សត្ថា ទេវ​មនុស្សានំ

សារវន្តកថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

សូមនមស្ការចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ( ព្រមទាំងព្រះធម៌និងអរិយសង្ឃដោយសេចក្ដីគោរព )។

ឱកាសនេះ អាត្មាភាពសូមសម្ដែងអំពីព្រះពុទ្ធគុណត្រង់បទថា សត្ថា ទេវមនុស្សានំ ដែលពុទ្ធបរិស័ទទាំងឡាយ ធ្លាប់សូត្ររំឭកថ្វាយបង្គំសព្វទិវារាត្រី។ ពាក្យថា សត្ថា ទេវមនុស្សានំ នោះប្រែថា « ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ » គឺព្រះអង្គប្រៀនប្រដៅណែនាំពន្យល់ទេវតានិងមនុស្សឱ្យចេះដឹងស្គាល់ច្បាស់ត្រង់ប្រយោជន៍ ៣ យ៉ាង គឺ ទិដ្ឋធម្មិកត្ថៈ ប្រយោជន៍ដែលកើតមានឡើងក្នុងបច្ចុប្បន្ននេះ ១ សម្បរាយិកត្ថៈ ប្រយោជន៍ដែលកើតមានឡើងក្នុងបរលោក ១ បរមត្ថៈ ប្រយោជន៍ដ៏សំខាន់ជាងគេបំផុតគឺព្រះនិព្វាន ១។

ប្រយោជន៍ក្នុងបច្ចុប្បន្ន

ឯប្រយោជន៍ដែលកើតមានឡើងក្នុងបច្ចុប្បន្ននេះ នោះសម្រេចមកអំពីសេចក្ដីព្យាយាមខំប្រឹងប្រែងរៀនចំណេះវិជ្ជា តាំងអំពីអក្សរសាស្រ្ត លេខនព្វន្ត រហូតដល់ទៅវិជ្ជាតូចធំផ្សេងៗ មានវិជ្ជារបស់ជាងមាស ជាងប្រាក់ ជាងស្មិត ជាងឥដ្ឋ កំបោរ ជាងឈើជាដើមក៏មាន សម្រេចមកអំពីកម្លាំងកាយ កម្លាំងចិត្ត ខំខ្នះខ្នែងប្រឹងប្រែងធ្វើការងារឥតមានរអាធុញទ្រាន់នឹងត្រជាក់ក្ដៅ នឿយហត់អត់ឃ្លានលំបាកក៏មាន តាំងអំពីក្ររហូតដល់គ្រាន់ឡើង សមដូចបទបាលីពុទ្ធភាសិតក្នុងមង្គលសូត្រ ១ កន្លែងថា អនាកុលា ច កម្មន្តា ប្រែថា « ការងារមិនល្អក់ មិនផ្ដេសផ្ដាស មិនខ្ជីខ្ជា » គឺការងារដែលត្រឹមត្រូវហ្មត់ចត់ស្អាតបាត ការងារបែបនេះជាមង្គលដ៏ឧត្ដម។

ពាក្យថា « ការងារមិនល្អក់ មិនផ្ដេសផ្ដាស មិនខ្ជីខ្ជា » នោះសំដៅយកកសិកម្ម គោរក្ខកម្ម និងវណិជ្ជកម្មជាដើម។

កសិកម្ម គឺការងារភ្ជួររាស់ដីចម្ការឬស្រែ ព្រមទាំងសាបព្រោះដកស្ទូង ច្រូតបូតក្ដិចក្ដាច់ បោកបែនអុំរោយ រែកពុនដឹកជញ្ជូនផលស្រូវយកទៅដាក់ដោក ដាក់ជង្រុក។

គោរក្ខកម្ម គឺការងារថែទាំគោក្របី ដោយមេត្តាករុណាពិតៗ ខំប្រឹងប្រែងការពារចោរខ្មួយកុំឱ្យលួចប្លន់យកបាន ការពារសត្វជាសត្រូវផ្សេងៗ មានមូសសុចរបោមជាដើម ប្រឹងប្រែងបំប៉នស្មៅឱ្យធាត់ធំមានកម្លាំងច្រើន ដើម្បីពឹងផ្អែកយកកម្លាំងសត្វទាំងនោះ ជំនួសកម្លាំងខ្លួនផង ដើម្បីយកគោរសទាំង៥ សម្រាប់ចិញ្ចឹមជីវិតខ្លួនផង លក់ដូរយកថ្លៃជាស្បៀងលៀងជីវិតទៅមុខផង។

ឯគោរសទាំង ៥ នោះគឺ ខីរំ ទឹកដោះស្រស់ ១ ទធី ទឹកដោះជូរ បន្ទាប់អំពីទឹកដោះស្រស់នោះ ១ ឃតំ ទឹកដោះថ្លា ១ តក្កំ ទឹកដោះរាវ គេលាយដោយទឹកសុទ្ធ ៣ ភាគ ទឹកដោះមួយភាគ តែមានរសជូរ ១ នវនីតំ ទឹកដោះខាប់ ១។

វណិជ្ជកម្ម គឺការងារជួញប្រែតាមផ្លូវគោក ផ្លូវទឹក ក្នុងទីផ្ទះសម្បែងកន្លែងរានផ្សារជាដើមផង ទិញថោកលក់ថ្លៃដោយមិនបំបាត់ប្រវញ្ចន៍ជាកម្រៃចិញ្ចឹមជីវិត បង្កបង្កើនធនធានតាំងអំពីតិចតួច រហូតដល់ច្រើន រាប់មិនអស់ ដូចជាចូឡកន្តេវាសិកបុរស ក្នុងក្រុងពារាណសីក្នុងអតីតកាល កាលពីដើមនៅជាអ្នកបម្រើរបស់ចូឡកសេដ្ឋី ជាអ្នកកម្សត់ទីទ័លក្របានសត្វកណ្ដុរងាប់ត្រឹមតែមួយប៉ុណ្ណោះ យកទៅលក់ឱ្យគេ អ្នកចិញ្ចឹមឆ្មាម្នាក់ គេទិញយកឱ្យឆ្មាស៊ី បានតម្លៃជាប្រាក់ចំនួន ១ កាកណិកយកប្រាក់ ១ កាកណិកនោះទៅទិញរបស់របរលក់ដូរតតេះតតោះយកចំណេញបន្តិចម្ដងៗ យូរៗទៅ កាន់តែបានចំណេញច្រើនឡើងឥតអាក់ រហូតដល់ទៅមានប្រាក់ចំនួនពីរសែន ( ២០០ ០០០ ) កហាបណៈ បុរសកម្សត់នោះប្រកបដោយសេចក្ដីកតញ្ញូដឹងគុណឧបការចូឡកសេដ្ឋី ដែលបានសង្រ្គោះទំនុកបម្រុងខ្លួនពីដើម ក៏យកប្រាក់ ១សែន ( ១០០ ០០០ ) កបណៈទៅជូនចូឡកសេដ្ឋី ៗ ក៏គិតថាបុរសនេះមិនមែនជាអ្នកថយថោកឡើយ ជាអ្នកប្រកបដោយបញ្ញាស្មារតី និងសេចក្ដីព្យាយាមខ្មីឃ្មាត ឱហាតសង្វាតរកស៊ីធ្វើការជួញប្រែ ផ្សែផ្សំសន្សំទ្រព្យសម្បត្តិបានច្រើនដល់ប៉ុណ្ណោះ បុរសនេះមិនសមនឹងនៅជាអ្នកបម្រើអញទៀតឡើយ ហើយក៏ឱ្យកូនស្រីរបស់ខ្លួន ធ្វើជាភរិយារបស់បុរសនោះ។ លុះចូឡកសេដ្ឋីធ្វើមរណកាលទៅ បុរសនោះក៏បានឡើងជាសេដ្ឋីតំណាងចូឡកសេដ្ឋីនោះឡើង បានថ្កុំថ្កើងរុងរឿងក្នុងបច្ចុប្បន្នដរាបដល់អស់ជីវិត។

ម្យ៉ាងទៀត មនុស្សដែលខ្ជិលច្រអូស ដំអក់ទម្រន់ពុតត្បុតច្រើនមិនប្រឹងប្រែងធ្វើការរកស៊ី រមែងជួបប្រទះនឹងទុក្ខលំបាក ដោយក្រខ្សត់ អត់ឃ្លាន សមដោយបាលីពុទ្ធភាសិត ១ កន្លែងថា៖

អតិសីតំ អតិឧណ្ហំ        អតិសាយមិទំ អហុ

ឥតិ វិស្សដ្ឋកម្មន្តេ អត្ថា អច្ចេន្តិ មាណវេ

ប្រែថា « មនុស្សណានិយាយពាក្យត្អូញត្អែរបណ្ដោះបណ្ដៃថា « ត្រជាក់ពេកណាស់ ក្ដៅពេកណាស់ ល្ងាចពេកណាស់ ធ្វើការមិនបានទេ » ហើយមិនធ្វើការងារ ប្រយោជន៍ទាំងឡាយគឺទ្រព្យសម្បត្តិ រមែងលោតផ្លោងរំលងមនុស្សនោះដែលលះបង់ការងារចោលចេញ មិនឋិតនៅជិតមនុស្សនោះឡើយ »។

មនុស្សដែលមានខន្តីអំណត់អត់ទ្រាំខំធ្វើការងារ រមែងបានសេចក្ដីសុខ – ចម្រើនជាខាងក្រោយ សមដោយបាលីថា៖

យោ ច សីតញ្ច ឧណ្ហញ្ច       តិណា ភិយ្យោ ន មញ្ញតិ

ករំ បុរិសកិច្ចានិ           សោ  សុខា ន វិហាយតិ

ប្រែថា « មនុស្សណាមិនសម្គាល់នូវត្រជាក់និងក្ដៅដោយក្រៃលែងជាងស្មៅ គឺថាមិនអើពើ មិនរអាធុញទ្រាន់នឹងត្រជាក់ក្ដៅ សម្គាល់ត្រជាក់ក្ដៅនោះ ប្រហែលគ្នានឹងស្មៅដែលគេជាន់ដោយជើង ខំប្រឹងប្រែងធ្វើកិច្ចការងាររបស់បុរស មនុស្សនោះមិនសាបសូន្យចាកសេចក្ដីសុខដែលកើតអំពីទ្រព្យសម្បត្តិ ព្រោះការចាយវាយទ្រព្យសម្បត្តិបរិភោគឡើយ »។

ន័យមួយទៀត ប្រយោជន៍ក្នុងបច្ចុប្បន្ននេះ បើប្រមូលរួបរួមទៅ មាន ៤ ប្រការគឺ៖

១ – ឧដ្ឋានសម្បទា  ការក្រោកឡើងប្រញាប់ប្រញាល់រូតរះខ្នះខ្នែងស្វែងរកប្រយោជន៍ គឺទ្រព្យសម្បត្តិដោយពេញកម្លាំង ត្រាតែបានសម្រេចប្រយោជន៍ម្យ៉ាង ៗ ដូចបានសម្ដែងហើយខាងដើម។

២ – អារក្ខសម្បទា  មានទ្រព្យសម្បត្តិមកហើយប្រុងប្រយត្នរក្សាការពារថែទាំទ្រព្យសម្បត្តិនោះឱ្យគង់នៅមិនឱ្យរផាត់រទាំង មិនឱ្យអន្តរាយខូតខាតទៅដោយសត្វកណ្ដៀរ កណ្ដុរ ភ្លើងឆេះ ចោរលួចជាដើម។

៣ – កល្យាណមិត្តតា  ការសេពគប់ភប់ប្រសព្វនឹងអ្នកប្រាជ្ញសប្បុរសដែលមានសន្ដានចិត្តល្អធ្វើជាមិត្តស្និទ្ធស្នាល ដេកអង្គុយឈរជិតដើរជាមួយគ្នា ដើម្បីបើកភ្នែកពង្រីកបញ្ញាឱ្យចេះដឹងស្គាល់ការខុសត្រូវសព្វអន្លើតែងបានល្អរុងរឿងដូចជារាជហង្ស ដែលទំសម្ងំនៅលើកំពូលភ្នំមាស ដែលមានពន្លឺរស្មីល្អ រាជហង្សក៏ល្អដោយសារភ្នំមាសនោះដែរ។

៤ – សមជីវិតា  ការចិញ្ចឹមជីវិតស្មើល្មមដោយទ្រព្យដែលខ្លួនរកបាន គឺរកបានតិចចាយវាយចិញ្ចឹមជីវិតតាមតិច រកបានច្រើនចាយវាយចិញ្ចឹមជីវិតតាមច្រើន មិនប្រើប្រាស់ឱ្យហួសហេតុហួសប្រមាណ មិនឱ្យជំពាក់បំណុលគេ។

ប្រយោជន៍ក្នុងបរលោក

ឯប្រយោជន៍ដែលកើតមានឡើងក្នុងបរលោកនោះ មានច្រើនប្រការណាស់ តែបើប្រមូលរួបរួមឱ្យខ្លីទៅ មានត្រឹម ៤ ប្រការគឺ ៖

១– សទ្ធា ការជឿជាក់ចំពោះកម្មនិងវិបាកថា មានពិតមែន អំពើល្អអាក្រក់ដែលធ្វើដោយកាយវាចាចិត្ត ហៅថា កុសលកម្ម អកុសលកម្ម ផលដែលកើតចេញមកអំពីកម្មទាំងពីរនោះហៅថា វិបាក ៗ ជាអព្យាកតធម៌ មានប្រភេទច្រើន មានបដិសន្ធិចិត្ត ភវង្គចិត្ត និងចុតិចិត្តជាដើម ព្រមទាំងសុខទុក្ខ ដែលហៅថា វិបាកសុខ វិបាកទុក្ខ។

មួយទៀត ការជឿថាសត្វមានកម្មជារបស់ខ្លួន សត្វធ្វើនូវកម្មណា ៗ ល្អឬអាក្រក់ តែងបានទទួលយកផលរបស់កម្មនោះ ៗ។

ការជឿជាក់ចំពោះពោធិញ្ញាណរបស់ព្រះតថាគត សេចក្ដីថា មានបុរសអស្ចារ្យខ្លះ ៗ បានបំពេញពុទ្ធការធម៌ ឬបារមីធម៌ទាំង ១០ មានទានជាដើម បានពេញគ្រប់គ្រាន់ហើយ បានត្រាស់ដឹងធម៌ទាំងឡាយជាព្រះពុទ្ធប្រកបដោយគុណច្រើនប្រការ មានអស់កិលេសជាដើម។ ការជឿដូច្នេះនាំឱ្យកើតកុសលទាំងពួង កើតផលល្អក្នុងលោកខាងមុខបានជាហៅថា ប្រយោជន៍ក្នុងបរលោក។

ម្យ៉ាងទៀត សទ្ធានេះជាគូគ្នានឹងបញ្ញា តែងជួយគាំពារយឹតយោងបញ្ញា ឱ្យស្ទុះឡើងទៅរកបុណ្យកុសលមិនឱ្យគ្រាន់តែដឹងទទេ ៗ ឥតមានធ្វើកុសលអ្វីសោះនោះឡើយ។ សទ្ធានេះជាទ្រព្យប្រសើរវិសេសរបស់បុរសក្នុងលោកនេះ ហៅថាអរិយទ្រព្យផង ជាមិត្រសម្លាញ់របស់អ្នកដែលសាងបុណ្យកុសលទាំងពួងផង។

២​ – សីល ការសង្រួមប្រុងប្រយត្នកាយវាចាឱ្យរៀបរយល្អ ឱ្យមានបែបបទសណ្ដាប់ធ្នាប់ត្រឹមត្រូវ មានលក្ខណៈប្រមូលទុកនូវកាយកម្ម វចីកម្ម មនោកម្ម ឱ្យមូលល្អ មិនឱ្យរាត់រាយខ្ចាត់ខ្ចាយផ្ដេសផ្ដាស មានលក្ខណៈស្ទួយទ្រនូវកុសលធម៌ទាំងពួង ដូចជាផែនដីតែងស្ទួយទ្រនូវផ្ទះសម្បែងព្រឹក្សាលតាវល្លិស្មៅជាដើម មានប្រភេទច្រើន មានសីល ៥ សីល ៨ ជាដើម សីលនេះបើបរិសុទ្ធផូរផង់ពេញទីហើយ រមែងមានក្លិនក្លែបក្រអែបក្រអូបឈ្ងុយឈ្ងប់ ផ្សាយទៅក្នុងមនុស្សលោកនិងទេវលោក ជាហេតុនាំឱ្យបាននូវសុគតិភាព បានជាឈ្មោះថាប្រយោជន៍ក្នុងបរលោក។

ម្យ៉ាងទៀតសីលនេះជាហេតុនាំឱ្យកើតសមាធិផង ជាទ្រព្យប្រសើរវិសេស ហៅថាអរិយទ្រព្យផង ជាបារមីផង។

៣ – ចាគៈ ការលះកាត់កម្ចាត់សេចក្ដីលោភ សេចក្ដីកំណាញ់ជាមន្ទិលចោលចេញ ហើយលើកយកទេយ្យវត្ថុ ឱ្យទានដល់អ្នកក្រីក្រលំបាកជាដើម រមែងកើតផលល្អក្នុងលោកខាងមុខ ទើបបានឈ្មោះថាប្រយោជន៍ក្នុងបរលោក។ ចាគៈនេះជាទ្រព្យប្រសើរវិសេសហៅថាអរិយទ្រព្យផង។

៤ – បញ្ញា សេចក្ដីដឹងទួទៅ ស្គាល់ច្បាស់ការខុសត្រូវបុណ្យបាបគុណទោសជាដើម ជាពន្លឺភ្លឺស្វាងរុងរឿងក្នុងលោកជាគ្រឿងទ្រោលបំភ្លឺរបស់អ្នកដែលមានបញ្ញា ជាគូគ្នានឹងសទ្ធា តែងជួយគាំពារ ទំនុកបម្រុងសទ្ធាឱ្យដើរទៅតាមផ្លូវត្រង់ មិនឱ្យជឿខុសផ្ដេសផ្ដាសច្រឡេសច្រឡាសឥតប្រយោជន៍ តែងជួយដុសខាត់សីលឱ្យបរិសុទ្ធផូរផង់ឡើង ឬជួយអប់រំសីលឱ្យក្រអូបឈ្ងុយឈ្ងប់ឡើង តែងជួយចាគៈ ការបរិច្ចាគទានឱ្យមានផលច្រើនឡើង ជាកុសលមូល គឺជាហេតុនាំឱ្យកើតកុសលទាំងពួងដែលជាត្រៃហេតុ ទើបបានឈ្មោះថាប្រយោជន៍ក្នុងបរលោក។ ជាទ្រព្យប្រសើរវិសេស ហៅថា បញ្ញាបារមីផង។

បញ្ញានេះបានចម្រើនមោះមុតស្រួចស្រាលឡើង ដោយហេតុបានសេពគប់នឹងអ្នកប្រាជ្ញសប្បុរស ដែលមានបញ្ញាជ្រាលជ្រៅមានចំណេះវិជ្ជាច្រើន ព្រមទាំងបានសិក្សារៀនសូត្រចំណេះវិជ្ជាមករាល់ជាតិរាល់ភព ប្រៀបដូចកាំបិត ដែលបានស្រួចស្រាល់មុតថ្លាឡើង ក៏អាស្រ័យថ្មនិងទឹក ព្រមទាំងកម្លាំងព្យាយាមរបស់បុរសដែលប្រឹងប្រែងដុសខាត់ សំលៀងសង្កួតចាប់មុខញយ ៗ។

ប្រយោជន៍ដ៏សំខាន់គឺព្រះនិព្វាន

ឯប្រយោជន៍ដ៏សំខាន់ជាងគេបំផុតគឺព្រះនិព្វាននោះ និព្វានៈ ជាពាក្យបាលី ប្រែកាត់បទជាពីរបទ និ បទ ១ ព្វានៈ បទ ១។ និ ប្រែថាគ្មាន ព្វានៈ ជាតួតណ្ហា ប្រែថា « ដោតក្រង – ដេរ – ចាក់ស្រែះរួបរឹត » តបទទាំងពីរចូលគ្នាជា និព្វាន ប្រែថា « គ្មានតណ្ហាព្រះនិព្វានសម្រេចមកអំពី អដ្ឋង្គិកមគ្គ គឺផ្លូវមានអង្គ ៨ គឺ សម្មាទិដ្ឋិ សេចក្ដីយល់ត្រូវ ១ សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ ១ សម្មាវាចា និយាយត្រូវ ១ សម្មាកម្មន្តៈ ការងារត្រូវ ១ សម្មាសតិ សេចក្ដីរឭកត្រូវ ១ សម្មាសមាធិ ការតម្កល់ចិត្តត្រូវ ១ ត្រូវជា ៨។ មគ្គទាំង ៨ នេះ ហៅថា និព្វានគាមិនីបដិបទា សេចក្ដីប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ៗ នេះហៅថា បរមត្ថៈ ប្រយោជន៍ដ៏សំខាន់ជាងគេបំផុត។

ព្រះដ៏មានព្រះភាគទ្រង់ទូន្មាន ប្រៀនប្រដៅទេវតានិងមនុស្សឱ្យស្គាល់ប្រយោជន៍ទាំង ៣ ដូចមានសម្ដែងមកហើយដោយសង្ខេបនេះ ទើបបានទ្រង់ព្រះនាមថា សត្ថា ទេវមនុស្សានំ ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ។

អាត្មាភាពសម្ដែងធម៌មកនេះ ក៏សូមបញ្ចប់ធម៌ទេសនា ត្រឹមតែប៉ុណ្ណេះ សូមថ្វាយព្រះរាជកុសលចំពោះព្រះករុណា ជាអម្ចាស់ជីវិតព្រះចៅក្រុងកម្ពុជាធិបតី ប្រិយមហារាជ ព្រមទាំងព្រះរាជវង្សានុវង្សសូមជូនកុសលដល់អស់លោកអ្នករាជការគ្រប់តំណែងក្នុងកម្ពុជរដ្ឋ និងពួកអស់លោក – អ្នកសប្បុរសដែលបានស្ដាប់ធម៌នេះ សូមឱ្យបានសម្រេចឥដ្ឋមនុញ្ញផល ដូចប្រាថ្នាកុំបីឃ្លាតឡើយ ឯវំ សង្ខេបេន សមត្តា ធម៌ទេសនាក៏ចប់ដោយសង្ខេបតែប៉ុណ្ណេះ។

 

ព្រះឧបាលិវង្ស ម៉ឹង សែស វត្តមហាមន្រ្តី
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments