនណាប្រកបដោយបញ្ញាបានស្ថិតនៅក្នុងសីលហើយ បានចម្រើននូវសមាធិសិក្ខានិងបញ្ញាសិក្ខា ជាអ្នកមានព្យាយាម ដុតរោលកិលេស មានប្រាថ្នាចាស់ខ្លាបានឃើញភ័យក្នុងសង្សារវដ្ដ ជននោះទើបគួរនឹងកាប់ឆ្ការញាតស្បាតគឺតណ្ហានេះ (ឱ្យដាច់ស្រឡះទៅបាន)។ សីលញ៉ាំងប្រយោជន៍ឱ្យសម្រេចដរាបដល់ចាស់ជរា សទ្ធាតាំងមាំហើយ ញ៉ាំងប្រយោជន៍ឱ្យសម្រេចបាន បញ្ញាជាដួងកែវនៃជនទាំងឡាយ បុណ្យពួកចោរលួចយកមិនបាន។
២៩- ហិរិ
ហិរិ សេចក្ដីអៀនខ្មាសបាបអំពើទុច្ចរិត ដែលជាធម៌ល្អក់អាក្រក់ក្រៃលែង ទុច្ចរិតនោះមាន១០ប្រការគឺ សម្លាប់សត្វមានជីវិត ១ លួចទ្រព្យអ្នកដទៃ ១ លួចប្រពន្ធកូនអ្នកដទៃ ១ អំពើទាំង ៣ នេះឈ្មោះថាកាយទុច្ចរិតអាក្រក់ដោយកាយ ពោលពាក្យកុហក ១ ពោលពាក្យញុះញង់បំបែកមិត្តអ្នកដទៃ ១ ពោលពាក្យទ្រគោះគំរោះគំរាមជេរ ១ ពោលពាក្យរោយរាយឥតប្រយោជន៍ក្រៅធម៌ ១ ពាក្យទាំង៤នេះឈ្មោះថា វចីទុច្ចរិតអាក្រក់ដោយពាក្យសម្ដី គិតលោភបង្អោនយកទ្រព្យអ្នកដទៃ ១ គិតគុំគួនធ្វើមនុស្សនិងសត្វឱ្យវិនាស ១ គិតយល់ឃើញ[៥]ខុស ១ គំនិតទាំង ៣ នេះឈ្មោះថាមនោទុច្ចរិតអាក្រក់ដោយចិត្ត អំពើទុច្ចរិតទាំង១០នេះ ជាកម្មប្រកបដោយកាយ៣ ដោយពាក្យសម្ដី៤ ដោយចិត្ត៣ រួមជាកម្ម១០ ហៅថាអកុសលកម្មបថ ប្រការដូច្នេះវិញក៏បាន។
៣០- ឱត្តប្បៈ
ឱត្តប្បៈ សេចក្ដីតក់ស្លុតឬខ្លាចបាបអំពើទុច្ចរិតដែរ សេចក្ដីអៀនខ្មាសបាប និងសេចក្ដីតក់ស្លុតខ្លាចបាបនេះហើយ ដែលជាធម៌យឹតយោងអន្ទងអ្នកកាន់ព្រះពុទ្ធសាសនា ឱ្យរំលៀកខ្លួនលាកលះអំពើទុច្ចរិតចេញ ទៅតម្កល់ខ្លួនក្នុងអំពើសុចរិតវិញដោយប្រពៃ ឯអំពើសុច្ចរិតនោះក៏មាន១០ប្រការដូចគ្នាដែរ គឺវៀរសម្លាប់សត្វមានជីវិត ១ វៀរលួចទ្រព្យអ្នកដទៃ ១ វៀរលួចប្រពន្ធកូនអ្នកដទៃ ១ អំពើទាំង៣នេះឈ្មោះថា កាយសុចរិត ល្អដោយកាយ វៀរពោលពាក្យកុហក ១ វៀរពោលពាក្យញុះញង់បំបែកមិត្តអ្នកដទៃ ១ វៀរពោលពាក្យទ្រគោះគំរោះគំរាមជេរ ១ វៀរពោលពាក្យរោយរាយឥតប្រយោជន៍ក្រៅធម៌ ១ ពាក្យទាំង៤នេះ ឈ្មោះថា វចីសុចរិត ល្អដោយពាក្យសម្ដី វៀរគិតលោភបង្អោនយកទ្រព្យអ្នកដទៃ ១ វៀរគិតគុំគួនធ្វើមនុស្សនិងសត្វឱ្យវិនាស ១ ជាសម្មាទិដ្ឋិ [៦] យល់ឃើញត្រូវ ១ គំនិតទាំង៣នេះឈ្មោះថា មនោទុច្ចរិតល្អដោយចិត្ត អំពើសុចរិតទាំង១០ ជាកម្មប្រកបដោយកាយ៣ ដោយពាក្យសម្ដី៤ ដោយចិត្ត៣ រួមជា១០ ឈ្មោះថាកុសលកម្មបថ១០ប្រការវិញក៏បាន។
៣១- ហិរិឱត្តប្បៈ
ធម៌គឺហិរិនិងឱត្តប្បៈនេះ ជាធម៌មានប្រយោជន៍ច្រើនក្នុងលោក មិនមែនគ្រាន់តែធ្វើអ្នកប្រតិបត្តិឱ្យរំកិលខ្លួន ចេញចាកទុច្ចរិតទៅតម្កល់ក្នុងសុចរិតប៉ុណ្ណោះទេ ដូចសីលជាទីតាំងរបស់កុសលធម៌ មានឥន្ទ្រិយ៥ជាដើម ដូចបានពោលរួចមកហើយ ចំណែកឯហិរិនិងឱត្តប្បៈនេះក៏ជាទីតាំងរបស់យើងដែរ ព្រោះថា អ្នករក្សាសីល លុះតែមានហិរិនិងឱត្តប្បៈនេះទើបសីលបរិសុទ្ធបាន បើបុគ្គលណាប្រាសចាកធម៌នេះ គឺគ្មានរអែងគ្មានញញើតហើយ បុគ្គលនោះមុខជាដេកត្រាំក្នុងទុច្ចរិត១០នោះមិនខាន បុគ្គលណាននៀលក្នុងអំពើទុច្ចរិតមិនក្រោក បុគ្គលនោះទោះសមាទានសីលរាល់សីល ក៏មិនមែនបានសីលបរិសុទ្ធឡើយ ហេតុនេះសាធុសប្បុរសគប្បីរំពឹងពិចារណាឱ្យឃើញដើមធម៌នេះថា ហិរិនិងឱត្តប្បៈជាទីតាំងរបស់សីល ៗ ជាទីតាំងរបស់កុសលធម៌ទាំងឡាយទាំងអស់។ ម្យ៉ាងទៀត សប្បុរសដែលមានខ្មាសបាបខ្លាចបាបហើយ អាចឱ្យមានសង្រួម សង្រួមហើយអាចឱ្យមានសីលបរិសុទ្ធ មានសីលបរិសុទ្ធហើយ អាចឱ្យមានសមថកម្មដ្ឋាននិងសមថវិបស្សនា ធម៌សមថៈទាំង២នេះហើយដែលជាបង្កាន់ដៃ ជាកម្លាំងព្រះយោគាវចរចាប់សសៀរទៅកាន់ខ្សែអរិយមគ្គដែលជាធម៌សម្រាប់ស្រោចស្រង់សត្វដរាបដល់ព្រះអរហត្តផល ហេតុនេះសប្បុរសទាំងពួងគប្បីប្រាថ្នាធម៌ទាំងពីរនេះទុកជាគ្រឿងក្រសោបផ្អោបធម៌ទាំងអស់។
៣២- សុភាសិត
ជនទាំងឡាយឯណាដែលមានសតិតាំងនៅគ្រប់ពេលវេលា ជនទាំងឡាយនោះរមែងបន្ទោបង់នូវសេចក្ដីអាក្រក់ ដោយសេចក្ដីអៀនខ្មាសដល់ចិត្តបាន ជនពួកនោះដល់នូវទីបំផុតនៃទុក្ខហើយ រមែងត្រាច់ទៅដោយរបៀបរយក្នុងលោកដែលមិនរាបស្មើបាន។
បុគ្គលដែលប្រកបដោយសេចក្ដីអៀនខ្មាសបាបនិងខ្លាចបាប តម្កល់ដោយធម៌មានពណ៌ដ៏ស ជាអ្នកស្ងប់រម្ងាប់ ដោយបុរសដ៏ល្អក្នុងលោក អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមពោលទុកថាជាទេវធម៌ ៗ ធ្វើមនុស្សឱ្យទៅជាទេវតា។
៣៣- សុតៈ
សុតៈ កិរិយាស្ដាប់ ៗ នោះគឺស្ដាប់ចំពោះធម៌វិន័យ ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះបរមគ្រូជាម្ចាស់ កិរិយាស្ដាប់នេះក៏ជាធម៌ថ្លៃថ្លាណាស់គួរកាន់យក ព្រោះការចេះដឹងធម៌អាថ៌ក្នុងព្រះពុទ្ធសាសនាឬច្បាប់សម្រាប់ស្រុក គតិលោក គតិធម៌ដល់តិចតួចនោះគ្មានឡើយ បុគ្គលមិនដែលបានរៀនបានស្ដាប់អ្វីសោះតែងធ្លាក់ចុះទៅជាបុគ្គលល្ងង់ឆ្គាំឆ្គង ទទឹងទទែង ចូលជំនុំមិនចុះ សាបសូន្យទទេ ប្រហែលគ្នានឹងសត្វតិរច្ឆាន ធម្មតាមនុស្សមានតែចំណេះដែលរៀន ដែលស្ដាប់នេះឯង នឹងធ្វើខ្លួនឱ្យវិសេសជាជាងសត្វតិរច្ឆាន បើគ្មានចេះដឹងសោះ បានអ្វីនឹងឱ្យប្លែកជាងនោះ សេចក្ដីចេះដឹងធម៌វិន័យច្បាស់ក្នុងការប្រតិបត្តិទាំងអស់ ក៏សម្រេចដោយកិរិយាស្ដាប់នេះដែរ ស្ដាប់នេះមានប្រយោជន៍៥យ៉ាងគឺ ធម៌អាថ៌ដែលមិនទាន់ចេះចាំនឹងបានចេះចាំឡើង ១ ធម៌ដែលចេះចាំហើយរឹងរឹតតែថ្នឹកស្ទាត់ឡើង ១ អាចនឹងធ្វើចិត្តឱ្យជ្រះថ្លាផូរផង់បាន ១ អាចនឹងបន្ទោបង់នូវសេចក្ដីសង្ស័យបាន ១ អាចនឹងធ្វើបាននូវសេចក្ដីយល់ឃើញឱ្យត្រូវត្រង់ទៅតាមធម៌វិន័យក៏ដោយសារស្ដាប់ប៉ុណ្ណេះឯង ១។
៣៤- សុភាសិត
បុគ្គលឯណា បានស្ដាប់នូវព្រះសទ្ធម្មរបស់ព្រះសាស្ដា (ដែលរាប់បញ្ចូល) ក្នុងពាក្យប្រៀនប្រដៅនៃព្រះពិជិតមារទាំងពួង បុគ្គលនោះរមែងមិនទៅកាន់ទុគ្គតិអស់សែនកប្ប។
សេចក្ដីស្ងប់ស្ងាត់ របស់អ្នកដែលត្រេកអរ (ក្នុងទីស្ងាត់) ជាអ្នកមានធម៌បានស្ដាប់ហើយ ពិចារណាឃើញ (នូវធម៌) នាំមកនូវសេចក្ដីសុខ។
៣៥- ចាគៈ
ចាគៈ ការបរិច្ចាគ ៗ នោះគឺលះបង់ឬចំណាយទ្រព្យរបស់ខ្លួនធ្វើទាន ការបរិច្ចាគលោកអ្នកប្រាជ្ញបូរាណធ្លាប់បរិច្ចាគដូច្នេះ ទ្រព្យរបស់ដែលបានដែលមានលោកចែកជា៤ចំណែកដោយភាគស្មើ ភាគទី១ លោកចំណាយចិញ្ចឹមខ្លួននិងភរិយាបុត្រជាប្រក្រតី ភាគទី២ លោកតម្កល់ទុកសម្រាប់ការពារក្រែងមានគ្រោះថ្នាក់កើតឡើង គ្រាន់នឹងចំណាយរំដោះគ្រោះ ភាគទី៣ លោកចំណាយជាជំនួញដែលគួរនឹងគន្លងធម៌គ្រាន់នឹងទប់ទល់សម្បត្តិរបស់ខ្លួន ភាគទី៤ លោកបរិច្ចាគជាទានក្នុងព្រះពុទ្ធសាសនាទុកជាបុញ្ញនិធិកំណប់បុណ្យព្រេង ទានក្នុងព្រះពុទ្ធសាសនាពោលតែទានដែលមានរបៀបនោះមាន៤ប្រការគឺ ចីវរទាន ឱ្យសំពត់មានស្បង់ចីពរជាដើម ១ បិណ្ឌបាតទាន ឱ្យអាហារមានបាយសម្លជាដើម ១ សេនាសនទាន ឱ្យទីអាស្រ័យមានកុដិអារាមជាដើម ១ គិលានភេសជ្ជទាន ឱ្យថ្នាំរម្ងាប់រោគមានទឹកឃ្មុំទឹកអំពៅជាដើម ១ ទានទាំងនេះជាទានមានផលច្រើន។ ទាននេះជាឧបាយធ្វើសេចក្ដីកំណាញ់ដែលជាគ្រឿងមន្ទិលឱ្យអស់ទៅហើយ នឹងធ្វើឱ្យទ្រព្យតិចតួចឱ្យសាយភាយទៅជាទ្រព្យច្រើន ធ្វើទ្រព្យដែលឥតខ្លឹមឱ្យត្រឡប់ជាមានខ្លឹមវិញដោយប្រពៃពិត។
៣៦- សុភាសិត
បុគ្គលមានសេចក្ដីជ្រះថ្លាឱ្យបាននោះដោយសទ្ធា បាយនោះរមែងទំនុកបម្រុងបុគ្គលនោះវិញ ក្នុងលោកនេះព្រមទាំងលោកខាងមុខ ព្រោះហេតុនោះបុគ្គលគប្បីកម្ចាត់បង់នូវសេចក្ដីកំណាញ់គ្របសង្កត់មន្ទិលចេញ ហើយឱ្យនូវទានចុះ ព្រោះថាបុណ្យទាំងឡាយជាទីពឹងនៃពួកសត្វក្នុងបរលោក។
បពិត្រលោកអ្នកនិរទុក្ខ ទានជារបស់ល្អណាស់ បើទុកជាមានតិចតួចឱ្យទានទៅជាការប្រពៃពេក មួយទៀតការឱ្យទានដោយសទ្ធា ជាទានល្អពិតអ្នកប្រាជ្ញលោកពោលថា ឱ្យទាននិងបូជា មានផលស្មើគ្នា មនុស្សមានសន្ដានល្អទុកជាគ្នាតិច (អាច) ឈ្នះមនុស្សគ្នាច្រើនក៏សឹងមាន បើប្រសិនជាមានទ្រព្យតិចតួច ឱ្យតែមានសទ្ធាមាំក៏ឱ្យទានបាន ព្រោះផលនោះឯងទើបគេបានសេចក្ដីសុខក្នុងលោកខាងមុខ។
៣៧- បញ្ញា
បញ្ញា មានប្រាជ្ញា ៗ នោះ គឺការចេះដឹងតាមពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាសាស្ដាចារ្យហើយនិងការពិចារណាកងសង្ខារឱ្យដឹងថាមិនទៀងជាទុកមិនមែនជារបស់ខ្លួន សង្ខារ បានសេចក្ដីថាគ្រឿងតាក់តែង គឺខន្ធធាតុនិងអាយតនៈទាំងឡាយ។
៣៨- ខន្ធ
ខន្ធនោះមាន៥ រូបក្ខន្ធ ១ វេទនាក្ខន្ធ ១ សញ្ញាក្ខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ រូបក្ខន្ធនោះចំណែកខាងរូបដែលប្រជុំដោយធាតុ៤ គឺធាតុដី ១ ធាតុទឹក ១ ធាតុភ្លើង ១ ធាតុខ្យល់ ១ វេទនាក្ខន្ធនោះ គឺធម្មជាតិសោយឬទទួលនូវអារម្មណ៍ សញ្ញាក្ខន្ធនោះ គឺធម្មជាតិសម្គាល់នូវអារម្មណ៍ សង្ខារក្ខន្ធនោះ គឺធម្មជាតិតាក់តែង វិញ្ញាណក្ខន្ធនោះ គឺធម្មជាតិដឹងច្បាស់នូវអារម្មណ៍។
៣៩- ធាតុ
ធាតុ ធាតុនោះមាន១៨ គឺ ភ្នែកជាធាតុ ១ រូបជាធាតុ ១ និងអារម្មណ៍រូបដែលឃើញដោយភ្នែកជាធាតុ ១ ត្រចៀកជាធាតុ ១ សំឡេងជាធាតុ ១ និងអារម្មណ៍សំឡេងដែលឮដោយត្រចៀកជាធាតុ ១ ច្រមុះជាធាតុ ១ ក្លិនជាធាតុ ១ និងអារម្មណ៍ក្លិនដែលធុំដោយច្រមុះជាធាតុ ១ អណ្ដាតជាធាតុ ១ រសជាតិជាធាតុ ១ និងអារម្មណ៍រសជាតិដែលដឹងដោយអណ្ដាតជាធាតុ ១ កាយជាធាតុ ១ សម្ផស្សជាធាតុ ១ និងអារម្មណ៍សម្ផស្សដែលដឹងដោយកាយជាធាតុ ១ ចិត្តជាធាតុ ១ ធម៌ជាធាតុ ១ និងអារម្មណ៍ធម៌ដែលដឹងដោយចិត្តជាធាតុ ១ ត្រូវជាធាតុ ១៨ ប៉ុណ្ណេះ។
៤០- អាយតនៈ
អាយតនៈទាំងឡាយមាន១២ គឺ ភ្នែកជាអាយតនៈ ១ ត្រចៀកជាអាយតនៈ ១ ច្រមុះជាអាយតនៈ ១ អណ្ដាតជាអាយតនៈ ១ កាយជាអាយតនៈ ១ ចិត្តជាអាយតនៈ ១ ទាំង៦នេះ ឈ្មោះថា អាយតនៈខាងក្នុង រូបជាអាយតនៈ ១ សំឡេងជាអាយតនៈ ១ ក្លិនជាអាយតនៈ ១ រសជាតិជាអាយតនៈ ១ ផោដ្ឋព្វៈជាអាយតនៈ ១ ធម៌ជាអាយតនៈ ១ ទាំង៦នេះ ឈ្មោះថា អាយតនៈខាងក្រៅ រួមជាអាយតនៈ ១២។
៤១- ត្រៃលក្ខណ៍
ប្រាជ្ញាពិចារណាកងសង្ខារនោះ មិនមែនគ្រាន់តែចេះដឹងប៉ុណ្ណេះក៏ស្រេចជាការពិចារណានោះទេ ប្រាជ្ញានោះសំដៅត្រង់បុគ្គលដែលស្គាល់កងសង្ខារហើយ មានព្យាយាមរំពឹងពិចារណាដោយត្រៃលក្ខណ៍ថា សង្ខារទាំងឡាយទាំងពួង អនិច្ចំ មិនទៀងទាត់ស្ថិតស្ថេរ មានសភាពប្រែប្រួលជាធម្មតា សង្ខារទាំងឡាយទាំងពួង ទុក្ខំ នាំមកនូវសេចក្ដីទុក្ខព្រួយច្រើនពេកណាស់ សង្ខារទាំងឡាយទាំងពួង អនត្តា មិនមែនប្រព្រឹត្តទៅតាមអំណាចរបស់ខ្លួនឡើយ។
៤២- សុភាសិត
អត្តភាពនេះ ខ្លួនឯងក៏ធ្វើមិនកើត បុគ្គលដទៃក៏ធ្វើមិនកើត (អត្តភាពនេះ) កើតឡើងព្រោះអាស្រ័យនូវហេតុ បើហេតុបែកធ្លាយទៅហើយ (អត្តភាព) ក៏រលត់រលាយទៅដែរ។
ពូជឯណានីមួយ ដែលបុគ្គលសាបព្រោះហើយក្នុងស្រែឬចម្ការ ដុះលូតលាស់ឡើង ព្រោះអាស្រ័យនូវហេតុ២ប្រការគឺ រសជាតិផែនដី ១ នឹងទឹក ១ (បើគ្មានដីនិងទឹក ពូជក៏គ្មានដុះឡើងឡើយ) មានឧបមាយ៉ាងណា។
ខន្ធធាតុនិងអាយតនៈទាំងឡាយ៦នេះ កើតឡើងព្រោះអាស្រ័យនូវហេតុ បើហេតុបែកធ្លាយទៅហើយ (ខន្ធធាតុនិងអាយតនៈទាំងឡាយ) ក៏រលត់រលីងទៅ ឥតមានសេសសល់ឡើយ មានឧបមេយ្យយ៉ាងនេះ។
ធម្មជាតិឯណាដែលកើតឡើងជាធម្មតា ធម្មជាតិទាំងអស់នោះក៏រលត់ទៅវិញជាធម្មតាដែរ។
៤៣- សារូប
អរិយទ្រព្យទាំង៧នេះគឺ ១- សទ្ធា ២- សីល ៣- ហិរិ ៤- ឱត្តប្បៈ ៥- សុតៈ ៦- ចាគៈ ៧- បញ្ញា ធម៌ទាំងនេះឈ្មោះថាទ្រព្យប្រសើរ ៗ នេះមានក្នុងសន្ដានចិត្តបុគ្គលណា បុគ្គលនោះលោកអ្នកប្រាជ្ញពោលថា មិនមែនជាអ្នកក្រលំបាកឡើយ គឺថាជាអ្នកមានទ្រព្យស្ដុកស្ដម្ភក្នុងលោកនេះផង ក្នុងលោកខាងមុខផង ទាំងជីវិតរបស់បុគ្គលក៏មិនមែនជាឥតអំពើឡើយ សាធុសប្បុរសគប្បីប្រាថ្នាទ្រព្យប្រសើរនេះហើយ ប្រឹងប្រែងប្រតិបត្តិឱ្យពេញលេញទុកជាផលប្រយោជន៍របស់ខ្លួន។
មជ្ឈិមវ័យ ខំសន្សំធនធាន សង្ខេបប៉ុណ្ណេះ។
៤៤- បច្ឆិមវ័យ
កាលបើមជ្ឈិមវ័យកន្លងផុតចូលក្នុងបច្ឆិមវ័យហើយ អស់លោកអ្នកកុំបីមានប្រហែសធ្វេសភ្លេចស្មារតី គប្បីបណ្ដេញបង់នូវកិរិយាមួស្រវឹង៣យ៉ាង គឺថាខ្លួនអញនៅក្មេងមិនទាន់ចាស់ជរាទេ ១ ថាខ្លួនមានទ្រព្យច្រើនមិនទាន់ស្លាប់ទេ ១ នឹងថាខ្លួននៅរឹងប៉ឹងគ្មានរោគាព្យាធិមិនងាយនឹងស្លាប់ទេនេះ ១ ឱ្យខ្ចាត់ខ្ចាយចេញចាកសន្ដានចិត្ត ត្រូវខំសន្សំធម៌៣ប្រការគឺ បាសាទោ ជ្រះថ្លា ១ សំវេគោ សង្វេគ ១ តេសុចរិតា ប្រព្រឹត្តសុចរិត៣ប្រការ ១។
៤៥- បាសាទោ
បាសាទោ សេចក្ដីជ្រះថ្លាដោយចិត្តចំពោះព្រះរត្នត្រ័យ ជ្រះថ្លាក្នុងពុទ្ធគុណមានអរហំជាដើម ជ្រះថ្លាក្នុងធម្មគុណមានស្វាក្ខាតោជាដើម ជ្រះថ្លាក្នុងសង្ឃគុណមានសុបដិបន្នោជាដើម។ សេចក្ដីជ្រះថ្លានោះដោយរំឭកគុណទាំងអស់ ឱ្យឃើញជាក់ស្ដែងថា ព្រះរត្នត្រ័យនេះជាវត្ថុផុតទុក្ខមានតែសុខម្យ៉ាង យើងជាអ្នកប្រតិបត្តិតាមគប្បីបង្អោនចិត្តខ្លួនទៅផ្ដិតនឹងគុណទាំងនោះ ដើម្បីសេចក្ដីសុខទុក្ខជាកម្រៃនឹងធ្វើឱ្យផុតកងទុក្ខទាំងពួងទៅតាមដោយប្រពៃពិត។
៤៦- សង្វេគ
សង្វេគ មានសង្វេគអន្ធត់ក្នុងកងសង្ខារឱ្យឃើញច្បាស់ថា សង្ខារប្រកបដោយត្រៃលក្ខណ៍ដូចបានពណ៌នារួចមកហើយ គប្បីរំឭកនូវវ័យឱ្យឃើញប្រាកដថា វ័យរបស់យើងអស់២ទៅហើយនៅតែមួយទេ មួយនេះសោតដឹងជាស្មើដោយភាគដើមឬមិនស្មើ ព្រោះធ្លាប់ឃើញបុគ្គលដទៃដែលមានដំណើរដើរទៅមុខ ៗ នោះខ្លះទៅបឋមវ័យ ខ្លះទៅក្នុងមជ្ឈិមវ័យ ខ្លះចូលក្នុងបច្ឆិមវ័យដែរ ប៉ុន្តែគ្រាន់តែចូលមិនគ្រប់ភាគដើមក៏មានច្រើនណាស់ បុគ្គលដែលដល់កំណត់អាយុក្ខ័យឬលើសបន្តិចបន្តួចនោះមានណាស់ បុគ្គលដទៃក៏ដូចខ្លួនយើង ៗ ក៏ដូចបុគ្គលដទៃដែរ មិនកន្លងឡើយ ឥឡូវនេះខ្លួនយើងនៅក្នុងវ័យខាងចុងបំផុតហើយ បើធៀបនឹងដំណើរព្រះអាទិត្យថា រសៀលទាបប៉ប្រះព្រៃទៀបនឹងអស្ដង្គតលិចហើយ ពុំនោះសោតខ្លួនយើងជាអ្នកអង្គុយច្រហោងក្បែរប្រធានមាត់នៃមច្ចុរាជ ឬដូចសត្វកង្កែបច្រហោងនៅទៀបមាត់ច្រាំង ងាយណាស់នឹងលោតចុះទៅក្នុងទឹក នឹងប្រហែសធ្វេសមិនបានឡើយ។
៤៧- តេ សុចរិតា
តេ សុចរិតា សេចក្ដីប្រព្រឹត្តសុចរិត៣ប្រការនោះគឺ កាយសុចរិតមានប្រភេទ៣ វចីសុចរិតមានប្រភេទ៤ មនោសុចរិតមានប្រភេទ៣ ដែលថា សុចរិត៣ប្រការដូច្នេះ តែបើរួបរួមទៅជាសុចរិត១០ប្រការឬកុសលកម្មបថ១០នោះដដែល កុសលកម្មបថមិនបាច់ដំណាលទៀតទេ ព្រោះបានសម្ដែងក្នុងទ្រព្យប្រសើរឯនោះរួចហើយ ខ្លួនយើងចាស់ហើយប្រុងប្រយត្នកុំឱ្យមានអំពើទុច្ចរិតឱ្យសោះ ខ្វល់ខ្វាយតែក្នុងអំពើសុចរិតឱ្យបានល្អគ្រប់ផ្លូវកុំបីធ្វេសប្រហែសឡើយ។
៤៨- សង្វេគកថា
សរីរកាយរបស់យើងនេះប្រជុំព្រមដោយអាការៈ៣២ប្រការ ពេញពាសដោយសាកអសុភ មិនមែនជាទេវតានិម្មិត មិនមែនជាព្រហ្មនិម្មិត មិនមែនហើយដោយមាស មិនមែនហើយដោយកែវ មិនមែនហើយដោយខ្លឹមចន្ទន៍ក្រហម មិនមែនកើតក្នុងផ្ទៃនៃផ្កាឈូកសឈូកក្រហមនិងផ្កាព្រលឹតទាំងឡាយ ពោរពេញទៅដោយមូត្រលាមកស្មោកគ្រោក អាក្រក់មិនមែនជាទឹកអម្រឹត ម្យ៉ាងទៀតកំណើតដែលកើតអាស្រ័យមាតាបិតាជាកំណើតកើតក្នុងអសុភ មានកិរិយាប្រែប្រួលលុបលាងគក់ច្របាច់បែកធ្លាយនឹងខ្ចាត់ខ្ចាយជាធម្មតា ចម្រើនជ័យជម្នះកើតឡើងពីតណ្ហា មានសេចក្ដីសោកខ្សឹកខ្សួលជាវត្ថុ ជាលំនៅនៃរោគទាំងពួង ជាទីនៅរបស់ត្រកូលនៃសត្វដង្កូវទាំងឡាយ កាន់យកនូវកម្មករណ៍ជាប្រក្រតី ខាងក្នុងស្អុយតែងហូរចេញមកខាងក្រៅជានិច្ច សរីរកាយនេះមានប្រក្រតីបម្រះននៀល ក្នុងគន្លងចក្ខុនៃសត្វលោក ប្រព្រឹត្តទៅកាន់ទីប៉ាឆាគឺសេចក្ដីស្លាប់ជាទីបំផុត សរីរកាយនេះប្រកបដោយឆ្អឹងសរសៃ បូកប៉ាន់ទៅដោយសាច់ហើយនិងស្បែកគ្របដណ្ដប់ ខាងក្នុងពេញទៅដោយពោះវៀនតូច ពោះវៀនធំ ថ្លើម សួត បេះដូង ក្រពះ ប្លោកនោម ទឹកសម្បោរ ទឹកញើស ទឹកប្រមាត់ ខ្លាញ់រាវជាដើម សរីរកាយនេះមានក្លិនអសោចស្អុយឆ្អេះឆ្អាបអាក្រក់ វត្ថុទាំងនេះប្រសិនបើបារកកាយចេញមកខាងក្រៅដាក់ដោយដុំៗ ក្រែងតែកាន់ដំបងព្រនង់ដេញបរឆ្កែក្អែកនិងត្មាតទើបបាន បើដល់អស់អាយុទៅដល់ដេកស្ដូកស្ដឹងលើផែនដី តែហួសខួចទៅហើយ ហើមប៉ោងឡើងមានពណ៌ខៀវអសុភអសោចតែងហូរចេញតាមទ្វារទាំង៩ ញាតិសាច់សាលោហិតរមែងយកទៅបោះបង់ចោលក្នុងព្រៃស្មសាន ឥតមានអាឡោះអាល័យឡើយ មនុស្សពាលដែលត្រេកត្រអាលចំពោះសរីរកាយនេះ ដល់កៀកឱបថើបប្រឡែងក៏ព្រោះតណ្ហា គឺសេចក្ដីចំណង់ដែលកើតអំពីអាយតនៈ១២នោះឯង សរីរកាយនេះលុះតែព្រះពុទ្ធឬសាវករបស់ព្រះពុទ្ធទើបបានដឹងច្បាស់ថា ជាគ្រឿងស្មោកគ្រោកស្អុយអាក្រក់ឥតប្រយោជន៍ មិនគប្បីត្រេកត្រអាល គប្បីតែខ្ពើមរអើមធុញទ្រាន់សង្វេគនឿយណាយក្នុងសរីរកាយនេះជានិច្ចកាលទៅ។
៤៩- សុភាសិតសុទ្ធ
កាលបើលោកសន្និវាស គឺភើ្លងមានរាគៈជាដើម ឆេះរុងរឿងអស់កាលជានិច្ចហើយ តើនឹងសើចដូចម្ដេចបាន នឹងត្រេកអរដូចម្ដេចបាន (អ្នក) នាងទាំងឡាយគឺងងឹតគ្របសង្កត់ហើយ ម្ដេចឡើយក៏មិនស្វែងរកប្រទីបជាគ្រឿងបំភ្លឺ។
សេចក្ដីយឺតយូរ (ក្ដី) សេចក្ដីមាំមួន (ក្ដី) តែងមិនមានដល់អត្ថភាពណា អ្នក (នាង) ចូរមើលចុះ អត្ថភាពនោះមានវិចិត្រគឺកម្មធ្វើហើយ ជាកាយពាសពេញទៅដោយដំបៅដែលឆ្អឹងបីរយកំណាត់សង់ចូលគ្នាឡើងហើយជាកាយក្ដៅក្រហាយគឺឈឺជានិច្ច ដែលជនច្រើនគ្នាប្រាថ្នាហើយ។
រូបនេះគ្រាំគ្រាអស់ហើយ ជាទីសម្នាក់នៃរោគ (ទាំងពួង) ជារបស់ពុកផុយរលួយ រាងកាយនៃខ្លួនជារបស់ស្អុយ តែងបែកធ្លាយទៅ (ជាធម្មតា) ព្រោះថាជីវិតរបស់សត្វ មានសេចក្ដីស្លាប់ជាទីបំផុត។
ឆ្អឹងទាំងឡាយឯណា មានសម្បុរដូចសម្បុរនៃសត្វព្រាប ដូចផ្លែឃ្លោកដែលគេចោលហើយក្នុងរដូវសរទកាល សេចក្ដីត្រេកអរដូចម្ដេចបាន ព្រោះតែឃើញនូវឆ្អឹងទាំងឡាយនោះ។
សេចក្ដីគ្រាំគ្រាក្ដី សេចក្ដីស្លាប់ក្ដី សេចក្ដីប្រកាន់ខ្លួនក្ដី សេចក្ដីលុបគុណក្ដី ប្រជុំចុះហើយក្នុងសរីរកាយ សរីរនោះគឺកុសលាកុសលកម្មធ្វើហើយឱ្យទៅជានគររបស់ឆ្អឹងទាំងឡាយ ដ៏បូកបាត់ហើយដោយសាច់និងឈាម។
រាជរថទាំងឡាយ ដែលជាងធ្វើវិចិត្រហើយដោយល្អស្អាត គង់តែចាស់គ្រាំគ្រាទៅបានពិត មិនត្រឹមតែរាជរថប៉ុណ្ណោះ សូម្បីសរីរៈក៏គង់ចូលទៅជិតដល់នូវសេចក្ដីគ្រាំគ្រាដូចគ្នា មានតែធម៌របស់សប្បុរសទាំងឡាយ ទើបមិនចូលទៅជិតដល់នូវសេចក្ដីគ្រាំគ្រាបាន ឯលោកសប្បុរសទាំងឡាយ តែងពោលនៅពាក្យដោយសប្បុរសទាំងឡាយតែប៉ុណ្ណោះ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តនូវព្រហ្មចរិយធម៌ មិនបានទ្រព្យធនក្នុងកាលនៃខ្លួននៅក្មេង តែងជ្រប់នៅដូចសត្វក្រៀលចាស់ទាំងឡាយកាលជ្រប់នៅលើភក់ដែលមានត្រីអស់ហើយ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តនូវព្រហ្មចរិយធម៌ មិនបានទ្រព្យធនក្នុងកាលនៃខ្លួននៅក្មេង កាលសោកស្ដាយអំពើដែលខ្លួនធ្វើអំពីមុនទាំងឡាយ រមែងដេកនៅដូចកូនសរទាំងឡាយ ដែលអស់ស្រឡះហើយចាកបន្លោះ។
ឥឡូវនេះខ្លួនអ្នកដូចស្លឹកឈើទុំហើយ មួយទៀត ឯបុរសរបស់យមរាជទាំងឡាយ មានប្រាកដដល់អ្នកហើយ ខ្លួនអ្នកតាំងនៅហើយ ក្នុងប្រធាននៃសេចក្ដីស្លាប់សាបសូន្យ សូម្បីស្បៀងអាហារគឺកុសលសោតក៏មិនមានដល់អ្នកឡើយ។
អ្នកឯងចូរធ្វើទីពឹងរបស់ខ្លួន ចូរធ្វើព្យាយាមឱ្យឆាប់ ចូរធ្វើជាអ្នកប្រាជ្ញទៅ បើអ្នកធ្វើយ៉ាងនេះហើយ អ្នកនឹងកម្ចាត់បង់មន្ទិលបាន មិនមានទីទួលពោលគឺកិលេសហើយ គង់នឹងដល់នូវទីជាអរិយបុគ្គលដ៏ជាទិព្វមិនខានឡើយ។
បុគ្គលពិចារណាឃើញច្បាស់ដោយបញ្ញាថា សង្ខារទាំងឡាយទាំងពួងមិនទៀងដូច្នេះក្នុងកាលណាហើយ គង់នឿយណាយចំពោះសេចក្ដីទុក្ខ ក្នុងកាលណោះមិនខាន នេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្ដីហ្មត់ចត់។
បុគ្គលពិចារណាឃើញច្បាស់ដោយបញ្ញាថា សង្ខារទាំងឡាយទាំងពួងនាំមកនូវសេចក្ដីទុក្ខក្នុងកាលណាហើយ គង់នឿយណាយចំពោះសេចក្ដីទុក្ខ ក្នុងកាលណោះមិនខាន នេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្ដីហ្មត់ចត់។
បុគ្គលពិចារណាឃើញច្បាស់ដោយបញ្ញាថា សង្ខារទាំងឡាយទាំងពួងមិនមែនជារបស់ខ្លួនដូច្នេះក្នុងកាលណាហើយ គង់នឿយណាយចំពោះសេចក្ដីទុក្ខ ក្នុងកាលណោះមិនខាន នេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្ដីហ្មត់ចត់។
ធម៌ដែលឈ្មោះថា អនិច្ចតាធម៌ គឺសភាពប្រែប្រួលមិនទៀងទាត់ អនិច្ចតាធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយៗទេ មិនមែនជាធម៌សម្រាប់អ្នកនិគមមួយៗទេ ឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយៗ ក៏មិនមែនទេ អនិច្ចតាធម៌នេះជាធម៌សម្រាប់មនុស្សព្រមទាំងទេវតា មារ ព្រហ្មទាំងអស់គ្រប់រូប។
ធម៌ដែលឈ្មោះថាទុក្ខតាធម៌ គឺសភាពជាទុក្ខ ទុក្ខតាធម៌នេះ មិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយៗទេ មិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយៗទេ ឬនឹងធម៌សម្រាប់ត្រកូលតែមួយៗ ក៏មិនមែនទេ ទុក្ខតាធម៌នេះជាធម៌សម្រាប់មនុស្សព្រមទាំងទេវតា មារ ព្រហ្មទាំងអស់គ្រប់រូប។
ធម៌ដែលឈ្មោះអនត្តាធម៌ គឺសភាពមិនមែនជារបស់ខ្លួន អនត្តាធម៌នេះ មិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយៗទេ មិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយៗទេ ឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយៗ ក៏មិនមែនទេ អនត្តាធម៌នេះជាធម៌សម្រាប់មនុស្សព្រមទាំងទេវតាមារព្រហ្មទាំងអស់គ្រប់រូប។
គង្វាលគោកៀងគោទាំងឡាយដោយអាជ្ញា គឺដំបងនិងរំពាត់យ៉ាងណាមិញ ជរាគឺសេចក្ដីគ្រាំគ្រា និងមច្ចុរាជគឺសេចក្ដីស្លាប់ ក៏កៀងទៅនូវអាយុរបស់សត្វទាំងឡាយយ៉ាងនោះឯង។
អាយុនិងភ្លើងធាតុនិងវិញ្ញាណ លះបង់នូវរាងកាយនេះកាលណាហើយ រាងកាយនេះជាសភាពគួរអ្នកផងបោះបង់ចោល តែងតែដេកស្ដូកស្ដឹងលើផែនដីក្នុងកាលណោះឯងដូចជាអង្កត់ឧសឬកំណាត់ឈើ ដែលគេបោះបង់ចោល។
សេចក្ដីសោកកើតមានព្រោះសេចក្ដីស្រឡាញ់ សេចក្ដីភិតភ័យកើតមានព្រោះសេចក្ដីស្រឡាញ់ កាលបើបុគ្គលរួចស្រឡះចាកសេចក្ដីស្រឡាញ់ហើយ សេចក្ដីសោកក៏មិនមាន សេចក្ដីភិតភ័យនឹងមានមកពីណា។
អាយុរបស់សត្វទាំងឡាយ រស់នៅតិចតួចពេកណាស់ គឺជរាតែងនាំចូលទៅរកសេចក្ដីស្លាប់ កាលសត្វឯណាដែលត្រូវជរានាំទៅហើយ នឹងរកអ្វីជាទីឃាត់ខាំងរាំងរានិងជាទីពឹងពួនកោនជ្រកមិនមានឡើយ។ កាលបើសាធុជនបានសម្លឹងឃើញភ័យក្នុងសេចក្ដីស្លាប់នេះហើយ គួរតែសម្លឹងរំពឹងយកសេចក្ដីស្ងប់រម្ងាប់ គឺព្រះនិព្វានហើយលះបង់នូវអាមិសគ្រឿងបញ្ឆោតចិត្ត ក្នុងលោកចោលចេញឱ្យបានកុំខានឡើយ។
កាលទាំងឡាយតែងកន្លងផុតទៅ រាត្រីទាំងឡាយតែងឆ្លងហួសទៅ ជំនាន់វ័យទាំងឡាយតែងលះបង់ជាលំដាប់ទៅ កាលបើសាធុជនបានសម្លឹងឃើញភ័យ ក្នុងសេចក្ដីស្លាប់នេះហើយ គួរតែសម្លឹងរំពឹងយកសេចក្ដីស្ងប់រម្ងាប់ គឺព្រះនិព្វានហើយលះបង់នូវអមិសគ្រឿងបញ្ឆោតចិត្តក្នុងលោកចោលចេញឱ្យបានកុំខានឡើយ។
៥០- សតិបដ្ឋាន ៤
១- ពិចារណាឃើញរឿយៗនូវកាយក្នុងកាយហើយ ប្រុងតាំងស្មារតី។
២- ពិចារណាឃើញរឿយៗនូវវេទនាក្នុងវេទនាទាំងឡាយហើយប្រុងតាំងស្មារតី។
៣- ពិចារណាឃើញរឿយៗនូវចិត្តក្នុងចិត្តហើយ ប្រុងតាំងស្មារតី។
៤- ពិចារណាឃើញរឿយៗនូវធម៌ក្នុងធម៌ទាំងឡាយហើយប្រុងតាំងស្មារតី។
៥១- កាយេ កាយានុបស្សនាសតិបដ្ឋានំ
ពិចារណាឃើញរឿយៗនូវកាយក្នុងកាយថា (មិនទៀង មានទុក្ខ [៧]មិនជារបស់ខ្លួន ហើយផ្ចង់ស្មារតីចំពោះថា កាយនេះគ្រាន់តែជាកាយ មិនមែនសត្វ មិនមែនបុគ្គល មិនមែនស្ត្រីនិងបុរសជាដើម) ល្មមតែកំណត់ដើម្បីឱ្យចម្រើនប្រាជ្ញា ដើម្បីឱ្យចម្រើនស្មារតីតែប៉ុណ្ណោះផង មានចិត្តមិនបានអាស្រ័យនៅដោយតណ្ហានិងទិដ្ឋិ [៨]ប្រព្រឹត្តនៅផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ (ឃើញដូច្នេះហើយ) ប្រព្រឹត្តនៅ មានព្យាយាមជាគ្រឿងដុតកម្ដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតីជាគ្រឿងកំណត់បណ្ដេញបង់នូវអភិជ្ឈា[៩]និងទោមនស្សក្នុងលោក។
៥២- វេទនាសុ វេទនានុបស្សនាសតិបដ្ឋានំ
ពិចារណាឃើញរឿយៗនូវវេទនាក្នុងវេទនាទាំងឡាយថា (មិនទៀងមានទុក្ខមិនមែនជារបស់ខ្លួនហើយ) ផ្ចង់ស្មារតីចំពោះថា (វេទនានេះគ្រាន់តែជាវេទនា មិនមែនសត្វមិនមែនបុគ្គល មិនមែនស្រ្តីនិងបុរសជាដើម) ល្មមតែកំណត់ដើម្បីឱ្យចម្រើនប្រាជ្ញា ដើម្បីឱ្យចម្រើនស្មារតីប៉ុណ្ណោះផង មានចិត្តមិនបានអាស្រ័យនៅដោយតណ្ហានិងទិដ្ឋិប្រព្រឹត្តនៅផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ (ឃើញដូច្នេះហើយ) ប្រព្រឹត្តនៅ មានព្យាយាមជាគ្រឿងដុតកម្ដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតីជាគ្រឿងកំណត់បណ្ដេញបង់នូវអភិជ្ឈានិងទោមនស្សក្នុងលោក។
៥៣- ចិត្តេ ចិត្តានុបស្សនាសតិបដ្ឋានំ
ពិចារណាឃើញរឿយៗនូវចិត្តក្នុងចិត្តថា (មិនទៀង មានទុក្ខមិនមែនជារបស់ខ្លួនហើយ) ផ្ចង់ស្មារតីចំពោះថា (ចិត្តនោះគ្រាន់តែជាចិត្ត មិនមែនសត្វមិនមែនបុគ្គលមិនមែនស្ត្រីនិងបុរសជាដើម) ល្មមតែកំណត់ដើម្បីឱ្យចម្រើនប្រាជ្ញា ដើម្បីឱ្យចម្រើនស្មារតីប៉ុណ្ណោះផង មានចិត្តមិនបានអាស្រ័យនៅដោយតណ្ហានិងទិដ្ឋិប្រព្រឹត្តនៅផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ (ឃើញដូច្នេះហើយ) មានព្យាយាមជាគ្រឿងដុតកម្ដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតីជាគ្រឿងកំណត់បណ្ដេញបង់នូវអភិជ្ឈានិងទោមនស្សក្នុងលោក។
៥៤- ធម្មេសុ ធម្មានុបស្សនាសតិបដ្ឋានំ
ពិចារណាឃើញរឿយៗនូវធម៌ក្នុងធម៌ទាំងឡាយថា (មិនទៀងមានទុក្ខមិនមែនជារបស់ខ្លួនហើយ) ផ្ចង់ស្មារតីចំពោះថា ធម៌នេះគ្រាន់តែជាធម៌ មិនមែនសត្វមិនមែនបុគ្គល មិនមែនស្រ្តីនិងបុរសជាដើម) ល្មមតែកំណត់ដើម្បីឱ្យចម្រើនប្រាជ្ញា ដើម្បីឱ្យចម្រើនស្មារតីប៉ុណ្ណោះផង មិនបានអាស្រ័យនៅដោយតណ្ហានិងទិដ្ឋិប្រព្រឹត្តនៅផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ (ឃើញដូច្នេះហើយ) ប្រព្រឹត្តនៅ មានព្យាយាមជាគ្រឿងដុតកម្ដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតីជាគ្រឿងកំណត់បណ្ដេញបង់នូវអភិជ្ឈានិងទោមនស្សក្នុងលោក។
៥៥- សតិបដ្ឋានវិធី
ផ្លូវសតិបដ្ឋានទាំងឡាយ៤នេះ ជាផ្លូវមូលតែមួយប្រព្រឹត្តទៅដើម្បីសេចក្ដីស្អាតវិសេសដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោកនិងខ្សឹកខ្សួលរំជួលចិត្តទាំងឡាយ ដើម្បីដល់នូវអរិយមគ្គ ជាធម៌សម្រាប់ស្រោចស្រង់សត្វ ដើម្បីឱ្យជាក់ច្បាស់នូវព្រះនិព្វាន (ជាស្ថានក្សេមផុតលោក)។
៥៦- សារូបកថា និដ្ឋិតា
ធម៌អាថ៌ដែលខ្ញុំរៀបរាប់ឱ្យសមរម្យនឹងវ័យ៣ប្រការនេះ មិនមែនមានតែប៉ុណ្ណេះទេ នៅមានច្រើនជាអនេកទៅទៀត មិនឈ្នះនឹងយកមកថ្លែងឱ្យអស់ឡើយព្រោះគ្មានពេល សម្ដែងមកប៉ុណ្ណេះគ្រាន់តែជាប្រដាប់ប្រាជ្ញារបស់លោកអ្នកសិក្សា ពណ៌នាមកនេះមិនបានជាចប់សព្វគ្រប់ទេតែសន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះហោង។
ខ្ញុំចូលមកធ្វើការជំនួយពិនិត្យបាលីព្រះត្រៃបិដកក្នុងព្រះរាជបណ្ណាល័យកម្ពុជាក្រុងភ្នំពេញតាំងពីថ្ងៃ១ ខែយូវ៉ាំង(មិថុនា) ឆ្នាំ១៩៣០ ដោយអំណាចសម្ដេចចក្រីលោកបង្គាប់ឱ្យចូលធ្វើក្នុងពេលដែលត្រឡប់មកអំពីដើរត្រួតត្រាការសិក្សាដល់ថ្ងៃ៤ អ៊ូត(សីហា) ឆ្នាំ១៩៣០ នោះព្រះតេជព្រះគុណលោកគ្រូព្រះសិរីសម្មតិវង្សអធិបតីក្រុមជំនុំ ប្ដឹងទៅរាជការសូមឱ្យធ្វើជំនួយការដដែល ដោយបៀវត្សអាំងស្បិកទ័រ ដល់ថ្ងៃ១ អ៊ូត ឆ្នាំ១៩៣៣ រាជការជាធំថាក្រប្រាក់ បញ្ឈប់បៀវត្សអាំងស្បិកទ័រខ្ញុំធ្វើការនេះ៦ខែឥតមានបៀវត្ស លុះដល់ថ្ងៃ១ យ៉ាំងវិយេ(មករា) ឆ្នាំ១៩៣៤ នោះលោកអគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិត្យលោកប្ដឹងទៅរាជការជាធំសូមឱ្យមានអារេតេតាំងខ្ញុំស៊ប់ជាក្រុមជំនុំព្រះត្រៃបិដកក្នុងក្រុមពុទ្ធសាសនបណ្ឌិត្យរហូតមក។ ដែលខ្ញុំដំណាលមកប៉ុណ្ណេះដោយសេចក្ដីប៉ុនប៉ងនឹងប្រកាសឧប្បត្តិហេតុ ដែលចាប់ផ្ដើមកសាងព្រះត្រៃបិដកបាលីនិងសេចក្ដីប្រែ ទុកខាងចុងនៃធម៌អាថ៌នេះ កំណត់ដែលតាំងសាងមកដល់ចប់ព្រះវិន័យបិដក ដូចមានក្នុងតារាងខាងលើនេះហើយនិងសេចក្ដីយ៉ ក្នុងសិក្ខាបទក្ខន្ធកៈ និងបរិវារ ក្នុងផ្ទៃព្រះវិន័យបិដកទាំងស្រុង ដូចមានខាងក្រោមនេះ។
ព្រះវិន័យបិដក
១- មហាវភង្គ បឋមភាគ វេរញ្ជកណ្ឌ សេចក្ដីដំណាលរឿងវេរញ្ជព្រាហ្មណ៍ និងបារាជិកកណ្ឌ កណ្ឌសម្ដែងអំពីបារាជិ៤។
២- មហាវិភង្គ ទុតិយភាគ តេរសកណ្ឌ កណ្ឌសម្ដែងអំពីសង្ឃាទិសេស១៣ និងអនិយត-កណ្ឌ កណ្ឌសម្ដែងអំពីអនិយត២។
៣- មហាវិភង្គ តតិយភាគ និស្សគ្គិយកណ្ឌ កណ្ឌសម្ដែងអំពីនិស្សគ្គិយ៣០ និងបាចិត្តិយកណ្ឌ កណ្ឌសម្ដែងអំពីបាចិត្តិយ១៥សិក្ខាបទ។
៤- មហាវិភង្គ ចតុត្ថភាគ បាចិត្តិយកណ្ឌ កណ្ឌសម្ដែងអំពីបាចិត្តិយ បាដិទេសនីយកណ្ឌ កណ្ឌសម្ដែងអំពីបាដិទេសនីយ៤ សេខិយកណ្ឌ កណ្ឌសម្ដែងអំពីសេខិយ៧៥ និងអធិករណសមថកណ្ឌ កណ្ឌសម្ដែងអំពីអធិករណសមថ៧ (ចប់បាតិមោក្ខ)។
៥- ភិក្ខុនីរិភង្គ បច្ចេកភាគ សម្ដែងអំពីសិក្ខាបទភិក្ខុនី បារាជិក៨ សង្ឃាទិសេស១៧ និស្សគ្គិយ៣០ បាចិត្តិយ១៦៦ បាដិទេសនីយ៨ សេខិយ៧៥ អធិករណសមថ៧ ជា ៣១១ )។
៦- មហាវគ្គ បឋមភាគ មហាខន្ញក សម្ដែងអំពីបព្វជ្ជានិងឧបសម្បទាជាដើម ឧបោសថក្ខន្ធក សម្ដែងអំពីឧបោសថ និងវិធីសម្មតិសីមាជាដើម។
៧- មហាវគ្គ ទុតិយភាគ វស្សូបនាយិកក្ខន្ធក សម្ដែងអំពីចូលវស្សានិងសត្តាហកិច្ចជាដើម បវារណា ខន្ធក សម្ដែងអំពីបវាណាជាដើម ធម្មក្ខន្ធក សម្ដែងអំពីសមណបរិក្ខារជាដើម និងភេសជ្ជក្ខន្ធក សម្ដែងអំពីត្រេកអរក្នុងចតុប្បច្ច័យដែលកើតអំពីរូបិយជាដើម។
៨- មហាវគ្គ តតិយភាគ កឋិនក្ខន្ធក សម្ដែងអំពីក្រាលគ្រងអនុមោទនាកឋិនជាដើម ចីវរក្ខន្ធក សម្ដែងអំពីទឹកជ្រលក់៦យ៉ាងជាដើម ចម្បេយ្យក្ខន្ធក សម្ដែងអំពីសង្ឃកម្មជាដើម និងកោសម្ពិកក្ខន្ធក សម្ដែងអំពីទាស់ទែងគ្នាជាដើម។
៩- ចុល្លវគ្គ បឋមភាគ ចម្មក្ខន្ធក សម្ដែងអំពីឥដ្ឋនីយកម្មជាដើម បរិវាសិកក្ខន្ធក សម្ដែងអំពីគរុកាបត្តិត្រូវធ្វើបរិវាសកម្មជាដើម សមច្ចយក្ខន្ធក សម្ដែងបរិវាសកម្ម យ៉ាងនិងអព្ភានកម្មជាដើម។
១០- ចុល្លវគ្គ ទុតិយភាគ សមថក្ខន្ធក សម្ដែងអំពីអធិករណ៤យ៉ាង មានវិវាទាធិករណជាដើម ខុទ្ទកវត្ថុក្ខន្ធក សម្ដែងអំពីសមណសារូបជាដើម សេនាសនក្ខន្ធក សម្ដែងអំពីសាមគ្គីនៃសង្ឃ និងគរុភណ្ឌរបស់សង្ឃជាដើម។
១១- ចុល្លវគ្គ តតិយភាគ សង្ឃភេទក្ខន្ធក សម្ដែងអំពីសាមគ្គីនៃសង្ឃជាដើម វត្តក្ខន្ធក សម្ដែងអំពីអាគន្តុកវត្តជាដើម បាតិមោក្ខឋបនក្ខន្ធកសម្ដែងអំពីអច្ចរិយភូតធម៌៨យ៉ាងជាដើម ភិក្ខុនីខន្ធក សម្ដែងអំពីឧបសម្បទានៃភិក្ខុនី មានគរុធម៌៨ប្រការជាដើម បញ្ចសតិកក្ខន្ធក សម្ដែងអំពីបរិនិព្វានហើយត្រឹម៣ខែធ្វើបឋមសង្គាយនា និងសត្តសតិកក្ខន្ធក សម្ដែងអំពីរឿងធ្វើទុតិយសង្គាយនា វត្ថុ ១០ យ៉ាងជាដើម។
១២- បរិវារ បឋមភាគ មហាវិភង្គ សោឡសមហាវារ ភិក្ខុនីវិភង្គសោឡសមហាវារសមុដ្ឋានសីលសង្ខេប កភិបុច្ឆាវារ និងវីសតិវារ។
១៣- បរិវារ ទុតិយភាគ ខន្ធបុច្ឆា ឯកុត្តរិក ឧបោសថាទិបុច្ឆាវិស្សជ្ជនា អត្តវសេបករណ គាថាសង្គណិក និងអធិករណភេទជាដើម។
ចប់ ព្រះវិន័យបិដក ១៣ សៀវភៅ។
១លក់គ្រឿងអាវុធ១ លក់មនុស្ស១ លក់សាច់១ លក់គ្រឿងស្រវឹង១ លក់ថ្នាំពិសថ្នាំបំពុល ១។
[២]អន្លង់ ៤ កាមោឃោ អន្លង់គឺសេចក្ដីប្រាថ្នា ១ ភវោឃោ អន្លង់គឺភពដែលសត្វចាប់កំណើត ១ ទិដ្ឋោឃោ អន្លង់គឺសេចក្ដីយល់ឃើញខុស ១ អវិជ្ជោឃោ អន្លង់គឺល្ងង់មិនដឹងខុសត្រូវ ១។
[៣]សមុទ្ទ គឺសង្សាវដ្ដ ដែលវិលកើតវិលស្លាប់។
[៤]ព្យាយាម គឺសេចក្ដីប្រឹងប្រែង។
[៥]យល់ឃើញខុស ១០ ប្រការគឺ ១ យល់ថាធ្វើទានគ្មានផល ២ ថាបូជាតូចគ្មានផល ៣ ថាបូជាធំគ្មានផល ៤ ថាធ្វើល្អធ្វើអាក្រក់មិនឱ្យផលសុខផលទុក្ខ ៥ ថាលោកនេះគ្មាន ៦ ថាបរលោកគ្មាន ៧ ថាមាតាគ្មានគុណ ៨ ថាបិតាគ្មានគុណ ៩ ថាសត្វបង្កើតក្នុងលោកគ្មាន ១០ ថាសមណៈនិងព្រាហ្មណ៍ប្រតិបត្តិល្អក្នុងលោកនេះគ្មាន។ យល់ឃើញយ៉ាងនេះឈ្មោះថាមិច្ឆាទិដ្ឋិ។
[៦]យល់ឃើញត្រូវ ១០ ប្រការគឺ ១ យល់ថាធ្វើទានមានផល ២ ថាបូជាតូចមានផល ៣ ថាបូជាធំមានផល ៤ ថាធ្វើល្អធ្វើអាក្រក់តែងឱ្យផលសុខផលទុក្ខ ៥ ថាលោកនេះមាន ៦ ថាបរលោកមាន ៧ ថាមាតាគ្មានគុណ ៨ ថាបិតាគ្មានគុណ ៩ ថាសត្វបង្កើតក្នុងលោកមាន ១០ ថាសមណៈនិងព្រាហ្មណ៍ប្រតិបត្តិល្អក្នុងលោកនេះមាន។ យល់ឃើញយ៉ាងនេះឈ្មោះថាសម្មាទិដ្ឋិ។
[៧]– មិនទៀង ជាទុក្ខមិនមែនរបស់ខ្លួន នេះគ្មានក្នុងសតិបដ្ឋានទេ តែធម៌នេះជាធម៌ពេញចិត្តរបស់ខ្ញុំ សូមបញ្ចូលជាធម៌ពិចារណា។
[៨]-តណ្ហា សេចក្ដីចំណង់កើតអំពីអាយតនៈ១២ ទិដ្ឋិសេចក្ដីយល់ឃើញខុស១០យ៉ាង។
[៩]– អភិជ្ឈា លោភបង្អោនយកទ្រព្យអ្នកដទៃ ទោមនស្ស សេចក្ដីអាក់អន់ចិត្ត។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៨ ខ្សែទី១-ទី៤-ទី៨-ទី១០ — ឆ្នាំ១៩៣៩ ខ្សែទី៥