មហាវារសំយុត្តខ្សែ ១៦ សម្ដែងថាមានភិក្ខុ ១ អង្គ មាននាមនិងគោត្រមិនប្រាកដ ទូលសួរព្រះដ៏មានព្រះភាគ កាលដែលព្រះអង្គគង់នៅវិហារព្រះជេតពន នគរសាវត្ថី ដោយបាលីថា ៖
អវិជ្ជាអវិជ្ជាភន្តេវុច្ចតិ កតមានុខោភន្ដេអវិជ្ជា កិតាវតាចអវិជ្ជាគតោហោតិ។
ប្រែថា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន កិរិយាល្ងង់ខ្លៅមិនដឹងព្រះអង្គពោលឱ្យឈ្មោះថាអវិជ្ជា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើនអវិជ្ជានោះតើដូចម្ដេច ? បុគ្គលដែលលុះក្នុងចំណោមនៃអវិជ្ជា មានដោយហេតុប៉ុន្មានយ៉ាង ?។
ព្រះដ៏មានព្រះភាគព្រះអង្គសម្ដែងវិសជ្ជនាថា ៖
យំខោភិក្ខុទុក្ខេអញាណំ ទុក្ខសមុទយេអញាណំ ទុក្ខនិរោធេអញាណំ ទុក្ខនិរោធគាមិនិបដិបទាយអញាណំ អយំវុច្ចតិកិក្ខុអវិជ្ជា ឯតាវតាចអវិជ្ជាគតោហោតិ។
ប្រែថា ៖ ម្នាលភិក្ខុ សេចក្ដីល្ងង់ពុំដឹងច្បាស់ក្នុងកងទុក្ខឯណាមែនពិត សេចក្ដីល្ងង់ពុំដឹងច្បាស់ក្នុងសភាវៈគឺតណ្ហា ជាទីប្រជុំបណ្ដាលឱ្យកើតឡើងនូវកងទុក្ខឯណាមែនពិត សេចក្ដីល្ងង់ពុំដឹងច្បាស់ក្នុងឧបាយជាទីរម្លត់នូវកងទុក្ខឯណាមែនពិត ម្នាលភិក្ខុសេចក្ដីល្ងង់ពុំដឹងច្បាស់ ៤ យ៉ាងនេះ ព្រះតថាគតពោលឱ្យឈ្មោះថាអវិជ្ជា បុគ្គលដែលលុះអំណាចនៃអវិជ្ជាដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ភិក្ខុនោះ ទូលសួរនូវវិជ្ជាតទៅទៀត ដោយបាលីថា ៖
វិជ្ជាវិជ្ជាតិភន្តេវុច្ចតិ កតមានុខោភន្តេវិជ្ជា កិតាវតាចវិជ្ជាគតោហោតិ។
ប្រែថា ៖ បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន កិរិយាដែលចេះដឹងច្បាស់ ព្រះអង្គពោលឱ្យឈ្មោះថាវិជ្ជា បពិត្រព្រះដ៏មានបុណ្យដ៏ចម្រើន វិជ្ជានោះតើដូចម្ដេច ? បុគ្គលដែលលុះក្នុងអំណាចនៃវិជ្ជា កើតបានដោយហេតុប៉ុន្មាន ? ព្រះដ៏មានព្រះភាគព្រះអង្គសម្ដែងវិសជ្ជនាថា ៖
យំខោភិក្ខុ ទុក្ខេញាណំ ទុក្ខសមុទយេញណំ ទុក្ខនិរោធញាណំ ទុក្ខនិរោគាមិនិបដិបទា យញាណំ អយំវុច្ចតិភិក្ខុវិជ្ជា ឯតាវតាចវិជ្ជាគតោហោតិ។
ប្រែថា ៖ ម្នាលភិក្ខុ សេចក្ដីចេះដឹងច្បាស់ក្នុងកងទុក្ខឯណាមែនពិតសេចក្ដីចេះដឹងច្បាស់ក្នុងសភាវៈ គឺតណ្ហាជាទីប្រជុំបណ្ដាលឱ្យកើតឡើងនូវកងទុក្ខឯណាមែនពិត សេចក្ដីដឹងច្បាស់ក្នុងឧបាយជាទីរម្លត់នូវកងទុក្ខឯណាមែនពិត សេចក្ដីដឹងច្បាស់នូវផ្លូវប្រព្រឹត្តទៅកាន់ទីរម្លត់ទុក្ខឯណាមែនពិត ម្នាលភិក្ខុ សេចក្ដីចេះដឹងច្បាស់ទាំង ៤ យ៉ាងនេះ ព្រះតថាគតពោលឱ្យឈ្មោះថាវិជ្ជា បុគ្គលដែលដល់នូវវិជ្ជា កើតមានដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
ម្យ៉ាងវិញទៀត ក្នុងគម្ពីរ បដិសម្ភិទា ខ្សែ ៩ ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនូវទោសនៃអវិជ្ជាមាន ៥ ដោយបាលីថា ៖
បញ្ចហាការេហិ អវិជ្ជាយអាទីនវោហោតិ
ប្រែថា ៖ ទោសរបស់អវិជ្ជា កើតមានដល់សត្វ ដោយអាការទាំងឡាយ ៥ យ៉ាង។
កតមេហិបញ្ចហាការេហិអវិជ្ជាយអាទីនវោហោតិ អនិច្ចត្ថេនអវិជ្ជាយអាទីនវោហោតិ ទុក្ខត្ថេនអវិជ្ជាយ-អាទីនវោហោតិ អនត្តត្ថេនអវិជ្ជាយអាទីនវោហោតិ សន្តាបត្ថេនអវិជ្ជាយអាទីនវោហោតិ វិបរិណាមណត្ថេន-អវិជ្ជាយអាទីនវោហោតិ ឥមេហិបញ្ចហិអាការេហិ អវិជ្ជាយអាទីនវោហោតិ ។
ប្រែថា ៖ ទោសរបស់អវិជ្ជាកើតមានដល់សត្វ ដោយអាការទាំងឡាយ ៥ យ៉ាងដូចម្ដេចខ្លះ ? វិសជ្ជនាថា ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វមិនឱ្យតាំងនៅជានិច្ច ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឱ្យដល់នូវសេចក្ដីទុក្ខ ប្រព្រឹត្តទៅក្នុងកាយនិងចិត្ត ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឱ្យមានតែស្រាយៗ មិនឱ្យមានខ្លឹមសារ ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឱ្យក្ដៅក្រហាយសព្វប្រព្រឹត្តទៅក្នុងកាយនិងចិត្តជានិច្ចមួយ ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអត្ថថា ញ៉ាំងសត្វឱ្យទ្រុឌទ្រោមចាស់ជរាគ្រាំគ្រាប្រែប្រួលទៅជាប្រក្រតី ១ ទោសរបស់អវិជ្ជាកើតមានដល់សត្វដោយអាការទាំងឡាយ ៥ យ៉ាងនេះឯង។
អវិជ្ជាដែលនឹងរលត់សូន្យទៅដោយអាការ ៨ យ៉ាងដោយបាលីថា ៖
កតមេហិ អដ្ឋហិអាការេហិ អវិជ្ជានិរុជ្ឈតិ និទាននិរោធេនអវិជ្ជានិរុជ្ឈតិ សមុទយនិវោធេនអវិជ្ជានិរុជ្ឈតិ ជាតិនិរោធេនអវិជ្ជានិរុជ្ឈតិ ហេតុនិរោធេនអវិជ្ជានិរុជ្ឈតិ បច្ចយនិរោធេនអវិជ្ជានិរុជ្ឈតិ ញាណុប្បាទេនអវិជ្ជា-និរុជ្ឈតិ និរោធុបដ្ឋានេនអវិជ្ជានិរុជ្ឈតិ ឥមេហិ អដ្ឋហិអាការេហិអវិជ្ជានិរុជ្ឈតិ។
ប្រែថា ៖ អវិជ្ជារលត់សូន្យទៅដោយអាការទាំងឡាយ ៨ យ៉ាងដូចម្ដេច ? វិសជ្ជនា អវិជ្ជារលត់សូន្យទៅ ដោយកិរិយារលត់នូវនាមនិងរូបដែលជាទីតាំងកើតឡើងនៃកងទុក្ខ ១ អវិជ្ជារលត់សូន្យទៅ ដោយកិរិយារលត់នូវសភាវៈគឺតណ្ហាដែលជាទីប្រជុំកើតឡើងនៃកងទុក្ខ ១ អវិជ្ជារលត់សូន្យទៅដោយកិរិយារលត់នូវជាតិ ១ អវិជ្ជារលត់សូន្យទៅដោយកិរិយារលត់នូវបច្ច័យ គឺអាហារនិងផស្ស និងនាមរូប ១ អវិជ្ជារលត់សូន្យទៅ ដោយកិរិយាកើតឡើងនៃញាណ គឺប្រាជ្ញដឹងច្បាស់ ១ អវិជ្ជារលត់សូន្យទៅ ដោយកិរិយាបង្កើតឡើងប្រាកដនៃនិរោធ ១ ថែមអវិជ្ជា ១ ទៀត ដែលជាមេដើមរលត់សូន្យទៅដោយធម៌ទាំង ៧ ខាងដើមនេះត្រូវជា ៨ អវិជ្ជារលត់សូន្យទៅ ដោយអាការទាំងឡាយ ៨ នេះ។
សម្ដែងអំពីអវិជ្ជានិងវិជ្ជាចប់សេចក្ដីជាសង្ខេបប៉ុណ្ណេះ ៕
មហាវារសំយុត្តខ្សែ ១៦ និងបដិសម្ភិទាខ្សែ ៩
ព្រះញាណបវរវិជ្ជា អែម
ចាងហ្វាងសាលាបាលីជាន់ខ្ពស់ អធិប្បាយ